ខណៈគម្រោងព្រែកជីកហ្វូណនតេជោ កំពុងត្រូវបានជំរុញឱ្យអនុវត្តតាមផែនការដើម្បីបញ្ចប់តាមគម្រោងនៅឆ្នាំ២០២៨ខាងមុខ ក៏ប៉ុន្តែនៅមានមតិចម្រុះពីសំណាក់ប្រជាពលរដ្ឋមួយចំនួន រស់នៅតាមបណ្ដោយព្រែក ដែលរងផលប៉ះពាល់ផ្ទាល់។ ទន្ទឹមនឹងការគាំទ្រដល់ការអភិវឌ្ឍជាតិ ពលរដ្ឋខ្លះកំពុងរង់ចាំដោយក្ដីបារម្ភចំពោះយន្តការដោះស្រាយសំណង។
អ្នកស្រី សុខ រុំ ស្រ្តីមេម៉ាយវ័យ ៥៨ ឆ្នាំ បានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះគម្រោងសាងសង់ព្រែកជីក ដោយអ្នកស្រីបញ្ជាក់ថា ចាប់តាំងពីឮដំណឹងនេះមក អ្នកស្រីមិនដែលដេកលក់ស្រួល ឬមានសេចក្តីសុខក្នុងចិត្តនោះទេ ដោយសារបារម្ភពីការបាត់បង់ទីលំនៅឋាន ដែលធ្លាប់រស់នៅយ៉ាងសុខសាន្តក្នុងភូមិឃុំនាពេលកន្លងមក។ អ្នកស្រីបានបន្ថែមថា ក្តីបារម្ភនេះបានធ្វើឱ្យអ្នកស្រីបាក់ទឹកចិត្ត រហូតលែងហ៊ានដាំដុះដំណាំអ្វីទាំងអស់។ អ្វីដែលអ្នកស្រីប្រាថ្នានោះ គឺចង់ឱ្យគម្រោងនេះមិនកើតឡើងវិញ ដើម្បីកុំឱ្យរូបអ្នកស្រី និងអ្នកជិតខាងជួបការលំបាកក្នុងការស្វែងរកទីលំនៅថ្មី។
អ្នកស្រីរៀបរាប់ថា៖ «អារម្មណ៍ហ្នឹងដូចគ្មានស្រួលក្នុងចិត្តទេ ឮគេធ្វើព្រែកជីកហ្នឹង តាំងគេមកកាយម៉េះ កើតទុក្ខរហូតទល់ឥឡូវហ្នឹង។ ដល់ឥឡូវហ្នឹងឮចេះឮចោះខែនេះខែនោះទៀតហាស ហើយថាដាំអីគ្មានហ៊ានដាំណា[…]ថាដាំដំណាំ ផ្លែឈើដើមឈើ ដំណាំហូបផ្លែ ដល់ទៅបាក់ទឹកចិត្តអស់ទៅវាពិបាក។ មនុស្សជាប់ព្រែកជិកហ្នឹងគ្មានអាណាដេកបានទេ ព្រួយចិត្តរហុតតាំងអស់គ្នាហ្នឹង ត្រូវប៉ះពាល់ផ្ទះវាអត់ដីនៅហាស។ ខ្ញុំបុណ្យកុំឱ្យជីកវិញល្អជាង ជីកទៅខ្ញុំពិបាកទោនៅណាផ្សេងណាស់»។
អ្នកស្រីបានសង្កត់ធ្ងន់ថា រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់បានកំណត់ទំហំសំណងឱ្យបានច្បាស់លាស់នៅឡើយទេ។ ចំណុចនេះ ធ្វើឱ្យអ្នកស្រីបារម្ភថា នឹងមិនមានលទ្ធភាពទៅរកទិញដី ឬសាងសង់ជម្រកថ្មីបាន បើសិនជាទទួលបានសំណងតិចតួច។ លើសពីនេះ ផ្ទះអ្នកស្រីកំពុងរស់នៅ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងដែលបានមកពីមរតកនិងការខិតខំរបស់ប្តីអ្នកស្រីដែលលាចាកលោកទៅ យកមកច្នៃជារូបរាងផ្ទះសម្រាប់ជ្រកកោនរហូតមកដល់សព្វថ្ងៃ។
អ្នកស្រីបន្ថែមថា៖«គេមិនទាន់ថាឱ្យយើងប៉ុន្មានៗទេ តែបើឱ្យតិចពេកយើងធ្វើអីបានណាទិញដី ណារុះរើផ្ទះ ហើយមិនងាយទេទម្រាំបានផ្ទះនៅ ដីផ្ទះនេះលក់កេរខាងប្តីបានមកធ្វើផ្ទះហ្នឹង»។
អ្នកស្រី ពេច ចាន់តារ៉ា ស្ត្រីវ័យ ៣៣ឆ្នាំ រស់នៅឃុំសំរោង បានសម្តែងការព្រួយបារម្ភជុំវិញភាពមិនច្បាស់លាស់នៃប្រាក់សំណង ខណៈដីធ្លី និងផ្ទះសម្បែងរបស់គ្រួសារអ្នកស្រីកំពុងជាប់បញ្ចាំនៅធនាគារ។
អ្នកស្រីថា៖ «គេអត់ទាន់សងទេ ប្រជាជនទាំងអស់អត់ដឹងថាគេសងប៉ុន្មានៗអីអត់ដឹងទាំងអស់។ ពិបាកចិត្តហើយ ប្លង់ផ្ទះនោះជារបស់ម៉ែខ្ញុំ គាត់ជំពាក់ធនាគារផង ចឹងខ្លាចតែមិនបាន[…] សំណូមពរឱ្យដោះស្រាយតាមតម្លៃហាងឆេង អាចទិញដីកន្លែងណាបាន កុំឱ្យអស់ដីអស់ផ្ទះហើយ រកតែកន្លែងរស់នៅមិនបាន»។
រស់នៅលើដីទំហំប្រមាណ៩ម៉ែត្រកន្លះគុណ ១២ម៉ែត្រ តាំងពីឆ្នាំ១៩៧៩ លោក លឹម តុងអេង អាយុ ៧៥ឆ្នាំ ប្រកបរបរជាកសិករ រស់នៅជាមួយកូននិងកូនប្រសារ និងចៅ ២នាក់។ ចំពោះលោកបារម្ភថា លោកនិងគ្រួសារមិនទទួលបានសំណង និងខ្លាចថាខាងរដ្ឋជូនដំណឹងលឿនមិនទុកពេលឱ្យរៀបចំពេលរុះរើ។
បើសិនលោក និងក្រុមគ្រួសារ មិនទទួលបានសំណងសមរម្យទេនោះ វាអាចនឹងប៉ះពាល់ដល់គ្រួសារលោកដូចជាមិនមានលទ្ធភាពទិញដីថ្មីរស់នៅ និងមិនអាចរៀបចំកន្លែងរស់នៅថ្មីសម្រាប់គ្រួសារជាដើម។
លោកថា៖« វាប៉ះពាល់ទាំងអស់ហ្នឹងអ្នកគ្រូបើនិយាយទៅអត់សមរម្យហ្នឹងទី១ ប៉ះពាល់អត់មានកន្លែងនៅ ធម្មតាដីបើឱ្យតិច យើងចង់ទៅទិញគេទិញអត់បានអាហ្នឹងទី១។ ទី២ ធ្វើអីមិនកើតភ្លាមៗចឹងធ្វើអីមិនចេញម៉ង ផលប៉ះពាល់ទាំងអស់ហ្នឹង បើនិយាយទៅទៅ ហើយបើរដ្ឋអត់មាននិយាយថាម៉េចផង ធ្វើក៏ថា មិនធ្វើក៏មិនថា ហើយចេះតែផ្សាយបង្ហោះថាធ្វើៗ ប្រជាពលរដ្ឋដែលនៅនេះអត់មានថានិយាយអិមួយម៉ាត់ថា ខែនេះថ្ងៃនេះ គិតគូរធ្វើម៉េចអីម៉េចឱ្យប៉ុន្មានអីប៉ុន្មាន លុយមែនយកមកទិញភ្លាមបានភ្លាមណា ដឹងស្រាប់ហើយទិញដីនៅ ត្រូវចំណាយពេល»។
ចំពោះសំណងសមរម្យវិញ លោកស្នើសុំឱ្យផ្តល់តាមតម្លៃទីផ្សារប្រមាណ ៥០ ទៅ១០០ ដុល្លារក្នុងមួយការ៉េ។
ជាការស្នើសុំលោកថា៖«សំណូមពរឱ្យ(ខាងរដ្ឋ)ផ្តល់តម្លៃឱ្យសមរម្យ ទៅតាមតម្លៃឯកជន កុំឱ្យតិចពេក […]ឱ្យបានធ្វើផ្ទះនៅឱ្យបានទិញដីនៅទៀត»។
លោក ជ័យ សំអាន មេឃុំសំរោងធំ ខេត្តកណ្តាល បានឱ្យដឹងថា ទោះបីជាការវាស់វែងផលប៉ះពាល់បានបញ្ចប់ និងមានការផ្ដិតមេដៃទទួលស្គាល់ពីពលរដ្ឋរួចហើយក្ដី ប៉ុន្តែទំហំសំណង និងពេលវេលាផ្ដល់ជូននៅមិនទាន់ដឹងនៅឡើយទេ ដោយរង់ចាំការសម្រេចពីថ្នាក់ជាតិ។ លោកបន្ថែមថា ទាំងអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋ សុទ្ធតែចង់ទទួលបានសំណងឱ្យបានឆាប់រហ័សដូចគ្នា។
លោក ជ័យ សំអាន បានមានប្រសាសន៍ថា៖ «ខាងអាជ្ញាធរបានសិក្សា និងវាស់វែងរួចរាល់ហើយ តែកាផ្តល់សំណង មិនទាន់បាន។ ខ្ញុំអត់ដឹងដែរ នោះជារឿងថ្នាក់ដឹកនាំលោកធ្វើការសិក្សា ហើយប្រជាពលរដ្ឋរង់ចាំដែរ គ្រាន់អត់ទាន់ដឹងថាពេលណាដូចគ្នា គ្រាន់ថាបានផ្តិតមេដៃទទួលស្គាល់អស់ហើយ នៅតែចាំផ្តល់សំណងឱ្យហ្នឹង។ នេះជាការសម្រេចរបស់រាជរដ្ឋាភិបាលថ្នាក់ជាតិ ខ្ញុំនិងពលរដ្ឋចង់តែទទួលបានសំណងឆាប់ដូចគ្នា»។
លោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ទោះបីការដឹកជញ្ជូនតាមផ្លូវទឹកជារឿងល្អ ប៉ុន្តែលោកបារម្ភថា បើធ្វើហើយនៅតែបង់ពន្ធឆ្លងកាត់ប្រទេសជិតខាង គឺមិនចំណេញដល់ពលរដ្ឋឡើយ។ មួយវិញទៀតលោកឆ្ងល់ថា ហេតុអ្វីមិនពង្រីកផ្លូវដែកដែលមានស្រាប់ ព្រោះចំណាយតិច និងស្របតាមទម្លាប់ពលរដ្ឋខ្មែរជាង។ លោកបារម្ភថា បើត្រូវខ្ចីបុលគេក្នុងទំហំទឹកប្រាក់ច្រើនមកធ្វើគម្រោងដែលមិនទាន់ច្បាស់ពីចំណូល វានឹងក្លាយជាបន្ទុកធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា៖ «បើសិនជាយើងមានកប៉ាល់ទឹក… វាអាចផ្ទុកបានអីវ៉ាន់ច្រើន ប៉ុន្តែ… បើសិនជាយើងធ្វើហើយយើងនៅតែឆ្លងកាត់ប្រទេសគេ និងបង់ពន្ធអាករឱ្យគេដដែលនោះ វាមិនចំណេញសម្រាប់ប្រជាពលរដ្ឋទេ។ បើសិនជាយើងចំណាយអស់ច្រើន ហេតុអីយើងមិនពង្រីកផ្លូវដែកដែលមានស្រាប់វិញ? បើសិនជាយើងខ្ចីគេមកធ្វើទៀត អាហ្នឹងវាប៉ះពាល់កាន់តែធ្ងន់ធ្ងរសម្រាប់កម្ពុជា។»
គម្រោង«ព្រែកជីកហ្វូណនតេជោ» ត្រូវចំណាយទុនវិនិយោគ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ។ គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ។ បើតាមរបាយការណ៍របស់រដ្ឋាភិបាលកន្លងមកឱ្យដឹងថា គម្រោងនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបជាង ១លាននាក់ រស់នៅអមសងខាងផ្លូវទឹកមួយនេះ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅជាង ៥ម៉ែត្រ។
គម្រោងព្រែកជីកហ្វូណន ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ ដែលមានទុនវិនិយោគចំនួន ៥១% និងក្រុមហ៊ុនចិន CRBC ចំនួន ៤៩% ក្នុងរូបភាព BOT (Build-Operate-Transfer) ។ តាមផែនការ គម្រោងព្រែកជីកហ្វូណន បានបើកការដ្ឋានសាងសង់លើកទីមួយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងសាងសង់បញ្ចប់នៅឆ្នាំ ២០២៨។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានវាយតម្លៃអំពីផលប៉ះពាល់ដោយរបាយការណ៍បង្ហាញថា មានលំនៅឋានពលរដ្ឋប្រមាណ ១ ៥៨៥ខ្នង ស្ពានចំនួន៣ រោងចក្រ១ ផ្លូវជាតិចំនួន១៨ ឬស្មើ ៤គីឡូម៉ែត្រ ផ្លូវលំចំនួន៧០ ឬស្មើប្រមាណ ៤៥ គ.ម ទំនប់ទឹក២ខ្សែ ប្រវែង៣៨៧ម៉ែត្រ បឹងចំនួន១៥ មានទំហំជាង១៣ ហិកតា និងដីស្រែចម្ការ ២៩ ០០ហិកតា រួមទាំងដីលំនៅដ្ឋានទំហំជិត១៥០ហិកតា។
លោក ស៊ាង មួយឡៃ ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង នៃអង្គការសមាគមធាងត្នោត ប្រាប់ថា លោកក៏សង្កេតឃើញថា ពលរដ្ឋដែលរស់តំបន់គម្រោងអភិវឌ្ឍព្រែកជីកហ្វូណនតេជោ ភាគច្រើនមានក្ដីបារម្ភចំពោះយន្តការដោះស្រាយសំណងផលប៉ះពាល់ពីគម្រោងនេះ។ លោកថា ពួកគេឃើញពលរដ្ឋរងផលប៉ះពាល់ពីការអភិវឌ្ឍនៅតំបន់ផ្សេងៗកន្លងមកពុំទទួលបានសំណងដូចការចង់បាន។ ទោះជាយ៉ាងក្ដី លោក មួយឡៃ សាទរចំពោះគម្រោងអភិវឌ្ឍនេះ ហើយលោកជឿជាក់ថារដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធនឹងទូទាត់សំណងជូនពលរដ្ឋបានពេញលេញ។
ជាមួយគ្នានេះលោក មួយឡៃ ផ្ដល់យោបល់ដល់ភាគីពាក់ព័ន្ធដែលដោះស្រាយសំណងផលប៉ះពាល់ពីគម្រោងនេះនាពេលខាងមុខ គប្បីដោះស្រាយបញ្ហានេះដោយតម្លាភាព និងផ្ដល់សំណងតាមតម្លៃទីផ្សារ។
លោកថា៖ «ខ្ញុំគិតថាសំណងអត់គួរគិតតាមតម្លៃបារ៉ែនរបស់រដ្ឋទេ ព្រោះអីតម្លៃបារ៉ែនរបស់រដ្ឋគឺទាបពេក។ អ៊ីចឹងគួរណាតែមានរូបមន្តមួយដែលគណនារួមបញ្ចូលតម្លៃដែលលក់ជាក់ស្ដែង ទៅតាមតម្លៃទីផ្សារហ្នឹង យកអាហ្នឹងយកមកគិតគូរឱ្យប្រជាពលរដ្ឋ។ អាហ្នឹងខ្ញុំគិតថា ជាផ្នែកមួយអាចឱ្យប្រជាពលរដ្ឋគាត់អាចទទួលយកបានដែរនៅពេលដែលផ្ដល់នូវសំណង»។
លោកបន្ថែមថា៖ «រូបមន្តមួយទៀតដែលខ្ញុំជួបជាមួយប្រជាពលរដ្ឋ ហើយអ្នកជំនាញភាគច្រើនដែលយើងលើកឡើងរួមគ្នាហ្នឹងគឺពាក់ព័ន្ធនឹងទំហំនៃសំណង។ ឧទាហរណ៍ថា ពេលខ្លះផ្ទះគាត់នៅមុខ គាត់លក់ឱ្យរដ្ឋឧទាហរណ៍១០ម៉ឺនដុល្លារនៅលើផ្លូវហ្នឹងអ៊ីចឹង។ គាត់អាចទៅទិញដីទំហំប្រហាក់ប្រហែលគ្នាហ្នឹង នៅលើផ្លូវដដែលហ្នឹង អាចប្រកបមុខរបរប្រហាក់ប្រហែលហ្នឹង[…] អាហ្នឹងក៏ជាផ្នែកមួយដែលយើងគិតថាសមរម្យដែរ»។
ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នៅខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១១ មេសា ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានហៅ គម្រោង«ព្រែកជីកហ្វូណនតេជោ» ថា ជាសំណង់ប្រវត្តិសាស្ត្រ។
លោកបន្ថែមទៀតថា រដ្ឋាភិបាលនឹងព្យាយាមធ្វើយ៉ាងណាឱ្យគម្រោងនេះប៉ះពាល់តិចតួចបំផុតដល់ផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ បន្ថែមពីនេះ រដ្ឋនឹងទូទាត់សំណងសមរម្យជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោង«ព្រែកជីកហ្វូណនតេជោ»។
លោកមានប្រសាសន៍ថា៖ «ជាពិសេសកុំឱ្យប៉ះពាល់ដល់ភូមិកររបស់ប្រជាពលរដ្ឋ។ ប៉ះសេរ៉ូ ជាការសោកស្តាយ មិនអាចប៉ះពាល់សេរ៉ូបានទេ ព្រោះវាត្រូវការគន្លង តែយើងកាត់បន្ថយឱ្យច្រើនមែនទែន បាទ។ ភាគច្រើនដីស្រែ កាត់ភូមិកាត់អី យើងកាត់បន្ថយឱ្យបានច្រើន ជាអតិប្បរមា។ នេះជាការខិតខំប្រឹងប្រែងក្នុងការ(ការងារនេះ)។»
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រែកជីកហ្វូណននេះ នឹងជួយឱ្យប្រជាពលរដ្ឋ រួមនឹងកម្ពុជាទាំងមូល មានភាពរឹងមាំផ្នែកសេដ្ឋកិច្ច និងធានាបាននូវភាពជាម្ចាស់ការដោយខ្លួនឯង។ លោកថា ការកសាងគម្រោងនេះឱ្យសម្រេចបាន ក៏ទាមទារឱ្យមានការយោគយល់និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលត្រូវដោះស្រាយបញ្ហាផលប៉ះពាល់របស់ពួកគាត់ផងដែរ។ យ៉ាងណាលោកថា ពលរដ្ឋភាគច្រើនបានយល់ ដ្បិតគម្រោងនេះជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនអ្នកធ្វើ ប៉ុន្តែផលប្រយោជន៍នឹងទទួលបានមិនមែនសម្រាប់តែវិស័យឯកជនឡើយ តែជាប្រយោជន៍ជាតិទាំងមូល៕
………………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី អ៊ួក ចាន់ធីដា
