ក្រុមហ៊ុនចិនមួយដែលបានបោះទុនវិនិយោគដំណាំកសិកម្មនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានធ្វើឱ្យពលរដ្ឋម្ចាស់ស្រុកជាច្រើនគ្រួសារបាត់បង់ដីធ្លី បាត់បង់ទាំងដីព្រៃសហគមន៍ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចំណាកស្រុក និងពលរដ្ឋមួយចំនួនទៀតទៀតត្រូវប្រឈមផ្លូវច្បាប់ និងជាប់ពន្ធនាគារជាដើម។
អ្នកភូមិនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ភាគច្រើនរស់ពឹងអាស្រ័យលើដីធ្លីរបស់ខ្លួន ដើម្បីបង្កបង្កើនផលកសិកម្មចិញ្ចឹមគ្រួសារ។ ប៉ុន្តែដីធ្លីរបស់ពួកគេមួយចំនួនក៏ត្រូវបានបាត់បង់ ក្រោយមានវត្តមានក្រុមហ៊ុនមួយឈ្មោះ ហាមីនិវិនអ៊ិនវេសមិន ដែលមានថៅកែជាជនជាតិចិន មកវិនិយោគវិស័យកសិកម្មនៅតំបន់នេះ។
លោក ថា លីដា ជាពលរដ្ឋ រស់នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់ពលរដ្ឋអ្មកសារព័ត៌មានថា បច្ចុប្បន្នលោកបានចំណាកស្រុកមកធ្វើការជាកម្មករផ្នែកដឹកជញ្ជូននៅក្រុងបាវិត ខេត្តស្វាយរៀង ។
លោកថា ពលរដ្ឋមួយចំនួននៅសហគមន៍ស្រែប្រាំង ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួនចំពោះជីវភាពរបស់ពួកគេបន្ទាប់ពី រងផលប៉ះពាល់ដោយការវិនិយោគនៃក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមិន ដែលបានរំលោភយកដីសហគមន៍និងស្រែចំការរបស់ពួកគេដែលធ្លាប់អាស្រ័យផលពីយូរមកហើយ។ លោកបន្តថា បច្ចុប្បន្នពួកគេកំពុងប្រឈមនិងជីវភាព ដោយសារតែពួកគេ ពុំមានដីស្រែចំការគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល និងមិនអាចចូលទៅប្រកបរបរនេសាទ ឬបេះបន្លែនៅក្នុងដីព្រៃសហគមន៍ដូចគ្រាមុន ជាហេតុធ្វើឱ្យពួកគេបាត់បង់មុខរបរ ប្រាក់ចំណូល រហូតដល់ជំពាក់បំណុលធនាគារ និងត្រូវចំណាកស្រុកដើម្បីរកប្រាក់ដោះបំណុលគេ។
លោកឱ្យដឹងថា លោកជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់នៃសហគមន៍ស្រែប្រាំង ដែលធ្លាប់រងបណ្តឹងទៅតុលាការពីបទប្រឆាំងរាជការសាធារណៈ ខណៈដែលរូបលោកនិងពលរដ្ឋផ្សេងទៀត តវ៉ាប្រឆាំងមិនឱ្យក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមិន ឈូសឆាយរំលោភដីស្រែចំការនិងដីព្រៃសហគមន៍ នៅអំឡុងឆ្នាំ ២០២០ ។ លោកលីដា ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសនៅអំឡុងឆ្នាំ២០២៣ ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ តែទោសនោះត្រូវបានព្យួរឱ្យអនុវត្តនៅក្រៅឃុំ។
លោកឱ្យដឹងទៀតថា ក្រុមហ៊ុនចិននេះបានរំលោភយកដីស្រែចំការរបស់លោកអស់ចំនួន ១២ហិកតា ក្នុងនោះមាន៩ហិកតា ជាដីកេរ្តិ៍ពីឳពុកម្តាយធ្លាប់អាស្រ័យផលយូរមកហើយ និងមានលិខិតបញ្ជាក់ទទួលស្គាល់ការប្រើប្រាស់អាស្រ័យផលពីភូមិ ឃុំ តាំងពីឆ្នាំ២០០៧មក។
លោកបន្តថា៖« ដីដែលបាត់បង់ហ្នឹង ដីពីដូនពីតាហ្នឹង៩ហិកតា ហើយដីដែលកំពុងអាស្រ័យផលរាល់ថ្ងៃហ្នឹងវា៣ហិកតាដែរបង។ ដី៩ហិកតាហ្នឹងមានលិខិតទទួលស្គាល់ពីភូមិ ពីឃុំអីចឹងណាបង វាមានគេហៅថាបង្កាន់ដៃបង»។
លោកឱ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនរំលោភយកដីស្រែចំការអស់ លោកមិនមានអ្វីទីពឹងផ្សេងទៀតឡើយក្រៅពីធ្វើការចំណាកស្រុក ព្រោះគ្មានដីធ្លីស្រែចំការសម្រាប់ដាំដុះ និងមិនមានព្រៃសហគមន៍សម្រាប់អាស្រ័យផលទៀត ដែលធ្វើឱ្យគ្រួសារលោក ជួបប្រទះការខ្វះខាតជីវភាព និងជំពាក់បំណុលធនាគារ។
លោកបន្តថា៖«ខ្ញុំនៅបាវិតបង ខ្ញុំមកជិត១ឆ្នាំហើយ ដោយសារតែធនាគារហ្នឹងចោលកូន ចោលចៅបង ។ មិនថាតំណាងសហគមន មិនថាប្រជាពលរដ្ឋទេភាគច្រើនពួកគាត់ជាប់បំណុលព្រោះតាំងពីបាត់បង់ដីមកពួកគាត់អត់មានទីពឹងសម្រាប់អាស្រ័យផល សម្រាប់បង់ធនាគារ ក៏ដូចជាផ្គត់ផ្គង់ជីវភាពគ្រួសារទេ ភាគច្រើនពួកគាត់ចំណាកស្រុក »។
លោក សែម ចំណាន តំណាងពលរដ្ឋសហគមន៍ភូមិស្រែប្រាំងមួយរូបទៀតបានឱ្យដឹងថា អ្នកភូមិស្រែប្រាំង១២៨គ្រួសារត្រូវបានក្រុមហ៊ុនចិន ហាមីនិវិនអ៊ិនវេសមិន ឈូសឆាយរំលោភយកដីស្រែចំការ និងដីសហគមន៍ អស់ផ្ទៃដីសរុប ៧៨៥ហិកតា កាលពីឆ្នាំ២០២០។ លោកបន្តថា ក្រោយពីក្រុមហ៊ុនចិន បានរំលោភយកដីស្រែចំការនិងដីសហគមន៍អស់ ពលរដ្ឋក្នុងភូមិភាគច្រើនធ្វើចំណាកស្រុក ព្រោះពួកគេមិនមានដីសម្រាប់ដាំដុះអាស្រ័យផល។ ការបាត់បង់ដីធ្លី មុខរបរ បានធ្វើឱ្យពួកគាត់គ្មានប្រាក់ចំណូលទ្រទ្រង់ជីវភាព ធ្លាក់ខ្លួនក្រីក្រ ជំពាក់បំណុល និងធ្វើចំណាកស្រុក ។
លោកលើកឡើងថា មុនពេលដែលក្រុមហ៊ុនមកវិនិយោគនៅតំបន់នោះ ពលរដ្ឋភាគច្រើនមានជីវភាពសមរម្យ ដោយសារពួកគេមានដីស្រែចំការបង្កបង្កើនផលហូបចុកគ្រប់គ្រាន់ ហើយមិនជំពាក់បំណុលគេ និងអាចរកចំណូលបន្ថែមពីការនេសាទ បេះបន្លែ និងជីកទំពាំងក្នុងព្រៃសហគមន៍សម្រាប់លក់ដូរបាន។
លោកបន្ថែមថា៖« កាលមុនក្រុមហ៊ុនចូលមកពលរដ្ឋមានជីវភាពរស់ស្រួល មានដីធ្វើស្រែប្រាំង ស្រែវស្សាហ៍ មានដីចំការ ហើយពលរដ្ឋអាចទៅរកត្រីបេះបន្លែបេះអី បើខែរកទំពាំងវិញទៅទាំងភូមិៗ អ្នកភូមិប្រហែល៩០%ហើយទៅរកទំពាំង»។
លោកឱ្យដឹងទៀតថា លោកក៏បានបាត់បង់ដីស្រែអស់ ៥ហិកតា និងធ្លាប់ជាប់ពន្ធនាគាអស់រយៈពេល១៦ខែដោយសារក្រុមហ៊ុនប្តឹង ក្រោមបទចោទ«កំហែងយកដោយប្រើប្រាស់អាវុធ» និងបទចោទមួយទៀតប្តឹងដោយអាជ្ញាធរ«ប្រឆាំងរាជការសាធារណៈ» ខណៈលោកធ្វើសកម្មភាពរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនមិនឱ្យឈូសឆាយរំលោភយកដីស្រែចំការនិងដីសហគមន៍ស្រែប្រាំងកាលពីឆ្នាំ២០២០។ ក្រោយចេញពីពន្ធនាគារវិញ ដោយគ្មានដីស្រែចំការបង្កបង្កើនផល លោកមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ផ្គត់ផ្គង់ជីវភាពឡើយ។ ភាពលំបាកក៏កើតមានកាន់តែខ្លាំង រហូតជំពាក់បំណុលធនាគារ និងត្រូវបង្ខំចិត្តចំណាកស្រុកចោលផ្ទះសម្បែង ចោលប្រពន្ធកូន ដើម្បីស្វែងរកប្រាក់ដោះស្រាយជីវភាព។
លោកបន្ថែមថា ៖ «សម្រាប់ខ្ញុំផ្ទាល់ តាំងពីចេញពីពន្ធនាគារមក ក៏ធ្វើការចំណាកស្រុកដែរបង បញ្ហាគឺការអត់ដីធ្វើតែម្ដងបង ហើយជីវភាពគឺក្រីក្រលំបាក មួយទៀត កត្តាធំគឺបាត់បង់ដីធ្លី ធ្វើឲ្យជីវភាពយើងកាន់តែខ្វះខាត ទើបយើងដាច់ចិត្តទៅចំណាកស្រុក»។
ពលរដ្ឋដដែលឱ្យដឹងថា វិវាទដីធ្លីជាមួយក្រុមហ៊ុនចិននេះ បណ្តាលឱ្យពលរដ្ឋជិត៧០នាក់ រងពាក្យបណ្តឹងទៅតុលាការ ហើយតំណាងពលរដ្ឋ៤នាក់មកពីភូមិចំនួន២ រួមមានភូមិស្រែប្រាំង និងបុស្សស្នោរ ត្រូវជាប់ពន្ធនាគារ ប៉ុន្តែពួកគេត្រូវបានដោះលែងអំឡុងឆ្នាំ២០២២និង២០២៣ ក្រោយពួកគេអនុវត្តទោសចប់។ ដោយឡែកសំណុំរឿងពលរដ្ឋផ្សេងទៀតលោកថា ក៏ត្រូវបានបញ្ចប់ ដោយការព្យួរទោស កាត់តម្រឹម ឬទម្លាក់ចោលជាដើម។
លោក ហឿន ស៊ីនាត ពលរដ្ឋម្នាក់ទៀតនៃ ភូមិស្រែប្រាំង ដែលបច្ចុប្បន្នកំពុងចំណាកស្រុក ទៅធ្វើជាកម្មករក្រុមហ៊ុនហ្គាសនៅខេត្តស្វាយរៀង បានប្រាប់ពលរដ្ឋអ្នកសារពត៌មានថា លោកធ្លាប់ជាប់ពន្ធនាគាររយៈពេលជាងពីរឆ្នាំ ដោយសារក្រុមចិនក្រុមហ៊ុនចិន ហាម៉ិនីវេន អ៊ិនវេសមេនប្តឹង ។ លោកបន្តថា លោកត្រូវជាប់ឃុំតាំងពីថ្ងៃទី៣ខែសីហា ២០២០ដល់ថ្ងៃ ៩ ខែកញ្ញាឆ្នាំ២០២២ ដោយសារ ក្រុមហ៊ុនប្តឹងពីបទ «ធ្វើឱ្យខូចខាតដោយចេតនាប្រព្រឹត្តរួមឋានៈជាសហចារី» និងរងបទចោទមួយទៀតគឹ«ប្រឆាំងរាជការសាធារណៈ» ខណៈលោកធ្វើសកម្មភាព រារាំងមិនឱ្យក្រុមហ៊ុនចូលឈូសឆាយលើដីចំការរបស់ខ្លួន។
ក្រោយចេញពីពន្ធនាគារវិញ លោកស៊ីនាត ត្រូវបាត់បង់អ្វីៗគ្រប់យ៉ាង រួមទាំងដីធ្លី ផ្ទះសម្បែង និងការបែកបាក់គ្រួសារ។ លោកសង្កត់ធ្ងន់ថា ដោយសារការវិនិយោគរបស់ក្រុមហ៊ុនចិននេះ បានបំផ្លាញអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់លោក ។
លោកបន្ថែមថា៖« ខ្ញុំបែកបាក់គ្រួសារដោយសារតែខ្ញុំជាប់ពន្ធនាគារបង។ ហើយខ្ញុំចំណាកស្រុកនេះ គឺដោយសារតែខ្ញុំគ្មានផ្ទះ មានដីបង្កបង្កើនផល ខ្ញុំខ្វះខាត និយាយរួមយើងអត់មានទាំងអស់ហ្មង ក្នុងភូមិហ្នឹង។ ក្រុមហ៊ុនវិនិយោគមកហ្នឹង បានធ្វើឲ្យប្រជាពលរដ្ឋចំណាកស្រុក គ្មានលុយគ្មានកាក់ បង្ខំចិត្តឱ្យកូនឈប់រៀន ចំណាកស្រុកដើម្បីរកលុយដោះបំណុលធនាគារ»។
ពលរដ្ឋអ្នកសារព័ត៌មាននៅពុំអាចស្វែងការទាក់ទងទៅតំណាងក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមិន បាននៅឡើយ។ តំណាងសហគមន៍ឱ្យដឹងថា ក្រុមហ៊ុនចិននេះ ក៏មានអ្នកភូមិស្រែប្រាំងប្រហែល២០នាក់ និងភូមិបុស្សស្នោរប្រហែល ១០នាក់ទទួលបានការងារនៅទីនេះ។ ដោយឡែក ពលរដ្ឋដែលមានប្រវត្តិតវ៉ាដីធ្លី គេមិនឱ្យធ្វើការទេ បើទទួលឱ្យធ្វើការលុះណាតែផ្តិតមេដៃបញ្ឈប់ការតវ៉ាទាមទាដីធ្លីបន្តទៀត។ បច្ចុប្បន្នក្រុមហ៊ុនហាមីនិវិនអ៊ិនវេសមេន កំពុងធ្វើអាជីវកម្មដាំដំណាំដូង និងធ្វើផ្ទះត្រចៀកកាំ។
យ៉ាងណា លោក យ៉ាន់ ចន្ថា មេភូមិស្រែប្រាំង បានប្រាប់ពលរដ្ឋអ្នកសារពត៌មានថា ពិតជាមានអ្នកភូមិចំណាកស្រុកច្រើនពិតមែន។ លោកនិយាយថា ពលរដ្ឋទាំងនោះភាគច្រើនចំណាកស្រុកដោយសារពួកគេ ជំពាក់បំណុលធនាគារច្រើន គ្មានមុខរបរ ប្រាក់ចំណូលមិនទៀងទាត់ ឯការងារក្នុងស្រុកបានកម្រៃទាបនិងមិនសូវមានការងារធ្វើ។ លោកបញ្ជាក់ថា កាលដើមឡើយពលរដ្ឋក្នុងភូមិ ភាគច្រើនមានដីស្រែចំការដាំដុះអាស្រ័យផល ដោយមួយគ្រួសារ ពី៤ទៅ៥ហិកតាដែរ ឯជីវភាពក៏សមរម្យ
យ៉ាងណា កាត់បង់ដីធ្លីអាស្រ័យផលនេះ លោកថាដោយសារដីឡើងថ្លៃ ពលរដ្ឋទាំងនោះនាំគ្នាលក់ដីអស់ សព្វថ្ងៃពលរដ្ឋភាគច្រើនពុំមានដីធ្វើស្រែចំការ និងមិនមានការងារធ្វើ ទើបត្រូវចំណាកស្រុក។លោកឱ្យដឹងទៀតថា ថ្មីៗនេះ ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកភូមិភាគច្រើនគឺបានត្រឡប់មកវិញ តែខ្លះក៏នៅធ្វើការក្នុងក្រុមហ៊ុនចិនក្បែរផ្ទះ ឯខ្លះទៀតក៏បន្តចេញទៅធ្វើការនៅតាមបណ្តាខេត្តក្រុងផ្សេងៗក្នុងស្រុក។
លោកបន្ថែមថា៖«ចំណាកស្រុកនោះ គឺចំណាកហើយ គេទៅរកស៊ីគ្រប់ប្រទេស ទៅហើយឥឡូវឡប់មកវិញអស់ហើយ ទៅមកទៅមក ខ្លះទើបទៅ ខ្លះទើបមកដល់ តែឥឡូវឈប់ទៅអស់ហើយ។ ព្រោះវានៅធ្វើក្នុងស្រុក ក្រុមហ៊ុនខ្លះផង ខ្លះទៅធ្វើការនៅភ្នំពេញ ធ្វើអីអស់ទៅបាទ។ ពីមុនមានដីគ្រប់តែគ្នាហ្នឹង តែដល់ក្រោយមកនាំគ្នាលក់អស់ ទាំងខ្ញុំទាំងគេ ដល់ឥឡូវអត់មានដី ធ្វើចំការអ៊ីចឹងមានតែចំណាកស្រុកទៅរកការងារធ្វើ ខ្លះធ្វើនៅក្រុមហ៊ុនចិន ខ្លះក៏ទៅធ្វើឆ្ងាយៗអស់ទៅ»។
តំណាងពលរដ្ឋភូមិបុស្សស្នោរលោក ម៉ូត ម៉ុន អាយុ៣៣ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សហគមន៍បុស្សស្នោរមានផ្ទៃដី ៤៤៥ហិកតា ដោយក្នុងនោះរួមទាំងដីរបស់ពលរដ្ឋ ដែលពួកគាត់អាចអាស្រ័យផលដូចជា ធ្វើចំការ កាប់ឈើធ្វើផ្ទះ ជីកទំពាំង បេះបន្លែ និងនេសាទត្រីជាដើម។ តាំងពីក្រុមហ៊ុនឆូសឆាយរំលោភយកដីសហគមន៍ លុបបឹង និងយាមកាមមិនឱ្យពលរដ្ឋចេញចូលទៅអាស្រ័យផលបាន ធ្វើឱ្យពលរដ្ឋបាត់បង់មុខរបរ បាត់ប្រាក់ចំណូល ហើយត្រូវបង្ខំចិត្តធ្វើចំណាកស្រុកផងដែរ។ លោកអះអាងថា អ្នកភូមិប្រមាណ ៩០%បានជំពាក់បំណុលគេ និងពលរដ្ឋខ្លះគ្មានលទ្ធភាពសងទៅម្ចាស់បំណុលវិញ។
លោកបន្ថែមថា៖«យើងត្រូវការមានដីអាចមកដាំដំណាំយកទៅលក់បានផលខ្លះ ដល់ពេលយើងអត់ពីដីហ្នឹងទៅយើងអត់មានអីធ្វើសោះហើយព្រៃឈើក៏អត់ទៀត។ អញ្ចឹងប្រជាពលរដ្ឋអត់មានអីមានតែដាក់ចិត្តចំណាកស្រុកទៅដើរធ្វើកម្មករគេ ទៅចៀរជ័រខ្លះចំការចេក ខ្លះទៅធ្វើការរោងចក្រ ជំពាក់ធនាគារផង ឯកជនផង ឃើញជំពាក់ច្រើនណាស់ ប្រហែល 90% ហើយដែលជំពាក់គេ»។
លោកបន្តថា នៅចន្លោះឆ្នាំ២០១៩-២០២២ពលរដ្ឋភូមិបុស្សស្នោររងការគម្រាមកំហែងខ្លាំងដោយសារការ ការពារដីសហគមន៍មានទាំងការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ១នាក់ និង៥នាក់ទៀតរងពាក្យបណ្តឹងទៅតុលាការ។ យ៉ាងណា គិតត្រឹមឆ្នាំ២០២៤នេះ ពលរដ្ឋដែលស្មគ្រតវ៉ាទាមទារដីសហគមន៍ សល់ត្រឹម២៩គ្រួសារ។
មេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន បានទទួលស្គាល់ថា ពលរដ្ឋក្នុងឃុំរបស់លោក ធ្វើចំណាកស្រុកច្រើនពិតប្រាកដមែន។ លោកឱ្យដឹងថា ពលរដ្ឋទាំងនោះភាគច្រើនជំពាក់បំណុលធនាគារលើសលុប ហួសពីសមត្ថភាពដែលអាចរកសងបាន ។ លោកបញ្ជាក់ថា រដ្ឋបាលឃុំទទួលបានពាក្យបណ្តឹងយ៉ាងច្រើនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំពោះការយឺតយ៉ាវនៃការបង់សងរបស់ពលរដ្ឋនៅក្នុងឃុំ។ លោកអះអាងថា មានពលរដ្ឋប្រមាណជា៣០%នៅក្នុងឃុំរបស់លោក ក៏បានធ្វើចំណាកស្រុកផងដែរ ។
លោកបន្តថា៖«គ្រាន់តែភូមិស្រែប្រាំងចូល៧០គ្រួសារ ដែលធ្វើចំណាកស្រុក បើយើងគិតទៅចូល៣០%ហើយនៅក្នុងឃុំ។ អ្នកខ្លះជំពាក់គេ អ្នកខ្លះអត់មានដីចំការកៅស៊ូ អត់មានអី អ៊ីចឹងត្រូវតែចំណាកស្រុក ខ្លះលក់ដីអស់ ម្លោះហើយមានអីធ្វើ មានតែចំណាកស្រុក ។ រាល់ថ្ងៃអ្នកមានចំការកៅស៊ូ១ហាត់២ហាត់គេនៅជៀរតិចៗរបស់គេ មានអីគេ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ លោកសេង ជ័យវុធ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តមិនទាន់ទទួលបានរបាយការណ៍ពីអាត្រាគ្មានការងារធ្វើ និងការចំណាកស្រុករបស់ពលរដ្ឋឃុំត្រពាំងព្រីងនៅឡើយទេគិតត្រឹមពេលនេះ។ ពាក់ព័ន្ធនិងការចំណាកស្រុករបស់ពលរដ្ឋ លោកពន្យល់ថា កត្តាចំណាកស្រុករកការងារធ្វើរបស់ពលរដ្ឋ វាពាក់ព័ន្ធទៅនឹងតម្រូវការពលកម្មនៅក្នុងស្រុក បើចំនួនពលរដ្ឋរកការងារធ្វើ ច្រើនជាងតម្រូវការពលកម្ម នោះ អាត្រាចំណាកស្រុកនិងកើតមានឡើង។
លោកបញ្ជាក់ថា៖«រឿងចំណាកស្រុកអញ្ចេះ វាអាស្រ័យលើតម្រូវការកម្លាំងពលកម្ម ឧទាហរណ៍ថាបើតម្រូវការរបស់ក្រុមហ៊ុននៅស្រុកតំបែរមាន ១០០ហើយពលរដ្ឋដែលអត់ការងារធ្វើមាន ៣០០ នាក់។ អញ្ចឹង ២០០ នាក់ត្រូវចល័តដើម្បីរកការងារផ្សេងហើយ ក្នុងករណីហ្នឹងវាជាសត្យានុម័ត្ននៅក្នុងការងារ»។
លោកឱ្យដឹងទៀតថា រដ្ឋបាលខេត្តបានណែនាំទៅរដ្ឋបាលស្រុក ឃុំ ឱ្យយកចិត្តទុកដាក់ចំពោះជីវភាព និងសុខមាលភាពរបស់ពលរដ្ឋ ។ លោកបញ្ជាក់ថា ពលរដ្ឋស្វែងរកការងារធ្វើ តាមរយៈមន្ទីរការងារខេត្ត ដែលពលរដ្ឋអាចដាក់ពាក្យរកការងារធ្វើបាន ទូទាំង២៥ រាជធានី ខេត្តក្រុង ។ពលរដ្ឋអាចចុះឈ្មោះនៅរដ្ឋបាលឃុំ សង្កាត់ ដោយបញ្ជាក់ ឈ្មោះ ភេទ អាយុ និង ផ្នែកការងារដែលចង់ធ្វើ ឱ្យបានច្បាស់លាស់ ដាក់នៅឃុំសង្កាត់ ឬការិយាល័យស្រុក ឬក៏បញ្ជូនមករដ្ឋបាលខេត្ត ឬមន្ទីការងារផ្ទាល់ក៏បាន។
លោកបន្ថែមថា៖«ក្នុងនាមអភិបាលខេត្តលោកមិនព្រងើយកន្តើយក្នុងការរកការងារឲ្យប្រជាពលរដ្ឋធ្វើទេ ឯកឧត្តមអភិបាលគណៈឯកភាពខេត្តច្រើនពន្យល់ប្រាប់ទៅខាងស្រុកខាងឃុំឲ្យធ្វើការងារហ្នឹង ចុះឈ្មោះប្រជាពលរដ្ឋដែលត្រូវការរកការងារធ្វើ អញ្ចឹងខ្ញុំស្នើសុំឲ្យគាត់ទៅចុះឈ្មោះនៅឃុំ ថាគាត់ឈ្មោះអី ចង់បម្រើការងារផ្នែកអី ហើយបញ្ជូនឈ្មោះហ្នឹង មកខ្ញុំផ្ទាល់ក៏បានតាមតេឡេក្រាមខ្ញុំ ខ្ញុំបញ្ជូនឲ្យទៅមន្ទីរការងារ»។
ចំពោះរឿងទំនាស់ដីធ្លីភូមិស្រែប្រាំង លោកបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំមិនទាន់ទទួលបានពាក្យបណ្តឹងពីពលរដ្ឋសហគមន៍ ឬការជូនដំណឹងណាមួយពីជម្លោះដីធ្លីភូមិស្រែប្រាំង នៅឡើយទេគិតមកទល់និងពេលនេះ។
លោកបន្ថែមថា«ដូចអត់ទាន់ទទួលបានបណ្តឹងថាប្តឹងថាអីផង ។ តែបើសិនជាពលរដ្ឋលោកថាបានដាក់ហើយ អ៊ីចឹងឱ្យគាត់ចេះតាមដានជាមួយនឹងអ្នកដែលគាត់បានដាក់ ដាក់នៅកន្លែងណាអីកន្លែងណា ហើយឱ្យគាត់តាមដានថាការងារហ្នឹងដល់ណាអីដល់ណាហើយគណៈកម្មការ ដែលគេបានធ្វើហ្នឹង ថាតើគេធ្វើដល់ណាអីដល់ណាហើយ»។
នាយកចាត់ការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថាជម្លោះដីធ្លីពលរដ្ឋនៅភូមិស្រែប្រាំងនេះ ជារឿងជម្លោះដ៏រ៉ាំរ៉ៃយូរឆ្នាំមកហើយ កន្លងមកមានពលរដ្ឋ និងតំណាងសហគមន៍មួយចំនួនរងការគំរាមកំហែង ជាប់ពាក្យបណ្តឹងនៅតុលាកា និងរងការចាប់ខ្លួនដាក់ពន្ធនាគារជាដើម។ រហូតមកទល់ពេលនេះ ក៏នៅមិនទាន់មានដំណោះស្រាយសមស្របណាមួយសម្រាប់ ពលរដ្ឋទាំងនោះ ។ លោកយល់ថា អាជ្ញាធរពាក់ព័ន្ធ ពិសេសរាជរដ្ឋាភិបាល គួរជំរុញដំណោះស្រាយរឿងនេះឱ្យបានឆាប់សម្រាប់ពលរដ្ឋ ជាជាងការអូសបន្លាយពេលមិនដោះស្រាយដូច្នេះ គឺហាក់បណ្តែតបណ្តោយឱ្យពលរដ្ឋកាន់តែរងទុក្ខវេទនា ប្រឈមនិងជីវភាព គ្មានដីបង្កបង្កើនផល គ្មានមុខរបរ និងធ្វើឱ្យពលរដ្ឋក្រីក្រ ជំពាក់បំណុលកាន់តែច្រើន និងឈានដល់ការធ្វើចំណាកស្រុក។
លោកថ្លែងថា៖«អង្គការសង្គមស៊ីវិលនៅតែទទួចហើយទទួចទៀតឲ្យអាជ្ញាធរពាក់ព័ន្ធ ឬក៏ក្រសួងពាក់ព័ន្ធហ្នឹង ពន្លឿននីតិវិធី ឬក៏ដោះស្រាយបញ្ហាតំបន់ស្រែប្រាំងដែលជាករណីដីធ្លីដ៏រ៉ាំរ៉ៃជាយូរមកហើយនេះ ធ្វើម៉េចដើម្បីបិទបញ្ចប់ឲ្យមានលទ្ធផលទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ដែលលើកឡើងថា បញ្ហាដីធ្លីនិងត្រូវដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗនេះ»។
ប្រជាសហគមន៍ស្រែប្រាំងឱ្យដឹងថា តាមរយៈសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា CCFC កាលពីឆ្នាំ២០២៤ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នៅថ្ងៃទី២៧ឧសភាឆ្នាំ២០២៤អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានរៀបចំកិច្ចប្រជុំជាមួយតំណាងពលរដ្ឋរងគ្រោះដីធ្លី ដោយមានលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអធិបតី ។ ប្រជាសហគមន៍និយាយថា ពេលនោះលោក ទេព ធន បានទទួលស្គាល់ថា ពលរដ្ឋសហគមន៍ស្រែប្រាំងពិតជាបានរងផលប៉ះពាល់ពីការវិនិយោគក្រុមហ៊ុនចិន ហាមីនិវិនអ៊ិនវេសមេន និងបានសន្យាថានិងបន្តនីតិវិធី ដោះស្រាយជូនពលរដ្ឋ។ ប៉ុន្តែរយៈពេល១ឆ្នាំកន្លងទៅនេះហាក់មិនទាន់មានការជូនដំណឹងពីអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឡើយ។
អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានតបសារតាមប្រពន័្ធសារ SMS ថា៖«សួរទៅអាជ្ញាធរដែលក្តាប់បានវឌ្ឍនភាពនៃការដោះស្រាយច្បាស់លាស់» ។
ពលរដ្ឋអ្នកសារពត៌មាន មិនទាន់អាចសុំការបំភ្លឺពីលោក ទេព ធន រដ្ឋលេខាធិការ នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បាននៅឡើយទេ។
ពលរដ្ឋសហគមន៍ភូមិស្រែប្រាំងចំនួន ១២៨គ្រួសារមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ហាមិនីវិនអ៊ិនវេសមេន តាំងពីឆ្នាំ២០១៤មក ដោយក្នុងនោះពួកគេបានអះអាងថាផ្ទៃដីប្រមាណ៧៨៥ហិកតា ត្រូវបានក្រុមហ៊ុនរំលោភយក។
យោងតាមពាក្យបណ្តឹងដែលពលរដ្ឋដែលបានដាក់នៅក្នុងញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បានបង្ហាញថា ក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមេន មានវិវាទដីធ្លីជាមួយពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ក្នុងនោះមានភូមិជីទ្រុន ផ្ទៃដី៨០០ហិកតា ភូមិបុស្សស្នោផ្ទៃដី៤៤៥ហិកតា និងភូមិស្រែប្រាំងផ្ទៃដី៧៨៥ហិកតា។
ត្រឡប់មកលោក ស៊ីនាត វិញ។ ដោយសារត្រូវបាត់បង់ដីធ្លីផង និងធ្លាប់ជាប់ពន្ធនាគាររឿងដីធ្លីជាមួយក្រុមហ៊ុនចិនមួយនេះផង លោកគ្រាន់តែស្នើឱ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ដល់រូបលោក ព្រមទាំងពលរដ្ឋផ្សេងទៀតដែលមិនទាន់ទទួលបានយុត្តិធម៌និងដំណោះស្រាយសមរម្យ។ ក្រៅពីនេះ ការដោះស្រាយឱ្យពួកគាត់មានដីធ្លីបង្កបង្កើនផលបានសមរម្យ ប្រៀបដូចជួយសម្រួលដល់ជីវភាពពួកគាត់ ដោយមិនចាំបាច់ចំណាកស្រុក ហើយកូនៗនឹងបានរៀនសូត្រពេញលេញ។
លោកបន្តទៀតថា ៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធសូមជួយរកដំណោះស្រាយរកភាពយុត្តិធម៌ ឱ្យប្រជាពលរដ្ឋគាត់បានបង្កបង្កើនផលឡើងវិញ ដើម្បីកុំឲ្យក្មេងបង្ខំចិត្តឈប់រៀន ដើម្បីតែរកប្រាក់ដោះបំណុល »៕
………………………………………………
ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន