ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ឱ្យពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងការពារសុខភាពរបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះហត្ថលេខាលើសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង។
ក្នុងសេចក្ដីណែនាំនេះ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោ ជិតពេលស្ថានភាពអាកាសធាតុមានការប្រែប្រួលក្នុងរដូវប្រាំង គឺម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ត្រូវត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការងារ ដោយបើកដំណើរការ ឱ្យបានយ៉ាងហោចណាស់១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។
ក្រសួងការងារ ក៏តម្រូវឱ្យម្ចាស់រោងចក្រសហគ្រាស ត្រូវចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យវាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការងារ ហើយត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះ តាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាសគ្រឹះស្ថានផងដែរ។
សេចក្ដីណែនាំ បន្តថា ពេលកម្មករនិយោជិតចូលធ្វើការត្រូវបើកបង្អួច ទ្វារទាំងអស់ បន្ថែមកង្ហារ ឬកង្ហារបឺតខ្យល់ចេញពីអាគាររោងចក្រ រៀបចំទុកដាក់សម្ភារៈ និងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់កុំឱ្យបាំងប្រភពខ្យល់ចេញចូល។ ត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ ណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ និងយ៉ាងតិច ២លីត្រ ក្នុង ១ថ្ងៃ បាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង១ថ្ងៃ ។
សេចក្ដីណែនាំដដែលបន្តទៀតថា ក្នុងករណីចាំបាច់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬអាចដាក់ពាក្យបណ្តឹងតាមប្រអប់បណ្តឹងអនាមិក ដើម្បីឱ្យក្រសួងចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស គ្រឹះស្ថានឡើងកម្ដៅខ្លាំង។
សេចក្ដីណែនាំបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន នឹង ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់»។
អ្នកស្រី ជៀម សុជាតា អាយុ៣៥ឆ្នាំ ជាកម្មការិនីបម្រើការងារនៅក្នុងរោងចក្រមួយស្ថិតនៅភូមិក្បាលដំរីពីរ ខណ្ឌពោធិ៍សែនជ៍យ រាជធានីភ្នំពេញ បានសាទរចំពោះវិធានការរបស់ក្រសួងការងារនេះ។ អ្នកស្រីថា ការណែនាំរបស់ក្រសួងការងារនេះគឺជាវិធានការល្អ ហើយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់កម្មករ ប៉ុន្តែក្រុមហ៊ុនដែលអ្នកស្រីកំពុងបម្រើការងារ គឺមិនទាន់បានអនុវត្តទេរាល់ថ្ងៃនេះ។
កម្មការិនីដែលមានស្រុកកំណើតនៅខេត្ដកំពង់ឆ្នាំងរូបនេះ អះអាងថា នៅធាតុអាកាសក្ដៅខ្លាំងម្តងៗគឺកម្មករមានការលំបាកណាស់ ដោយពេលខ្លះចង់សន្លប់។ កម្មការិនីរូបនេះបន្តថា រាល់ថ្ងៃនៅក្នុងអាគាររោងចក្រក្ដៅខ្លាំង កង្ហារមានមិនគ្រប់គ្រន់ ទ្វាបង្អួចមិនបានបើកតាមការណែនាំរបស់ក្រសួងឡើយ។ អ្នកស្រីបានសំណូមពរឱ្យមន្រ្ដីក្រសួងការងារចុះពិនិត្យដោយផ្ទាល់នៅតាមបណ្តាអាគាររោងចក្រនានា ។
អ្នកស្រីលើកឡើងថា៖ «ពេលឡើងកម្ដៅខ្លាំងទ្រាំអត់បានគឺទៅបន្ទប់ទឹកចាក់ទឹកលើក្បាលពីរបីផ្តិលហើយដើរចូលកន្លែងធ្វើការវិញ បន្ទាប់មកបើក្ដៅទៀតដើរទៅទៀតគឺក្ដៅខ្លាំងមែនទែន»។
ប្រធានសហជិពស្មារតីកម្មករខ្មែរ ប្រចាំរោងចក្រសិនតៃហ្គាមេនលោក កឹម សុភេន ក៏បានសារទរចំពោះការណែនាំរបស់រដ្ឋមន្រ្ដីក្រសួងការងារនេះដែរ ប៉ុន្តែលោកថា កន្លងមក គឺម្ចាស់រោងចក្រសហគ្រាសមួយចំនួនមិនបានអនុវត្តគ្រប់គ្រាន់តាមការណែននាំរបស់ក្រសួងនោះទេ។
លោក កឹម សុភេន មានប្រសាសន៍ថា ដើម្បីឱ្យការណែនាំរបស់រដ្ឋមន្រ្ដីមានប្រសិទ្ធភាព គឺមន្រ្ដីអធិការកិច្ចត្រូវចុះតាមដានស៊ើបអង្កេតផ្ទាល់តាមបណ្តារោងចក្រឬក្រុមហ៊ុននានា ហើយត្រូវចាត់វិធានការច្បាប់តឹងរឹងក្នុងករណីរកឃើញថា រោងចក្រ ឬក្រុមហ៊ុនទាំងនោះមិនអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងការងារ។
ប្រធានសហជីពរូបនេះ អះអាងថា នៅក្នុងរោងចក្រ សិនតៃហ្គាមេន ដែលលោកកំពុងបម្រើការងារ រាល់ថ្ងៃគឺក្តៅខ្លាំង ប៉ុន្តែថៅកែរោងចក្រកំពុងរៀបចំផ្លិតទឹកបន្ថែមដាក់តាមអាគារ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពរបស់កម្មករ ដូចជាធ្វើឱ្យកម្មករអស់កម្លាំង ប្រឈមនឹងការដួលសន្លប់ និងថប់ដង្ហើមជាដើម។
លោកលើកឡើងថា៖«បើសិនថៅកែអត់យកចិត្តទុកដាក់នៅបញ្ហានេះទេថៅកែគាត់ខាតបង់ការផាកពិន័យពីក្រុមអ្នកបញ្ជាទិញឧទាហរណ៍ថាមួយខែទៀតត្រូវចេញមួយម៉ីនខោឬមួយម៉ីនអាវ ពេលដែលកម្មករដែលកម្មករគាត់មានបញ្ហាសុខភាពគាត់ឈឺគាត់គ្រោះថ្នាក់ដួលសន្លប់ គាត់ធ្វើការអត់បានលឿនគ្រប់គោលដៅទេគាត់[ថៅកែ]ប្រឈមមុខផាកពិន័យពីខាងភ្ញៀវ គាត់ប្រឈមមុខភ្ញៀវអត់កម្មង់[ទិញ]ឥវ៉ាន់បន្ដបើគាត់អត់ធ្វើឱ្យគ្រប់ចំនួនឱ្យគេក៏គេអត់បញ្ជាទិញទៀតដែរ» ។
នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយ ស្ដីអំពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា ដោយក្រសួងឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ដល់ទី២០ខែមីនា គឺរបបខ្យល់ មូសុងឦសានជាមួយសម្ពាធខ្ពស់គ្របដណ្ដប់លើសមុទ្រចិនខាងត្បួង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះ ធ្វើឱ្យអាកាសធាតុក្ដៅចាប់ពី៣៥ ទៅ៣៦ អង្សាសេ៕
…………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន សួន វុត្ថា