ពលរដ្ឋរាប់រយនាក់ ជាប់ទាក់ទិនសំណុំរឿងវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស ដែលម្ចាស់ក្រុមហ៊ុននេះនិងគូកនជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលថ្មីៗនេះ ស្នើឱ្យអាជ្ញាធរជួយអន្ដរាគមន៍ទៅភាគីធនាគារដើម្បីពន្យារពេលបង់ការប្រាក់ និងប្រាក់ដើមឱ្យពួកគាត់ ខណៈប្រាក់ដែលពួកគេបានវិនិយោគជាមួយក្រុមហ៊ុនភាគច្រើនខ្ចីបុលពីធនាគារ។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរាប់រយគ្រួសារដែលចាញ់បោកក្រុមហ៊ុនពិភពដីមាស គឺអ្នកស្រី រ័ត្ន ហ៊ាង អាយុ៣៦ឆ្នាំ រស់នៅឃុំថ្មី ស្រុកទឹកឈូ ខេត្ដកំពត បានរៀបរាប់ថា អ្នកស្រីបានខ្ចីធនាគារចំនួន២ម៉ឺនដុល្លារ ដើម្បីយកទិញដីពីក្រុមហ៊ុនពិភពដីមាសរបស់លោក ហ៊ី គឹមហុង ចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះដោយទទួលបានដីក្បាល៥ម៉ែត្រ បណ្ដោយ២០ម៉ែត្រ និងទទួលបានការប្រាក់ពីក្រុមហ៊ុន៤%ប្រចាំខែរយៈពេល២ឆ្នាំ។
អ្នកស្រីបន្ដថា ការខ្ចីធនាគារមកទិញដីគឺជាកម្ចីធនាគារសុទ្ធសាធ ដោយអ្នកស្រីរំពឹងថា ខ្លួននឹងទទួលការប្រាក់អាចចិញ្ចឹមជីវិតបាន។ យ៉ាងណាអ្នកស្រីបន្ដថា ចាប់តាំងពីខែមិនា ឆ្នាំ២០២៣មក គឺអ្នកស្រីមិនទទួលការប្រាក់ណាមួយពីក្រុមហ៊ុនឡើយ។ អ្នកស្រីអះអាងថា ម្ចាស់ក្រុមហ៊ុនគេចវេះរហូត ទោះបីមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារតវ៉ាក៏ដោយ ក៏ម្ចាស់ក្រុមហ៊ុនមិនព្រមចេញដោះស្រាយដែរ។
អ្នកស្រីថា៖«ខ្ញុំខ្ចីធនាគារ២ម៉ឺនដុល្លារយកមកទិញដី។ គេឱ្យខ្ញុំដីក្បាល៥ម៉ែត្របណ្ដាយ២០ម៉ែត្រ ហើយការ៤%ប្រចាំខែ។ វាពិបាកណាស់អូន!។ ខ្ញុំលក់ខ្ទេចលក់ខ្ទីអស់ហើយ ខ្សែក ដីស្រែអីលក់បង់ធនាគារ។ ខាងធនាគារគេអត់ខ្វល់ទេដល់ថ្ងៃដឹងតែមកទារ»។
អ្នកស្រីបន្ថែមថា បើសរុបតែពលរដ្ឋរស់នៅខេត្ដកំពត ដែលចាញ់បោកក្រុមហ៊ុនមានជាង៧០០គ្រួសារ និងតាមបណ្ដាខេត្ដផ្សេងៗទៀតរាប់ពាន់គ្រួសារ។ អ្នកស្រីបានបញ្ជាក់ថា ការទទួលបានការប្រាក់គឺផ្សេងគ្នា សម្រាប់អ្នកទិញដីមុន គឺទទួលបានការប្រាក់៤% ។ រីឯអ្នកស្រីមកក្រោយក្នុងអំឡុងឆ្នាំ២០២២គឺទទួលបានការប្រាក់៣%ប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកស្រីថា ពលរដ្ឋទាំងអស់គឺសង្ឃឹមការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសស្នើសុំឱ្យអាជ្ញាធរជួយអន្ដរាគមន៍ករណីនេះ ជាមួយខាងធនាគារដើម្បីឱ្យខាងមីក្រូហិរញ្ញវត្ថុពន្យារពេលឱ្យពួកអ្នកស្រីក្នុងការបង់ការប្រាក់និងប្រាក់ដើមត្រឡប់ទៅវិញ។
អ្នកស្រីថា៖«ពួកខ្ញុំចង់ឱ្យអាជ្ញាធរអន្ដរាគមន៍ខាងធនាគារដើម្បីឱ្យគាត់ពន្យារពេលឱ្យខ្ញុំ។ បើអត់បានទេ ខ្ញុំមិនដឹងចេញផ្លូវណាទេ ព្រោះលក់អស់ហើយ។ និយាយទៅគឺពិបាកហ្មងអូន»។
លោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស រួមជាមួយអង្គរក្ស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនភ្លាមៗកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងក្រុមហ៊ុន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់វិធានការបន្តតាមច្បាប់។
ពលរដ្ឋរងគ្រោះម្នាក់ទៀតដែលបានអះអាងថា ខ្លួនបានដាក់លុយវិនិយោគអស់១៥ ០០០ដុល្លារ ដោយលុយទាំងនោះបានមកពីកម្ចីធនាគារសុទ្ធសាធនោះគឺ អ្នកស្រី ចាន់ ថេត អាយុ៥៥ឆ្នាំ ឃុំរមាស ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកស្រីបានដាក់វិនិយោគជាមួយក្រុមហ៊ុនរយៈពេលជាង២ឆ្នាំ។ ក្នុងកិច្ចសន្យាអ្នកស្រីទទួលបានដីក្បាល ៥បណ្ដោយ ២០ម៉ែត្រ និងការប្រាក់ប្រចាំខែ៣%ក្នុងរយៈពេល២ឆ្នាំ។
អ្នកស្រីបានពន្យល់បន្ថែមថា គាត់បានដាក់លុយតាំងពីខែមេសា ឆ្នាំ២០២១មកម្ល៉េះ ហើយត្រូវដល់កិច្ចសន្យាវិញនៅខែមេសាឆ្នាំ២០២៣ ប៉ុន្ដែពេលដល់ថ្ងៃកិច្ចសន្យាដែលក្រុមហ៊ុនត្រូវប្រគល់លុយដើមមកឱ្យអ្នកស្រី ស្រាប់តែក្រុមហ៊ុនមិនព្រមប្រគល់ដោយព្យាយាមគេចវេះ។ អ្នកស្រីបន្ថែមថា ក្នុងអំឡុងពេលដែលក្រុមហ៊ុនមិនប្រគល់លុយដើម និងការប្រាក់រយៈពេល៤ខែនេះ គឺអ្នកស្រី លក់របស់របរ និងដីស្រែអស់ ប៉ុន្ដែមិនគ្រប់សម្រាប់សងទៅធនាគារវិញទេ។ អ្នកស្រីស្នើដល់អាជ្ញាធរពាក់ព័ន្ធមេត្ដាជួយអន្ដរាគមន៍ទៅខាងធនាគារដើម្បីពន្យារពេលឱ្យអ្នកស្រីក្នុងការសងត្រឡប់ បើមិនដូច្នេះទេ គឺអ្នកស្រីប្រឈមការលំបាកខ្លាំង។
អ្នកស្រីថា៖«ខ្ញុំលក់អស់ហើយដី របស់របរក្នុងផ្ទះ។ មីងអត់មានលុយសងគេទេ មួយថ្ងៃធនាគារមកផ្ទះ៣ដង មីងរត់ចោលផ្ទះរាល់ថ្ងៃ។អ្នកភូមិមីងហាហុកសិបនាក់ នៅខេត្ដផ្សេងទៀត រាប់ពាន់នាក់អូន។ ខ្ញុំស្នើដល់អាជ្ញាធរមេត្ដាជួយអន្ដរាគមន៍ផង ដើម្បីឱ្យធនាគារពន្យារពេលឱ្យខ្ញុំផង។ ខ្ញុំពិបាកណាស់ លុយខ្ចីគេទាំងដុល ស្រាប់តែមកអឹចឹង»។
តាមការបញ្ជាក់របស់ពលរដ្ឋថា មានពលរដ្ឋរាប់ពាន់គ្រួសារបាននាំគ្នាដាក់លុយវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាស ដែលគេដឹងថាជាក្រុមហ៊ុនលោក ហ៊ី គឹមហុង មានងារជាអ្នកឧកញ៉ាក្នុងការវិនិយោគនោះគឺពលរដ្ឋទទួលបានដីក្បាល៥ម៉ែត្រ និងបណ្ដោយ២០ម៉ែត្រ និងការប្រាក់ប្រចាំខែចន្លោះចាប់ពី៣%ទៅ៤%ទៅតាមចំនួនលុយដែលគេបានដាក់។
ជុំវិញរឿងនេះត្រូវស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងនៅព្រឹកថ្ងៃពុធដើមខែសីហាថា សម្រាប់អាជ្ញាធរមិនទាន់មានចំណាត់ការណាមួយនោះទេ ដោយរង់ចាំមើលការសម្រេចរបស់តុលាការសិន ទើបអាជ្ញាធរមានចំណាត់ការតាមក្រោយ។
លោកថា៖«យើងអត់ធ្វើអីបានទេអូន រង់ចាំខាងតុលាការគេសម្រេចសិន»។
លោកបានបញ្ជាក់ពីបណ្ដឹងរបស់ពលរដ្ឋ គិតត្រឹមថ្ងៃដើមខែសីហាថា មានប្រជាពលរដ្ឋរស់នៅខេត្តកំពត ដាក់ពាក្យបណ្ដឹងលើក្រុមហ៊ុនពិភពដីមាសចំនួន ៦៩៨គ្រួសារ និងទំហំទឹកប្រាក់សរុប ១២លាន៦សែនដុល្លារ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ ជុំវិញការសម្រេចរបស់តុលាការ ដោយលោកចូលមើលសារ ប៉ុន្ដែមិនមានការឆ្លើយតប។
ក្នុងវីដេអូមួយដែលលោក ហ៊ី គឹមហុង បានថ្លែងមុនមានការចាប់ខ្លួនលោកថា លោកនឹងបង្វិលទឹកប្រាក់ត្រឡប់ជូនពលរដ្ឋទៅតាមខែនីមួយៗឱ្យគ្រប់ចំនួន ដោយលោកអះអាងថា ក្រុមហ៊ុនលោក មិនបានបោកប្រាស់ពលរដ្ឋនោះទេ ប៉ុន្ដែដោយសារបញ្ហាជាប់គាំងមួយចំនួន ទើបធ្វើឱ្យក្រុមហ៊ុនលោក មានការយឺតយ៉ាវក្នុងការសងត្រឡប់ទៅពលរដ្ឋវិញ។
នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថា សម្រាប់បញ្ហានេះគឺអាជ្ញាធរត្រូវតែអន្ដរាគមន៍ ពីព្រោះដើមហេតុគឺអាជ្ញាធរជាចេញអាជ្ញាបណ្ណឱ្យក្រុមហ៊ុន ក្នុងការវិនិយោគលើវិស័យនេះ។ លោកបន្តថា បើគ្មានការអនុញ្ញាតពីអាជ្ញាធរ ក៏ពលរដ្ឋមិនទៅចាញ់បោកបែបនេះដែរ។ លោកបានសង្កត់ធ្ងន់ថា ដើម្បីកុំឱ្យសកម្មភាពចាញ់បោកបែបនេះបន្ដទៀត គឺអាជ្ញាធរត្រូវពិនិត្យឱ្យបានច្បាស់លាស់ មុននឹងសម្រេចចេញអាជ្ញាបណ្ណឱ្យ បើមិនដូច្នេះទេ សកម្មភាពពលរដ្ឋចាញ់ក្រុមហ៊ុននៅតែបន្ដកើតមាន។
លោកមានប្រសាសន៍ថា៖«អាជ្ញាធរខ្លួនអន្ដរាគមន៍លើករណីនេះ។ រឿងតុលាការជារឿងមួយហើយ ប៉ុន្ដែរឿងពលរដ្ឋខ្ចីធនាគារយកទៅវិនិយោគហើយចាញ់បោកគេ អ្នកណា អ្នកទទួលខុសត្រូវ។ ខ្ញុំគិតថា អាជ្ញាធរគួរតែចេញមុនអន្ដរាគមន៍ជូនពួកគាត់ បើមិនដូច្នេះទេ គឺពួកគាត់បន្ដប្រឈមនឹងធនាគារ»។
បើតាមលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានពន្យល់ប្រាប់ថា សម្រាប់បញ្ហានេះគឺមិនទាក់ទងនឹងវិបត្ដិសេដ្ឋកិច្ចសកលទេ គឺមកពីវិស័យអចលទ្រព្យខ្លួនឯងដែលគ្មានទុនបម្រុងសម្រាប់អភិវឌ្ឍន៍ គឺពឹងផ្អែកលើលុយអតិថិជនសុទ្ធសាធ។ លោកបន្ដថា បើសិនជាដោយសារវិបត្ដិសេដ្ឋកិច្ចសកល នោះគឺពលរដ្ឋគ្មានលុយទិញឬក៏បង់ឱ្យទៅក្រុមហ៊ុន ប៉ុន្ដែនេះគឺពលរដ្ឋមានលុយបង់ឱ្យទៅក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនគ្មានដីឱ្យពលរដ្ឋវិញ។
លោកថា៖ «វាជាវិបត្ដិវិស័យអចលនទ្រព្យខ្លួនឯងទេ មិនទាក់ទងនឹងវិបត្ដិសកលឡើយ ។មកពីធ្វើលើសតម្រូវការ ឬក៏អាចនិយាយបានថាយកលុយពីអតិថិជន ប៉ុន្ដែគ្មានដីឱ្យ មានន័យថា រកស៊ីលក់ដីខ្យល់»៕
………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន