អង្គការសង្គមស៊ីវិលជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលកំពុងបោះតង់ដេកយាមលើទីតាំងដីមានជម្លោះស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាថ្មីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី។
កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ មានការប៉ះទង្គិចគ្នាជាថ្មីម្ដងទៀតរវាងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី និងប្រជាពលរដ្ឋមានជម្លោះដីធ្លី នៅចំណុចភូមិតាព្រហ្ម ឃុំប្រឹងខ្សាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលនាំឱ្យមានអ្នករងរបួសស្រាលមួយចំនួន។ ភាគីពលរដ្ឋអះអាងថា ករណីនេះបង្កឡើងដោយកងអន្ដរាគមន៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី ដែលចេះតែព្យាយាមយកគឿងចក្រទៅឈូសឆាយកាយផ្ដាច់ផ្លូវ ហើយពលរដ្ឋបានព្យាយាមរារាំង និងទប់ស្កាត់។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការអូសបន្លាយរកដំណោះស្រាយចំពោះបញ្ហាដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនេះ គឺជាកត្តាជំរុញឱ្យការប៉ះទង្គិចគ្នាអាចនឹងកើតមានជាថ្មីទៀត ហើយអាចឈានដល់ការផ្ទុះអំពើហិង្សា និងការចាប់ខ្លួនផងដែរ។
លោក អំ សំអាត យល់ថា ភាគីក្រុមហ៊ុនគួរសិក្សាអំពីតម្លៃដីដែលខ្លួនបានដាក់ជូនប្រជាពលរដ្ឋថាតើ វាជាតម្លៃទីផ្សារ និងអាចទទួលយកបានពីភាគីប្រជាពលរដ្ឋដែរឬទេ។ លោកថា ការអភិវឌ្ឍណាមួយអាចធ្វើទៅបាន លុះត្រាក្រុមហ៊ុនបានដោះស្រាយផលប៉ះពាល់ទៅលើសិទ្ធិរបស់ពលរដ្ឋជាមុនសិន។
លោកបន្ដថា៖ «ស្ថានភាពនេះអាចនឹងមានការប្រឈមមុខដាក់គ្នាបន្ដទៅទៀត។ ជាដំណោះស្រាយ ភាគីក្រុមហ៊ុនគួរមានការសម្របសម្រួលណាមួយដើម្បីទុកពេលវេលាដោះស្រាយជាមួយប្រជាពលរដ្ឋ។ បើសិនក្រុមហ៊ុនពន្លឿនក្នុងការអភិវឌ្ឍ គាត់គួរពន្លឿនក្នុងការដោះស្រាយបញ្ហាហ្នឹងជាមួយពលរដ្ឋឱ្យបានឆាប់។ យើងត្រូវរកចំណុចកណ្ដាលរួមមួយដែលអាចទទួលយកបានទាំងអស់គ្នា ហើយក្រុមហ៊ុនត្រូវគិតគូររកតម្លៃណាមួយដែលសមរម្យ និងអាចទទួលយកបាន»។
តំណាងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី លោក ទួន វណ្ណៈ ប្រាប់ថា ក្រុមហ៊ុនបានចូលមកកាយដីនៅតំបន់មានជម្លោះ ដោយគ្មានការជូនដំណឹងជាមុននោះទេ ដែលលោកថា នេះគឺជាការបំពាន និងជំរុញឱ្យពលរដ្ឋផ្ទុះការតវ៉ា។
លោកបន្ដថា៖ «ភ្លាមៗមកកាយ ធ្វើឱ្យពួកគាត់ប្រមូលគ្នាទៅទប់ស្កាត់ភ្លាមៗដែរ។ បើក្រុមហ៊ុនមិនដោះស្រាយហើយមកបំពានម្ដងហើយម្ដងទៀត ប្រជាពលរដ្ឋមិនអាចឱបដៃឈរមើលគេឈូសឆាយដីស្រស់ៗអញ្ចឹងបានទេ គឹត្រូវប្រមូលផ្ដុំតវ៉ារហូត»។
តំណាងប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ហ៊ីង ពុំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ការចេញទៅប្រមូលផ្ដុំគ្នាតវ៉ាពីសំណាក់ពលរដ្ឋអាចបន្ដកើតមាន ដរាបណាក្រុមហ៊ុននៅតែរំលោភបំពាន និងគ្មានដំណោះស្រាយសមស្របទាក់ទងនឹងការផ្ដល់សំណងទាបចំពោះតម្លៃដីត្រឹមតែ ៨ដុល្លារក្នុងមួយការ៉េ។ អ្នកស្រីស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះឱ្យឆាប់ដើម្បីបង្ការការប៉ះទង្គិចគ្នានាថ្ងៃក្រោយ ដែលនាំឱ្យពលរដ្ឋជាអ្នករងទុក្ខ។
អ្នកស្រីបន្ដថា៖ «ការប្រមូលផ្ដុំអាចផ្ទុយនឹងការណែនាំរបស់ក្រសួងសុខាភិបាល។ តែធ្វើយ៉ាងមិច បើខ្លាចកូវីដ ហើយគេមកឈូសឆាយដីតាមអំពើចិត្តយ៉ាងនេះ គាត់ត្រូវតែចូលរួមតវ៉ា។ លោកស្រីបន្ដថា លោកស្រីខ្លាចបាត់បង់ដីជាជាងខ្លាចកូវីដ ព្រោះលោកស្រីថា គាត់មានដីតែបន្ដិចបន្ដួច ហើយគេឲ្យតែ៨ដុល្លារទេ គាត់មិនព្រមលក់ជូនក្រុមហ៊ុនទេ បើទោះបីវាមានការគម្រាមគំហែងណាមួយក៏ដោយ»។
អធិការស្រុកកណ្ដាលស្ទឹង លោក ឡេង សុខរុន ឱ្យពលរដ្ឋអ្នកសារព័ត៌មានដឹងថា ក្នុងនាមជាអាជ្ញាធរថ្នាក់ស្រុក លោកមិនមានសិទ្ធិក្នុងការដោះស្រាយនោះទេ និងត្រឹមតែជាអ្នកការពារសន្ដិសុខជូនភាគីពាក់ព័ន្ធប៉ុណ្ណោះ។
លោកបន្ដថា នៅពេលមានការប៉ះទង្គិចពេលណាមួយ លោកនឹងចុះទៅមកសម្របសម្រួលកុំឱ្យកើតមានអំពើហិង្សា ដោយលោកស្នើឱ្យភាគីក្រុមហ៊ុន និងតំណាងប្រជាពលរដ្ឋជជែកគ្នាដោយសន្ដិវិធី និងកុំឈានដល់ការប្រើប្រាស់អំពើហិង្សាណាមួយ។
លោកបន្ដថា៖ «យើងខ្ញុំមានទួនាទីត្រឹមតែជាអ្នកការពារសន្ដិសុខជូនប្រជាពលរដ្ឋទេ ក៏ដូចជាភាគីពាក់ពន្ធតែប៉ុណ្ណោះ រឿងដោះស្រាយ យើងគ្មានសិទ្ធិឡើយ»។
អភិបាលស្រុកកណ្ដាលស្ទឹងលោក អ៊ូច សាវឿន មានប្រសាសន៍ថា លោកក៏មិនអាចរារាំងភាគីទាំងពីរមិនឱ្យបន្ដប្រឈមមុខដាក់គ្នានោះទេ ប៉ុន្ដែ លោកថា នឹងពាំនាំបញ្ហានេះជូនថ្នាក់លើដើម្បីពន្លឿនការដោះស្រាយ។
លោកបន្ដថា៖ «ខ្ញុំក៏ទៅមិនទាន់ព្រឹត្ដិការណ៍ហ្នឹងដែរ ហើយខ្ញុំក៏បានព្យាយាមនិយាយទៅកាន់កងអន្ដរាគមន៍របស់ក្រុមហ៊ុននិងប្រជាពលរដ្ឋដែរ តែមិនស្ដាប់គ្នាសោះក៏បានកើតហឹង្សាហ្នឹងឡើង ដូចជាប្រជាពលរដ្ឋបានដុតកង់ឡាន និងមានវាយតប់គ្នាចឹងទៅ។ ខ្ញុំនឹងព្យាយាមរកដំដោះស្រាយជាមួយនិងថ្នាក់ខេត្ដដើម្បីឲ្យរឿងនេះបានបញ្ចប់ឆាប់ៗ»។
យ៉ាងណាក្ដី ប្រជាពលរដ្ឋនៅតែបន្ដប្រមូលផ្ដុំគ្នាដដែល ដោយដាក់វេនគ្នាយប់ថ្ងៃដើម្បីយាមដីរបស់ពួកគាត់ ដោយខ្លាចក្រុមហ៊ុនលួចឈូសឆាយពេលទៀត ពេលពួកគាត់មិននៅ នឹងសុំឲ្យរកដំដោះស្រាយឆាប់មក និងពួកគាត់ក៏មិនប្រើហឹង្សាណាមួយដែលវាមិនល្អដែរ តែដោយសារគ្មានជម្រើស៕
______________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM