កម្ពុជាសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើរបស់ថៃតាមគ្រប់ច្រកព្រំដែនទាំងអស់ ក្រោយប្រធានព្រឹទ្ធសភាកម្ពុជាបានដាក់ឱសានវាទ២៤ម៉ោងឱ្យភាគីថៃបើកច្រកព្រំដែនឡើងវិញ តែភាគីថៃនៅតែបន្តបិទព្រំដែនដោយឯកតោភាគីដដែល។
តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានដាក់ឱសានវាទ២៤ម៉ោង ដែលជាការដាក់កំហិតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់ផ្ដាច់ការនាំចូលបន្លែ និងផ្លែឈើទាំងអស់របស់ថៃ ដែលនាំចូលតាមព្រំដែនមកកាន់ប្រទេសកម្ពុជា ដើម្បីជាការឆ្លើយចំពោះភាពគំរាមកំហែង និងប្រមាថរបស់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែនប្រទេសទាំងពីរដែលបង្កដោយភាគីថៃ។
បើតាមប្រភពពីទំព័រហ្វេសប៊ុករបស់ក្រសួងព័ត៌មានកម្ពុជា ដែលបានការបញ្ជាក់ពីប្រធានមន្ទីរព័ត៌មានខេត្តជាប់ព្រំដែនជាមួយថៃនៅថ្ងៃទី១៧ ខែមិថុនានេះ បានឱ្យដឹងថា ឱសានវាទ២៤ម៉ោងរបស់កម្ពុជា បានផុតកំណត់ ច្រកព្រំដែនទាំងអស់របស់កម្ពុជាជាមួយថៃ បានបិទការនាំចូលបន្លែ និងផ្លែឈើ ពីប្រទេសថៃទាំងស្រុង។
ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោក សុខ វាសនា បានថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា មកទល់ម៉ោងជាង១១ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។
ក្នុងការថ្លែងសារពិសេសកាលពីម្សិលមិញ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានបញ្ជាក់ថា ការរំលោភលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ទៅលើបញ្ហាច្រកព្រំដែនដែលបានព្រមព្រៀងគ្នា តែនៅពេលបិទព្រំដែន គឺភាគីថៃ បិទខ្លួនឯងតែពេលចង់បើកមកបបួលភាគីខ្មែរ ចរចាដើម្បីកុំឱ្យបាក់មុខខ្លួន ក្នុងចេតនាទាញកម្ពុជាឱ្យបាក់មុខជាមួយ។ លោកប្រាប់ឱ្យពលរដ្ឋថៃ ទៅតវ៉ាជាមួយក្រុមយោធារបស់ខ្លួនព្រោះជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទព្រំដែននោះទេ។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានលើកឡើងថា៖ «ឥឡូវនេះ បើកុំអីថ្ងៃនេះយើងបិទទូទាំងព្រំដែនតែម្ដងទៅលើការនាំចូលបន្លែ ផ្លែឈើចូលកម្ពុជា ប៉ុន្តែ ដោយសារតែមានការសន្ទនារវាងខ្ញុំជាមួយនឹងនាយករដ្ឋមន្ត្រីថៃ និងរវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយនាយករដ្ឋមន្ត្រីថៃ យើងពន្យារពេល ២៤ម៉ោង ប៉ុន្តែ បើថ្ងៃនេះភាគីថៃ មិនព្រមបើកច្រកឱ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់អនុវត្តទូទាំងព្រំដែន ដោយហាមឃាត់នូវការនាំចូលផ្លែឈើ និងហាមឃាត់នូវការនាំចូលបន្លែចូលមកកាន់កម្ពុជា»។
ជាមួយវិធានការបិទការនាំបន្លែផ្លែឈើចូលពីប្រទេសថៃទាំងស្រុងពេលនេះ សម្រាប់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជាជិត៣០ ដើម្បីពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ ដល់បណ្តាអង្គទូតបរទេសទាំងនោះ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាដដែលក៏បានបញ្ជាក់កាលពីថ្ងៃទី១៦ ខែមិថុនាថា បណ្តឹងសំណុំរឿងចំណុច៤ដែលកំពុងមានបញ្ហាជាមួយថៃ រួមមានតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានប្រគល់ដោយផ្ទាល់ដៃនូវលិខិតរបស់ រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ជូនទៅលោក Philippe GAUTIER ក្រឡាបញ្ជីនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លោកលើកឡើងថា៖ «ដើម្បីជម្រាបជូនពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ពាក្យស្នើតាមនីតិវិធី ពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីសុំតុលាការកំពូលនេះធ្វើការវិនិច្ឆ័យជម្លោះព្រំដែននេះ»។
ក្រោយប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងសារពិសេស ភ្លាមនោះ នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកជាភាសាថៃដោយមានន័យថា ចាប់តាំងពីការចាប់ផ្តើមនៃស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មក អ្នកស្រីនិងភ្នាក់ងារទាំងអស់នៅក្រោមរដ្ឋាភិបាលថៃបានប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយដោយសន្តិវិធី តាមរយៈការចរចាទ្វេភាគីនៅថ្នាក់ដឹកនាំ ថ្នាក់រដ្ឋមន្ត្រី និងយោធា។ អ្នកស្រីបញ្ជាក់ថា តាំងពីមានវិវាទមករដ្ឋាភិបាលថៃមិនដែលបញ្ជាឱ្យបិទព្រំដែនឡើយ។ ដោយឡែកការនាំយកបញ្ហាចំណុច៤ដែលមានភាពចង្រូងចម្រាស់ជាមួយថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺភាគីថៃមិនទទួលស្គាល់ឡើយ ហើយក៏មិនចូលរួមដំណើរការក្តីនេះឡើយ។
អ្នកស្រីផែថងថាន លើកឡើងថា៖ «ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ប្រទេសថៃមិនទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិទេ ហើយនឹងមិនចូលរួមក្នុងដំណើរការនេះទេ ព្រោះរដ្ឋាភិបាលជឿជាក់លើយន្តការទ្វេភាគីដ៏ស្មោះត្រង់របស់ប្រទេសទាំងពីរ ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយជាមួយនឹងលទ្ធផលរំពឹងទុក»។
នាយករដ្ឋមន្ត្រីថៃដដែលនិយាយថា ការរក្សាអធិបតេយ្យភាពជាតិ និងការការពារផលប្រយោជន៍ប្រជាជនគឺជាបេសកកម្មដ៏សំខាន់បំផុត ហើយរដ្ឋាភិបាលអ្នកស្រីនឹងមិនអនុញ្ញាតឱ្យអ្នកណាមកសម្លុត បង្កាច់បង្ខូច ឬបំភិតបំភ័យនោះឡើយ។
ប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងកាលពីថ្ងៃទី១៦ មិថុនាថា តំបន់ទាំង៤នេះ ប្រសិនបើដោះស្រាយតាមយន្តការទ្វេភាគី គឺរាប់រយឆ្នាំទៀតក៏មិនអាចបញ្ចប់ឡើយ ពោលគឺការដោះស្រាយបញ្ចប់បញ្ហានេះ មានតែយន្តការតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ។ លោកថា មានតែចោរប៉ុណ្ណោះ ដែលមិនហ៊ានឡើងតុលាការរកយុត្តិធម៌នោះ។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានឈ្លានពានទឹកដីកម្ពុជានៅតំបន់មុំបី ដោយទាហានថៃបានបាញ់ប្រហារមុន មកលើទាហានខ្មែរ ដែលបណ្ដាលឱ្យលោក សួន រោន ដែលជាកម្លាំងការពារបូរណភាពដែនដីខ្មែរ បានពលីជីវិត។ ក្រោយមានហេតុការណ៍នេះ កម្ពុជាបានផ្ញើកំណត់ទូតមួយទៅស្ថានទូតថៃប្រចាំកម្ពុជាដោយថា ជាអំពើលួចវាយឆ្មក់មកលើកងទ័ពកម្ពុជា មិនថ្លៃថ្នូរ និងមិនស័ក្តិសមជាប្រទេសមានអរិយធម៌នោះឡើយ៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ