ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កងទ័ពថៃនឹងបើកការវាយប្រហារមកលើកម្ពុជាតាមបណ្តោយព្រំដែនតំបន់មានជម្លោះក្នុងពេលឆាប់ៗ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)ចូលមកដល់ ខណៈកងកម្លាំងកម្ពុជាក៏បានប្រុងប្រយ័ត្នក្នុងស្មារតីយ៉ាងម៉ឹងម៉ាត់។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកនាំពាក្យក្រសួងសូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោងជិត១១ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។
ក្រសួងបន្តថា តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្រសួងការពារជាតិកម្ពុជា៖ «ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី»។
ជាមួយគ្នានេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។
ទំព័រហ្វេសប៊ុករបស់អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ក៏បានបង្ហោះសារនៅយប់ថ្ងៃទី៣ ខែសីហា ថា យោងតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិមុននេះបន្តិចបានបង្ហាញថា មានលទ្ធភាពជាច្រើនដែលកងទ័ពថៃអាចប្រើកម្លាំងយោធាវាយមកលើកម្ពុជានៅវេលាយប់ថ្ងៃទី៣ ខែសីហានេះ។
លោកលើកឡើងថា៖ «ដោយសភាពការណ៍បែបនេះ ខ្ញុំមិនអាចដឹកនាំប្រជុំព្រឹទ្ធសភានៅព្រឹកថ្ងៃទី៤ខែសីហា ស្អែកនេះបានទេ បើទោះមានការប្រយុទ្ធ ឬគ្មានការប្រយុទ្ធគ្នាក៏ដោយ ព្រោះខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងបន្តទៀត»។
យ៉ាងណា រហូតមកដល់ម៉ោងជិត៩ យប់ថ្ងៃទី៣ ខែសីហានេះ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៖« គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់»។
ប្រភពដដែលបន្តថា កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះ ក៏ស្នើឱ្យប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ។
ការប៉ះទង្គិចគ្នារវាងកម្ពុជា-ថៃ បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតទាហាននិងពលរដ្ឋ ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ សង្គ្រាម៥ថ្ងៃនេះ បានបញ្ចប់ទៅវិញក្រោយមានកិច្ចអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រោមកិច្ចសម្របសម្រួលពីប្រធាន ប្តូរវេនអាស៊ាន។
ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ីនៅនៅថ្ងៃទី២៨ ខែកក្កដាបានកំណត់យកជាផ្លូវការនូវបទឈប់បាញ់ដោយឥតលក្ខខណ្ឌជាបន្ទាន់មួយចាប់ពីម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ដោយមានភាគីប្រធានអាស៊ាន ព្រមទាំងភាគីសង្កេតការណ៍ពីរគឺសហរដ្ឋអាមេរិក និងចិនជាសាក្សី។ ក្រោយមានកិច្ចឈប់បាញ់រវាងមេដឹកនាំកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រធានធិបតីសហរដ្ឋអាមេរិក ដល់ភាគីចិន ដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានខិតខំជួយឱ្យមានបទឈប់បាញ់ឡើង៕
……………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ