អ្នកភូមិជាជនជាតិដើមភាគតិចមួយចំនួននៅព្រះវិហារ បន្តរស់នៅដោយពឹងអាស្រ័យទៅលើធនធានធម្មជាតិ ការប្រកបរបរបែបប្រពៃណី ហើយខ្លះទៀតត្រូវការដីធ្លីសម្រាប់បង្កបង្កើនផល ខណៈពួកគេខ្លះទៀតមិនមានដីអាស្រ័យផល ស្របពេលដីរាប់ម៉ឺនហិកតារបស់ក្រុមហ៊ុនចិននៅខេត្តមួយនេះបន្តទុកចោលគ្មានសកម្មភាពអភិវឌ្ឍន៍អ្វីទៀតឡើយចាប់តាំងពីពេលក្រុមហ៊ុនផ្អាកដំណើរការអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ។
ពលរដ្ឋជនជាតិដើមភាគតិចបានលើកឡើងថា ដីអាស្រ័យផលដែលពួកគេធ្លាប់បានប្រើប្រាស់ជាប្រពៃណីសម្រាប់ដាំដំណាំ ចិញ្ចឹមសត្វ និងរកផលអនុផលពីព្រៃឈើ ត្រូវបានរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនចិនចំនួន៥ ដែលមានប្រធានក្រុមហ៊ុនតែមួយសម្រាប់វិនិយោគដាំដំណាំអំពៅ និងធ្វើកសិកម្ម កាលពីឆ្នាំ២០១១។
បើតាមអត្ថបទស៊ើបអង្កេតមួយរបស់វីអូឌីកាលពីឆ្នាំ២០១៩ បានឱ្យដឹងថា នៅឆ្នាំ២០១១ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនចិនចំនួន ៥ រួមមានក្រុមហ៊ុន ហេង ណុង ក្រុមហ៊ុន ហេង រ៉ូយ ក្រុមហ៊ុន ហេង យូ ក្រុមហ៊ុន ឡាន ហ្វេង និងក្រុមហ៊ុន រ៉ូយ ហ្វេង ដែលមានទំហំផ្ទៃដីវិនិយោគចន្លោះពីជាង ៦ពាន់ហិកតា( ៦៤៨៨) ទៅជិត១ម៉ឺនហិកតា(៩ ១១៩) ហើយបើគិតជាផ្ទៃដីសរុបមានចំនួនជាង៤ម៉ឺនហិកតា(៤២ ៤២២)។

ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង ត្រូវបានទុកចោលដោយមិនមានសកម្មភាពដាំដុះ ឬធ្វើអ្វីនៅឡើយកាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី
អ្នកស្រុកឱ្យដឹងថា ក្រុមហ៊ុនចិនទាំងនេះ បានផ្អាកសកម្មភាពដាំអំពៅ នៅឆ្នាំ២០១៩ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ហើយដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតា ត្រូវបានទុកចោល ដោយគ្មានការអភិវឌ្ឍបន្ត។ ទោះជាយ៉ាងណា ជនជាតិដើមភាគតិចកួយ ដែលធ្លាប់អាស្រ័យផលលើដីនោះ មិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើស្រែចម្ការ ឬអាស្រ័យតាមបែបប្រពៃណីវិញឡើយ។
មានវ័យ៦២ឆ្នាំ ជាជនជាតិដើមភាគតិចកួយនៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ អ្នកស្រី អៀម ហូន បានរៀបរាប់ថា ជនជាតិដើមភាគតិចកួយ មានរបៀបរស់នៅតាមបែបប្រពៃណីដោយពឹងផ្អែកលើការអាស្រ័យផលលើធនធានធម្មជាតិ និងការធ្វើចំការវិលជុំ។ អ្នកស្រីបន្តថា ដីធ្លី ព្រៃឈើ មិនត្រឹមតែជាទ្រព្យសម្បត្តិសេដ្ឋកិច្ចសម្រាប់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានវប្បធម៌ ជំនឿ និងអត្តសញ្ញាណរបស់ពួកគេផងដែរ។ ជាមួយគ្នានេះ ការបាត់បង់ដីធ្លី ដីព្រៃសហគមន៍កាលពីអំឡុងក្រុមហ៊ុនចិនចូលវិនិយោគកាលពីឆ្នាំ២០១១ បានធ្វើឲ្យគ្រួសារជាច្រើនបាត់បង់ដីធ្លី ព្រៃឈើ ហើយការបាត់បង់នោះប្រៀបបានទៅនឹងការបាត់បង់ប្រាក់ចំណូល ប្រឈមមុខភាពនឹងភាពក្រីក្រ ។
អ្នកស្រី អៀម ហូន៖………………………………………….។
ដោយដកស្រង់ទិន្នន័យពីអង្គការក្រៅរដ្ឋាភិបាល អត្ថបទស៊ើបអង្កេតដដែលឱ្យដឹងថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនទាំង៥ នោះបណ្តាលឱ្យប៉ះពាល់ពលរដ្ឋនៅភូមិចំនួន២៥ ក្នុងឃុំចំនួន១០ នៃស្រុកចំនួន ៣ ក្នុងខេត្តព្រះវិហារ។ តាមការប៉ាន់ប្រមាណថាប្រហែល ២៥ភាគរយនៃដីវិនិយោគនោះ គឺប៉ះពាល់ដល់ពលរដ្ឋប្រហែល ២០០០គ្រួសារ។
កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមបើកសម្ភោធដាក់ដំណើរការរោងចក្រស្ករអំពៅក្រុមហ៊ុនរ៉ូយហ្វេង ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៥ ក្នុងទំហំទឹកប្រាក់វិនិយោគផលិតស្ករអំពៅចំនួន ៣៦០លានដុល្លារ។
ស្រ្តីជាជនជាតិដើមភាគតិចម្នាក់ទៀត អ្នកស្រី ក្រូច ពៅ ប្រាប់ឱ្យដឹងថា ដីអាស្រ័យផលរបស់ជនជាតិដើមភាគតិចជាង៣០០ហិកតា ត្រូវបានបាត់បង់ទាំងស្រុង ក្រោយត្រូវបានឈូសឆាយសម្រាប់ដាំអំពៅពីសំណាក់ក្រុមហ៊ុនវិនិយោគ។ តែក្រោយមកដីទាំងនោះ បានក្លាយជាដីទំនេរ មិនមានសកម្មភាពផលិតកម្មណាមួយទៀតឡើយចាប់តាំងពីឆ្នាំ២០១៩មក។ ជាមួយគ្នានេះ នៅពេលប្រជាពលរដ្ឋព្យាយាមចូលអាស្រ័យផលលើដីទំនេរនោះ ត្រូវបានអាជ្ញាធរហាមឃាត់ និងគំរាមកំហែងជានិច្ច។
អ្នកស្រី ក្រូច ពៅ៖…………………………………………………………។
លោក សូន សុភាង ពលរដ្ឋនៅភូមិពោធិ៍ទាប ឃុំម្លូរព្រៃពីរ ជាអ្នកជួលដីរបស់ក្រុមហ៊ុនចិនបានឱ្យដឹងថា លោកបានជួលដីចំនួន ៦ហិកតា ក្នុងរយៈពេលខ្លី២ ឬ៣ខែ ដើម្បីដាំឪឡឹក និងធ្វើស្រែប្រាំង ដោយគាត់បានជួលដីនោះបន្តពីបុគ្គលមួយរូបដែលជាជនខ្មែរដូចគ្នា។ លោកបញ្ជាក់ថា បច្ចុប្បន្នលោកជួលដីក្រុមហ៊ុនធ្វើកសិកម្មសម្រាប់រយៈពេលខ្លីពីពីរទៅបីខែ ក្នុងតម្លៃមួយហិកតា ១៥ ម៉ឺនរៀល។ ដោយឡែកការជួលដីរយៈពេលវែង ឬរយៈពេញមួយឆ្នាំមានតម្លៃជាង៥០ ម៉ឺនរៀលក្នុងមួយហិកតា។

ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង កាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានជួលបន្តទៅឱ្យពលរដ្ឋសម្រាប់ដាំឪឡឹក នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី
ប្រភពដដែលរៀបរាប់ទៀតថា កាលពីឆ្នាំ២០២២ លោកបានជួលដីនៅតំបន់នេះដូចគ្នាដែល តែជួលផ្ទាល់ពីជនជាតិចិន តែមកដល់ពេលនេះ គាត់បែបជាជួលពីជនជាតិខ្មែរដូចគ្នាវិញ។ យ៉ាងណា លោក ភាង ពុំបានដឹងពីមូលហេតុនេះ លម្អិតនោះទេ។
លោក សូន សុភាង និយាយទៀតថា ដីរបស់ក្រុមហ៊ុនចិន នៅឃុំម្លូព្រៃពីរនេះ ដែលបានជួលឲ្យពលរដ្ឋពីខាងក្រៅ មកប្រកបរបរធ្វើកសិកម្មសម្រាប់ការដាំឪឡឹកនិង ធ្វើស្រែ ហើយផ្ទៃដីដែលជួលអស់ប្រហែល៣០០ហិកតា។
លោក សូន សុភាង៖…………………………………………….។
លោក អៀម អោន ជាអនុប្រធានសហគមន៍ជនជាតិដើមភាគតិចកួយនៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ក្រុមហ៊ុន ហេង ហ្វូ ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធ ៥ផ្សេងទៀតនោះ បានផ្អាកដំណើរការជាង៦ឆ្នាំមកហើយ ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩។

ទិដ្ឋភាពដីរបស់ក្រុមហ៊ុនចិនឈ្មោះ រូយ ហ្វេង ត្រូវបានទុកចោលដោយមិនមានសកម្មភាពដាំដុះ ឬធ្វើអ្វីនៅឡើយកាលពីថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ។ ដោយ ឃុត សេងឡង់ឌី
លោកបន្ថែមថា ពលរដ្ឋជាជនជាតិដើមភាគកួយបច្ចុប្បន្នត្រូវការដីសម្រាប់បង្កបង្កើនផលជាខ្លាំង។ ប៉ុន្តែលោកថា ពួកគេពុំអាចចូលទៅអាស្រ័យផល ធ្វើស្រែចំការ ឬដាំដុះលើដីរបស់ខ្លួនបានវិញនោះទេ ដោយមានការចុះហាមឃាត់ និងគំរាមកំហែងពីសំណាក់អាជ្ញាធរថែមទៀត។ លោក អៀម អោន រៀបរាប់បន្តថា ដីដែលក្រុមហ៊ុនចិនមិនបានអភិវឌ្ឍដាំអំពៅបន្តនោះ មានច្រើនម៉ឺនហិកតា តែមិនត្រូវបានផ្តល់មកកាន់ពួកគាត់ សម្រាប់អាស្រ័យផលវិញឡើយ។ លោក អៀម អោន នៅទទូចស្នើដល់រាជរដ្ឋាភិបាលឱ្យពិចារណាក្នុងការកាត់ឆ្វៀលដីទាំងនោះជូនពួកគាត់ ដើម្បីបានអាស្រ័យផលចិញ្ចឹមជីវិតឡើងវិញ ។
លោក អៀម អូន៖……………………………………………។
ប្រធានសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រើសក្អក ឃុំម្លូព្រៃពីរ លោក សឿន ថា និយាយថា ជនជាតិដើមភាគតិចកួយនៅតំបន់នេះបានទទួលរងការរំលោភបំពានដីធ្លី ក្រោមហេតុផលនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនចិននេះ។ លោកបន្តថា ក្រោយការបិទទ្វាររបស់ក្រុមហ៊ុនចិនទាំងនោះជាង៦ឆ្នាំមកនេះ ពលរដ្ឋនៅតែមិនអាចចូលទៅអាស្រ័យផលលើដីដែលពួកគាត់ធ្លាប់អាស្រ័យផលបាន។ ក្រោយបាត់បង់ដីធ្លី និងមិនមានដីអាស្រ័យផល លោកថា បណ្តាលឱ្យពលរដ្ឋជាជនជាតិដើមភាគតិចកួយមួយចំនួនត្រូវចំណាកស្រុក និងប្រឈមបញ្ហាបំណុលទៀតផង។
លោក សឿន ថា៖…………………………………………។
ជុំវិញករណីនេះ មេឃុំម្លូព្រៃពីរ លោក កាន់ សុវណ្ណគា មានប្រសាសន៍ថា បន្ទាប់ពីក្រុមហ៊ុនស្ករអំពៅចិន ហេង ហ្វូ ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនទាំង៥ បានបិទទ្វារជាច្រើនឆ្នាំមកនេះ លោកមិនបានដឹងពីមូលហេតុនៃការបិទទ្វារនោះឡើយ។ លោកបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនបិទទ្វារលែងដំណើរការក៏ដោយ ប៉ុន្តែដីនោះនៅតែស្ថិតក្រោមគម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដដែល។ លោកបន្ថែមថា រាល់ការប្រើប្រាស់ឬអាស្រ័យផល ទាល់តែមានអនុញ្ញាតតាមនីតិវិធី។ ដោយឡែក ចំពោះការជួលដីក្រុមហ៊ុនបន្តយ៉ាងណានោះ គឺរូបលោកពុំបានដឹងនោះទេ។
លោក កាន់ សុវណ្ណគា៖……………………………………..។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការងារទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាដីធ្លីនៅខេត្តព្រះវិហារនៅតែជាបញ្ហាស្មុគស្មាញ ដែលទាមទារការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌។ ករណីនេះបានបង្ហាញពីសារៈសំខាន់នៃការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាព ការគោរពសិទ្ធិជនជាតិដើមភាគតិច និងការអភិវឌ្ឍដែលមិនប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
លោក អំ សំអាត៖……………………………………………..។
ត្រឡប់មកលោក អៀម អោន វិញ។ ដោយសារមើលឃើញពីភាពខ្វះខាតដីធ្លីក្នុងការបង្កបង្កើនផល ពលរដ្ឋជនជាតិដើមភាគតិចកួយរូបនេះ ទទូចស្នើដល់រាជរដ្ឋាភិបាលឱ្យពិចារណាក្នុងការកាត់ឆ្វៀលដីទាំងនោះជូនពួកគាត់ ដើម្បីបានអាស្រ័យផលចិញ្ចឹមជីវិតឡើងវិញ ព្រមទាំងអាចកាត់បន្ថយចំណាកស្រុក និងបញ្ហាបំណុលទៀតផង។
លោក អៀម អូន៖……………………………………………៕
…………………………………………………………………….
ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃុត សេងឡង់ឌី
