បណ្តាប្រទេសធំៗតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានសម្តែងក្តីព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ នៅតាមព្រំដែន និងទទូចឱ្យប្រទេសទាំងពីរបានវិលត្រឡប់ទៅរកកិច្ចចរចាដោយសន្តិវិធី។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥នថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបង្កើនការប្រយុទ្ធតាមព្រំដែនកម្ពុជា-ថៃ។
ស្ថានទូតសហរដ្ឋអាមេរិកលើកឡើងថា៖ «យើងមានការកង្វល់យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍មក អំពីការប៉ះពាល់ដល់ជនស៊ីវិលស្លូតត្រង់។ យើងសូមថ្លែងសមានទុក្ខ យ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ជីវិតមនុស្ស»។
ជាមួយនឹងការសម្តែងក្តីបារម្ភ និងសមានទុក្ខហើយនោះ សហរដ្ឋអាមេរិក ក៏បានសូមអំពាវនាវយ៉ាងទទូច ឱ្យមានការបញ្ឈប់ការវាយប្រហារភ្លាមៗការការពារជនស៊ីវិល និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ដោយឡែក ក្រសួងអឺរ៉ុប និងការបរទេសបារាំងបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ កាលពីថ្ងៃទី២៤ ខែកក្កដា ក្រោយផ្ទុះហេតុការណ៍ប្រយុទ្ធគ្នារវាងភាគីកម្ពុជា-ថៃ។ ក្នុងសេចក្តីថ្លែងការណ៍នោះ ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជម្លោះប្រដាប់អាវុធ នៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សជាច្រើនបានបាត់បង់ជីវិត ហើយប្រទេសបារាំងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព។
សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ប្រទេសបារាំងអំពាវនាវឱ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយជម្លោះដោយសន្តិវិធីយោងទៅតាមច្បាប់អន្តរជាតិ»។
បន្ថែមពីនេះ ប្រទេសបារាំង ក៏បានអំពាវនាវឱ្យពលរដ្ឋបារាំងចៀសវាងធ្វើដំណើរទៅកាន់តំបន់ព្រំដែន ហើយសូមអ្នកដំណើរបារាំងដែលអាចស្ថិតនៅតំបន់ព្រំដែន ចាកចេញឱ្យបានឆាប់ពីតំបន់ទាំងនោះ ហើយអាចជូនដំណឹងទៅស្ថានទូតបារាំងផងដែរ។
សម្រាប់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាវិញ ក៏បានលើកឡើងដោយសម្តែងក្តីកង្វល់យ៉ាងខ្លាំងចំពោះភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ រួមទាំងមានសេចក្តីរាយការណ៍អំពីរបួស និងការបាត់បង់ជីវិត។ អូស្ត្រាលី ជំរុញឱ្យភាគីទាំងសងខាងបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
ស្ថានទូតអូស្ត្រាលីបន្តថា៖ «យើងបានពិនិត្យមើលពីការណែនាំរបស់យើងអំពីការធ្វេីដំណេីរនៅប្រទេសកម្ពុជា ហើយបន្តផ្តល់ការណែនាំឱ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាពជារួម។ ឥឡូវនេះ យើងសូមណែនាំឱ្យលោកអ្នកពិចារណាឡើងវិញនូវតម្រូវការរបស់លោកអ្នកក្នុងការធ្វើដំណើរទៅកាន់ខេត្តភាគពាយ័ព្យនៃប្រទេស ដូចជាខេត្តព្រះវិហារ និងឧត្តរមានជ័យ ដោយសារជម្លោះប្រដាប់អាវុធនៅក្នុងតំបន់នោះ»។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំរាជធានីភ្នំពេញ តាមរយៈរដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី Catherine West MP បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ និងជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ អង់គ្លេស ក៏បានបង្ហាញការសោកស្ដាយនៃការប៉ះពាល់ដល់ជីវិតជនស៊ីវិលបន្ទាប់ពីការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ។
ស្ថានទូតអង់គ្លេសសរសេរថា៖ «យើងជំរុញឱ្យប្រទេសទាំងពីរបង្ហាញការអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា»។
ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញបានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស ជុំវិញការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ។ ប្រទេសជប៉ុនមានកង្វល់យ៉ាងខ្លាំងចំពោះការប៉ះទង្គិចរវាងយោធានៃប្រទេសកម្ពុជា និងថៃ ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកក្កដា។
សេចក្តីថ្លែងការណ៍ជប៉ុនលើកឡើងថា ៖« ចាប់តាំងពីការប៉ះទង្គិចបានផ្ទុះឡើងនៅពីថ្ងៃទី២៨ ខែឧសភា ភាពតានតឹងរវាងប្រទេសទាំងពីរបានបន្ត រួមទាំងមានការរឹតបន្តឹងលើការចេញចូលនៃមនុស្សនិងទំនិញនៅតាមព្រំដែន ហើយប្រទេសជប៉ុនបាននិងកំពុងធ្វើការទំនាក់ទំនងជាមួយប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង»។
ជប៉ុន ក៏បានបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសជប៉ុនសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃអនុវត្តការអត់ធ្មត់ជាអតិបរមា ហើយសង្ឃឹមយ៉ាងមុតមាំថាភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ ដោយសន្តិវិធីតាមរយៈការសន្ទនា។
ការសម្តែងក្តីបារម្ភពីសំណាក់បណ្តាប្រទេសធំៗនេះ កើតឡើង បន្ទាប់ពីមានហេតុការណ៍ ផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃ ដោយកងទ័ពថៃ បានបើកការវាយប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៅក្នុងខេខេត្តឧត្តរមានជ័យ និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបីនាព្រឹក ថ្ងៃទី២៤ កក្កដា។
រីឯនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) ក្នុងនាមប្រធានអាស៊ានប្តូរវេនបានបង្ហោះលើ Facebook កាលពីយប់ថ្ងៃទី២៤ ខែកក្កដាថា លោកបានទាក់ទងដោយផ្ទាល់ជាមួយភាគីកម្ពុជា និងថៃ ហើយបានអំពាវនាវឱ្យភាគីទាំងពីរបន្ធូរបន្ថយជម្លោះដែលកំពុងកើនឡើងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ លោកបន្តថានៅក្នុងការសន្ទនាទាំងនោះ ក្នុងតួនាទីរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ លោកបានអំពាវនាវដល់មេដឹកនាំទាំងពីរឱ្យអនុវត្តបទឈប់បាញ់ភ្លាមៗ ដើម្បីទប់ស្កាត់ការកើនឡើងនៃជម្លោះ និងបើកផ្លូវសម្រាប់ការសន្ទនាដោយសន្តិវិធី និងការដោះស្រាយការទូត។
លោក អ៊ាន់វ៉ា អ៊ីប្រាហ៊ីមបន្តថា ៖ «ខ្ញុំស្វាគមន៍ចំពោះសញ្ញាវិជ្ជមាន និងឆន្ទៈដែលបង្ហាញដោយទីក្រុងបាងកក និងទីក្រុងភ្នំពេញ ក្នុងការពិចារណាលើបញ្ហានេះ។ ម៉ាឡេស៊ីត្រៀមខ្លួនជាស្រេចដើម្បីជួយ និងសម្របសម្រួលដំណើរការនេះក្នុងស្មារតីឯកភាពអាស៊ាន និងការទទួលខុសត្រូវរួម។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្លាំងរបស់អាស៊ានស្ថិតនៅលើសាមគ្គីភាពរបស់ខ្លួន ហើយសន្តិភាពត្រូវតែជាជម្រើសសមូហភាព និងមិនផ្លាស់ប្តូររបស់យើងជានិច្ច»។
ក្រោយការវាយប្រហារពីសំណាក់ថៃមកលើកម្ពុជានៅតំបន់ប្រាសាទតាមាន់និងតំបន់ផ្សេងទៀតមុននោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយទៅប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ស្នើសុំកោះប្រជុំស្ថាប័ននេះជាបន្ទាន់ ដើម្បីសុំកិច្ចអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា ហ៊ុន ម៉ាណែត បានលិខិតផ្ញើជូន លោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។
នាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងលិខិតនោះថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពថៃបានបើកការវាយប្រហារដោយមិនញញើតនិងគិតទុកជាមុន និងដោយចេតនាមកលើទីតាំងកម្ពុជានៅតាមតំបន់ព្រំដែន រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។
លិខិតនាយករដ្ឋមន្ត្រីលើកឡើងថា កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត និងខកចិត្តយ៉ាងខ្លាំងចំពោះការឈ្លានពានផ្នែកយោធាដែលគ្មានហេតុផល និងគិតទុកជាមុនដោយកងទ័ពរបស់ថៃ។ ប្រភពដដែលបន្តថា ការវាយប្រហារដោយយោធាថៃនេះ បានបំពានលើគោលការណ៍មិនឈ្លានពាន និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ការហាមប្រា មការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាការមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះស្មារតីនៃអ្នកជិតខាងដ៏ល្អ។
យោងតាមភ្នាក់ងារសារព័ត៌មាន AFP បានឱ្យដឹងថា ក្រោយកម្ពុជាស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីកោះប្រជុំបន្ទាន់នេះ ស្ថាប័ននេះក៏បានបើកការកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី២៥ ខែកក្កដា ពាក់ព័ន្ធបញ្ហាជម្លោះយោធានៅតាមព្រំដែនរវាងកម្ពុជា-ថៃ ផងដែរ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសមាជិកចំនួន ១៥ប្រទេស ដែលក្នុងនោះមានសមាជិកអចិន្ត្រៃយ៍មានចំនួន ៥ប្រទេស និងសមាជិកមិនអចិន្ត្រៃយ៌ ១០ ប្រទេស។ សមាជិកអចិន្រ្តៃយ៍ចំនួន៥ ដែលមានសិទ្ធិអំណាចវេតូឬជំទាស់នោះ រួមមានសហរដ្ឋអាមេរិក រុស្ស៉ី ចិន ចក្រភពអង់គ្លេស និងបារាំង៕
……………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ