អ្នកសារព័ត៌មានម្នាក់ បានប្តឹងមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២នាក់ និងអធិការនគរបាលក្រុងប៉ោយប៉ែតម្នាក់ទៅក្រសួងមហាផ្ទៃ ដោយចោទថា បង្ខាំងខ្លួនក្នុងទ្រុងដែក ដោយខុសច្បាប់។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែនបានដាក់ពាក្យបណ្តឹងមួយទៅក្រសួងមហាផ្ទៃ ដោយប្តឹង លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ប្តឹង លោក នូ ជីវ័ន្ដ ស្នងការរង និងលោក ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតទៅរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ឱ្យជួយរកយុត្តិធម៌។
ក្នុងបណ្តឹងដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានឱ្យដឹងថា រូបលោកត្រូវបានឃុំខ្លួនក្នុងទ្រុងដែកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បើទោះបីដឹងថា រូបលោកគ្មានទោសកំហុសដូចការចោទប្រកាន់ដោយក៏ដោយ។
លោក អ៊ុង ថាប់រាំង បញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រួបលោកបានចូលឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួនពីរករណីទៅតាមបណ្តឹងរបស់បុគ្គលឈ្មោះ ស៊ូ សុវណ្ណ និងអធិការនគរបាលក្រុងប៉ោយប៉ែតលោក ព្រហ្ម ពិសិដ្ឋ ក្រោយបទចោទ«ញុះញង់ឱ្យមានការរើសអើង»។
លោក អ៊ុង ថាប់រាំង លើកឡើងថា ដើម្បីហេតុដែលនាំឱ្យរូបលោករងបណ្តឹងនេះ គឺក្រោយពេលដែលលោកបានរាយការណ៍ព័ត៌មានពាក់ព័ន្ធពលរដ្ឋម្នាក់ប្តឹងអធិការក្រុងប៉ោយប៉ែត លោក ព្រហ្ម ពិសិដ្ឋ ទៅលោកស សុខា ឱ្យជួយរកយុត្តិធម៌ ដោយចោទថា លោក ព្រហ្ម ពិសិដ្ឋ និងបក្សពួកធ្វើរបាយការណ៍ និងកំណត់ហេតុបំភ្លៃការពិត។
ចាងហ្វាងសារព័ត៌មានខ្មែរជាយដែនរូបនេះបន្តថា លោករាយការណ៍ព័ត៌មានដោយពឹងផ្អែកលើការ អះអាងថា របស់ប្រភពត្រឹមត្រូវ។ លោកថា តាមប្រភពដែលជាជនរងគ្រោះ និងមេធាវីការពារក្ដីឱ្យជនរងគ្រោះបានរកឃើញថា លោកអធិការនគរបាលក្រុងប៉ោយប៉ែតធ្វើសំណុំរឿងផ្ទុយពីការពិត ដោយប្ដូរពីជនរងគ្រោះទៅជាជនល្មើសវិញ ក្រោយមកជនរងគ្រោះបានពឹងលោកឱ្យជួយចុះផ្សាយព័ត៌មាននេះ។
លោកថា ក្រោយផ្សាយព័ត៌មានរួចលោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានដាក់ពាក្យប្តឹងលោកពីបទ«ញុះញង់ឱ្យមានការរើសអើង» ។
លោក អ៊ុង ថាប់រាំង និយាយថា លោកទទួលបានលិខិតកោះហៅចំនួន០២ ឱ្យចូលទៅឆ្លើយបំភ្លឺនៅក្នុងស្នងការនគរបាលខេត្ដបន្ទាយមានជ័យនៅថ្ងែទី៩ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីឆ្លើយបំភ្លឺរួចលោកត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ដបន្ទាយមានជ័យ ដើម្បីធ្វើការសួរនាំបន្ថែម ហើយក្រោយសាកសួររួច រូបលោកត្រូវបាបបញ្ជូនទៅឃុំខ្លួននៅស្នងការមួយយប់។
លោកថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា លោកត្រូវបានបញ្ជូនទៅតុលាការសាកសួរម្តងទៀតប៉ុន្តែតំណាងអយ្យការរកមិនឃើញធាតុផ្សំសម្រាប់ដាក់បន្ទុកមកលើរូបលោកនោះទេ និងបានដោះលែងឱ្យលោកមានសេរីភាពវិញនៅម៉ោងជិត១២ថ្ងៃត្រង់ ។
លោក អ៊ុង ថាប់រាំង យល់ឃើញថា ការឃុំខ្លូនលោកនេះ គឺជាការបំភិតបំភ័យគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើរូបលោក និងអ្នកសារព័ត៌មានផ្សេងទៀត។ លោកចង់ឃើញអាជ្ញាធរ ពាក់ព័ន្ធទាំងអស់អនុវត្តច្បាប់ស្ដីពីរបបសារព័ត៌មាន មិនត្រូវយកក្រមព្រហ្មទណ្ឌមកអនុវត្តលើអ្នកសារព័ត៌មាននោះទេ។
លោកលើកឡើងថា៖ «យើងយល់ឃើញថារឿងឃុំខ្លួនអ្នកសារព័ត៌មានគាត់[ប៉ូលិស]មិនត្រូវប្រើប្រាស់ក្រមព្រហ្មទណ្ឌគួណាស់គាត់[ប៉ូលិស]ប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានមុនគាត់ធ្វើអីទៅលើអ្នកកាសែត។អ្វីដែលយើងចុះផ្សាយក្នុងនាមអ្នកការសែតបែជាគេចេញដីការកោះបែបព្រហ្មទណ្ឌឱ្យចូលទៅបំភ្លឺនៅស្នងការនគរបាលខេត្ដបន្ទាយមានជ័យនេះវាជាទង្វើលគំរាមកំហែងធ្ងន់ធ្ងរណាស់ដល់អ្នកសារព័ត៌មាន» ។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា លោកមិនមានអ្វីត្រូវបកស្រាយនោះទេ។ ដោយលោកឱ្យពលរដ្ឋអ្នកសារព័ត៌មានទៅមើលសេចក្ដីបំភ្លឺព័ត៌មានរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតវិញ ។
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចេញសេចក្ដីបំភ្លឺព័ត៌មានថា លោក ព្រហ្ម ពិសិដ្ឋ បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ស៊ូ វណ្ណា ដាក់ពាក្យបណ្ដឹងទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលប្តឹងទៅលើលោក អ៊ុង ថាប់រាំង ជាចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង តាមប្រព័ន្ធបណ្តាញសង្គម ។
នៅក្នុងសេចក្ដីបំភ្លឺនោះបញ្ជាក់ថា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអម សាលាដំបូងខេត្តនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ដោយធ្វើការសាកសួរមិនទាន់ចប់ ហើយព្រះរាជអាជ្ញារងបានផ្ញើ លោក អ៊ុង ថាប់រាំង មកស្នងការដ្ឋាននគរបាលខេត្តវិញដោយឃាត់ទុកក្នុងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន។
នៅក្នុងសេចក្ដីបំភ្លឺនោះបន្តថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ព្រះរាជអាជ្ញារងបានធ្វើការសាកសួរបន្តរហូត់ដល់ចប់ រួចបានសម្រេចអនុញ្ញាតឱ្យលោក អ៊ុង ថាប់រាំង ត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន ដោយបានស្ម័គ្រចិត្តទទួលនូវកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពប៉ះពាល់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាពិសេសអធិការនគរបាលក្រុងប៉ោយប៉ែត ធ្វើលិខិតសុំទោស និងកែតម្រូវ។
តែក្រោយពីបានត្រឡប់ទៅលំនៅដ្ឋានវិញ លោក អ៊ុង ថាប់រាំង នូវតែបន្តប្រើពាក្យពេចន៍វាយប្រហារតាមបំណ្តាញសង្គមមកលើអង្គភាព និងថ្នាក់ដឹកនាំរបស់ស្នងការដ្ឋានដដែល ទាំងដែលសំណុំរឿងស្ថាប័នតុលាការកំពុងមានចំណាត់ការនៅឡើយ ។
នៅក្នុងសេចក្ដីបំភ្លឺបញ្ជាក់ថា៖ «អ្នកនាំពាក្យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយ ពុំបានយល់ច្បាស់ពីនីតិវិធីមកលើថ្នាក់ដឹកនាំរបស់ស្នងការដ្ឋាន និងសំដែងការសោកស្តាយយ៉ាងខ្លាំងចំពោះពាក្យ បណ្តឹងរបស់លោក អ៊ុង ថាប់រាំង ដែលធ្វើឡើងបណ្តាលឱ្យមានការភាន់ច្រឡំដល់សាធារណជន ប៉ះពាល់ដល់ កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល និងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងមូល ជាពិសេស អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបបន្ថែមពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាននោះទេនៅថ្ងៃពុធនេះ ។
លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានថ្លែងថា ការឃុំខ្លួនលោក អ៊ុង ថាប់រាំង គឺជាការរំលោភសិទ្ធិមនុស្ស ដោយយោងលើអត្ថបទដែលលោកបានចុះផ្សាយមានប្រភពច្បាស់លាស់។
លោកស្រី ឆន សុគន្ធា បញ្ជាក់ថា ក្នុងករណីអ្នកសារព័ត៌មានផ្សាយព័ត៌មាន ឬខុសវិជ្ជាជីវៈសារពត៌មាន គឺត្រូវអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន ដោយឱ្យអ្នកសារព័ត៌មានកែតម្រូវអត្ថបទឡើងវិញមិនត្រូវចោទប្រកាន់តាមបទព្រហ្មទណ្ធ និងបង្ខាំនោះទេ។
លោកស្រីលើកឡើងថា៖ «ករណីយកក្រមព្រហ្មមកអនុវត្តលើអ្នកសារពត៌មាន គឺជាការគំរាមកំហែង និងបំបាក់ស្មារតីដល់អ្នកសារពត៌មានដែលហ៊ានក្នុងការរាយការណ៍បែបរស៊ើប» ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលេខ១៦១ នៅក្នុងប្រទេស១៨០។ ចំណាត់ថ្នាក់នេះបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះ កាលពីឆ្នាំ២០២៤ចំណាត់ថ្នាក់កម្ពុជា១៥១ ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ(CCIM) បានចេញរបាយការណ៍នៅក្នុងឆមាសទី១ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ CCIM រកឃើញការយាយីលើអ្នកសារព័ត៌មាន មានចំនួន១៧ករណី នៅក្នុងនោះមានអ្នកសារព័ត៌មានអាជីព ពលរដ្ឋអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានវ័យក្មេងសរុបចំនួន២២នាក់។
របាយការណ៍ដដែលបង្ហាញថា ការគំរាមកំហែងពីវិធានការផ្លូវច្បាប់០២ករណី គំរាមកំហែងដោយពាក្យសម្ដី០១ករណី ការឃាត់ខ្លួន៣ករណី ការបៀតបៀនមកលើអ្នកសារព័ត៌មាន០២ករណី ការបំភិតបំភ័យ០៩ករណី៕
…………………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសាព័ត៌មានលោក សួន វុត្ថា