ក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយទៅកាន់ព្រះមហាក្សត្រខ្មែរថា ការធ្វើវិសោធនកម្មដកសញ្ជាតិខ្មែរ គឺអាចធ្វើទៅបាន ខណៈមានការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនថា ជារឿងដែលមិនគួរធ្វើឡើយ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រោយកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពរបស់ លោក ហ៊ី សោភា ដែលជាប្រធានថ្មីរបស់ស្ថាប័ននេះ បានពិភាក្សានិងទូលថ្វាយមតិចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រខ្មែរចុះថ្ងៃទី៣០ ខែមិថុនា ២០២៥ ដោយទ្រង់ពិគ្រោះមតិជុំវិញសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ ក្រុមប្រឹក្សាធម្មនុញ្ញបានទូលថ្វាយព្រះមហាក្សត្រខ្មែរថា ការស្នើសុំធ្វើវិសោធកម្មមាត្រា៣៣ គឺអាចធ្វើទៅបាន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ជាលទ្ធផលនៃកិច្ចប្រជុំពេញអង្គ ក្រុមប្រឹក្សាធម្មនុញ្ញបានក្រាបបង្គំទូលថ្វាយអង្គព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា ៣៣នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា «អាចធ្វើទៅបាន»។
ការទូលថ្វាយព្រះមហាក្សត្រពីសំណាក់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនេះ ធ្វើឡើងក្រោយ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៥ បានស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ឱ្យមានវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់ដែលលោកថា បានធ្វើសកម្មភាពជាមួយបរទេសមកបំផ្លិចបំផ្លាញប្រយោជន៍ខ្មែរ ខណៈកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ។ ក្រោយការប្រកាសពីបំណងនេះ ស្ថាប័នរដ្ឋមួយចំនួនក៏បានចេញញត្តិគាំទ្រផងដែរ។
មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរ មិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួន ទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។
ក្រោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបញ្ជាក់ជំហរអាចកែប្រែរដ្ឋធម្មនុញ្ញដកសញ្ជាតិពលរដ្ឋខ្មែរនេះ ក្រុមប្រឹក្សាជាតិតស៊ូដែលដឹកនាំដោយលោក សម រង្ស៊ី នៅក្រៅប្រទេសបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗនៅថ្ងៃទី២ ខែកក្កដា ដោយហៅការកែប្រែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរនេះជាអំពើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ។
ក្រុមប្រឹក្សាជាតិតស៊ូបានចេញមុខថ្កោលទោសបំណងនេះ និងអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសក្រោកឈរក្នុងនាមម្ចាស់ប្រទេស ប្រឆាំងទៅនឹងគម្រោងចង់កែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរនេះ។
សេចក្តីថ្លែងការណ៍លើកឡើងថា ធម្មជាតិមនុស្ស ត្រូវតែមានជាតិដើមកំណើតពូជសាសន៍របស់ខ្លួន ដែលគ្មានអ្នកណា និង ស្ថាប័នណា ដកហូតបានឡើយ ទោះផ្អែកលើស្មារតីច្បាប់ជាតិ គោលការណ៍ច្បាប់អន្តរជាតិ និងកត្តាសត្យានុម័តជាក់ស្តែង ។ ជាតិសាសន៍ខ្មែរ មានន័យថា ជាជនជាតិមានឈាមជ័រខ្មែរ ព្រមទាំង មានប្រវត្តិសាស្ត្រ ភាសា វប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ និងការរស់នៅរបស់ខ្លួន ដែលគ្មានក្រឹត្យក្រមអ្វី ទៅកែ ឬដូរបានទេ។
សេចក្តីថ្លែងការណ៍លើកឡើងថា៖ «ក្រុមប្រឹក្សាជាតិតស៊ូ ចាត់ទុកការកែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ គឺជាការដកហូតសិទ្ធិជាម្ចាស់ ព្រលឹងជាតិខ្មែរ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ ពីជនជាតិខ្មែរ ជាពិសេស ជានិន្នាការបំផ្លាញពូជសាសន៍ខ្មែរ ដែលផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ប្រសូត្រឡើងដោយការមើលឃើញរបស់មហាអំណាចទាំងអស់ នៅលើពិភពលោក ដើម្បីការពារកុំឲ្យបាត់បង់ពូជសាសន៍ខ្មែរ ដោយការផ្ដល់សិទ្ធិអំណាចនៃសេចក្ដីសម្រេចជោគវាសនាជាតិកម្ពុជា ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាម្ចាស់»។
មាត្រា១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានសញ្ជាតិ ហើយគ្មាននរណាម្នាក់ត្រូវដកហូតសញ្ជាតិតាមអំពើចិត្ត ឬបដិសេធសិទ្ធិផ្លាស់ប្តូរសញ្ជាតិបានឡើយ ។
ក្រុមប្រឹក្សាជាតិតស៊ូមើលឃើញថា ផ្អែកទៅលើមូលដ្ឋានសេចក្តីប្រកាសជាសកលនេះ ការកែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ ដោយបំណងចិត្ត និងគោលដៅនយោបាយបំពាន របស់បុគ្គលកាន់អំណាច គឺជាបទល្មើសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ខ្មែរ ជាពិសេស ការកែរដ្ឋធម្មនុញ្ញពេលនេះ មានគោលដៅទុច្ចរិត ដើម្បីកម្ចាត់ខ្មែរអ្នកប្រជាធិបតេយ្យ ក្នុងទ្រង់ទ្រាយធំ។
អ្នកប្រឹក្សាយោបល់ផ្នែកផ្នត់គំនិត និងការអភិវឌ្ឍ លោក សេក សុជាតិ មានប្រសាសន៍ថា ការសម្រេចបែបណារបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺជាសេចក្តីសម្រេចរបស់ស្ថាប័នមួយនេះ។ ក៏ប៉ុន្តែសម្រាប់លោកការកែប្រែរដ្ឋធម្មនុញ្ញដើម្បីធ្វើច្បាប់ដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរនោះ មិនគួរធ្វើឡើងនោះឡើយ ប្រសិនបើពួកគេខុសច្បាប់ គួរដាក់ទោសទណ្ឌទៅតាមច្បាប់កំណត់ទៅ។
លោក សេក សុជាតិ មានប្រសាសន៍ថា៖ «ចំពោះបញ្ហានេះផងដែរ ខ្ញុំយល់ថា ការដកសញ្ជាតិនេះពុំគួរកើតមានទេនៅក្នុងបរិបទកម្ពុជា ដោយសារតែនៅពេលយើងដកសញ្ជាតិ សួរថាតើគាត់មានសញ្ជាតិខ្មែរតែមួយ តើឱ្យគាត់ទៅរស់នៅទីណា? គាត់អាចធ្វើអ្វីបាន? ដូច្នេះ បញ្ហាទាំងអស់នេះខ្ញុំយល់ថា វាមិនមែនជារឿងសមរម្យឬគួរតែធ្វើនោះទេ។
លោកលើកឡើងថា ការដកហូតសញ្ជាតិខ្មែរអាចធ្វើទៅបានចំពោះតែជនបរទេសទាំងឡាយដែលបានចូលសញ្ជាតិខ្មែរ តាមរយៈការធ្វើជាតូបនីយកម្ម ក្នុងករណីពួកគេទាំងនោះប្រព្រឹត្តបទឧក្រិដ្ឋផ្សេង ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរពីកំណើត ច្បាប់ដកហូតសញ្ជាតិមិនគួរធ្វើឡើងឡើយ។
អតីតមេធាវីការពារក្តីឱ្យលោក កាំង ហ្គេចហ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែង គឺលោក កង រិទ្ធិគិរី បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា នៅពេលរដ្ឋធម្មនុញ្ញមួយអាចត្រូវបានគេកែប្រែតាមទំនើងចិត្ត វាលែងរក្សាន័យជាច្បាប់កំពូលទៀតហើយៗមានតម្លៃត្រឹមតែជាបទបញ្ជារបស់អ្នកកាន់អំណាចតែប៉ុណ្ណោះ។
លោកសរសេរថា៖ «ហេតុនេះច្បាប់ផ្សេងទៀតក៏ដូចគ្នាដែរវាក្លាយជាបទបញ្ជាសាធារណៈមិននឹងនមួយគ្មាននណាអាចរំពឹងលើច្បាប់ទៀតបានទេ»៕
………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ