អតីតកម្មការិនីរោងចក្រ អេវើហ្រ្គីន អឹភែរឹល(ខេមបូឌា)ចំនួន៩នាក់ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញទាមទារឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយរកយុត្តិធម៌ក្រោយថៅកែបិទទ្វាររោងចក្រអស់រយៈ៧ឆ្នាំ ដោយមិនបានផ្ដល់សំណងត្រឹមត្រូវតាមច្បាប់ឱ្យពួកគេ។
អតីតកម្មការិនីរោងចក្រអេវើហ្រ្គីន អ្នកស្រី មែក សុលី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា នៅក្នុងឆ្នាំ២០១៨រោងចក្រអេវើហ្គ្រីនចាប់ផ្ដើមមានបញ្ហាអត់មានការងារឱ្យកម្មករធ្វើ ហើយក្រុមហ៊ុនឱ្យកម្មករលាឈប់ពីការងារដោយស្ម័គ្រចិត្ដនឹងផ្ដល់ប្រាក់សំណងអតីតភាពការងារក្នុង១ឆ្នាំ១០០ដុល្លារ។
កម្មការិនីដែលបម្រើការងាររយៈពេល១០ឆ្នាំរូបនេះបានឱ្យដឹងទៀតថា មូលហេតុដែលពួកអ្នកស្រីទាំង៩នាក់នៅតែបន្ដទាមទារសំណងថ្វីបើក្រុមហ៊ុនបានបិទទ្វារជាង៧ឆ្នាំក៏ដោយ ព្រោះថៅកែក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថានឹងផ្ដលសំណងអតីតភាពការងារទៅតាមផ្លូវច្បាប់ឱ្យកម្មករនៅពេលក្រុមហ៊ុនបិទទ្វារ ។
អ្នកស្រីបន្តថា នៅក្នុងឆ្នាំ២០១៩ក្រុមហ៊ុនចាប់ផ្ដើមបិទទ្វាររោងចក្រទាំងស្រុង ការផ្ដល់សំណងនៅតែមិនត្រឹមត្រូវតាមច្បាប់ដដែល។ អ្នកស្រីថា មូលហេតុដែលពួកអ្នកស្រីទាំង៩នាក់មិនព្រមទទួលយកសំណងអតីតភាពការងារ១០០ដុល្លារនៅក្នុងមួយឆ្នាំព្រោះមិនចង់ឱ្យអ្នកវិនិយោគទាំងអស់កេងប្រវ័ញ្ចផលប្រយោជន៍កម្មករ ហើយអ្នកចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាត្រូវតែគោរពច្បាស់។
អ្នកស្រីលើកឡើងថា៖ «ពួកខ្ញុំចង់បានយុត្តិធម៌ ចង់ឱ្យ[ថៅកែ]គាត់ទូទាត់សំណងទៅតាមច្បាប់ស្ដីពីការងារព្រោះពួកខ្ញុំធ្វើការនៅហ្នឹងរាប់ឆ្នាំហើយគាត់ចង់បិទគាត់ចង់ដូរអីតាមតែចិត្ត។ ពួកខ្ញុំចង់ឱ្យអ្នកវិនិយោគហ្នឹងមកវិនិយោគនៅស្រុកខ្មែរគាត់គោរពច្បាប់ស្រុកខ្មែរ» ។
អ្នកស្រី មែក សុលី បន្ថែមទៀតថា៖ «យើងធ្វើការរាប់ឆ្នាំហើយយើងឈឺចាប់ណាស់យើងក៏អត់ចង់ឱ្យរោងចក្រដ៏ទៃទៀតបានចិត្តហើយនៅតែបន្តការកេងប្រវ័ញ្ចរបស់កម្មករដែរ យើងយកកម្លាំងទៅប្រើ យើងអត់ចង់ឱ្យគាត់[ថៅកែ]កេងប្រវ័ញ្ចតាមចិត្ដទេ» ។
អ្នកស្រី សុលី បានអះអាងថា នៅក្នុងរយៈពេល៧ឆ្នាំមកនេះពួកគាត់ទាំង៩នាក់បានចំណាយលុយជាច្រើនដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទីស្ដីការគណៈរដ្ឋមន្រ្ដី ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា សមាគមន៍និយោជក និងធ្វើសន្និសីទសារព័ត៌មានៅតែមិនទទួលបានដំណោះស្រាយ ។
អ្នកស្រីបន្តថា៖ «ទីស្ដីការគណៈរដ្ឋមន្រ្ដីយើងបានដាក់លិខិតទៅហើយគាត់ចារមកឱ្យអ្នកនៅក្រសួង[ការងារ]ដោះស្រាយហើយគាត់[ក្រសួងការងារ]អត់មានដំណោះស្រាយអីដែរ ។នៅពេលដែលគេទៅដោះស្រាយគេតែងតែសួរទៅកម្មករថាចង់បានអីៗរហូត ហេតុអីក្នុងនាមគាត់ជាក្រសួងគាត់អត់ដឹងថានៅពេលរោងចក្របិទហើយ[កម្មករ]ទទួល
អតីតកម្មការិនីម្នាក់ទៀតអ្នកស្រី សេង រីទ្ធី ប្រាប់ថា អ្នកស្រីចូលបម្រើការងារនៅក្នុងរោងចក្រអេវើហ្រ្គីនចំនួន៨ឆ្នាំ ធ្វើការនៅផ្នែកដេរ។ អ្នកស្រីបន្តថា នៅពេលក្រុមហ៊ុនបិទទ្វារពួកអ្នកស្រីទាំង៩នាក់មិនទទួលបានសំណងអ្វីទាំងអស់សូម្បីតែលុយ១ដុល្លារក៏មិនទទួលបាន។
អ្នកស្រីរំលឹកថា នៅពេលដែលអ្នកស្រីមិនទទួលបានសំណងទៅតាមផ្លូវច្បាប់បែបនេះធ្វើឱ្យគ្រួសារពួកគាត់ទាំង៩នាក់ជួបការលំបាកយ៉ាងខ្លាំងដូចជាគ្មានលុយសម្រាប់ចំណាយប្រចាំថ្ងៃ បង់ថ្លៃផ្ទះជួល ទឹកភ្លើង និងបង់សងត្រឡប់ទៅធនាគារវិញ។
អតីតកម្មការិនីរូបនេះបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងនេះអ្នកស្រីត្រូវបង្ខំចិត្ដទៅចងការប្រាក់ឯកជនដែលមានអត្រាកាប្រាក់ខ្ពស់ចាប់ពី១៥ទៅ២០ដុល្លាររយៈពេល១ខែនៅក្នុងទឹកប្រាក់១០០ដុល្លារ ធ្វើឱ្យគ្រួសាររបស់អ្នកស្រីមានបំណុលទ្វេដង ។
អ្នកស្រីនិយាយថា អំឡុងពេលតវ៉ាស្វែងរកដំណោះស្រាយពីស្ថាប័នពាក់ព័ន្ធនានាអ្នកស្រីមិនបានធ្វើការងារពេញលេញនោះទេ ព្រោះត្រូវការពេលវេលាច្រើនក្នុងការស្វែងរកដំណោះស្រាយជាមួយមន្រ្ដីនៅក្រសួងការងារ ។
អ្នកស្រី សេង រីទ្ធី យល់ឃើញថា ការដែលក្រុមហ៊ុននៅតែបន្តគេចវេសមិនព្រមទទួលខុសត្រូវបែបនេះគឺមកពីការអនុវត្តច្បាប់នៅមានភាពទាន់ខ្សោយធូររលុងអត់មានប្រសិទ្ធភាពមន្រ្ដីអនុវត្តច្បាប់មិនបានការផលប្រយោជន៍របស់កម្មករនោះទេ ។
អ្នកស្រីលើកឡើងថា៖ «ច្បាប់ចែងបានល្អណាស់ប៉ុន្តែអ្នកអនុវត្តច្បាប់មិនសូវអនុវត្ត ហើយអ្នកគោរព[ច្បាប់]មិនគោរពជាពិសេសអ្នកវិនិយោកទន់ធំៗ យើងកម្មករគឺគោរព[ច្បាប់]ណាស់» ។
អ្នកស្រីអះអាងថា នៅពេលក្រុមហ៊ុនបិទទ្វារកម្មករត្រូវទទួលបានអត្ថប្រយោជន៍ចំនួន៥ចំណុចរួមមាន ប្រាក់ខែចុងក្រោយ ប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់សំណងជំងឺចិត្ដ ប្រាក់ជូនដំណឹង សរុបជាង១០០០ដុល្លារ ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា លោកត្រូវការស្រាវជ្រាវសិនព្រោះរឿងនេះបានកើតឡើងច្រើនឆ្នាំហើយ។លោកថាក្រសួងការងារមិនដែលព្រងើយកន្តើយឬទុកចោលបញ្ហារបស់កម្មករណាមួយនោះទេ ។
លោកលើកឡើងថា៖ «ខ្ញុំសុំមើលរឿងហ្នឹងបន្តិច ព្រោះជាធម្មតាក្រសួងការងារមិនដែលព្រងើយកន្តើយទៅលើអ្វីដែលជាតម្រូវការរបស់បងប្អូនឬក៏ជាបញ្ហារបស់បងប្អូនទេឱ្យតែស្ថិតនៅក្រោមច្បាប់ឬអនុវត្តទៅតាមច្បាប់» ។
លោកស្រី ចាន់ រស្មី មន្រ្ដីគាំទ្រផ្នែកច្បាប់ នៃសមាគមមណ្ឌលព័ត៌មានកម្មករបានថ្លែងថា ការនៅតែបន្តអូសបន្លាយរយៈពេល៧ឆ្នាំដោយមិនព្រមដោះស្រាយវាជារឿងអយុត្តិធម៌សម្រាប់កម្មការិនីទាំង៩នាក់ ។
លោកស្រីបន្តថា តាមនិតិវិធីផ្លូវច្បាប់ក្រសួងការងារត្រូវដោះស្រាយជូនកម្មការិនីព្រោះរោងចក្របានបិទទ្វាររួចហើយ ក្រសួងត្រូវដាក់ពីន័យឬចាប់បង្ខំឱ្យថៅកែរោងចក្រចេញមកផ្ដល់សំណង់ជូនកម្មការិនីទាំង៩នាក់។
លោកស្រីបន្ថែមទៀតថា នៅពេលក្រសួងការងារមិនអាចបង្ខំឱ្យថៅកែរោងចក្រចេញមកទទួលខុសត្រូវតាមផ្លួវច្បាប់បានធ្វើឱ្យថៅកែមានឱកាសយកគំរូនេះទៅអនុវត្ដនៅតាមរោងចក្រផ្សេងៗទៀតធ្វើឱ្យបាត់បង់ប្រយោជន៍កម្មករ។
លោកស្រីលើកឡើងថា៖ «សំខាន់ទៅលើតួនាទីរបស់ក្រសួងនៅពេលដែលក្រសួងអត់មានយន្ដការក្នុងការជម្រុញទៅដល់ថៅកែរោងចក្រឱ្យមកទទួលខុសត្រូវវាអាចឱ្យថៅកែរោងចក្រមានឱកាសឬជាគំរូមួយដែលធ្វើឱ្យថៅកែរោងចក្រមានឱកាសនៅក្នុងការយកទៅអនុវត្តតាមរោងចក្រផ្សេងៗទៀតដូចគ្នា។ មានន័យថាលើកទីមួយគាត់អត់គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងគាត់អត់ទូរទាត់សំណងអញ្ចឹងគាត់អាចយកបទពិសោធន៍ហ្នឹងបន្ដធ្វើសកម្មភាពរបស់គាត់ករណីគាត់មានរោងចក្របន្តទៀតគេចវេសពីការទទួលខុសត្រូវ» ។
បើតាមកម្មករឱ្យដឹងថារោងចក្រ អេវើហ្រ្គីន អឹភែរឹល(ខេមបូឌា)មានថៅកែជាជនជាតិខ្មែរ មានកម្មករបម្រើការងារចំនួន១៧៥២នាក់។ រោងចក្រនេះកាត់ដេរខោអាវសម្រាប់នាំទៅលក់នៅសហគមន៍អឺរុប៕
…………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា
