អង្គការក្រៅរដ្ឋាភិបាលបរទេសមួយបានរកឃើញថា ធនាគារចំនួន២ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន២ បានផ្តល់ប្រាក់កម្ចីដោយមានការកេងប្រវ័ញ្ចនាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ។
អង្គការសិទ្ធិមនុស្សលីកាដូ បានចេញផ្សាយនូវការស្រាវជា្រវមួយរបស់អង្គការសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ដោយបានរកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាចំនួន ២ ស្ថាប័ន ដែលគ្រប់គ្រងដោយវិនិយោគិនជនជាតិកូរ៉េ បានផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច ដល់ប្រជាពលរដ្ឋកម្ពុជា ដែលនេះបណ្តាលឱ្យកើតមាននូវរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលកំពុងរស់នៅក្នុងភាពក្រីក្រ និងជាសហគមន៍ជនជាតិដើមភាគតិច ។
ប្រភពដដែលបន្តថា របាយការណ៍ដែលមានចំណងជើងជាភាសាអង់គ្លេសថា Preying on Poverty ឬជាភាសាខ្មែរថា “ការទាញប្រយោជន៍ពីភាពក្រីក្រ” ត្រូវបានចេញផ្សាយដោយក្រុមអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) នាថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ បានបង្ហាញពីព័ត៌មានលម្អិតទាក់ទងនឹងការរំលោភបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយធនាគារ ខេប៊ីប្រាសាក់ និងធនាគារអ៊ូរីប៊ែង។ របាយការណ៍បន្តថា ធនាគារទាំងពីរនេះ ជាអតីតស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយក្រោយមកត្រូវបានទិញយកដោយធនាគារកូរ៉េធំៗមួយចំនួននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
អង្គការលីកាដូបានលើកឡើងពីរបាយការណ៍នោះថា៖ «អ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ(KTNC Watch) បានមកទស្សនកិច្ចសិក្សានៅកម្ពុជា និងបានសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអ្នកជាប់កម្ចីមីក្រូហិរញ្ញវត្ថុមួយចំនួន ជាជនជាតិខ្មែរ និងជាជនជាតិដើមភាគតិច ដែលអ្នកទាំងនោះបានយកកម្ចីពីធនាគារទាំងពីរគឺ ខេប៊ី ប្រាសាក់ និងអ៊ូរី ។ អ្នកផ្តល់បទសម្ភាសន៍ទាំងនោះ បានលើកឡើងយ៉ាងលម្អិតពីផលលំបាកដែលពួកគេបានទទួលរង ក្រោយពីពួកគេបានខ្ចីប្រាក់ពីគ្រឹះស្ថានទាំងពីរ» ។
របាយការណ៍ក៏បានរកឃើញទៀតថា នៅពេលដែលទំហំបំណុលកាន់តែច្រើនជាមួយនឹងអាត្រាការប្រាក់ និងថ្លៃសេវាខ្ពស់ ហើយអ្នកខ្ចីប្រាក់ពុំមានលទ្ធភាពបង់សងព្រោះតែវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយ បញ្ហាកូវីដ-១៩ និងផលដំណាំខូចខាតដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ មន្រ្តីឥណទានក៏ចាប់ផ្តើមប្រើអាកប្បកិរិយាបង្ខំឱ្យកូនបំណុលទាំងនោះសងប្រាក់ថែមទៀតផង។
របាយការណ៍បន្តថា៖«មន្ត្រីឥណទានបានចូលទៅផ្ទះរបស់អ្នកខ្ចីឬកូនបំណុលដោយមិនមានការអនុញ្ញាត រំលោភបំពានក្រុមគ្រួសាររបស់កូនបំណុល ធ្វើឱ្យកូនបំណុលទាំងនោះខ្មាសគេនៅចំពោះមុខរបស់កូនៗនិងអ្នកជិតខាង គំរាមកំហែងដោយហៅនគរបាល ឬគំរាមថា នឹងបញ្ជូនកូនបំណុលទៅពន្ធនាគារ ឬប្រាប់កូនបំណុលថា កូនរបស់ពួកគេនៅតែត្រូវសងបំណុលទោះបីកូនបំណុលនោះស្លាប់ ឬធ្វើអត្តឃាតក៏ដោយ និងដាក់សម្ពាធឱ្យកូនបំណុលលក់ដី ឬខ្ចីលុយ/ចងការកម្ចីឯកជន ដើម្បីមកបង់សងបំណុល»។
ករណីសិក្សាមួយចំនួននៅក្នុងរបាយការណ៍ ដែលមិនបង្ហាញអត្តសញ្ញាណអ្នកផ្តល់បទសម្ភាសន៍ បានលើកឡើងលម្អិតអំពីរបៀបដែលមន្ត្រីឥណទានបានដាក់សម្ពាធលើកូនបំណុលដែលមិនចេះអក្សរ ឱ្យខ្ចីប្រាក់ពីគ្រឹះស្ថានខ្លួនក្នុងចំនួនដ៏ច្រើន ដែលពួកគេគ្មានសង្ឃឹមថានឹងអាចបង់សងរួច។ ការណ៍ដែលកូនបំណុលយកកម្ចីឯកជនដើម្បីយកទៅបង់សងកម្ចីមីក្រូហិរញ្ញវត្ថុ ការណ៍ដែលកូនៗត្រូវបានបង្ខំឱ្យឈប់រៀន និងទៅធ្វើការរកប្រាក់បង់សងកម្ចីមីក្រូហិរញ្ញវត្ថុ។ ជាងនេះទៀត ផលលំបាក និងការរំលោភបំពានផ្សេងៗទៀតដែលត្រូវបានចងក្រងទុកមកជាច្រើនឆ្នាំ។
ពលរដ្ឋអ្នកសារព័ត៌មាន នៅមិនទាន់អាចរកការឆ្លើយតបពីសំណាក់អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី និងអ្នកនាំពាក្យសមាគមធនាគារកម្ពុជាលោក សុខ ចាន់ បាននៅឡើយទេនៅថ្ងៃអង្គារនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានលើកឡើងក្នុងរបាយការណ៍នោះថា អ្វីដែលអង្គការកូរ៉េខាងត្បូងបានរកឃើញតាមរយៈរបាយការណ៍របស់ពួកគេនោះ គួរតែជាការដាស់ស្មារតីមួយដល់បណ្តាធនាគារ និងអ្នកវិនិយោគជាតិកូរ៉េ ដែលបានចូលមកកាន់ទីផ្សារមីក្រូហិរញ្ញវត្ថុកម្ពុជាថ្មីនេះៗ ។
លោកបានបន្ថែមទៀតថា ៖ «របាយការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថាធនាគារទាំងនោះមិនបានគោរពតាមការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់ពួកគេ ក្នុងការគោរពសិទ្ធិមនុស្សនោះទេ »។
សម្រាប់ជាអនុសាសន៍មួយចំនួនរបស់អ្នកឃ្លាំមើលសាជីវកម្មអន្តរជាតិ (KTNC Watch)ដែលបានដាក់បញ្ចូលនៅក្នុងរបាយការណ៍របស់ខ្លួនបានស្នើឱ្យមានការផ្តល់នូវដំណោះស្រាយដល់កូនបំណុលដែលរងផលប៉ះពាល់។ បន្ថែមពីនេះ ត្រូវបង្កើតនូវយន្តការទទួលបណ្តឹងឯករាជ្យមួយ និងត្រូវធ្វើឱ្យប្រសើរឡើងការអនុវត្តវិធានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ផ្នែកសិទិ្ធមនុស្ស សម្រាប់អ្នកវិនិយោគបរទេស ៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ