ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេស បានហៅការអនុវត្តនីតិវិធីរបស់តុលាការលើសំណុំរឿងដាក់លក់ផ្ទះរបស់លោក រ៉ុង ឈុន ដើម្បីសងដើមបណ្តឹងដោយបង្ខំនោះថា ជារឿងអយុត្តិធម៌ហួសហេតុ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានប្រកាសថ្កោលទោសចំពោះការសម្រចរបស់តុលាការទីក្រុងភ្នំពេញ បញ្ជាឱ្យដកហូតទ្រព្យសម្បត្តិ លោក រ៉ុង ឈុន និងប្រើល្បិចកលទុច្ចរិត មិនបើកឱកាសឱ្យគាត់ អាចធ្វើនយោបាយបានពេញលេញ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ហើយលោកថា តុលាការនេះ ស្ថិតក្រោមការបញ្ជាគ្រួសារអ្នកមានអំណាច។
លោកលើកឡើងថា ៖«ជារឿងអយុត្តិធម៌ពេកហើយទៅលើរូបលោក រ៉ុង ឈុន»។
ការថ្កោលទោសនេះ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៥ បានចេញដីកាសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំ នូវលំនៅដ្ឋាន របស់លោក រ៉ុង ឈុន ដើម្បីទូទាត់ ៤០០លានរៀង ឬ ប្រមាណ ១០ម៉ឺនដុល្លារ សងទៅរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន របស់រដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានសកម្មជន ២នាក់ទៀត គឺកញ្ញា ស កណិការ និងលោក តុន និមល។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានលើកឡើងថា នៅកម្ពុជា បើធ្វើជាសកម្មជនសកម្មរឿងរិះគន់ត្រូវត្រៀមលះបង់ទ្រព្យសម្បត្តិ និងលះបង់សេចក្តីសុខខ្លួនឯង រួមទាំងជីវិតផងដែរ។
លោក រ៉ុង ឈុន បច្ចុប្បន្នជាទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ភ្លាមៗ ក្រោយការសម្រេចរបស់តុលាការនេះ គណបក្សកម្លាំងជាតិនៅថ្ងៃទី២៤ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានប្រាប់ទៅសហគមន៍ជាតិនិងអន្តរជាតិជុំវិញការអនុវត្តនីវិធីលក់ទ្រព្យសម្បត្តិរបស់លោក រ៉ុង ឈុន ដោយបង្ខំ បើទោះពីជាមេធាវីលោកបានស្នើឱ្យមានការសងសំណងជាដំណាក់កាលៗក្តី។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សកម្លាំងជាតិលើកឡើងថា៖ «ទោះបីជាមេធាវីការពារសិទ្ធិរបស់លោកគ្រូ រ៉ុង ឈុន បានដាក់ពាក្យស្នើសុំបង់ប្រាក់អនុវត្តដោយបង្ខំជាដំណាក់កាល(ជាបណ្តើរៗ) ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបង្ហាញពីឆន្ទៈក្នុងការសងយ៉ាងណាក៏ដោយ»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បានថ្លែងប្រាប់សិក្ខាកាមញូរ៉ូមខេមបូឌាថា វាជារឿងធ្ងន់ធ្ងរដែលសាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសផ្ទះលោកកំពុងរស់នៅទៅលក់ដោយបង្ខំ ទាំងដែលលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ ហើយសំណើសុំបង់សំណងតាមលទ្ធភាពរបស់លោក ក៏តុលាការមិនបានឆ្លើយតបដែរ។
ប្រភពដដែលបន្តថា តែយ៉ាងណា លោកនឹងមិនតវ៉ាចំពោះការសម្រេចនេះឡើយ ដោយសារលោកមិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោក ម៉ែន ណាត បានលើកឡើងពីប្រវត្តិសំណុំរឿងនេះ ថា លោក រ៉ុង ឈុន ក្នុងនាមតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២០ ពេលចុះទៅជួបពលរដ្ឋ និង ដើរពិនិត្យមើលតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាននានាជុំវិញភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ពីលេខ ១១៤ ដល់លេខ ១១៩ ដែលធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់ដីអាស្រ័យផលជាច្រើនរយម៉ែត្រ។
ទាក់ទងរឿងនេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមក រដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ច្រានចោលសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ហើយថា «ផ្សាយព័ត៌មានមិនពិត និងបំផ្លើសអំពីបញ្ហាព្រំដែន ជាមួយប្រទេសក្បែរខាង ក្នុងគោលបំណងឲ្យមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ»។ លុះនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ត្រូវចាប់ឃុំខ្លួនពាក់ព័ន្ធការថ្លែងរឿងព្រំដែននេះ។
លោក រ៉ុង ឈុន ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ នាថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែតុលាការនៅតែបន្តនីតិវិធីលើសំណុំរឿងនេះដដែល រហូតមកទល់សព្វថ្ងៃ។ លោក ម៉ែន ណាត យល់ថា ការបន្តនីតិវិធីរបស់តុលាការនេះ គឺនៅក្នុងបំណង បិទឱកាសលោក រ៉ុង ឈុន មិនឱ្យធ្វើនយោបាយប្រកួតប្រជែង ជាមួយបក្សកាន់អំណាច៕
………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ