CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​ភូមិ​ភ្នំ​ដំរី​ជំរុញ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ពន្លឿន​អភិវឌ្ឍន៍​ភ្នំ​នេះ​ដើម្បី​បាន​ចំណូល​

CJ Khmer ដោយ CJ Khmer
August 21, 2025
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
ទិដ្ឋភាពភ្នំដំរីស្ថិតនៅក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច មានចម្ងាយប្រហែល២៧គីឡូម៉ែត្រពីទីរួមខេត្តកំពត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ (អ៊ុក ដែន)

ទិដ្ឋភាពភ្នំដំរីស្ថិតនៅក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច មានចម្ងាយប្រហែល២៧គីឡូម៉ែត្រពីទីរួមខេត្តកំពត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ (អ៊ុក ដែន)

0
ចែករំលែក
25
ចំនួនមើល

អ្នកភូមិមួយចំនួននៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត បានជំរុញទៅមន្ទីរទេសចរណ៍ខេត្តនេះ ឱ្យពន្លឿនអភិវឌ្ឍន៍ភ្នំដំរីទៅជាកន្លែងកំសាន្តឱ្យបានឆាប់ ដើម្បីពួកគាត់អាចរកបានចំណូលបានពីភ្ញៀសទេសចរ។

ភ្នំដំរីស្ថិតនៅក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច មានចម្ងាយប្រហែល២៧គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្នំមួយនេះ មានសក្តានុពលសម្រាប់ទេសចរណ៍ដូចជា មានល្អាងជាច្រើនកន្លែងសម្រាប់ភ្ញៀសទសនា មានទេសភាពស្អាត មានបឹងនៅជើងភ្នំ មានវត្តអារាម មានជួរភ្នំ និងមានកន្លែងទេសចរសម្បូរបែបផ្សេងៗទៀត។

លោក ម៉ក់ សាវ៉ុន ជាពលរដ្ឋនៅភូមិភ្នំដំរី ចង់ឱ្យមន្ទីរទេសចរខេត្តកំពត អភិវឌ្ឍភ្នំមួយនេះទៅជាតំបន់ទេសចរណ៍ឱ្យបានឆាប់ ដោយលោកយល់ថា ការអភិវឌ្ឍន៍តំបន់នេះនឹងជួយផ្លាសប្តូរជីវភាពរបស់ប្រជាពលរដ្ឋ ខណៈមុខរបរវាយថ្មលក់របស់ពលរដ្ឋនៅតំបន់នោះមិនអាចជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។

លោក ម៉ក់ សាវ៉ុន ឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួននៅឃុំដំណាក់កន្ទួតខាងជើងមានជីវភាពក្រីក្រ និងវាយថ្មភ្នំលក់ ដើម្បីដោះស្រាយជីវភាព។ លោកថា មុខរបរនេះបានបង្កគ្រោះថ្នាក់ និងធ្វើឱ្យភ្នំដំរីដែលជាកន្លែងមានសក្តានុពលទេសចររងការបំផ្លាញផងដែរ។

ពលរដ្ឋរូបនេះ បានសំណូមពរដល់ក្រសួង ឬមន្ទីរទេសចរណ៍ជួយរៀបចំការចងក្រងសហគមន៍ និងបញ្ជូនអ្នកជំនាញមកបង្ហាត់បង្រៀនបច្ចេកទេស និងជំនាញមគ្គទេសទេសចរ ដល់អ្នកភូមិ ដើម្បីឱ្យពួកគាត់មានជំនាញអាចរកកម្រៃបាន ពីការលក់ដូរ ឬបម្រើសេវាកម្មទេសចរណ៍។

លោកបន្ថែមថា៖«ចង់ឱ្យគាត់មករៀបចំឱ្យបានរហ័ស។ ហើយមានគ្រូមកបង្ហាញពន្យល់រឿងការងារសហគមន៍ហ្នឹង។ គេធ្វើរបៀបម៉េចៗ ឱ្យប្រជាពលរដ្ឋយើងក្នុងស្រុកក្នុងភូមិយើងមានទំនុកចិត្តមួយថា អញ់ធ្វើសហគមន៍ហ្នឹងត្រូវតែមានទំនុកចិត្តមួយថា បញ្ហានេះគាត់ប្រាប់អញ្ចេះអញ្ចុះ អាហ្នឹងទាល់តែមានអ៊ីចឹងបានវាកក់ក្តៅដែរ»។

អ្នកភូមិភ្នំដំរីម្នាក់ទៀតលោក កុល កន បានឱ្យដឹងថា សព្វថ្ងៃលោកប្រកបរបរវាយថ្មលក់ដើម្បីយកកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ និងឱ្យកូនៗបានរៀនសូត្រ។ លោកបន្តថា ការវាយថ្មត្រូវប្រើរយៈពេល១ទៅ២ថ្ងៃទើបបានមួយគោយន្ត ដែលអាចលក់បានតម្លៃចន្លោះពី៤០០០០ទៅ៥០០០០ម៉ឺនរៀល។

 លោកបញ្ជាក់ថា ក្រៅពីរបរធ្វើស្រែ និងវាយថ្មលក់ គឺលោកគ្មានរបរអ្វីផ្សេងទៀតទេ ។ ពលរដ្ឋរូបនេះបន្តថា លោកក៏ចង់ឱ្យមានការអភិវឌ្ឍន៍ភ្នំដំរី និងភ្នំផ្អាវដែលនៅជាប់គ្នានោះទៅជាតំបន់ទេសចរណ៍ផងដែរ។

លោក កុល កន ឱ្យដឹងថា ភ្នំទាំងពីរនេះ មានទំនប់អាងទឹកជាប់ជើងភ្នំ និងមានរូងល្អាងស័ក្តិសិទ្ធច្រើនកន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរបាន។ យ៉ាងណាលោកក៏សុំឱ្យទុកកន្លែងណាមួយឱ្យពលរដ្ឋអាចវាយលក់ចិញ្ចឹមគ្រួសារដែរ ព្រោះថា អំឡុងអភិវឌ្ឍន៍ គឺពួកគាត់មិនអាចរកចំណូលបានពីវិស័យទេសចរណ៍ទេ។

លោកបន្តថា « ចង់បានតំបន់ស្អាតអ៊ីចឹងទៅ។ ទេសចរណ៍។ ទេសអីអ៊ីចឹងទៅ ប៉ុន្តែប្រជាពលរដ្ឋគ្នាអត់ការងារធ្វើ កុំឱ្យថា វាអត់សោះតាហ្ម៉ង ឱ្យទៅធ្វើតែតំបន់ណាមួយអ៊ីចឹងទៅ។អ៊ីចឹងណា៎។ យើងធ្វើតំបន់ទេសចរណ៍ខាងហ្នឹងទៅ។ យើងឱ្យប្រជាជនទៅធ្វើមួយចំហៀងខាងណោះទៅ។ កុំឱ្យគ្នាវាចំណាកស្រុកហ្នឹងវាច្រើន»។

លោក កែន សំអាន ប្រធានសហគមន៍ភ្នំកំពង់ត្រាចមានប្រសាសន៍ថា សហគមន៍ភ្នំកំពង់ត្រាចបង្កើតឡើងនៅឆ្នាំ២០០៥។ លោកថា ការបង្កើតសហគមន៍នេះដំបូង គឺប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភពីផលប៉ះពាល់ និងខាតប្រយោជន៍របស់ពួកគេដែរ។

ប៉ុន្តែបន្ទាប់ពីបានរៀបចំ ទៅជាសហគមន៍ទេសចរណ៍ និងបានដំណើរការលើវិស័យ ទេសនេះ គឺបានជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋនៅជុំវិញតំបន់ភ្នំកំពង់ត្រាចឱ្យរកប្រាក់ចំណូលបានច្រើនតាមរយៈការលក់ដូរផលិតផល កសិកផលដែលដាំដុះដោយខ្លួនឯង និងការលក់វត្ថុអានុស្សាវរីយ៍ផ្សេងៗ ឬការបំរើសេវាកម្ម ដឹកជញ្ជូន និងណែនាំភ្ញៀវជាដើម។

លោកបន្ថែមថា៖«ក្រោយពីបង្កើតបានសហគមន៍ទេសចរបានគឺបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដោយគាត់មានមុខរបរក្នុងការលក់ដូរចំណីអាហារជូនភ្ញៀវ លក់របស់របរអានុស្សាវរីយ៍សម្រាប់ភ្ញៀវ ហើយនឹងខាងរទេះសេះហ្នឹងគាត់រកប្រាក់ចំណូលបានច្រើន ភ្ញៀវមកគាត់ចង់ជិះរទេះសេះហ្នឹងកំសាន្តសប្បាយ»។

លោក តា ជន ង៉ូវ  វ័យ៦៧ឆ្នាំ មានប្រសាសន៍ថា ភ្នំដំរីបើមើលពីទិសខាងលិច គឺឃើញដូចសត្វដំរីឈរ។ លោកថា ភ្នំនេះមានជួរតែមួយជាមួយភ្នំស្លឹកគ្រៃ និងភ្នំផ្អាវដែលនៅតំបន់នោះ។

បុរសវ័យចំណាស់រូបនេះឱ្យដឹងទៀតថា តំបន់ភ្នំទាំងនេះមានវត្តអារាមនៅលើភ្នំ មានល្អាងក្បាលខ្លា និងល្អាងតម្កល់សាត្រា គុហាថ្មសំលៀងដែកចារ្យ និងល្អាងបិទនៅលើភ្នំផ្អាវជាដើម។ លោកថា ពលរដ្ឋមួយចំនួននៅភូមិភ្នំដំរីបានជឿថា មានវត្ថុសក្តិសិទ្ធនៅលើភ្នំនេះ។

ប៉ុន្តែលោកថា ក៏មានពលរដ្ឋមួយចំនួនបន្តឆ្កឹះកកាយជីកយកថ្មពីភ្នំនេះទៅលក់ដូរដែរ។ លោក តា ង៉ូវ ចង់ឱ្យក្រសួងទេសចរណ៍អភិឌ្ឍន៍ និងអភិរក្សតំបន់ភ្នំនេះឱ្យបានឆាប់ ដើម្បីបញ្ឈប់ការវាយថ្មទាំងស្រុងពីពលរដ្ឋមួយចំនួនដែលធ្វើឱ្យខូចរូបរាងភ្នំដែលជាសម្បត្តិធម្មជាតិដ៏កម្រមួយនេះ។

លោកតាង៉ូវយល់ថា អាជ្ញាធរអភិវឌ្ឍន៍ផ្លូវបេតុងដែលតភ្ជាប់ពីភ្នំកំពង់ត្រាចមកដល់ភ្នំដំរី នោះភ្ញៀវទេសចរណ៍នឹងបន្តមកលេងទីនេះកាន់តែច្រើន។

លោកបន្តថា៖« បើបានគេអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ហ្នឹង វាល្អ១០០%តែម្តង សម្រាប់ប្រជាពលរដ្ឋក្នុងភូមិហ្នឹងតែម្តង។ បើសឹនជាគេធ្វើអ៊ីចឹងទៅយើងអាចលក់ដូរលក់អីវាបានកម្រៃអីអ៊ីចឹងវាមិនហត់ហ្នឹងអស់កម្លាំងទៅវ៉ៃថ្មផង»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល បានទេពាក់ព័ន្ធករណីនេះ។

យ៉ាងណា អភិបាលស្រុកកំពង់ត្រាចលោក អូន ខន មានប្រសាសន៍ថា កន្លងមករដ្ឋបាលស្រុកបានសហការជាមួយក្រសួង និងមន្ទីរទេសចរណ៍ខេត្ត ដើម្បីរៀបចំតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងក្នុងស្រុកកំពង់ត្រាច ដូចជារមណីយដ្ឋានធម្មជាតិភ្នំទឹកធំ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំកំពង់ត្រាច ដោយមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនបានស្គាល់ និងមកទស្សនាជាហូរហែ។

លោកអះអាងថា កាលពីដើមខែមករាឆ្នាំ២០២៥ មន្ទីទេសចរបានចុះផ្សព្វផ្សាយពីគម្រោងអភិវឌ្ឍន៍ជួរភ្នំដំរី ភ្នំស និងភ្នំផ្អាវ ឱ្យក្លាយជារមណីយដ្ឋានទេសចរបន្ថែមទៀត ហើយបានណែនាំពីជំនាញ និងការបម្រើសេវាកម្មទេសចរណ៍ដល់ប្រជាសហគមន៍ផងដែរ។

បើតាម លោក អូន ខន រដ្ឋបាលស្រុកក៏មានគម្រោង សាងសង់ផ្លូវបេតុងបន្ត ដោយតភ្ជាប់ពីរមណីយដ្ឋានភ្នំកំពង់ត្រាចទៅភ្នំដំរី និងភ្នំផ្អាវផងដែរ ដែលគម្រោងនេះនឹងត្រូវអនុវត្តនាពេលឆាប់ៗខាងមុខនេះ។

លោកបន្ថែមថា៖«មិនអីទេក្នុងការអភិវឌ្ឍយើងអភិវឌ្ឍន៍បណ្តើៗ។  ក្រសួងមន្ទីគេគិតគូរហើយការងារហ្នឹងមិនអីទេណា៎»។

មេឃុំដំណាក់កន្ទួតខាងជើង លោក ព្រំ អ៊ន មានប្រសាសន៍ថា នៅឃុំនេះមានជួរភ្នំចំនួន ៤ គឺជួរភ្នំដំរី ភ្នំផ្អាវ ភ្នំស និងភ្នំកំពងត្រាច ដែលដើមឡើយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ប៉ុន្តែក្រោយមកត្រូវបានប្រគល់ឱ្យក្រសួងទេសចរណ៍ និងក្រសួងបរិស្ថានគ្រប់គ្រងវិញ កាលពីដើមឆ្នាំ២០២៥។

បើតាមមេភូមិភ្នំដំរី លោក គង់ សំ  នៅភូមិនេះមានពលរដ្ឋចំនួន៥៤៤គ្រួសារ។ លោកមានប្រសាសន៍ថា កាលដើមឡើយពលរដ្ឋភូមិភ្នំដំរីភាគច្រើនប្រកបរបរវាយថ្មលក់។ ប៉ុន្តែក្រោយពីមន្ទីទេសចរបានប្រជុំប្រាប់ពីគម្រោងអភិវឌ្ឍជួរភ្នំដំរី និងភ្នំផ្អាវ ដោយដាក់តំបន់ភ្នំទាំងពីរជាតំបន់អភិរក្ស និងអភិវឌ្ឍទេសចរណ៍មក គឺពលរដ្ឋភាគច្រើនបានបញ្ឈប់ការវាយថ្មលក់ និងងាកទៅរកចំណូលពីការប្រកបរបរផ្សេងៗវិញ។

 លោក គង់ សំ  បញ្ជាក់ថា បច្ចុប្បន្ននៅមានពលរដ្ឋប្រមាណជាង៣០ គ្រួសារប៉ុណ្ណោះដែលនៅបន្តប្រកមរបរវាយថ្មលក់។

មេភូមិរូបនេះយល់ថា បើមន្ទីទេសចរណ៍អភិវឌ្ឍន៍ជួរភ្នំដំរីនេះទៅជាតំបន់ទេសចរណ៍ឱ្យបានឆាប់ នោះពលរដ្ឋក្នុងភូមិភ្នំដំរីអាចបញ្ឈប់របរវាយថ្មនេះបានទាំងស្រុងបាន ហើយផ្លាស់ប្តូរជីវភាពរបស់ពួកគេពីការវាយថ្ម ទៅជាអ្នកដាំដុះ អ្នកលក់ដូរ ឬអ្នកបម្រើសេវាកម្មទេសចរណ៍វិញ។

លោកបន្ថែមថា៖« ប្រសិនបើជាអភិវឌ្ឍន៍បានសម្រេចខ្ញុំជឿថា វាមានសក្តានុពលច្រើនណាស់ដែលជួយដល់ប្រជាពលរដ្ឋខ្ញុំ។ ទីមួយ ទីនេះមានប្រភពទឹកអាចប្រជាពលរដ្ឋដាំបន្លែដាំអីលក់ដូរឬធ្វើតូបលក់ដូរក៏បានច្រើន។ ម្យ៉ាងទៀតការរីកចម្រើនអ្នកស្រុកបើកាលណាឃើញមនុស្សច្រើនវាចេះតែបែកគំនិតរកលុយហើយ»៕

……………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រយ​គ្រួសារ​នឹង​បាត់​បង់​លំ​នៅ​ឋាន​​ ​​នៅពេល​​វារី​អគ្គិសនី​ស្រែ​ពក​​ក្រោម​៣​ដំណើរ​ការ​

អត្ថបទបន្ទាប់

លោកអ៊ុកម៉ៅត្រូវមន្ត្រីប្តឹងទារប្រាក់ជាង៥ម៉ឺនដុល្លារខណៈជីវភាពគ្រួសារកំពុងខ្វះខាត 

អត្ថបទបន្ទាប់
សាលាដំបូងខេត្តស្ទឹងត្រែងចោទ​ប្រកាន់​អ្នក​កាសែត​បរិស្ថាន​ម្នាក់​ពី​បទ​ញុះ​ញង់​និង​បរិហា​កេរ្តិ៍

លោកអ៊ុកម៉ៅត្រូវមន្ត្រីប្តឹងទារប្រាក់ជាង៥ម៉ឺនដុល្លារខណៈជីវភាពគ្រួសារកំពុងខ្វះខាត 

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង