CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ដី​សម្បទាន​​ក្រុម​ហ៊ុន​ចិន​នៅ​ព្រះវិហារ​បន្ត​គ្មាន​សកម្មភាព​​ ​ខណៈ​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ត្រូវ​ការ​ដី​សម្រាប់​បង្ក​បង្កើន​ផល​

CJ Khmer ដោយ CJ Khmer
March 30, 2026
ក្នុង សង្គម
0
ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង ត្រូវបានទុកចោលដោយមិនមានសកម្មភាពដាំដុះ ឬធ្វើអ្វីនៅឡើយកាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី

ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង ត្រូវបានទុកចោលដោយមិនមានសកម្មភាពដាំដុះ ឬធ្វើអ្វីនៅឡើយកាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី

0
ចែករំលែក
1
ចំនួនមើល

អ្នកភូមិជាជនជាតិដើមភាគតិចមួយចំនួននៅព្រះវិហារ ​បន្តរស់នៅដោយពឹងអាស្រ័យទៅលើធនធានធម្មជាតិ ការប្រកបរបរបែបប្រពៃណី ហើយខ្លះទៀតត្រូវការដីធ្លីសម្រាប់បង្កបង្កើនផល ខណៈពួកគេខ្លះទៀតមិនមានដីអាស្រ័យផល ស្របពេលដីរាប់ម៉ឺនហិកតារបស់ក្រុមហ៊ុនចិននៅខេត្តមួយនេះបន្តទុកចោលគ្មានសកម្មភាពអភិវឌ្ឍន៍អ្វីទៀតឡើយចាប់តាំងពីពេលក្រុមហ៊ុនផ្អាកដំណើរការអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ​។  

ពលរដ្ឋជនជាតិដើមភាគតិចបានលើកឡើងថា ដីអាស្រ័យផលដែលពួកគេធ្លាប់បានប្រើប្រាស់ជាប្រពៃណីសម្រាប់ដាំដំណាំ ចិញ្ចឹមសត្វ និងរកផលអនុផលពីព្រៃឈើ ត្រូវបានរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុន​ចិនចំនួន៥ ដែលមានប្រធានក្រុមហ៊ុនតែមួយសម្រាប់វិនិយោគដាំដំណាំអំពៅ និងធ្វើកសិកម្ម​ កាលពីឆ្នាំ២០១១។

បើតាមអត្ថបទស៊ើបអង្កេតមួយរបស់វីអូឌីកាលពីឆ្នាំ២០១៩ បានឱ្យដឹងថា នៅ​ឆ្នាំ២០១១​ រដ្ឋាភិបាល​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុនចិនចំនួន​ ៥ រួមមាន​ក្រុមហ៊ុន​ ហេង​ ណុង​ ក្រុមហ៊ុន​ ហេង​ រ៉ូយ​ ក្រុមហ៊ុន​ ហេង​ យូ​ ក្រុមហ៊ុន​ ឡាន​ ហ្វេ​ង និង​ក្រុមហ៊ុន​ រ៉ូយ​ ហ្វេ​ង ដែល​មាន​ទំហំផ្ទៃដីវិនិយោគ​ចន្លោះពីជាង ៦ពាន់ហិកតា(​ ៦៤៨៨)​​ ទៅជិត១ម៉ឺនហិកតា(៩ ១១៩)​ ​ហើយបើគិតជាផ្ទៃដីសរុបមានចំនួនជាង៤ម៉ឺនហិកតា(៤២ ៤២២)។

ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង ត្រូវបានទុកចោលដោយមិនមានសកម្មភាពដាំដុះ ឬធ្វើអ្វីនៅឡើយកាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី   

អ្នកស្រុកឱ្យដឹងថា ​ក្រុមហ៊ុន​ចិនទាំងនេះ បានផ្អាកសកម្មភាពដាំអំពៅ នៅឆ្នាំ២០១៩ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ហើយដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតា ត្រូវបានទុកចោល ដោយគ្មានការអភិវឌ្ឍបន្ត។ ទោះជាយ៉ាងណា ជនជាតិដើមភាគតិចកួយ ដែលធ្លាប់អាស្រ័យផលលើដីនោះ មិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើស្រែចម្ការ ឬអាស្រ័យតាមបែបប្រពៃណីវិញ​ឡើយ។

មានវ័យ៦២ឆ្នាំ ជាជនជាតិដើមភាគតិចកួយនៅភូមិប្រើសក្អក​ ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ​ អ្នកស្រី អៀម ហូន បានរៀបរាប់ថា ជនជាតិដើមភាគតិចកួយ មានរបៀបរស់នៅតាមបែបប្រពៃណីដោយពឹងផ្អែកលើការអាស្រ័យផលលើធនធានធម្មជាតិ និងការធ្វើចំការវិលជុំ។ អ្នកស្រីបន្តថា ដីធ្លី ព្រៃឈើ មិនត្រឹមតែជាទ្រព្យសម្បត្តិសេដ្ឋកិច្ចសម្រាប់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានវប្បធម៌ ជំនឿ និងអត្តសញ្ញាណរបស់ពួកគេផងដែរ។ ជាមួយគ្នានេះ ការបាត់បង់ដីធ្លី ដីព្រៃសហគមន៍កាលពីអំឡុងក្រុមហ៊ុនចិនចូលវិនិយោគកាលពីឆ្នាំ​២០១១ បានធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ដីធ្លី ព្រៃឈើ ហើយការបាត់បង់នោះប្រៀបបានទៅនឹងការបាត់បង់ប្រាក់ចំណូល ប្រឈមមុខភាពនឹងភាពក្រីក្រ ។

អ្នកស្រី អៀម ហូន៖………………………………………….។

ដោយដកស្រង់ទិន្នន័យពីអង្គការក្រៅរដ្ឋាភិបាល អត្ថបទស៊ើបអង្កេតដដែលឱ្យដឹងថា ​ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនទាំង៥ នោះបណ្តាលឱ្យប៉ះពាល់ពលរដ្ឋនៅភូមិចំនួន​២៥ ​ក្នុង​ឃុំ​ចំនួន​១០ នៃ​ស្រុក​ចំនួន ​៣ ក្នុងខេត្តព្រះវិហារ។ ​ ​តាមការប៉ាន់​ប្រមាណថាប្រហែល ២៥ភាគរយ​នៃ​ដី​វិនិយោគនោះ គឺ​ប៉ះពាល់​ដល់​ពលរដ្ឋ​​​ប្រហែល​ ​២០០០គ្រួសារ។ ​

​កាល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៦ អតីត​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ចូលរួមបើក​សម្ភោធ​ដាក់ដំណើរការរោងចក្រ​ស្ករអំពៅក្រុមហ៊ុនរ៉ូយហ្វេង ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៥ ក្នុងទំហំទឹកប្រាក់វិនិយោគផលិតស្ករអំពៅចំនួន ​៣៦០លានដុល្លារ។ ​

ស្រ្តីជាជនជាតិដើមភាគតិចម្នាក់ទៀត អ្នកស្រី ក្រូច ពៅ ប្រាប់ឱ្យដឹងថា  ដីអាស្រ័យផលរបស់ជនជាតិដើមភាគតិចជាង៣០០ហិកតា ត្រូវបានបាត់បង់ទាំងស្រុង ក្រោយ​ត្រូវបានឈូសឆាយសម្រាប់ដាំអំពៅពីសំណាក់ក្រុមហ៊ុន​វិនិយោគ។ តែក្រោយមកដី​ទាំងនោះ បានក្លាយជាដីទំនេរ មិនមានសកម្មភាពផលិតកម្មណាមួយទៀតឡើយចាប់តាំងពីឆ្នាំ២០១៩មក។ ជាមួយគ្នានេះ នៅពេលប្រជាពលរដ្ឋព្យាយាមចូលអាស្រ័យផលលើដីទំនេរនោះ ​ត្រូវបានអាជ្ញាធរហាមឃាត់ និងគំរាមកំហែងជានិច្ច។ ​

អ្នកស្រី ក្រូច ពៅ៖…………………………………………………………។

លោក សូន​ សុភាង ពលរដ្ឋនៅភូមិពោធិ៍ទាប ឃុំម្លូរព្រៃពីរ ជាអ្នកជួលដីរបស់ក្រុមហ៊ុនចិនបានឱ្យដឹងថា លោកបានជួលដីចំនួន ៦ហិកតា ក្នុងរយៈពេលខ្លី២ ឬ៣ខែ ដើម្បីដាំឪឡឹក និងធ្វើស្រែប្រាំង ដោយគាត់បានជួលដីនោះបន្តពីបុគ្គលមួយរូបដែលជាជនខ្មែរដូចគ្នា។ លោកបញ្ជាក់ថា បច្ចុប្បន្នលោកជួលដីក្រុមហ៊ុនធ្វើកសិកម្មសម្រាប់រយៈពេលខ្លីពីពីរទៅបីខែ ក្នុងតម្លៃមួយហិកតា ​១៥ ម៉ឺនរៀល។ ដោយឡែកការជួលដីរយៈពេលវែង​ ឬរយៈពេញមួយឆ្នាំមានតម្លៃជាង៥០ ម៉ឺនរៀលក្នុងមួយហិកតា។

ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង កាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបាន​ជួលបន្តទៅឱ្យពលរដ្ឋសម្រាប់ដាំឪឡឹក ​ នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី   

ប្រភពដដែលរៀបរាប់ទៀតថា ​ កាលពីឆ្នាំ២០២២ លោកបានជួលដីនៅតំបន់នេះដូចគ្នាដែល តែជួលផ្ទាល់ពីជនជាតិចិន តែមកដល់ពេលនេះ គាត់បែបជាជួលពីជនជាតិខ្មែរដូចគ្នាវិញ។ យ៉ាងណា លោក ភាង ពុំបានដឹងពីមូលហេតុនេះ លម្អិតនោះទេ។

លោក សូន សុភាង និយាយទៀតថា ដីរបស់ក្រុមហ៊ុនចិន នៅឃុំម្លូព្រៃពីរនេះ ដែលបានជួលឲ្យពលរដ្ឋពីខាងក្រៅ មកប្រកបរបរធ្វើកសិកម្មសម្រាប់ការដាំឪឡឹកនិង ធ្វើស្រែ ​ហើយផ្ទៃដីដែលជួលអស់ប្រហែល​៣០០ហិកតា​។

លោក សូន សុភាង៖…………………………………………….។

លោក អៀម អោន​ ជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចកួយនៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ​ក្រុមហ៊ុន​ ហេង ហ្វូ ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធ ៥ផ្សេងទៀតនោះ បានផ្អាកដំណើរការជាង៦ឆ្នាំមកហើយ ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩។

ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង ត្រូវបានទុកចោលដោយមិនមានសកម្មភាពដាំដុះ ឬធ្វើអ្វីនៅឡើយកាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦​ នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី   

លោកបន្ថែមថា ពលរដ្ឋជាជនជាតិដើមភាគកួយបច្ចុប្បន្នត្រូវការដីសម្រាប់បង្កបង្កើនផលជាខ្លាំង។ ប៉ុន្តែលោកថា ពួកគេពុំអាចចូលទៅអាស្រ័យផល ធ្វើស្រែចំការ ឬដាំដុះលើដីរបស់ខ្លួនបានវិញនោះទេ ដោយមានការចុះហាមឃាត់ និងគំរាមកំហែងពីសំណាក់អាជ្ញាធរថែមទៀត។ ​លោក អៀម អោន រៀបរាប់បន្តថា ដីដែលក្រុមហ៊ុនចិនមិនបានអភិវឌ្ឍដាំអំពៅបន្តនោះ មានច្រើនម៉ឺនហិកតា តែមិនត្រូវបានផ្តល់មកកាន់ពួកគាត់ សម្រាប់អាស្រ័យផលវិញ​ឡើយ។ លោក អៀម អោន ​នៅទទូចស្នើ​ដល់រាជរដ្ឋាភិបាលឱ្យពិចារណាក្នុងការកាត់ឆ្វៀលដីទាំងនោះជូនពួកគាត់ ដើម្បីបានអាស្រ័យផលចិញ្ចឹមជីវិតឡើងវិញ ។

លោក អៀម អូន៖……………………………………………។

ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រើសក្អក ឃុំម្លូព្រៃពីរ លោក សឿន ថា និយាយថា ជនជាតិដើមភាគតិចកួយនៅតំបន់នេះបានទទួលរងការរំលោភបំពានដីធ្លី ក្រោមហេតុផលនៃការវិនិយោគពីសំណាក់ក្រុមហ៊ុន​ចិននេះ។ លោកបន្តថា ក្រោយការបិទទ្វាររបស់ក្រុមហ៊ុនចិនទាំងនោះជាង៦ឆ្នាំមកនេះ ពលរដ្ឋនៅតែមិនអាចចូលទៅអាស្រ័យផលលើដីដែលពួកគាត់ធ្លាប់អាស្រ័យផលបាន។ ក្រោយបាត់បង់ដីធ្លី និងមិនមានដីអាស្រ័យផល​​ លោកថា បណ្តាលឱ្យ​ពលរដ្ឋជាជនជាតិដើមភាគតិចកួយមួយចំនួនត្រូវចំណាកស្រុក និងប្រឈមបញ្ហាបំណុលទៀតផង។

លោក សឿន ថា៖…………………………………………។

ជុំវិញករណីនេះ មេឃុំម្លូព្រៃពីរ ​ លោក កាន់ សុវណ្ណគា មានប្រសាសន៍ថា បន្ទាប់ពីក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនទាំង៥ បានបិទទ្វារជាច្រើនឆ្នាំមកនេះ លោកមិនបានដឹងពីមូលហេតុនៃការបិទទ្វារនោះឡើយ។ លោកបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនបិទទ្វារលែងដំណើរការក៏ដោយ ប៉ុន្តែដីនោះនៅតែស្ថិតក្រោមគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដដែល។ លោកបន្ថែមថា រាល់ការប្រើប្រាស់ឬអាស្រ័យផល ទាល់តែមានអនុញ្ញាតតាមនីតិវិធី។ ដោយឡែក ​ ចំពោះការជួលដីក្រុមហ៊ុនបន្តយ៉ាងណានោះ គឺរូបលោកពុំបានដឹងនោះទេ។

លោក កាន់ សុវណ្ណគា៖……………………………………..។

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការងារទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាដីធ្លីនៅខេត្តព្រះវិហារនៅតែជាបញ្ហាស្មុគស្មាញ ដែលទាមទារការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌។ ករណីនេះបានបង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាព ការគោរពសិទ្ធិជនជាតិដើមភាគតិច និងការអភិវឌ្ឍដែលមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

លោក​ អំ សំអាត៖……………………………………………..។

ត្រឡប់មកលោក អៀម អោន វិញ។ ដោយសារមើលឃើញពីភាពខ្វះខាតដីធ្លីក្នុងការបង្កបង្កើនផល ពលរដ្ឋជនជាតិដើមភាគតិចកួយរូបនេះ ទទូចស្នើ​ដល់រាជរដ្ឋាភិបាលឱ្យពិចារណាក្នុងការកាត់ឆ្វៀលដីទាំងនោះជូនពួកគាត់ ដើម្បីបានអាស្រ័យផលចិញ្ចឹមជីវិតឡើងវិញ ​ព្រមទាំងអាចកាត់បន្ថយចំណាកស្រុក និងបញ្ហាបំណុលទៀតផង។

លោក អៀម អូន៖……………………………………………៕

​…………………………………………………………………….

ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃុត សេងឡង់ឌី

អត្ថបទមុន

អតីត​កម្មការិនី​រោងចក្រ​អេវើហ្រ្គីន​ចំនួន​៩​នាក់​នៅ​ភ្នំពេញ​​បន្ត​ទាមទារ​សំណង​ក្រោយ​ថៅកែ​បិទ​ទ្វារ​រយៈពេល​៧​ឆ្នាំ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង