ប្រជាសហគមន៍នៅតំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្នើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយបណ្តុះបណ្តាលផ្នែកសេវាកម្មទេសចរណ៍ និងភាសាអង់គ្លេសដល់ពួកគាត់ ដើម្បីពង្រឹងសមត្ថភាពបន្ថែមក្នុងការទទួលអ្នកទេសចរជាតិ និងអន្តរជាតិ ក្រោយរដ្ឋាភិបាលដកហូតដី ៤០ហិកតា ទុកអភិរក្ស និងផ្ដល់ប្រយោជន៍ដល់ប្រជាសហគមន៍។
កាលពីថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយបញ្ជាក់ថា រដ្ឋាភិបាល បានសម្រេចដកហូតដីទំហំ ៤០ហិកតា ពីក្រុមហ៊ុនចំនួន៤ ដែលមានគម្រោងវិនិយោគវិស័យទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារ ក្នុងភូមិតាបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យកមកឱ្យគ្រប់គ្រងវិញ ដើម្បីអភិរក្ស និងទុកជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារនៅតំបន់នោះដែលកំពុងបម្រើសេវាកម្មទេសចរណ៍ស្រាប់។
ការសម្រេចរបស់រដ្ឋាភិបាល បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានចុះទៅពិនិត្យនៅតំបន់នោះផ្ទាល់ កាលពីថ្ងៃទី០៨ ខែមីនា។
ប្រជាសហគមន៍រឡាក់កងជើង និងជាអាជីវករលក់ម្ហូបអាហារនៅភ្នំខ្នងផ្សារ លោក យឿន រិទ្ធ បង្ហាញការត្រេកអរក្រោយរាជរដ្ឋាភិបាល បានលុបគម្រោងពីក្រុមហ៊ុនវិនិយោគ ហើយផ្តល់អាទិភាពសម្រាប់សហគមន៍ក្នុងការរកចំណូល ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃជំនួសវិញ។ លោកបន្តថា ការសម្រេចរបស់រដ្ឋាភិបាល ក៏ជួយដល់ការធនធានធម្មជាតិផងដែរ ព្រោះនៅពេលសហគមន៍អាចរកចំណូលពីទេសចរណ៍បាន ពួកគាត់នឹងឈប់កាប់ឈើ ឬដាក់អន្ទាក់សត្វផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្តដែលបានឃើញ សម្តេច[ហ៊ុន ម៉ាណែត]គាត់មក លុបគម្រោងក្រុមហ៊ុនពីមុនចោល ដើម្បីឱ្យសហគមន៍ចេះធ្វើការ ចេះរៀបចំអីផ្សេង ហើយមានលុយសម្រួល និងកាត់បន្ថយការកាប់ព្រៃឈើអីផ្សេងៗ ឬដាក់អន្ទាក់សត្វព្រៃជាដើម។ ពីមុនខ្ញុំបារម្ភថា ក្រុមហ៊ុនច្រើនវិនិយោគ ខ្ញុំបារម្ភ កាលណាក្រុមហ៊ុនវិនិយោគ គឺមានប៉ះពាល់ដល់សហគមន៍ ដាច់ចំណូល[សហគមន៍]»។
បើតាម លោក យឿន រិទ្ធ បច្ចុបន្បន្ន គ្រួសាររបស់លោកមានតង់សម្រាប់ជួល និងការបម្រើសេវាកម្មផ្នែកម្ហូបអាហារសម្រាប់អ្នកទេសចរ ដែលធ្វើឱ្យជីវភាពរបស់គាត់ប្រសើរជាងមុន ដោយក្នុងមួយខែអាចរកចំណូលបានចន្លោះពី ២០០ ទៅ៣០០ដុល្លារ ទៅតាមភ្ញៀវតិចឬច្រើន។
តែយ៉ាងណា លោកក៏បានស្នើដល់រដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធជួយបង្រៀនដល់សហគមន៍បន្ថែម ពីជំនាញ ខ្លីៗ ដូចជា របៀបនេះការទទួលភ្ញៀវ ការរាក់ទាក់ភ្ញៀវ ការទាក់ទាញភ្ញៀវ និងភាសាអង់គ្លេសជាដើម ដើម្បីឱ្យការបម្រើផ្នែកសេវាផ្នែកទេសចរណ៍ ទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែល្អប្រសើរ និងទាក់ទាញភ្ញៀវកាន់តែច្រើន មកតំបន់នេះ។
លោក នំ រ៉ាគឺន ជាសមាជិកសហគមន៍រឡាក់កងជើង បង្ហាញក្តីត្រេកអរដែលរដ្ឋាភិបាលដកហូតដីពីក្រុមហ៊ុនឯកជន ទុកសម្រាប់អភិរក្ស និងជាប្រយោជន៍សម្រាប់សហគមន៍ ខណៈប្រជាសហគមន៍បច្ចុប្បន្ន បញ្ឈប់ការចូលព្រៃកាប់ឈើ ដាក់អន្ទាក់សត្វ និងរកអនុផលព្រៃឈើ ហើយងាកមករស់ពឹងអាស្រ័យតែលើចំណូលពីការនាំភ្ញៀវឡើងភ្នំ ការធ្វើម្ហូប ការជួលតង់ និងដឹកឥវាន់ជូនភ្ញៀវទេសចរ។
តែយ៉ាងណា លោកថា សហគមន៍ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែរ ដែលត្រូវការឱ្យរដ្ឋ ឬស្ថាប័នពាក់ព័ន្ធជួយបណ្តុះបណ្តាលបន្ថែម ដូចជាកង្វះការយល់ដឹងផ្នែកបដិសណ្ឋារកិច្ច និងបទពិសោធន៍ ក្នុងការដោះស្រាយផ្នែកសង្គ្រោះបឋមជូនភ្ញៀវ នៅពេលមានបញ្ហាសុខភាពជាដើម។
លោកនិយាយថា៖ «សេវាកម្មឲ្យសហគមន៍រាល់ថ្ងៃ បដិសណ្ឋារកិច្ច ទី២ ពួកខ្ញុំអត់មានបទពិសោធន៍ក្នុងការភ្ញៀវមានបញ្ហាអី លក្ខណៈថាសង្គ្រោះបឋមអីចឹងហា ចៃដន្យអីមានភ្ញៀវមានបញ្ហា យើងមើលអត់ឃើញចឹងទៅ។ ពាក់ពន្ធ័នឹងការនាំភ្ញៀវឡើងភ្នំសំខាន់បំផុតពួកយើងត្រូវជួយសង្គ្រោះគាត់ឡើងភ្នំ។ នៅភ្នំខ្នងផ្សារពួកខ្ញុំអត់ចេះអីទេ ទី២ទាំងគាត់ទាំងខ្ញុំអី សុទ្ធតែកម្រិតវប្បធម៌រៀនបានទាបអ៊ីចឹងណា ទាក់ទងនឹងការសង្គ្រោះឬវិជ្ជាផ្សេងៗអី ពួកខ្ញុំអត់ចេះ»។
លោក បោ សេង អាយុ៧០ឆ្នាំ មេភូមិតាំងបំពុង លើកឡើងថា ក្រោយពីការដកហូតដីពីក្រុមហ៊ុន ទុកសម្រាប់អភិរក្ស និងអនុញ្ញាតឱ្យសហគមន៍រកចំណូលសម្រាប់វិស័យទេសចរណ៍នេះ រដ្ឋាភិបាលមានផែនការបោះបង្គោលព្រំដី ដើម្បីរក្សាស្ថានភាពដើមនៃធម្មជាតិ និងរៀបចំអនាម័យនៅតំបន់នោះ និងតាមផ្ទះសហគមន៍ ដើម្បីឱ្យមានបរិស្ថានស្អាត ដែលជាផ្នែកមួយនៃការទាក់ទាញទេសចរណ៍បន្ថែម។
លោកថា៖ «ក្រសួងពាក់ព័ន្ធក៏គាត់យកចិត្តទុកដាក់ដែរ ទី១ បោះបង្គោល ទី២ សិក្សាកន្លែងដំណាក់ទី២អីហ្នឹងឱ្យមានអនាម័យ ឱ្យបានសមរម្យ ធ្វើម៉េចកុំឱ្យទេសចរណ៍ធុញទ្រាន់ ទី១ ទទួលភ្ញៀវ ដាក់គោលការណ៍ឱ្យផ្ទះនីមួយៗរៀបអនាម័យ ឱ្យមានបន្ទប់ទឹក អនាម័យក្នុងផ្ទះឱ្យបានល្អ ដើម្បីទទួលភ្ញៀវ»។
សម្រាប់មេភូមិរូបនេះ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ ពិចារណាក្នុងការជួយបណ្តុះបណ្តាលសហគមន៍បន្ថែម អំពីរបៀបទាក់ទាញភ្ញៀវទេសចរឱ្យមកកំសាន្តនៅតំបន់នេះបន្ថែមទៀត ចំណេះដឹងផ្នែកភាសាអង់គ្លេស និងវិធីចម្អិនម្ហូបជាដើម ខណៈកម្រិតនៃការយល់ដឹងពាក់ព័ន្ធនឹងសេវាកម្មទេសចរ នៅមានកម្រិត។
លោកបន្តថា៖ «កាលណាភ្ញៀវដើរច្រើន ជីវភាពសហមន៍ ក៏រីកចម្រើនតាមហ្នឹងដែរ ហើយក៏កាត់បន្ថយការទៅធ្វើការនៅកន្លែងឆ្ងាយៗ ក៏កាត់បន្ថយភាពក្រីក្រម្យ៉ាងដែរ»។
អនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ លោក ឃាង វុទ្ធពៅ មានប្រសាសន៍ថា គោលដៅសំខាន់របស់រដ្ឋាភិបាល ដែលបានដកហូតដី៤០ហិកតាពីក្រុមហ៊ុនឯកជន គឺដើម្បីសក្តានុពលដ៏សំខាន់សម្រាប់ទេសចរណ៍ ដែលអាចបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពរបស់សហគមន៍។
លោកមានប្រសាសន៍ថា៖ «ឥលូវបឋមសំខាន់ គឺទីតាំងដីដែលបានមកដកហូត៤០ហិកតាហ្នឹង ដើម្បីសហគមន៍ ប៉ុន្តែកិច្ចការផ្សេងៗទៀតរបស់យើង អត់ទាន់គិតស៊ីជម្រៅអីទេ តែគ្រាន់តែថា សម្រាប់ថ្ងៃអនាគតទៅការផ្តល់ផ្ដោតការយកចិត្តទុកដាក់ ពីប្រមុខថ្នាក់ដឹកនាំ ព្រោះទិសដៅទេសចរណ៍នេះ គឺជាធំណាស់សម្រាប់ទៅថ្ងៃក្រោយ ដើម្បីឱកាសសម្រាប់សហគមន៍ ជាប្រយោជន៍មូលដ្ឋានហ្នឹង ឱ្យគាត់មានការងារធ្វើគាត់ជំនួយជីវភាពដល់ពួកគាត់»។
លោកបានប្រាប់ថា គោលដៅបន្តទៅមុខ គឺពង្រឹងសហគមន៍បន្ថែម និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្កងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលទៅលេងតំបន់នោះ និងពង្រឹងសម្ថតភាពក្រុមគោលដៅក្នុងសហគមន៍បន្ថែមទៀត។
លោកប្រាប់ថា៖ «ទី១ យើងមានជាផ្លូវសំណាក់ ដើរឡើងទៅលើភ្នំ យើងធ្វើសំណាក់១ឬក៏២ ដើម្បីសំចត សម្រាប់បងប្អូន យើងឡើងទៅមានការហត់មានការអីចឹង អាចសម្រាកអាចបោះតង់ អាចឈប់បានហើយ ចាប់បន្តដំណើរទៅមុខទៀត។ រីឯជើងភ្នំហ្នឹង យើងមានជាលក្ខណៈបេនឡាន បេនម៉ូតូ ហើយមានកន្លែងបន្ទប់ទឹកស្អាតចឹងទៅណា អាហ្នឹងជាសោភណ្ឌភាពសម្រួលសម្រាប់ទីតាំងកំសាន្តទាំងមូល នៅក្នុងការគ្រប់គ្រងទៅកាន់សហគមន៍។ អ៊ីចឹងក្រសួងទេសចរណ៍ប្រហែលជាក្រសួងទេសចរណ៍នឹងមាន ការបង្រៀនសិក្ខាសាលាខ្លីៗបង្រៀនគាត់ ជាពិសេសគឺ guide [មគ្គុទ្ទេសក៍ទេសចរណ៍] ឱ្យគាត់យល់ដឹងអំពីរបៀបរបបនៃការនាំភ្ញៀវ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា នាយករដ្ឋមន្រ្តីកម្ពុជា តែងតែគិតគូអំពីប្រយោជន៍ប្រជាសហគមន៍ និងប្រជាពលរដ្ឋ គឺលោកថ្លឹងថ្លែងមុននឹងសម្រេចផែនការអ្វីមួយ។ តែយ៉ាងណា លោកមិនបានបង្ហើបទេ ថាតើរាជរដ្ឋាភិបាលនិងមានផែនការអ្វីបន្តរទៀត ដើម្បីជួយដល់សហគមន៍នេះ។
លោកបន្តថា៖ «ធម្មតាយើងត្រូវការអភិវឌ្ឍតំបន់ទេសចរណ៍ដែលមានសក្កានុពល ហើយកាលណាអភិវឌ្ឍន៍តែងតែមានក្រុមហ៊ុនឯកជន លោកចង់ចាប់អារម្មណ៍ ចង់អភិវឌ្ឍន៍ចង់ចូលរួម អញ្ចឹងជាការធម្មតាទេ។ ប៉ុន្តែនៅពេលខ្លះ សម្ដេចធិបតី លោកថ្លឹងថ្លែងមើលថា តើរវាងការផ្ដល់ឱ្យឯកជន ហើយនិងរវាងការផ្ដល់ឱ្យប្រជាសហគមន៍មួយណាល្អជាង អញ្ចឹងបើលោកមើលឃើញថា គួរតែផ្តល់ឱ្យបងប្អូនប្រជាសហគមន៍ លោកគ្រប់គ្រងវិញល្អជាង លោកនៅទីនោះផ្ទាល់ លោករួមគ្នាអភិវឌ្ឍន៍ ហើយលោកទទួលផល អញ្ចឹងបានសម្តេចធិបតីលោកសម្រេចបែបហ្នឹង»។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ(LICADHO) លោក អំ សំអាត ក៏គាំទ្រការសម្រេចរបស់រដ្ឋាភិបាល ដែលជាផ្នែកមួយនៃការអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍។ តែយ៉ាងណា លោកស្នើរដ្ឋាភិបាលជួយការពារកុំឱ្យមានការទិន្ទ្រានដីសហគមន៍ នៅតំបន់នោះ។
លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល គួរជួយគាំទ្រដល់សហគមន៍ និងចាត់វិធានការដើម្បីការពារកុំឱ្យមានជនឆ្លៀតឱកាសទន្ទ្រានយកដីសហគមន៍ និងគាំទ្រសហគមន៍ដើម្បីឱ្យមានតម្លាភាព និងសិទ្ធិពេញលេញក្នុងការការពារ និងសេវាកម្មអេកូទេសចរណ៍ដ៏មានសក្កានុពលនៅតំបន់នោះ»។
បើតាមក្រសួងទេសចរណ៍ ខ្នងផ្សារ ស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
តំបន់ភ្នំខ្នងផ្សារ និងខ្នងសំពៅ ប្រៀបបានជាឋានសួគ៌ធម្មជាតិ នៅចំណុចប្រសព្វនៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ នៃភាគនិរតីប្រទេសកម្ពុជា។ តាមរដ្ឋបាលខេត្តកំពង់ស្ពឺ តំបន់នេះត្រូវបានចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ កាលដើមឆ្នាំ២០២០ ហើយបើតាមប្រវត្តិសាស្ត្រ តំបន់នោះមានផូស៊ីលផុសឡើងចេញពីអតីតបាតសមុទ្រដែលមានសំពៅដឹកស្រូវបានលិច ហើយក្លាយជាភ្នំ ដែលគេឲ្យឈ្មោះថា “ខ្នងសំពៅ”។ ចំណែកស្រូវនៅលើសំពៅដែលហូរចេញ ក៏បានក្លាយជាភ្នំ ដែលសព្វថ្ងៃ គេហៅថា “ខ្នងស្រូវ”៕
……………………………………..
អត្ថបទដោយ៖ ពូ សូរាជីនី