ក្រុមគ្រួសាររបស់តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំក្រុងបាវិត ខេត្តស្វាយរៀង បានត្អូញត្អែរពីបញ្ហាប្រឈមក្នុងជីវភាព ដោយសារបង្គោលរឹងមាំក្នុងគ្រួសារកំពុងស្ថិតនៅក្នុងពន្ធនាគារដោយក្រុមសង្គមស៊ីវិលថា ជាការឃុំខ្លួនទាំងអយុត្តិធម៌។
អ្នកស្រី ឡេង ចន្ធី ភរិយារបស់លោក ជា ចាន់ថា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នេះថា ចាប់តាំងពីប្ដីអ្នកស្រីត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមកគ្រួសារអ្នកស្រីមានជីវភាពលំបាកខ្លាំង។
អ្នកស្រីបន្ដថា រាល់ថ្ងៃអ្នកស្រីត្រូវចិញ្ចឹមកូនតូច និងឪពុកម្ដាយចាស់ជរាផងដែរ។ អ្នកស្រីថា នៅក្នុងមួយខែអ្នកស្រីត្រូវចំណាយលុយចន្លោះ២៨០ទៅ៣០០ដុល្លារដើម្បីទិញទឹកដោះគោ ខោទឹកនោមឱ្យកូនតូចដែលមានអាយុ២ឆ្នាំ ផ្ញើលុយឱ្យកូននៅស្រុកទៅរៀន ថ្លៃហូបប្រចាំថ្ងៃ និងថ្លៃផ្ទះជួល ថ្ងៃខ្លះអត់មានអង្ករទៅសុំមិត្តភក្ភិដើម្បីបានបរិភោគបណ្តោះអាសន្នជាដើម។
អ្នកស្រីលើកឡើងថា៖ «អាឡូវមានជំពាក់[លុយ]គេទៀត អាឡូវវាខ្វះខាតអត់មានអ្នកណាជួយយើងបានទេ អាឡូវមានតែជួយខ្លួនឯងត្រូវជំពាក់ៗ។ខ្ញុំដាច់ចិត្ដសុំអង្ករពួកម៉ាកព្រោះអីខ្ញុំខ្វះខាតទឹកដោះគោនិយាយរួមទៅវាច្រើនមុខកូនខ្ចី» ។

អ្នកស្រី ឡេង ចន្ធី ភរិយាលោក ជា ចាន់ថា ផ្ដល់សម្ភាសន៍ដល់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី20 ខែកក្កដា ឆ្នាំ2025។ (លោក សួន វុត្ថា)
អ្នកស្រីស្នើឱ្យតុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញដោះលែងប្ដីអ្នកស្រីឱ្យមានសេរីភាពវិញព្រោះប្ដីអ្នកស្រីមិនបានធ្វើអ្វីខុសច្បាប់នោះទេ ដោយគ្រាន់តែប្ដីអ្នកស្រីចុះទៅចង់ក្រងសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA និងប្រាប់អំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកបេឡាជាតិសន្ដិសុខសង្គម ប.ស.ស ជាមួយអ្នករត់ម៉ូតូកង់បី និងផាស់អ៊ែបនៅក្នុងក្រុងបាវិតតែប៉ុណ្ណោះ ។
អ្នកស្រីលើកឡើងថា៖ «ស្នើសុំតុលាការ លោកចៅក្រមជួយដោះលែង ជា ចាន់ថា ផងព្រោះអីគាត់អត់មានកំហុសអីដែលខុសទេគាត់ធ្វើហ្នឹងដើម្បីជួយបងប្អូន បងៗអ្នករត់កង់បី និងអ្នករត់ផាសអ៊ែប(Pass App)គាត់ចុះនេះដើម្បីចុះចង់ក្រងសមាគមIDEAតែប៉ុណ្ណឹងទេក្រៅពីហ្នឹងគាត់អត់ពាក់ព័ន្ធទេ» ។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ចាន់ថា ត្រូវបានសាលាដំបូងខេត្តស្វាយរៀងចោទប្រកាន់ពីបទ ឆបោក និង បទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ តាមមាត្រា៣៧៧ ៣៧៨ និង ៦១០នៃក្រមព្រហ្មទណ្ឌ ។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ១៨ ខែ។ លោក ចាន់ថា តាមរយៈមេធាវីបានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ គិតត្រឹមថ្ងៃ២១ ខែកក្កដានេះ លោក ចាន់ថា ជាប់ក្នុងពន្ធនាគារបណ្តោះអាសន្នរង់ចាំសវនាការ រយៈពេលប្រមាណមួយឆ្នាំមកហើយ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់លោក ជា ចាន់ថា កាលពីថ្ងៃទី១៥ ខែកក្កដា ហើយករណីនេះនឹងប្រកាសសាលក្រមនៅថ្ងៃទី៣១ ខែកក្កដា។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) លោក វន់ ពៅ បានប្រាប់ថា នៅក្នុងសវនាការរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញព្រះរាជអាជ្ញាបានស្នើសុំឱ្យដោះលែងលោក ជា ចាន់ថា និងបដិសេធនៅសេចក្ដីសម្រេចរបស់សាលាដំបូងខេត្ដស្វាយរៀង។
លោក វន់ ពៅ សង្ឃឹមថា តុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញនឹងទម្លាក់ចោលបទចោទលើលោក ជា ចាន់ថា និងដោះលែងឱ្យមានសេរីភាព ដើម្បីបានទៅរស់នៅជួបជុំគ្រួសារវិញ ។
លោកលើកឡើងថា៖ «ថ្ងៃ៣១ខ្ញុំសង្ឃឹមថាតុលាការហ្នឹងទម្លាក់ចោលបទចោទទៅលើលោក ជា ចាន់ថា ហ្នឹងដោះលែងឱ្យគាត់មានសេរីភាពឡើងវិញ។ យោងតាមការជាប់ទោសរបស់គាត់ក្នុងពន្ធនាគារមានរយៈពេល១ឆ្នាំទៅហើយមកដល់ពេលនេះ។ ចឹងខ្ញុំគិតថាតុលាការសាលាឧទ្ធរណ៍ហ្នឹងផ្ដល់យុត្តិធម៌ផ្ដល់សេរីភាពឱ្យគាត់បានជួបជុំគ្រួសារគាត់ក្នុងការរកប្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មានសុភមង្គលដូចគេដូចឯងឡើងវិញ» ។
លោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ដស្វាយរៀង បានថ្លែងថារាល់សំណុំរឿងដែលបានបញ្ជូនទៅដល់សាលាឧទ្ធរណ៍ជាសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ជាអ្នកសម្រេច ។
លោក ហ៊ាន រិទ្ធិ អគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ភ្នំពេញ បានប្រាប់ថាលោកកំពុងធ្វើដំណើរតាមផ្លូវហើយត្រូវឆែកមើលបន្ថែម ។
លោកលើកឡើងថា៖ «ខ្ញុំនៅតាមផ្លូវដល់ចឹងទាល់ខ្ញុំឆែកមើលតិចសិន» ។
កាលពីថ្ងៃទី១៤ ខែកក្កដា ក្រុមអង្គការសង្គមស៊ីវិល សហជីព សហព័ន្ធសហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំងចំពោះតុលាការខេត្តស្វាយរៀង ដែលនៅតែបន្តឃុំខ្លួនលោក ជា ចាន់ថា ទាំងអយុត្តិធម៌។ អស់រយៈពេលមួយឆ្នាំមកហើយ ដែលលោក ជា ចាន់ថា នៅជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ខណៈដែលគាត់កំពុងមានជំងឺប្រចាំកាយ ហើយគ្រួសាររបស់លោកកំពុងតែមានវិបត្តិផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ការចាប់ និងការឃុំខ្លួនលោក ជា ចាន់ថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពការងារស្របច្បាប់របស់សមាគម ជាពិសេសការងារចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចុះឈ្មោះក្នុងបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មុខរបរបុគ្គលស្វ័យនិយោជន៍ ឬអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ សកម្មភាពរបស់លោក គួរតែទទួលបានការលើកទឹកចិត្ត ពីអាជ្ញាធរពាក់ព័ន្ធ ដែលជាការជួយដល់រាជរដ្ឋាភិបាល ក្នុងការឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែច្រើនយល់ដឹង និងទទួលបានអត្ថប្រយោជន៍ពីរបបបុគ្គលស្វ័យនិយោជន៍នេះ។ ផ្ទុយទៅវិញ លោកបែរជាត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌ទៅវិញ៕
……………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន សួន វុត្ថា