ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនាំគ្នាធ្វើពិធីសែនព្រេនតាមបែបសាសនា ដើម្បីជំរុញឱ្យភាគីក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហាដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីឃុំចំនួន៤ ដែលរងផលប៉ះពាល់ដីធ្លីជាមួយក្រុមហ៊ុនព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី (CAIC) បាននាំគ្នាធ្វើពិធីសែនព្រេនតាមបែបសាសនា និងដាក់ទំនាយសុំឱ្យមានដំណោះស្រាយចំពោះបញ្ហាដីធ្លីរបស់ពួកគេ នៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ពលរដ្ឋម្នាក់ដែលមានជម្លោះដីធ្លី លោក តន់ សេង ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ការធ្វើពិធីនេះវាជាការបន់ស្រន់សុំសេចក្ដីសុខពីអ្នកតាម្ចាស់ស្រុក និងដើម្បីឱ្យម្ចាស់ទឹកម្ចាស់ដីជួយដល់ពលរដ្ឋដែលមានជម្លោះដីធ្លីឆាប់មានដំណោះស្រាយ។ ក្រៅពីនេះ លោកថា ពលរដ្ឋក៏នាំគ្នាបង្ហាញការឈឺចាប់ដែលកើតមានចំពោះពួកគេ ដោយចាត់ថា ជារឿងអយុត្ដិធម៌។
លោកបន្ថែមទៀតថា ប្រសិនបើក្រុមហ៊ុនមិនចេញមកដោះស្រាយទេ ក្រុមប្រជាពលរដ្ឋនឹងប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីរហូតដល់មានដំណោះស្រាយសមស្រប។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀត អ្នកស្រី ឆុម បុប្ឆា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ផងដែរថា ការប្រមូលផ្ដុំគ្នា និងធ្វើពិធីសែនព្រេននេះ ក្រុមប្រជាពលរដ្ឋក៏គិតដល់បញ្ហាកូវីដ-១៩ផងដែរ ប៉ុន្ដែ ដោយសារក្រុមហ៊ុនមិនចេញមកដោះស្រាយឱ្យបានលឿន ដែលធ្វើឱ្យពលរដ្ឋមិនសុខចិត្ត និងប្រមូលផ្ដុំគ្នារកដំណោះស្រាយ។
លោកស្រីបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋក៏គ្រោងហែរក្បួននៅសប្ដាហ៍ ក្រោយបន្ទាប់ពីធ្វើសែនព្រេននេះ និងទុកពេលឱ្យក្រុមហ៊ុននិងភាគីដែលពាក់ពន្ធ័ ចេញមុខមកដោះស្រាយ បើមិនដូច្នេះទេ ប្រជាពលរដ្ឋនឹងហែរក្បួនចូលក្នុងព្រលានយន្ដហោះតែម្ដង។
កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ មានការប៉ះទង្គិចគ្នាជាថ្មីម្ដងទៀតរវាងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី និងប្រជាពលរដ្ឋមានជម្លោះដីធ្លី នៅចំណុចភូមិតាព្រហ្ម ឃុំប្រឹងខ្សាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលនាំឱ្យមានអ្នករងរបួសស្រាលមួយចំនួន។ ភាគីពលរដ្ឋអះអាងថា ករណីនេះបង្កឡើងដោយកងអន្ដរាគមន៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី ដែលចេះតែព្យាយាមយកគឿងចក្រទៅឈូសឆាយកាយផ្ដាច់ផ្លូវ ហើយពលរដ្ឋបានព្យាយាមរារាំង និងទប់ស្កាត់។
ករណីនេះ អ្នកធ្វើការផ្នែកសិទ្ធិមនុស្សយល់ថា ការអូសបន្លាយមិនរកដំណោះស្រាយចំពោះបញ្ហាដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីនេះ គឺជាកត្តាជំរុញឱ្យការប៉ះទង្គិចគ្នាអាចនឹងកើតមានជាថ្មីទៀត ហើយអាចឈានដល់ការផ្ទុះអំពើហិង្សា និងការចាប់ខ្លួនផងដែរ។
សង្គមស៊ីវិលថា ភាគីក្រុមហ៊ុនគួរសិក្សាអំពីតម្លៃដីដែលខ្លួនបានដាក់ជូនប្រជាពលរដ្ឋថាតើ វាជាតម្លៃទីផ្សារ និងអាចទទួលយកបានពីភាគីប្រជាពលរដ្ឋដែរឬទេ។ លោកថា ការអភិវឌ្ឍណាមួយអាចធ្វើទៅបាន លុះត្រាក្រុមហ៊ុនបានដោះស្រាយផលប៉ះពាល់លើសិទ្ធិរបស់ពលរដ្ឋជាមុនសិន៕
________________________
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន