អតីតព្រះសង្ឃមួយអង្គ ព្រះភិក្ខុ ជា វុទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ ឬប៉េហ្ស៊ី(PJ) ដោយចោទពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។
បើតាមទំព័រហ្វេសប៊ុករបស់សមាគមអាដហុកនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា អតីតព្រះសង្ឃដែលសកម្មក្នុងកិច្ចការងារសង្គម ព្រមទាំងជាសមាជិកពលរដ្ឋអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) ព្រះនាម ជា វុទ្ធី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែលបន្តថា ក្រោយការចោទប្រកាន់ តុលាការបានបង្គាប់ឱ្យសមត្ថកិច្ចបញ្ជូនខ្លួនអតីតព្រះភិក្ខុអង្គនេះ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (ប៉េហ្សេ)។
ព្រះតេជព្រះគុណ ជា វុទ្ធី ក្រៅពីសកម្មក្នុងកិច្ចការងារសង្គម ព្រះអង្គក៏ជាសមាជិកពលរដ្ឋអ្នកសារព័ត៌មាននៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងបានចូលរួមរាយការណ៍ពីរឿងរ៉ាវផ្សេងៗ ដែលបានកើតឡើងនៅក្នុងសហគមន៍ផងដែរ។
កាលពីព្រឹក ថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៦ ព្រះភិក្ខុព្រះនាម ជា វុទ្ធី គង់នៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានជនស្លៀកពាក់ស៊ីវិលមួយក្រុម បានចូលទៅនាំព្រះកាយព្រះអង្គចេញពីវត្តពោធិ៍វាល ក្រុងបាត់ដំបង ដែលជាទីណាត់ជួបរបស់ប្រធានមន្ទីរធម៌ការ និងសាសនាខេត្តបាត់ដំបង និងជាសាលាគណខេត្ត។ ព្រះតេជព្រះគុណ ជា វុទ្ធី ត្រូវបានផ្សឹកដោយមេគុណខេត្តស្តីទីព្រះនាម ហេង សុខន បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនអតីតព្រះអង្គ ជា វុទ្ធី មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃ១ ខែមករាដដែល។ លុះនៅព្រឹកថ្ងៃទី ២ ខែឆ្នាំដដែល អតីតព្រះអង្គ ជា វុទ្ធី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។
អតីតភិក្ខុអង្គនេះ ត្រូវបានចោទនប្រកាន់និងឃុំខ្លួនពេលនេះ ដោយគេដឹងថា ពាក់ព័ន្ធការផ្សព្វផ្សាយលើបណ្តាញសង្គមរឿងបញ្ហាព្រំដែនកម្ពុជា-ថៃ តែអត្ថន័យសារដែលបង្ហោះនោះក៏ត្រូវបានលុបចេញពីគណនីរបស់ព្រះអង្គវិញភ្លាមៗផងដែរ៕
………………………………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន
