CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

ព័ត៌មាន​ស៊ី​ជម្រៅ​៖ ជន​ជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រយ​គ្រួសារ​នឹង​បាត់​បង់​លំ​នៅ​ឋាន​​ ​​នៅពេល​​វារី​អគ្គិសនី​ស្រែ​ពក​​ក្រោម​៣​ដំណើរ​ការ​

CJ Khmer ដោយ CJ Khmer
August 19, 2025
ក្នុង បទយកការណ៍, សិទ្ធិមនុស្ស
0
ប្រធានសហគមន៍នេសាទ លោក ខាន់ ប៊ុនទី ជាជនជាតិទំពួននៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងអង្គុយកាន់សៀវភៅនៅក្រោមផ្ទះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ (សាមន្ត ដារ៉ា)

ប្រធានសហគមន៍នេសាទ លោក ខាន់ ប៊ុនទី ជាជនជាតិទំពួននៅភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងអង្គុយកាន់សៀវភៅនៅក្រោមផ្ទះកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ (សាមន្ត ដារ៉ា)

0
ចែករំលែក
49
ចំនួនមើល

ប្រជាសហគមន៍ជនជាតិដើមភាគតិចរាប់រយគ្រួសារដែលរស់នៅតាមដងទន្លេស្រែពកក្រោម៣ ក្នុងខេត្តរតនៈគិរី បារម្ភពីការបណ្តេញចេញពីលំនៅឋានដោយបង្ខំ​ និងមិនទទួលបានសំណងសមរម្យ ខណៈគម្រោងវារីអគ្គិសនីស្រែពកក្រោម៣នឹងចាប់ផ្តើមដំណើរការជាផ្លូវការនៅពេលឆាប់ៗ។

គម្រោងទន្លេស្រែពកក្រោម៣ នេះដឹកនាំដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប(Royal Group) ដែលជាកម្មសិទ្ធិរបស់ អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុនចិន China (Cambodia) Rich International Co. ដែលបានវិនិយោគទុនជាង ៨៣លានដុល្លារ។

ជាជនជាតិពូនង និងជាប្រធានសហគមនេសាទភូមិកែនសាន់ ខេត្តរតនគិរី លោក ខាន់ ប៊ុនទី លើកឡើងថា លោកចេះតែបារម្ភចំពោះការចាកចេញពីលំនៅឋាននៅពេលខាងមុខ ដោយមិនទទួលបានសំណងសមរម្យ។

លោកនិយាយថា ៖ «សំណងគេសងត្រឡប់មកវិញមិនគ្រប់គ្រាន់ វាហាក់បីដូចជាបណ្ដេញចេញហើយគិតថាសំណងតិចតួចប៉ុណ្ណោះក៏រួចរាល់មិនគិតពីផលពីបាករបស់សហគមន៍»។

លោកនិយាយទៀតថា សហគមន៍ដែលពួកលោកកំពុងរស់នៅនឹងក្លាយជាអាងស្តុកទឹកដ៏ធំមួយ ហើយត្រូវជន់លិចពេលទំនប់វារីអគ្គិសនីស្រែពកក្រោម៣សាងសង់រួចរាល់។ លោក ខាន់ ប៊ុនទី ជាជនជាតិពូនងមួយរូបដែលរស់នៅក្នុងភូមិកែនសាន់ជាប់នឹងឡាវ មិនទាន់បានរើផ្ទះចេញនៅឡើយទេគិតមកដល់ពេលនេះ។ លោកថា ពលរដ្ឋទាំងអស់នឹងមិនព្រមចេញនៅពេលសំណងឱ្យមកតិចមិនគ្រប់គ្រាន់សម្រាប់ពួកគាត់សាងសង់ផ្ទះថ្មី និងការដាំដុះនៅកន្លែងថ្មី។

ជាប្រធានសហគមន៍ម្នាក់ដែលរងផលប៉ះពាល់ក្នុងចំណោមប្រជាសហគមន៍ផ្សេងទៀតបានឲ្យដឹងថា មុនពេលដែលគេសាងសងគម្រោងនេះអាជ្ញាធរក៏បានមកប្រាប់អំពីគម្រោង និងសំណងទៅពលរដ្ឋ​ដែរ។ តែលោកថា សំណងនេះមិនគ្រប់គ្រាន់ទេ ហើយពលរដ្ឋជាច្រើនទៀតមិនអាចទទួលយក​បានឡើយ។  ​

បើតាមសារព័ត៌មានខេមបូចាចុះផ្សាយកាលពីខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា គម្រោងទំនប់វារីអគ្គិសនីទន្លេស្រែពកក្រោម៣នេះ នឹង​ផលិតអគ្គិសនីកម្លាំង​ ៣៧៦មេហ្គាវ៉ាត់នេះ ក្នុងទំហំថវិកា​វិនិយោគចំនួន៨៣លានដុល្លារសហរដ្ឋអាមេរិក។ ទំនប់វារីអគ្គិសនីនេះ នឹងក្លាយជាទំនប់វារីអគ្គិសនីទី២១នៃ «អាងទន្លេ ស៣» ដែលរួមមានទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង ហើយទន្លេទាំងនេះហូរកាត់ប្រទេសឡាវ កម្ពុជា និងវៀតណាម។ ទន្លេទាំងបីនេះបញ្ចូលគ្នាទទួលលំហូរទឹកពីទន្លេមេគង្គរង្វង់២០%ក្នុងមួយឆ្នាំ ដែលសម្រួលដល់ចរន្តទឹកជំនន់ ចរន្តមច្ឆាជាតិ និងផ្ដល់ជីជាតិដល់ដីសកម្មដែលមានប្រជាពលរដ្ឋរាប់លាននាក់បានអាស្រ័យផល។

ប្រភពដដែលបន្តថា ការសាងសងទំនប់វារីអគ្គីសនីលើទន្លេទាំងនេះ ​អាចនឹងធ្វើឲ្យប៉ះពាល់ដល់ចរន្តទឹកទន្លេមេគង្គ ស្របពេលដែលគម្រោងនេះ​ដំណើរការ ប្រជាពលរដ្ឋប្រមាណ​ ៤ ២៧០គ្រួសារនៅក្នុងខេត្តរតនៈគិរី និងមណ្ឌលគិរី កំពុងប្រឈមនឹងផលប៉ះពាល់។  តាមផែនការមានផ្ទៃដី ៧០ ០០០ហិកតាសម្រាប់ធ្វើជាអាងស្តុកទឹកពីគម្រោងវារីអគ្គិសនីនេះ។ ​

លោក ប៊ុនទី ឱ្យដឹងទៀតថា គម្រោងសាងសងនេះប៉ះពាល់ច្រើនដល់ពលរដ្ឋក្នុងសហគមន៍ដូចជា ប្រឈមការជន់លិច​ ប៉ះពាល់ដីស្រែចម្ការ ការប្រកបមុខរបរ វប្បធមន៍ជនជាតិដើមភាគតិច ព្រៃកប់សព កន្លែងសែនអារក្សអ្នកតា និងវត្តអារាមជាដើម។ លោកព្រួយបារម្ភពីការបណ្ដេញចេញ​ទៅនៅកន្លែងថ្មី ​ខណៈដីដោះដូរថ្មី និងសំណងដែលចែកឱ្យពលរដ្ឋមិនអាចឆ្លើយតបតម្រូវការឡើយ។ ​

លោកបន្តថា៖ «បើឲ្យខ្ញុំចេញទៅកន្លែងថ្មីខ្ញុំ មិនចង់ទៅទេព្រោះថាទម្រាំតែរកបានដូចរាល់ថ្ងៃនេះខ្ញុំលំបាកណាស់ពីដើមមក អោយទៅកន្លែងថ្មី មិនដឹងមិចម៉ា បានដូចកន្លែងចាស់ឬអត់ មិនដឹងកន្លែងណាកន្លែងណីទេស មិនទាន់និងបានឃើញរូបរាងដីកន្លែងថ្មីផង ធ្លាប់តែលឺគេថា នៅតំបន់នេះ នៅតំបន់នោះ»។

លោកថា រាល់ថ្ងៃនេះផលប៉ះពាល់ច្រើនចំពោះពលរដ្ឋនៅភូមិក្បែរតំបន់នេះ ទឹកជំនន់លិចម្ដងៗ ពីបាករស់នៅ ហើយពួកគាត់ធ្លាប់ទៅតវ៉ាដែរ ប៉ុន្តែមិនមានលទ្ធផលឡើយ។ ​  

ពលរដ្ឋម្នាក់ទៀតជាជនជាតិដើមភាគតិចពូនងមួយរូបទៀត ​ អ្នកស្រី លី ស៊ុនត្រា លើកឡើងថា ​រាល់ថ្ងៃនេះហាក់បីដូចជារស់នៅក្រោមការគៀបសង្កត់ពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរ។  អ្នកស្រីថា មុនពេលគេអភិវឌ្ឍនេះគេក៏បានហៅទៅប្រជុំណែនាំឱ្យពួកពលរដ្ឋចាកចេញពីស្រុកភូមិចាស់  ហើយគេមក ឱ្យផ្តិតមេដៃដើម្បីទទួលសំណងថ្មីនិងចេញេពីកន្លែងរស់នៅចាស់ដែរ  ប៉ុន្តែ​ពលរដ្ឋដែលជាជនជាតិដើមភាគតិចទាំងអស់ក្នុងភូមិមិនព្រមផ្តិតមេដៃទេ ដោយបារម្ភពីការមិនទទួលបានសំណងសមរម្យ និងមិនចង់ចាកចេញពីភូមិកំណើត។

អ្នកស្រីថា៖ «ខ្ញុំទម្រាំតែបានដូចរាល់ថ្ងៃនេះពីបាករកណាស់ ទម្រាំបានដី ផ្ទះសម្បែង បើឱ្យទៅចំណាកស្រុកកន្លែងថ្មីទៀត មានលុយឯណាទៅសាងសងផ្ទះនៅកន្លែងថ្មី គ្មានលុយរុញដី គ្មានលុយកាប់ព្រៃដីដើម្បីប្រកបរបធ្វើស្រែចម្ការ ដាំដុះដំណាំទេ រាល់ថ្ងៃនេះនៅក្នុងស្រុកភូមិដែលយើងពីកំណើតនៅតែរកអីមិនបានដាច់បាយម្ដងៗទម្រាំទៅកន្លែងថ្មីមិនសង្ឃឹមទេមិនដឹងរកអីដាក់អី ទៅរកចំណូលពីណាមកទេ»។ 

ជុំវិញរឿងនេះមេភូមិកែងសាន់ ខេត្តរតនៈគិរី លោក បួរ ដែងសែង បានលើកឡើងថា ​រងផលប៉ះពាល់ពីការសាងសងទំនប់វារីអគ្គីសនីនេះ ពិសេសនោះជាពលរដ្ឋជនជាតិដើមភាគតិច ក្នុងខេត្តរតនៈគិរី មានចំនួន៥ភូមិក្នុងឃុំសេដា។ លោកឱ្យដឹងថា ក្នុងភូមិកែនសាន់ មានពលរដ្ឋរងផលប៉ះពាល់ចំនួន ៣២៩គ្រួសារនិងពលរដ្ឋសរុប១ ៤១៩នាក់ ដោយក្នុងនោះជនជាតិទំពួនជាង១៦៤គ្រួសារ ហើយ​ពាក់កណ្ដាលម្នាក់ជាមួយខ្មែរឡាវ ហើយពលរដ្ឋទាំងអស់នៅក្នុងភូមិនឹងរងផលប៉ះពាល់ពីគម្រោងនេះ។ លោកបន្ថែមថា គម្រោងវារីអគ្គិសនីថ្មីនេះគេកំពុងសិក្សា ដោយមិនទាន់​ច្បាស់ទេថាពលរដ្ឋនិងទទួលបានសំណងប៉ុន្មានទេ។

លោកថា​ ៖ «ការប៉ះពាល់ដោយអភិវឌ្ឍវារីអគ្គីសនី និងការបណ្ដេញពលរដ្ឋចេញ ចង់បានឬមិនចង់ ដូចខ្ញុំរាល់ថ្ងៃខ្ញុំក៏មិនចង់បានដែរការសាងសងទំនប់អី លិចលង់ ដីស្រែដីចម្ការ ផ្ទះសម្បែង ដែលទម្រាំនិងធ្វើបានដល់ថ្នាក់ដែលយើងនៅយូខែយូឆ្នាំ អ្នកខ្លះមានដំណាំដាំដុះស្វាយចន្ទី ទម្រាំតែយើងទៅនៅកន្លែងថ្មីក៏វាមិនងាយដូចដើមទេ»។

លោក បួរដែង សែង ឱ្យដឹងថា ជាក់ស្ដែងរាល់ថ្ងៃបងប្អូនពលរដ្ឋមួយចំនួនពីបាកនិងរងផលប៉ះពាល់ច្រើន ពួកគាត់រកចំណូលមិនសូវបាន រស់នៅទាំងការព្រួបារម្ភ។​ យ៉ាងណា​​ លោកថា ​ក្នុងនាមអាជ្ញាធរមូលដ្ឋានក៏បានពាំនាំក្តីបារម្ភ និងសំណូមពររបស់ពលរដ្ឋទៅកាន់​ថ្នាក់លើផងដែរ។ ​

លោកនិយាយថា៖ ​«តាមខ្ញុំមើលឃើញសំណងនេះគេមិនទាន់បញ្ជាក់ទេថាក្នុងគ្រួសារត្រូវបានប៉ុន្មាននោះទេ ដល់ពេលធ្វើចឹងទៅ ពីណាក៏គេមិនពេញចិត្តទេ ព្រោះអ្នកខ្លះគាត់មានផ្ទះថ្ម អ្នកខ្លះធ្វើអស់លុយច្រើនហើយការដែលយើងទៅនៅកន្លែងថ្មីមិនដឹងគេអោយរស់នៅបែបមិច។ ដូចនេះមានតែការរង់ចាំដំណោះស្រាយពីរដ្ឋាភីបាលទេតើនិងជួយពលរដ្ឋបែបណា»។

​មេភូមិ​ថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី លោក ញាំង អួត បានឱ្យដឹងថា ពាក់ព័ន្ធរឿងនេះតាមប្រជាពលរដ្ឋភាគច្រើនគាត់មិនចង់បានទេ ពួកគាត់ព្រួយបារម្ភណាស់ខ្លាចនិងការបណ្ដេញចេញពីកន្លែងដែលធ្លាប់រស់នៅ។ លោកឱ្យដឹងថា ចំនួនពលរដ្ឋដែលរស់នៅក្នុងភូមិថ្មី ស្ថិតក្នុងឃុំជ័យឧត្តម ចំនួន៣២២គ្រួសារ ស្មើនិង១ ២៤៩នាក់ ក្នុងនោះមានជនជាតិខ្មែរ ពូនង ទំពូន ព្រៅ និងឡាវ ។

ក្នុងសេចក្តីសង្ខេបផែនការស្នើសុំគោលនយោបាយដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម ៣ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលផ្សព្វផ្សាយទៅកាន់ពលរដ្ឋប៉ះពាល់កាលពីដើមឆ្នាំ២០២៥ ឱ្យដឹងថា ​ ក្រុមហ៊ុននឹងសង់ផ្ទះឈើពីរខ្នងទំហំ ៨០ម៉ែត្រការ៉េ មានបណ្តោយ ១០ម៉ែត្រនិងទទឹង ៨ម៉ែត្រ។ ក្នុងនោះបូកបញ្ចូលនូវដីលំនៅឋានទំហំក្បាលដី ២៥ម៉ែត្រនិងបណ្តោយ ៥០ម៉ែត្រ ជាមួយដីធ្វើស្រែចំការទំហំ ០៥ ហិកតា សម្រាប់គ្រួសារដែលមានសមាជិកពេញរស់នៅជុំគ្នា។ ប៉ុន្តែសម្រាប់គ្រួសារដែលទើបបំបែកថ្មីក្រុមហ៊ុន មិនបានផ្តល់ជូនផ្ទះទេ ដោយផ្តល់ជូនតែដីលំនៅឋានទំហំដូចខាងលើ តែដីធ្វើស្រែ​ចំការទទួលបានតែ ២ ហិកតាតែប៉ុណ្ណោះ។

ក្រៅពីសំណងជាផ្ទះនិងដីលំនៅឋាន ដីស្រែនេះ ក្រុមហ៊ុនក៏មានគោលការជួយឧបត្ថម្ភបន្ថែមលើការរុះរើនិងដឹកជញ្ជូនសម្ភារៈមកទីតាំងថ្មីចំនួន ២០០ដុល្លារ​ និងថែម ២០០ដុល្លារពីលើថែមទៀតសម្រាប់គ្រួសារណារុះរើចេញតាមការកំណត់ក្នុងផែនការព្រមព្រៀងពីក្រុមហ៊ុន។

​ជាមួយគ្នានេះ ក្រុមហ៊ុនក៏ជួយសង់បង្គន់ អណ្តូង អាងទឹក ជង្រុកស្រូវ ផ្ទះបាយ របងផ្ទះ ក្រោលគោ រោងមាន់ ទា ជ្រូក ជាដើម។ សម្រាប់ដីចំការវិញក្រុមហ៊ុននឹងជួយដាំដើមឈើហូបផ្លែមួយចំនួនផងដែរ។

យ៉ាងណា ការ​សាងសង់​ទំនប់​វារីអគ្គិសនីតាមដងទន្លេនៅកម្ពុជា នា​ពេល​កន្លង​ទៅ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ត្រូវបាត់បង់ទីលំនៅចាស់ ហើយផ្លាស់ទៅកន្លែងថ្មី ខណៈពលរដ្ឋមួយចំនួនក៏មិនបានចាកចេញពីកន្លែងចាស់តាមការចង់បានរបស់អាជ្ញាធរ និងក្រុមហ៊ុន​ដែរ។

ជាក់ស្ដែង ទំនប់វារីអគ្គិសនីសេសានក្រោម២ គ្រប់គ្រងដោយក្រុមហ៊ុន Hydro Power Lower Sesan 2 Co., Ltd ដែលបណ្តាក់ទុនរួមគ្នារវាងចិន-កម្ពុជា-វៀតណាម ដោយមានភាគហ៊ុន ៥១ភាគរយកាន់កាប់ដោយក្រុមហ៊ុន Huaneng Lancang River Hydropower Inc., ៣៩ ភាគរយកាន់កាប់ដោយក្រុមហ៊ុន Royal Group of Cambodia និង ១០ភាគរយជាការចូលរួមវិនិយោគដោយក្រុមហ៊ុនវៀតណាម។

ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២នេះ ដែល​ជា​គម្រោង «ខ្សែ​ក្រវាត់ និង​ផ្លូវ» (BRI) របស់​ចិន​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្តស្ទឹងត្រែង បណ្តាលឱ្យពលរដ្ឋ​ ជិត​៥ ០០០​នាក់ រង​ការ​ប៉ះពាល់​ដោយផ្ទាល់ពី​ទឹក​លិច​លំនៅឋាន​ដីស្រែ​ចម្ការ និង​ផលដំណាំ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅមកកន្លែងថ្មី ហើយ​ខ្លះទៀតមិនទទួលយក​សំណង​​សមរម្យ​ពី​ក្រុមហ៊ុន​។ ក្នុងចំណោមពលរដ្ឋរងផលប៉ះពាល់ពេលនោះ ​ជាង ១ ០០០គ្រួសារនៅភូមិចំនួន៧ ក្នុងឃុំចំនួន៤ នៃស្រុកសេសាន ខេត្តស្ទឹងត្រែង ក៏មានពលរដ្ឋជនជាតិដើមភាគតិចរាប់រយគ្រួសារ ក៏ត្រូវ​បណ្តេញចេញ ​ ពីលំនៅឋានចាស់ បាត់បង់ស្រែចម្ការ កន្លែងប្រពៃណីជាដើម។ ប៉ុន្តែមានពលរដ្ឋភាគច្រើនទទួលយកសំណងពីក្រុមហ៊ុន ខណៈបច្ចុប្បន្ននៅមានពលរដ្ឋជនជាតិដើមភាគតិចជាង៦០គ្រួសារ​ទៀតបន្តក្រាញ់ននៀលមិនទទួលយកសំណងពីក្រុមហ៊ុន ហើយបន្តរស់នៅក្បែរទីតាំងភូមិចាស់រហូតមក​។ ​

តំណាងជនជាតិដើមភាគតិចពូនងនៅភូមិក្បាលរមាសចាស់ គឺ អ្នកស្រី ស្រាំង ឡាញ់។ អ្នកស្រី ធ្លាប់បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ​​មូលហេតុ ដែលពួកគាត់ជាង៦០គ្រួសារមិនព្រមទៅរស់នៅភូមិថ្មី គឺដោយសារសោកស្ដាយទឹកដីកំណើតដែលធ្លាប់រស់រានមានជីវិតតាំងពីតូចមក និងស្ដាយអត្តសញ្ញាណ ដូចជាវប្បធម៌ ប្រពៃណី ជំនឿ សាសនា ធនធានធម្មជាតិ ដែល​អ្នកស្រុកធ្លាប់អាស្រ័យផល៕

………………………………

ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សាមន្ត ដារា៕ ​

អត្ថបទមុន

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ពលរដ្ឋ​៣​ឃុំ​រង​ផល​ប៉ះពាល់​ពី​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​រោងចក្រ​ចិន​ដែល​កែ​ច្នៃ​ស្វាយ​​នៅ​ស្រុក​ដង​ទង់

អត្ថបទបន្ទាប់

អ្នក​ភូមិ​ភ្នំ​ដំរី​ជំរុញ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ពន្លឿន​អភិវឌ្ឍន៍​ភ្នំ​នេះ​ដើម្បី​បាន​ចំណូល​

អត្ថបទបន្ទាប់
ទិដ្ឋភាពភ្នំដំរីស្ថិតនៅក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច មានចម្ងាយប្រហែល២៧គីឡូម៉ែត្រពីទីរួមខេត្តកំពត កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ (អ៊ុក ដែន)

អ្នក​ភូមិ​ភ្នំ​ដំរី​ជំរុញ​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​ពន្លឿន​អភិវឌ្ឍន៍​ភ្នំ​នេះ​ដើម្បី​បាន​ចំណូល​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង