សហគមន៍ជនជាតិដើមភាគតិចសួយនៃតំបន់ការពារធម្មជាតិចំបក់-ត្រាង នៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្នើសុំរដ្ឋាភិបាលជួយសម្របសម្រួលជាមួយក្រុមហ៊ុន លី យ៉ុងផាត់ ដែលបានវិនិយោគបន្តពីក្រុមហ៊ុនចិនមួយឈ្មោះ អេចអិលអេច(HLH) ឱ្យបើកផ្លូវបុរាណដែលពួកគាត់ធ្លាប់ធ្វើដំណើរទៅមកមន្ទីរពេទ្យនិងសាលាឃុំឡើងវិញ។ លោកមេភូមិចំបក់អះអាងថា ការបិទផ្លូវនេះប៉ះពាល់ពលរដ្ឋប្រមាណ ៥ភូមិ។
បើតាមសហគមន៍ ក្រៅពីបញ្ហាបិទផ្លូវបុរាណរបស់អ្នកភូមិនេះ កន្លងមកអតីតក្រុមហ៊ុនចិន HLH ក្រោយបានសិទ្ធិវិនិយោគដីពីរដ្ឋកាលពីឆ្នាំ២០០៨ ជិត១ម៉ឺនហិកតា បានបណ្តាលឱ្យប៉ះពាល់ដល់ដីរបស់ពលរដ្ឋខ្មែរ និងសហគមន៍ជនជាតិដើមភាគតិចសួយជាង១០០គ្រួសារ។ ផ្ទៃដីមានវិវាទជាមួយក្រុមហ៊ុន មានចំនួនជាង ២០០ហិកតា ហើយវិវាទនេះក៏នៅមិនទាន់មានការដោះស្រាយឱ្យបានចប់សព្វគ្រប់នោះឡើយមកទល់ពេលបច្ចុប្បន្ន។
លោក ទួន សឿន ជនជាតិដើមភាគតិចសួយ និងជាតំណាងសហគមន៍តំបន់ការពារធម្មជាតិចំបក់-ត្រាង នៅបឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្រុមហ៊ុន លី យ៉ុងផាត់ បានបិទផ្លូវបុរាណប្រមាណ១ឆ្នាំមកហើយ ដែលពីមុនជាផ្លូវរទេះ។ លោក សឿន អះអាងថា ការបិទផ្លូវបុរាណនោះ ប៉ះពាល់ការធ្វើដំណើររបស់អ្នកភូមិទៅធ្វើស្រែចម្ការ ទៅសាលាឃុំ ទៅមន្ទីរពេទ្យ និងទៅវត្តអារាមជាដើម។ លោកថា ផលប៉ះពាល់ខ្លាំងដល់ស្ត្រីមានផ្ទៃពោះ ពេលពួកគេត្រូវការធ្វើដំណើរទៅរកសេវាសុខភាពនៅក្នុងឃុំ។
លោក ទួន សឿន បានលើកឡើងថា៖………………………….
ក្រុមហ៊ុនចិន HLH បានចូលទៅវិនិយោគដីដាំពោតក្នុងស្រុកឱរ៉ាល់ កាលពីឆ្នាំ២០០៨ លើផ្ទៃដីចំនួន ៩ ៩៨៥ហិកតា។ ពលរដ្ឋនៅភូមិចំបក់ និងភូមិត្រាងអះអាងថា ក្រុមហ៊ុននេះបានរំលោភយកដីរបស់ពួកគេចំនួន១៧០ គ្រួសារ លើទំហំផ្ទៃដី ២៥០ហិកតា។ យ៉ាងណា បញ្ហានេះមិនត្រូវបានដោះស្រាយឱ្យបានចប់សព្វគ្រប់ឡើយ ហើយការតវ៉ាក៏មានជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ សហគមន៍បញ្ជាក់ថា រហូតមកដល់អំឡុងឆ្នាំ២០២៤ ក្រុមហ៊ុន លី យ៉ុងផាត់ បានវិនិយោគលើដីនោះបន្តពីក្រុមហ៊ុន HLH ដោយដាំអំពៅ ហើយបញ្ហាចម្រូងចម្រាស់កាន់តែច្រើនជាងមុន រួមបញ្ចូលទាំងការបិទផ្លូវបុរាណផង។
អ្នកស្រី អុន ចង្រិន អាយុ៣៤ឆ្នាំ ទើបតែសម្រាលកូនបាន១ខែ។ អ្នកស្រីជិះម៉ូតូទៅសម្រាលកូននៅមន្ទីរពេទ្យជាមួយប្ដី ដោយប្ដីអ្នកស្រីត្រូវលើកម៉ូតូកាត់ប្រឡាយ ដើម្បីអាចជិះតាមផ្លូវបុរាណដែលក្រុមហ៊ុនបានបិទ។ អ្នកស្រីថា គាត់មិនជិះផ្លូវវាងព្រោះវាឆ្ងាយខ្លាំងពេក ហើយបច្ចុប្បន្នផ្លូវដែលប្ដីអ្នកស្រីធ្លាប់លើកម៉ូតូឆ្លងកាត់នោះ ក៏ត្រូវបានក្រុមហ៊ុនបិទដែរ។
03:51-04:40,06:04-06:18 «ពិបាកហ្នឹងហើយផ្លូវកាត់ផ្លូវវាង ជិះកាត់របងគេ គេធ្វើឱ្យ១ច្រក ធ្វើព័ន្ធយើងលើកម៉ូតូឆ្លង វាអត់ងាយស្រួលដូចផ្លូវយើងពីមុនទេ។ ឥឡូវគេបិទជិតអស់តែម្ដងមិនឱ្យយើងជិះកើត។ ពិបាកក៏គេមិនអាណិត ពិបាលឡើងនិយាយលែងចេញហើយ មិនដឹងទៅថាឱ្យគេយ៉ាងម៉េចបើដីគេទៅហើយ។ យើងស្នើសុំគេក៏គេមិនធ្វើផ្លូវឱ្យ យើងពោះធំស្នើគេក៏គេមិនធ្វើឱ្យ»។
លោក ទេព ណែម មេឃុំត្រពាំងជោរ បានឱ្យដឹងថា ផ្លូវដែលពលរដ្ឋទាមទារឱ្យបើកវិញនោះ ខាងក្រុមហ៊ុនបិទជាង១ឆ្នាំមកហើយ។ លោកថា ក្រុមការងារថ្នាក់ខេត្តនិងភាគីក្រុមហ៊ុន បានទៅប្រជុំនៅក្នុងភូមិច្រើនដង និងប្រាប់ពីមូលហេតុបិទផ្លូវ ហើយអ្នកភូមិក៏បានឯកភាពដែរ។ ប៉ុន្តែលោកមិនដឹងថា ហេតុអ្វីពេលនេះពលរដ្ឋតវ៉ាជាថ្មី។ លោកមេឃុំអះអាងថា ក្រុមហ៊ុនបិទផ្លូវក្រោមហេតុផល ការពារសត្វគោចូលស៊ីដំណាំ និងការពារភ្លើងឆេះដំណាំងជាដើម។
01:41-02:29 «បើសិនជាគេមិនបិទផ្លូវទី១គោ ពួកគាត់គ្រប់គ្រងអត់បានទេ គោនឹងអាចចូលស៊ីដំណាំគេ។ ទី២បញ្ហាភ្លើង តែខែ១០ខែ១១ហើយ ប្រសិនអ្នកដើរកាត់ឆ្លងចុះឆ្លងឡើង អាហ្នឹងព្រោះមនុស្សមានល្អមានអាក្រក់ ដល់អ៊ីចឹងវាអាចដុតទៅវាអាចប៉ះពាល់ដល់អំពៅគេ។ ទី៣ ឧប្បមាថាមនុស្សចេញចូលទៅបាត់របស់របរគ្រឿងចក្រគេក្នុងចម្ការហ្នឹង។ វាមានហេតុផលច្រើនណាស់ ព្រោះគេចំណាយលុយអស់រាប់លានដុល្លារ ហើយគេបង់ពន្ធឱ្យរដ្ឋក្នុងមួយឆ្នាំៗ ប្រសិនអត់បិទផ្លូវហ្នឹងទៅវាធ្វើឱ្យប៉ះពាល់ផលដំណាំគេ»។
យ៉ាងណាក៏ដោយ លោករុញឱ្យទៅសួរថ្នាក់ស្រុកបន្ថែម ពីព័ត៌មានលម្អិតរឿងដំណោះស្រាយបិទឬបើកផ្លូវឡើងវិញ។ នៅពេលសួរដល់ភាពចម្រូងចម្រាស់អំពីក្រុមហ៊ុនរំលោភយកដីរបស់ពលរដ្ឋ លោក ទេព ណែម បានរុញឱ្យទៅសួរថ្នាក់ភូមិ ដោយលោកអះអាងថា ថ្នាក់ភូមិនៅគៀកនឹងពលរដ្ឋជាង។ ពលរដ្ឋអ្នកសារព័ត៌មាន បានទាក់ទងទៅលោក នី នរក្ស អភិបាលស្រុកឱរ៉ាល់ នៅល្ងាចថ្ងៃទី២៩ ខែមេសា ប៉ុន្តែលោកថាជាប់ប្រជុំ។ ពេលព្យាយាមទាក់ទងទៅក្រោយៗទៀត មិនមានអ្នកទទួលឡើយ។

ទិដ្ឋភាពរបងបិទផ្លូវបុរាណឬជាប្រភេទផ្លូវរទេះគោពីដើម ដែលពលរដ្ឋធ្លាប់ឆ្លងកាត់ពីភូមិចំបក់ទៅសាលាឃុំត្រពាំងជោរ ត្រូវបានខាងក្រុមហ៊ុន លី យ៉ុងផាត់ ធ្វើបាំង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ កញ្ញា ប៉ូ សាគុន
លោក ទូច ហន់ មេភូមិចំបក់ បានឱ្យដឹងថា លោកធ្លាប់បានទៅតវ៉ាជាមួយពលរដ្ឋ សុំឱ្យក្រុមហ៊ុន លី យ៉ុងផាត់ បើកផ្លូវបុរាណនោះ២ដង ប៉ុន្តែមន្ត្រីថ្នាក់ស្រុកនិយាយថា ផ្លូវនោះពុំមែនជាផ្លូវរដ្ឋឡើយគឺជាផ្លូវក្នុងដីរបស់ក្រុមហ៊ុន។ ដូចប្រជាពលរដ្ឋអះអាងដែរ មេភូមិចំបក់ទទួលស្គាល់ថា ផ្លូវដែលក្រុមហ៊ុនបិទនោះគឺជាផ្លូវរទេះគោដែលមានតាំងពីដើមមក។
03:37-03:55«ប្រជាពលរដ្ឋគាត់ថា ផ្លូវប្រជាពលរដ្ឋធ្លាប់ចេញចូលតាមហ្នឹងហើយ បិទផ្លូវគាត់យ៉ាងម៉េច? បើមិនបានផ្លូវគោយន្ត បើកតែផ្លូវម៉ូតូចុះ ក៏គាត់អស់ចិត្តដែរ ហ្នឹងប្រជាពលរដ្ឋថាអ៊ីចឹងណា»។
បើតាមលោកមេភូមិ ទូច ហន់ ពីភូមិចំបក់ទៅសាលាឃុំត្រពាំងជោរ បើធ្វើដំណើរតាមផ្លូវបុរាណដែលកាត់ក្នុងដីក្រុមហ៊ុននោះមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ។ ដោយឡែកផ្លូវថ្មីត្រូវវាងឆ្ងាយ ដោយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រ។
ជាមន្ត្រីមូលដ្ឋាន លោក ទូច ហន់ ថា ដោយសារផ្លូវឆ្ងាយ ហើយពលរដ្ឋខ្លះមានជីវភាពខ្វះខាតផង អាចមិនសូវទៅទទួលសេវាសាធារណៈរបស់រដ្ឋ ព្រោះត្រូវចំណាយប្រាក់ច្រើនលើការធ្វើដំណើរ ហើយនោះគឺជាការខាតបង់របស់ពលរដ្ឋ។ លោកអះអាងថា ពលរដ្ឋប្រមាណ ៥ភូមិរងផលប៉ះពាល់ពីការបិទផ្លូវនេះ។
09:38-10:12,10:27-10:47 «បិទផ្លូវហ្នឹងវាមិនមែនតែអ្នកភូមិហ្នឹងទេស ពីលាក់កងជើង ពីសំរោងអីហ្នឹង តែខាងនោះទឹកជន់ហ្នឹង គាត់ឆ្លងមកតាមចំបក់ហ្នឹងហើយ។ ពីកោដូនតី ប្រទាលតានិល មកច្រកហ្នឹងទាំងអស់។ បើការប៉ះពាល់ឥឡូវហ្នឹង តំបន់ខ្ញុំហ្នឹងវាមានតែ២ភូមិទេ ភូមិត្រាងហើយនិងចំបក់។ ពីមុនមាន៥ភូមិ បើនិយាយរួមឆ្លងកាត់ទៅសាលាឃុំហ្នឹង មានភូមិកោដូនតី ភូមិពុទ្រា ភូមិតានិល ភូមិត្រាង ភូមិចំបក់»។
ចំពោះការបាត់បង់ដីរបស់ពលរដ្ឋដោយសារវត្តមានអតីតក្រុមហ៊ុនចិននេះ លោកមេភូមិថា លោកមិនសូវដឹងច្បាស់ឡើយ។ លោកអះអាងថា លោកមកកាន់តំណែងក្រោយក្រុមហ៊ុនចិនចូលវិនិយោគ ដោយលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៨។ ដោយឡែក ការផ្ទេរសិទ្ធិវិនិយោគពីក្រុមហ៊ុនចិន ទៅក្រុមហ៊ុន លី យ៉ុងផាត់ ដោយមូលហេតុអ្វីនោះ លោកក៏មិនបានដឹងច្បាស់ដែរ។
លោក ទួន សឿន ថា ដីរបស់អ្នកភូមិ ដែលមានទាំងដីរបស់ពលរដ្ឋជនជាតិដើមភាគតិចសួយ ដោយក្រុមហ៊ុនរំលោភយក ជាប្រភេទតំបន់ដីអារក្សអ្នកតា ដីលំនៅដ្ឋាន ដីស្រែ និងដីចម្ការ។ លោកថា ការបាត់បង់ដីនេះ ធ្វើឱ្យជីវភាពអ្នកភូមិកាន់តែក្រីក្រ។
08:10-08:48«ប៉ះពាល់ប្រជាពលរដ្ឋមិនបានអាស្រ័យផល ប៉ះពាល់ជីវភាពពលរដ្ឋ ប៉ះពាល់ដល់កុមារមិនបានទៅរៀនសូត្រ។ កុមារៗមិនបានទៅរៀនសូត្រដោយសារអី ដោយសារតែអនុផលរបស់គាត់បាត់បង់ ម៉ែឪចេះតែឱ្យទៅជួយធ្វើការងារផ្សេងៗ បាត់បង់ការរៀនសូត្ររបស់កុមារជិត៥០ភាគរយហើយ ដោយសារអត់ដីអាស្រ័យផល»។ 11:34-15:53«អត់មានដីឃ្វាលគោទៅមុខមិនដឹងយ៉ាងម៉េច បើពិបាកតាំងពីឥឡូវហើយ។ កូនៗអនាគតទៅបានដីអីចែកឱ្យបើចេះតែយករហូត យកក្នុងការគំរាម ទិញក្នុងការគំរាម»។
លោក សឿន មិនបានដឹងច្បាស់ពីការផ្ទេរសិទ្ធិវិនិយោគពីក្រុមហ៊ុនចិន HLH ទៅក្រុមហ៊ុន លី យ៉ុងផាត់ កាលពីឆ្នាំ២០២៤ឡើយ ប៉ុន្តែលោកទទួលដំណឹងថា អាចមកពីការវិនិយោគរបស់ក្រុមហ៊ុនចិនក្នុងការធ្វើកសិកម្មកន្លងមក តែងខាត។ ប៉ុន្តែអ្វីដែលសហគមន៍លោកចង់បាន គឺជួយរកដំណោះស្រាយឱ្យពលរដ្ឋ ពិសេសគឺការបើកផ្លូវបុរាណឡើងវិញ ដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរទៅមន្ទីរពេទ្យ សាលាឃុំ និងការជួញដូរផលដំណាំ។ ក្រៅពីនេះ ដំណោះស្រាយជុំវិញវិវាទដីធ្លីរបស់ពលរដ្ឋជាមួយក្រុមហ៊ុន ក៏ជារឿងចាំបាច់សម្រាប់ពលរដ្ឋ ពិសេសពលរដ្ឋជនជាតិដើមភាគតិចសួយផងដែរ។
11:05-11:59«សំណូមពរចង់ឱ្យរាជរដ្ឋាភិបាលធ្វើយ៉ាងម៉េច ជួយសម្របសម្រួលជាមួយក្រុមហ៊ុនឱ្យបើកផ្លូវផង កុំឱ្យបិទផ្លូវហ្នឹង។ ព្រោះអីផ្លូវហ្នឹងមិនមែនមានឥឡូវហ្នឹងទេ មានតាំងពីប៉ុន្មានកាលមកហើយ បើនិយាយទៅចាស់ងាប់ប៉ុន្មានជំនាន់មកហើយ។ សម្រាប់ខ្ញុំហើយនិងប្រជាពលរដ្ឋគាត់ទាមទារបំផុតគឺចង់បានបើកផ្លូវហ្នឹងតែម្ដង៕
…………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សាគុន
