មន្ត្រីក្រសួងការងារ និងមន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិការងារបានថ្កោលទោសចំពោះការប្រើអំពើហិង្សារលើពលករខ្មែរពីសំណាក់ក្រុមជ្រុលនិយមថៃ ខណៈកម្ពុជា និងថៃកំពុងផ្ទុះអាវុធរឿងជម្លោះព្រំដែន។
ចាប់តាំងពីមានការផ្ទុះអាវុធនៅតំបន់មុំ៣ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រួចមកគឺមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីសកម្មភាពក្រុមជ្រុលនិយមថៃបានប្រើអំពើហិង្សាមកលើពលករខ្មែរជាបន្តបន្ទាប់។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានថ្កោលទោសចំពោះសកម្មភាពទាំងនេះ។ លោកថា សកម្មភាពដែលប្រជាពលរដ្ឋថៃ ក៏ដូចជាក្មេងស្ទាវថៃធ្វើដាក់ពលករខ្មែរនោះ គឺមិនត្រឹមត្រូវ។ លោកបន្តថា អាជ្ញាធរថៃគួរតែមានចំណាត់ការ និងដាក់ទោសពលរដ្ឋរបស់ខ្លួនដែលប្រព្រឹត្តបទល្មើស និងផ្ដល់សំណងតាមច្បាប់ដល់ពលករខ្មែរ។ អ្នកនាំពាក្យក្រសួងការងាររូបនេះ បានអំពាវនាវឱ្យពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ប៉ុន្តែប្រសិនបើមកមិនបានទេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
លោកបន្ថែមថា ៖«អាជ្ញាធរថៃគួរតែដាក់ទោសទៅដល់ពលរដ្ឋថៃខ្លួនឯងមួយណាដែលប្រព្រឹតខុសបទល្មើសផ្ដល់សំណងស្របតាមផ្លូវច្បាប់ទៅកាន់ពលរដ្ឋកម្ពុជា»។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា បានឱ្យដឹងថា តាមព័ត៌មានបឋមដែលលោកទទួលបានយ៉ាងហោចណាស់មានពលករខ្មែរជាង១០នាក់បានរងអំពើហិង្សាពីសំណាកក្រុមជ្រុលនិយមថៃមួយចំនួន។
លោកថា ចំពោះរឿងនេះ រដ្ឋាភិបាលថៃត្រូវតែប្រកាសជាសាធារណៈដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់ខ្លួនបញ្ឈប់ជាបន្ទាន់ចំពោះការប្រើអំពើហិង្សាលើពលករខ្មែរ។
លោក ឌីថេ ហូយ៉ា ក៏ស្នើដល់អាជ្ញាធរថៃចាត់វិធានការចំពោះជនដែលប្រព្រឹត្តខុសផងដែរដោយលោកថា វាជារឿងអមនុស្សធម៌ ខណៈជម្លោះរឿងប្រទេស និងប្រទេស គឺពលរដ្ឋស្លូតត្រង់មិនអីនោះទេ។
លោកបន្ថែមថា៖«រដ្ឋាភិបាលថៃត្រូវតែប្រកាសជាសាធារណៈ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរបស់ខ្លួនដែលជ្រុលនិយមប្រើហឹង្សាត្រូវតែបញ្ឈប់។ អាជ្ញាធរថៃត្រូវតែចាប់វិធានការចំពោះជនដែលប្រព្រឹត្ត ព្រោះវាជារឿងអមនុស្សធម៌ ។រឿងប្រទេសជាតិជារឿងប្រទេសជាតិប្រជាជនស្លូតត្រង់គាត់មិនដឹងអីទេ»។
លោក ជា សុខាឡៃ ជាពលករខ្មែរបម្រើការងារនៅខេត្តឈុនបុរីប្រទេសថៃប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា ក្រុមជ្រុលនិយមថៃជាច្រើនក្រុមបានដើរអុកឡុក និងវាយធ្វើបាបពលករខ្មែរនៅកន្លែងលោកស្នាក់នៅ និងធ្វើការ ខណៈលោកកំពុងបារម្ភសុវត្តិភាព។
លោកបន្ថែមថា៖«វាដើរវាយនៅកន្លែងធ្វើការ នៅកន្លែងផ្សារ ពួកវាដើររករឿង។ ខ្ញុំមិនហ៊ានដើរទៅណាទេនៅតែក្នុងផ្ទះ អត់ហ៊ានចេញក្រៅទេ។ ក្រុមអាស្ទាវៗវាប្រមូលផ្តុំគ្នាច្រើនក្រុមវាដើរករឿងខ្មែរយើងនៅទីនេះ។ ឥលូវនេះកន្លែងធ្វើខ្ញុំគេអត់ឱ្យពលករខ្មែរដើរចេញក្រៅទេ។ គេឱ្យនៅមួយកន្លែង»។
ពលករខ្មែរម្នាក់ទៀតលោក ខ្នឿន ចំរ៉ើន និយាយថា ចាប់តាំងពីពេលដែលមានបញ្ហាជម្លោះព្រំដែនមក គឺថៃបានរឹតបណ្តឹងមិនឱ្យពលករខ្មែរចេញក្រៅបានឡើយ ហើយលោកក៏មិនហ៊ានចេញទៅណានោះដែរ ព្រោះខ្លាចមានការវាយដំពីសំណាក់ពលរដ្ឋថៃដូចពលករខ្មែរផ្សេងទៀត។
លោកបន្ថែមថា ក្មេងស្ទាវថៃមិនត្រឹមតែប្រើអំពើហឹង្សាលើរូបរាងកាយនោះទេ ថែមទាំងប្រើពាក្យសំដីគំរាមបណ្ដេញពលករខ្មែរចេញពីប្រទេសថៃថែមទៀត។
លោកបន្ថែមថា ៖«វាវៃគំរាមយើង វាគំរាមឲ្យយើងវាឲ្យដេញឲ្យយើងទៅផ្ទះទៅអីឲ្យផុតៗកុំឲ្យនៅលើទឹកដីវា»។
ចំណែកពលករខ្មែរម្នាក់ទៀត លោក មាណ ហុងលី និយាយថា លោកមិនហ៊ានចេញពីកន្លែងធ្វើការនោះទេ ដោយសារក្មេងស្ទាវរបស់ថៃតែងចាំមើលពលករខ្មែរ ហើយប្រើអំពើហឹង្សាដាក់។
លោក មាណ ហុងលី លើកឡើងថា ខណៈប្រទេសជាតិកំពុងមានរឿងនេះ គឺលោកពិតជាចង់ទៅស្រុកកំណើតវិញណាស់ ប៉ុន្តែបើទៅវិញ គឺលោកមិនមានការងារធ្វើ និងគ្មានថវិកាផ្គត់ផ្គង់គ្រួសារនោះទេ ដែលនេះជាហេតុផលមួយដែលលោកបង្ខំចិត្តធ្វើការនៅប្រទេសថៃ។
ពលករខ្មែរមួយរូបទៀត អ្នកស្រី សាក់រណា បាននិយាយថា កន្លែងអ្នកស្រីធ្វើការពុំទាន់ជួបករណីអំពីហិង្សាពីសំណាក់ក្រុមជ្រួលនិយមថៃទេ ប៉ុន្តែអ្នកស្រីកំពុងព្រួយបារម្ភពីសុវត្តិភាព។
អ្នកស្រីបន្ថែមថា ៖« អ្នកមើលការនៅនេះគេ គេឲ្យយើងកុំឲ្យយើងដើរចេញក្រៅរហេតរហូតអ៊ឹងចឹងណើស បើថាយើងចេញពីកន្លែងដេកមកយើងធ្វើការទៅ ដោយចេញពីធ្វើការទៅកន្លែងដេកយើងវិញទៅ»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវតាមទំព័រតាមទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃសុក្រនេះ ដោយលោកឱ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃត្រូវបង្កើនការប្រុងប្រយ័ត្ន អមជាមួយនឹងវីដេអូបង្ហាញអំពីការប្រើអំពើហិង្សាពីសំណាក់ពលរដ្ឋថៃមួយចំនួនមកលើពលករខ្មែរ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៤កក្តដានេះ ដោយលោកបានអំពាវនាវដល់ឱ្យពលរដ្ឋខ្មែររក្សានូវសីលធម៌ សេចក្តីថ្លៃថ្នូ ជៀសវាងការរើសអើង ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ស្ថានទូតថៃនៅកម្ពុជា ក្រុមហ៊ុនថៃ និងប្រជាពលរដ្ឋថៃដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅធ្វើការ ឬសិក្សានៅប្រទេសថៃ ដែលរងសម្ពាធពីការរើសអើងត្រូវការត្រឡប់មកកម្ពុជាវិញ។ លោកបញ្ជាក់ថា ក្នុងករណីពលរដ្ឋខ្មែរត្រូវការជំនួយអាចទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ឬស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ។
ជាមួយគ្នានេះ អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានប្រកាសតាមទំព័រហ្វេសប៊ុកថា បានរៀបចំក្រុមការងារចាំទទួលប្រជាពលរដ្ឋខ្មែរដែលមកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិខេត្តប៉ៃលិន និងនាំទៅស្រុកកំណើតវិញដោយឥតលក្ខខណ្ឌ៕
………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ចាត់រ៉ាត់ សៀវមិញ