CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ វត្ត​មាន​ក្រុម​ហ៊ុន​ចិន​មួយ​នៅ​ត្បូងឃ្មុំ​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ដីធ្លី​ ខ្លះ​ប្រឈម​ផ្លូវ​ច្បាប់​ ​និង​ចំណាក​ស្រុក​

CJ Khmer ដោយ CJ Khmer
August 9, 2025
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ប្រជាពលរដ្ឋនៅភូមិស្រែប្រាំង នាំគ្នាឡើងទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌កាលពីឆ្នាំ២០២០ ស្នើឱ្យអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគាត់ គឺ លោក សែម សាង ព្រមទាំងស្នើឱ្យទម្លាក់បទចោទទៅលើគាត់ និងអ្នកភូមិផ្សេងទៀត ដែលមានវិវាទជាមួយក្រុមហ៊ុន ហាមីនិវិន អ៊ិនវេសមេន ។ (ផ្តល់ឱ្យ)

ប្រជាពលរដ្ឋនៅភូមិស្រែប្រាំង នាំគ្នាឡើងទៅដាក់ញត្តិនៅក្រសួងយុត្តិធម៌កាលពីឆ្នាំ២០២០ ស្នើឱ្យអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគាត់ គឺ លោក សែម សាង ព្រមទាំងស្នើឱ្យទម្លាក់បទចោទទៅលើគាត់ និងអ្នកភូមិផ្សេងទៀត ដែលមានវិវាទជាមួយក្រុមហ៊ុន ហាមីនិវិន អ៊ិនវេសមេន ។ (ផ្តល់ឱ្យ)

0
ចែករំលែក
64
ចំនួនមើល

ក្រុមហ៊ុនចិន​មួយដែលបានបោះទុនវិនិយោគដំណាំកសិកម្មនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានធ្វើឱ្យពលរដ្ឋម្ចាស់ស្រុកជាច្រើនគ្រួសារបាត់បង់ដីធ្លី ​ បាត់បង់ទាំងដីព្រៃសហគមន៍ ហើយពលរដ្ឋខ្លះត្រូវបង្ខំចិត្តចំណាកស្រុក និងពលរដ្ឋមួយចំនួនទៀតទៀតត្រូវប្រឈមផ្លូវច្បាប់ និងជាប់ពន្ធនាគារជាដើម។ ​   

អ្នកភូមិនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ភាគច្រើនរស់ពឹងអាស្រ័យលើដីធ្លីរបស់ខ្លួន ដើម្បីបង្កបង្កើនផលកសិកម្មចិញ្ចឹមគ្រួសារ។ ប៉ុន្តែដីធ្លីរបស់ពួកគេមួយចំនួនក៏ត្រូវបានបាត់បង់ ក្រោយ​មានវត្តមានក្រុមហ៊ុនមួយឈ្មោះ ហាមីនិវិនអ៊ិនវេសមិន ដែលមានថៅកែជាជនជាតិចិន មកវិនិយោគវិស័យកសិកម្ម​នៅតំបន់នេះ។ ​

លោក ថា លីដា ជាពលរដ្ឋ រស់នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់ពលរដ្ឋអ្មកសារព័ត៌មានថា បច្ចុប្បន្នលោកបានចំណាកស្រុកមកធ្វើការជាកម្មករផ្នែកដឹកជញ្ជូននៅក្រុងបាវិត ខេត្តស្វាយរៀង ។

លោកថា ពលរដ្ឋមួយចំនួននៅសហគមន៍ស្រែប្រាំង ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានត្អូញត្អែរពីទុក្ខលំបាករបស់ខ្លួនចំពោះជីវភាពរបស់ពួកគេបន្ទាប់ពី រងផលប៉ះពាល់ដោយការវិនិយោគនៃក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមិន ដែលបានរំលោភយកដីសហគមន៍និងស្រែចំការរបស់ពួកគេដែលធ្លាប់អាស្រ័យផលពីយូរមកហើយ។ លោកបន្តថា បច្ចុប្បន្នពួកគេកំពុងប្រឈមនិងជីវភាព ដោយសារតែពួកគេ ពុំមានដីស្រែចំការគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល និងមិនអាចចូលទៅប្រកបរបរនេសាទ ឬបេះបន្លែនៅក្នុងដីព្រៃសហគមន៍ដូច​គ្រាមុន ជាហេតុធ្វើឱ្យពួកគេបាត់បង់មុខរបរ ប្រាក់ចំណូល រហូតដល់ជំពាក់បំណុលធនាគារ និងត្រូវ​ចំណាកស្រុកដើម្បីរកប្រាក់​ដោះបំណុលគេ។

លោកឱ្យដឹងថា លោកជាពលរដ្ឋរងគ្រោះដីធ្លីម្នាក់នៃសហគមន៍ស្រែប្រាំង ដែលធ្លាប់រងបណ្តឹងទៅតុលាការពីបទប្រឆាំងរាជការសាធារណៈ ខណៈដែលរូបលោកនិងពលរដ្ឋផ្សេងទៀត តវ៉ាប្រឆាំងមិនឱ្យក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមិន ឈូសឆាយរំលោភដីស្រែចំការនិងដីព្រៃសហគមន៍ នៅអំឡុងឆ្នាំ ២០២០ ។ លោកលីដា ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសនៅអំឡុងឆ្នាំ២០២៣ ឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ តែទោសនោះត្រូវបានព្យួរឱ្យអនុវត្តនៅក្រៅឃុំ។

លោកឱ្យដឹងទៀតថា ក្រុមហ៊ុនចិននេះបានរំលោភយកដីស្រែចំការរបស់លោកអស់ចំនួន ១២ហិកតា ក្នុងនោះមាន៩ហិកតា ជាដីកេរ្តិ៍ពីឳពុកម្តាយធ្លាប់អាស្រ័យផលយូរមកហើយ និងមានលិខិតបញ្ជាក់ទទួលស្គាល់ការប្រើប្រាស់អាស្រ័យផលពីភូមិ ឃុំ តាំងពីឆ្នាំ២០០៧មក។

លោកបន្តថា៖« ដីដែលបាត់បង់ហ្នឹង ដីពីដូនពីតាហ្នឹង៩ហិកតា ហើយដីដែលកំពុងអាស្រ័យផលរាល់ថ្ងៃហ្នឹងវា៣ហិកតាដែរបង។ ដី៩ហិកតាហ្នឹងមានលិខិតទទួលស្គាល់ពីភូមិ ពីឃុំអីចឹងណាបង វាមានគេហៅថាបង្កាន់ដៃបង»។

លោកឱ្យដឹងទៀតថា ចាប់តាំងពីក្រុមហ៊ុនរំលោភយកដីស្រែចំការអស់ លោកមិនមានអ្វីទីពឹងផ្សេងទៀតឡើយក្រៅពីធ្វើការចំណាកស្រុក ព្រោះគ្មានដីធ្លីស្រែចំការសម្រាប់ដាំដុះ និងមិនមានព្រៃសហគមន៍សម្រាប់អាស្រ័យផលទៀត ដែលធ្វើឱ្យគ្រួសារលោក ជួបប្រទះការខ្វះខាតជីវភាព និងជំពាក់បំណុលធនាគារ។

 លោកបន្តថា៖«ខ្ញុំនៅបាវិតបង ខ្ញុំមកជិត១ឆ្នាំហើយ ដោយសារតែធនាគារហ្នឹងចោលកូន ចោលចៅបង ។ មិនថាតំណាងសហគមន មិនថាប្រជាពលរដ្ឋទេភាគច្រើនពួកគាត់ជាប់បំណុលព្រោះតាំងពីបាត់បង់ដីមកពួកគាត់អត់មានទីពឹងសម្រាប់អាស្រ័យផល សម្រាប់បង់ធនាគារ ក៏ដូចជាផ្គត់ផ្គង់ជីវភាពគ្រួសារទេ ភាគច្រើនពួកគាត់ចំណាកស្រុក »។

លោក សែម ចំណាន តំណាងពលរដ្ឋសហគមន៍ភូមិស្រែប្រាំងមួយរូបទៀតបានឱ្យដឹងថា អ្នកភូមិស្រែប្រាំង១២៨គ្រួសារត្រូវបានក្រុមហ៊ុនចិន ហាមីនិវិនអ៊ិនវេសមិន ឈូសឆាយរំលោភយកដីស្រែចំការ និងដីសហគមន៍ អស់ផ្ទៃដីសរុប ៧៨៥ហិកតា កាលពីឆ្នាំ២០២០។ លោកបន្តថា ក្រោយពីក្រុមហ៊ុនចិន បានរំលោភយកដីស្រែចំការនិងដីសហគមន៍អស់ ពលរដ្ឋក្នុងភូមិភាគច្រើនធ្វើចំណាកស្រុក ព្រោះពួកគេមិនមានដីសម្រាប់ដាំដុះអាស្រ័យផល។ ការបាត់បង់ដីធ្លី មុខរបរ បានធ្វើឱ្យពួកគាត់គ្មានប្រាក់ចំណូលទ្រទ្រង់ជីវភាព ធ្លាក់ខ្លួនក្រីក្រ ជំពាក់បំណុល និងធ្វើចំណាកស្រុក ។

លោកលើកឡើងថា មុនពេលដែលក្រុមហ៊ុនមកវិនិយោគនៅតំបន់នោះ ពលរដ្ឋភាគច្រើនមានជីវភាពសមរម្យ ដោយសារពួកគេមានដីស្រែចំការបង្កបង្កើនផលហូបចុកគ្រប់គ្រាន់ ហើយមិនជំពាក់បំណុលគេ និងអាចរកចំណូលបន្ថែមពីការនេសាទ បេះបន្លែ និងជីកទំពាំងក្នុងព្រៃសហគមន៍សម្រាប់លក់ដូរបាន។

លោកបន្ថែមថា៖« កាលមុនក្រុមហ៊ុនចូលមកពលរដ្ឋមានជីវភាពរស់ស្រួល មានដីធ្វើស្រែប្រាំង ស្រែវស្សាហ៍ មានដីចំការ ហើយពលរដ្ឋអាចទៅរកត្រីបេះបន្លែបេះអី បើខែរកទំពាំងវិញទៅទាំងភូមិៗ អ្នកភូមិប្រហែល៩០%ហើយទៅរកទំពាំង»។

លោកឱ្យដឹងទៀតថា លោកក៏បានបាត់បង់ដីស្រែអស់ ៥ហិកតា និងធ្លាប់ជាប់ពន្ធនាគាអស់រយៈពេល១៦ខែដោយសារក្រុមហ៊ុនប្តឹង ក្រោមបទចោទ«កំហែងយកដោយប្រើប្រាស់អាវុធ» និងបទចោទមួយទៀតប្តឹងដោយអាជ្ញាធរ«ប្រឆាំងរាជការសាធារណៈ» ខណៈ​លោកធ្វើសកម្មភាពរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនមិនឱ្យឈូសឆាយរំលោភយកដីស្រែចំការនិងដីសហគមន៍ស្រែប្រាំងកាលពីឆ្នាំ២០២០។ ក្រោយចេញពីពន្ធនាគារវិញ ដោយគ្មានដីស្រែចំការបង្កបង្កើនផល លោកមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ផ្គត់ផ្គង់ជីវភាពឡើយ។ ភាពលំបាកក៏កើតមានកាន់តែខ្លាំង រហូតជំពាក់បំណុលធនាគារ  និងត្រូវបង្ខំចិត្តចំណាកស្រុកចោលផ្ទះសម្បែង ចោលប្រពន្ធកូន ដើម្បីស្វែងរកប្រាក់ដោះស្រាយជីវភាព។

លោកបន្ថែមថា ៖ «សម្រាប់ខ្ញុំផ្ទាល់ តាំងពីចេញពីពន្ធនាគារមក ក៏ធ្វើការចំណាកស្រុកដែរបង បញ្ហាគឺការអត់ដីធ្វើតែម្ដងបង ហើយជីវភាពគឺក្រីក្រលំបាក មួយទៀត កត្តាធំគឺបាត់បង់ដីធ្លី ធ្វើឲ្យជីវភាពយើងកាន់តែខ្វះខាត ទើបយើងដាច់ចិត្តទៅចំណាកស្រុក»។

ពលរដ្ឋដដែលឱ្យដឹងថា វិវាទដីធ្លីជាមួយក្រុមហ៊ុនចិននេះ បណ្តាលឱ្យពលរដ្ឋជិត៧០នាក់ រងពាក្យបណ្តឹងទៅតុលាការ ហើយ​តំណាងពលរដ្ឋ៤នាក់មកពីភូមិចំនួន២ រួមមានភូមិស្រែប្រាំង និងបុស្សស្នោរ ត្រូវជាប់ពន្ធនាគារ ប៉ុន្តែពួកគេត្រូវបានដោះលែងអំឡុងឆ្នាំ២០២២និង២០២៣ ក្រោយពួកគេអនុវត្តទោសចប់។ ដោយឡែកសំណុំរឿងពលរដ្ឋផ្សេងទៀតលោកថា ក៏ត្រូវបានបញ្ចប់ ដោយការព្យួរទោស កាត់តម្រឹម ឬទម្លាក់ចោលជាដើម។

លោក ហឿន ស៊ីនាត ពលរដ្ឋម្នាក់ទៀតនៃ ភូមិស្រែប្រាំង ដែលបច្ចុប្បន្នកំពុងចំណាកស្រុក ទៅធ្វើជាកម្មករក្រុមហ៊ុនហ្គាសនៅខេត្តស្វាយរៀង បានប្រាប់ពលរដ្ឋអ្នកសារពត៌មានថា លោកធ្លាប់ជាប់ពន្ធនាគាររយៈពេលជាងពីរឆ្នាំ ដោយសារក្រុមចិនក្រុមហ៊ុនចិន ហាម៉ិនីវេន អ៊ិនវេសមេនប្តឹង ។ លោកបន្តថា លោកត្រូវជាប់ឃុំតាំងពីថ្ងៃទី៣ខែសីហា ២០២០ដល់ថ្ងៃ ៩ ខែកញ្ញាឆ្នាំ២០២២  ដោយសារ ក្រុមហ៊ុនប្តឹងពីបទ «ធ្វើឱ្យខូចខាតដោយចេតនាប្រព្រឹត្តរួមឋានៈជាសហចារី» និងរងបទចោទមួយទៀតគឹ«ប្រឆាំងរាជការសាធារណៈ» ខណៈ​លោកធ្វើសកម្មភាព រារាំងមិនឱ្យក្រុមហ៊ុនចូលឈូសឆាយលើដីចំការរបស់ខ្លួន។ 

ក្រោយចេញពីពន្ធនាគារវិញ លោកស៊ីនាត ត្រូវបាត់បង់អ្វីៗគ្រប់យ៉ាង រួមទាំងដីធ្លី ផ្ទះសម្បែង និងការបែកបាក់គ្រួសារ។ លោកសង្កត់ធ្ងន់ថា ដោយសារការវិនិយោគរបស់ក្រុមហ៊ុនចិននេះ បានបំផ្លាញអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់លោក ។

លោកបន្ថែមថា៖« ខ្ញុំបែកបាក់គ្រួសារដោយសារតែខ្ញុំជាប់ពន្ធនាគារបង។​ ហើយខ្ញុំចំណាកស្រុកនេះ គឺដោយសារតែខ្ញុំគ្មានផ្ទះ មានដីបង្កបង្កើនផល ខ្ញុំខ្វះខាត និយាយរួមយើងអត់មានទាំងអស់ហ្មង ក្នុងភូមិហ្នឹង។ ក្រុមហ៊ុនវិនិយោគមកហ្នឹង បានធ្វើឲ្យប្រជាពលរដ្ឋចំណាកស្រុក គ្មានលុយគ្មានកាក់ បង្ខំចិត្តឱ្យកូនឈប់រៀន ចំណាកស្រុកដើម្បីរកលុយដោះបំណុលធនាគារ»។

ពលរដ្ឋអ្នកសារព័ត៌មាននៅពុំអាចស្វែងការទាក់ទងទៅតំណាងក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមិន បាននៅឡើយ។ តំណាងសហគមន៍ឱ្យដឹងថា ​ក្រុមហ៊ុនចិន​នេះ ក៏មានអ្នកភូមិស្រែប្រាំងប្រហែល២០នាក់ និងភូមិបុស្សស្នោរប្រហែល ​១០នាក់ទទួលបានការងារនៅទីនេះ។ ដោយឡែក  ​ពលរដ្ឋដែលមានប្រវត្តិតវ៉ាដីធ្លី គេមិនឱ្យធ្វើការទេ បើទទួលឱ្យធ្វើការលុះណាតែផ្តិតមេដៃ​បញ្ឈប់ការតវ៉ាទាមទាដីធ្លីបន្តទៀត។ ​បច្ចុប្បន្នក្រុមហ៊ុនហាមីនិវិនអ៊ិនវេសមេន កំពុងធ្វើអាជីវកម្មដាំដំណាំដូង និងធ្វើផ្ទះត្រចៀកកាំ។ ​

យ៉ាងណា លោក យ៉ាន់ ចន្ថា  មេភូមិស្រែប្រាំង បានប្រាប់ពលរដ្ឋអ្នកសារពត៌មានថា  ពិតជាមានអ្នកភូមិចំណាកស្រុកច្រើនពិតមែន។ លោកនិយាយថា ពលរដ្ឋទាំងនោះភាគច្រើនចំណាកស្រុកដោយសារពួកគេ  ជំពាក់បំណុលធនាគារច្រើន គ្មានមុខរបរ ប្រាក់ចំណូលមិនទៀងទាត់ ឯការងារក្នុងស្រុកបានកម្រៃទាបនិងមិនសូវមានការងារធ្វើ។ លោកបញ្ជាក់ថា កាលដើមឡើយពលរដ្ឋក្នុងភូមិ ភាគច្រើនមានដីស្រែចំការដាំដុះអាស្រ័យផល ដោយមួយគ្រួសារ ពី៤ទៅ៥ហិកតាដែរ ឯជីវភាពក៏សមរម្យ

យ៉ាងណា កាត់បង់ដីធ្លីអាស្រ័យផលនេះ លោកថា​ដោយសារដីឡើងថ្លៃ ពលរដ្ឋទាំងនោះនាំគ្នាលក់ដីអស់ សព្វថ្ងៃពលរដ្ឋភាគច្រើនពុំមានដីធ្វើស្រែចំការ និងមិនមានការងារធ្វើ ទើបត្រូវចំណាកស្រុក។លោកឱ្យដឹងទៀតថា ថ្មីៗនេះ ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកភូមិភាគច្រើនគឺបានត្រឡប់មកវិញ តែខ្លះក៏នៅធ្វើការក្នុងក្រុមហ៊ុនចិនក្បែរផ្ទះ ឯខ្លះទៀតក៏បន្តចេញទៅធ្វើការនៅតាមបណ្តាខេត្តក្រុងផ្សេងៗក្នុងស្រុក។

លោកបន្ថែមថា៖«ចំណាកស្រុកនោះ គឺចំណាកហើយ គេទៅរកស៊ីគ្រប់ប្រទេស ទៅហើយឥឡូវឡប់មកវិញអស់ហើយ ទៅមកទៅមក ខ្លះទើបទៅ ខ្លះទើបមកដល់ តែឥឡូវឈប់ទៅអស់ហើយ។ ព្រោះវានៅធ្វើក្នុងស្រុក ក្រុមហ៊ុនខ្លះផង ខ្លះទៅធ្វើការនៅភ្នំពេញ ធ្វើអីអស់ទៅបាទ។  ពីមុនមានដីគ្រប់តែគ្នាហ្នឹង តែដល់ក្រោយមកនាំគ្នាលក់អស់ ទាំងខ្ញុំទាំងគេ ដល់ឥឡូវអត់មានដី ធ្វើចំការអ៊ីចឹងមានតែចំណាកស្រុកទៅរកការងារធ្វើ ខ្លះធ្វើនៅក្រុមហ៊ុនចិន ខ្លះក៏ទៅធ្វើឆ្ងាយៗអស់ទៅ»។

តំណាងពលរដ្ឋភូមិបុស្សស្នោរលោក ម៉ូត ម៉ុន អាយុ៣៣ឆ្នាំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា  សហគមន៍​បុស្សស្នោរមានផ្ទៃដី ៤៤៥ហិកតា ដោយក្នុងនោះរួមទាំងដីរបស់ពលរដ្ឋ ដែលពួកគាត់អាចអាស្រ័យផលដូចជា ធ្វើចំការ កាប់ឈើធ្វើផ្ទះ ជីកទំពាំង បេះបន្លែ និង​នេសាទត្រី​ជាដើម។ តាំងពីក្រុមហ៊ុនឆូសឆាយរំលោភយកដីសហគមន៍ លុបបឹង និងយាមកាមមិនឱ្យពលរដ្ឋចេញចូលទៅអាស្រ័យផលបាន ធ្វើឱ្យពលរដ្ឋ​បាត់បង់មុខរបរ បាត់ប្រាក់ចំណូល ​ហើយត្រូវបង្ខំចិត្តធ្វើចំណាកស្រុកផងដែរ។ លោកអះអាងថា អ្នកភូមិប្រមាណ ៩០%បានជំពាក់បំណុលគេ និងពលរដ្ឋខ្លះគ្មានលទ្ធភាពសងទៅម្ចាស់បំណុលវិញ។ ​

 លោកបន្ថែមថា៖«យើងត្រូវការមានដីអាចមកដាំដំណាំយកទៅលក់បានផលខ្លះ ដល់ពេលយើងអត់ពីដីហ្នឹងទៅយើងអត់មានអីធ្វើសោះហើយព្រៃឈើក៏អត់ទៀត។ អញ្ចឹងប្រជាពលរដ្ឋអត់មានអីមានតែដាក់ចិត្ត​ចំណាកស្រុកទៅដើរធ្វើកម្មករគេ ទៅចៀរជ័រខ្លះចំការចេក ខ្លះទៅធ្វើការរោងចក្រ ជំពាក់ធនាគារផង ឯកជនផង ឃើញជំពាក់ច្រើនណាស់ ប្រហែល 90% ហើយដែលជំពាក់គេ»។

លោកបន្តថា នៅចន្លោះឆ្នាំ២០១៩-២០២២ពលរដ្ឋភូមិបុស្សស្នោររងការគម្រាមកំហែងខ្លាំងដោយសារការ ការពារដីសហគមន៍មានទាំងការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ១នាក់ និង៥នាក់ទៀតរងពាក្យបណ្តឹងទៅតុលាការ។ យ៉ាងណា គិតត្រឹមឆ្នាំ២០២៤នេះ ពលរដ្ឋដែលស្មគ្រតវ៉ាទាមទារដីសហគមន៍ សល់ត្រឹម២៩គ្រួសារ។​

មេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន បានទទួលស្គាល់ថា ពលរដ្ឋក្នុងឃុំរបស់លោក ធ្វើចំណាកស្រុកច្រើនពិតប្រាកដមែន។ លោកឱ្យដឹងថា ពលរដ្ឋទាំងនោះភាគច្រើនជំពាក់បំណុលធនាគារលើសលុប ហួសពីសមត្ថភាពដែលអាចរកសងបាន ។ លោកបញ្ជាក់ថា  រដ្ឋបាលឃុំទទួលបានពាក្យបណ្តឹងយ៉ាងច្រើនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំពោះការយឺតយ៉ាវនៃការបង់សងរបស់ពលរដ្ឋនៅក្នុងឃុំ។ លោកអះអាងថា មានពលរដ្ឋប្រមាណជា៣០%នៅក្នុងឃុំរបស់លោក​ ក៏បានធ្វើចំណាកស្រុកផងដែរ ។

លោកបន្តថា៖«គ្រាន់តែភូមិស្រែប្រាំងចូល៧០គ្រួសារ ដែលធ្វើចំណាកស្រុក បើយើងគិតទៅចូល៣០%ហើយនៅក្នុងឃុំ។ អ្នកខ្លះជំពាក់គេ អ្នកខ្លះអត់មានដីចំការកៅស៊ូ អត់មានអី អ៊ីចឹងត្រូវតែចំណាកស្រុក  ខ្លះលក់ដីអស់ ម្លោះហើយមានអីធ្វើ មានតែចំណាកស្រុក ។ រាល់ថ្ងៃអ្នកមានចំការកៅស៊ូ១ហាត់២ហាត់គេនៅជៀរតិចៗរបស់គេ មានអីគេ»។​

អ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ លោកសេង ជ័យវុធ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥​ បានឱ្យដឹងថា រដ្ឋបាលខេត្តមិនទាន់ទទួលបានរបាយការណ៍ពីអាត្រាគ្មានការងារធ្វើ និងការចំណាកស្រុករបស់ពលរដ្ឋឃុំត្រពាំងព្រីងនៅឡើយទេគិតត្រឹមពេលនេះ។ ពាក់ព័ន្ធនិងការចំណាកស្រុករបស់ពលរដ្ឋ លោកពន្យល់ថា កត្តាចំណាកស្រុករកការងារធ្វើរបស់ពលរដ្ឋ វាពាក់ព័ន្ធទៅនឹងតម្រូវការពលកម្មនៅក្នុងស្រុក បើចំនួនពលរដ្ឋរកការងារធ្វើ ច្រើនជាងតម្រូវការពលកម្ម នោះ អាត្រាចំណាកស្រុកនិងកើតមានឡើង។

លោកបញ្ជាក់ថា៖«រឿងចំណាកស្រុកអញ្ចេះ វាអាស្រ័យលើតម្រូវការកម្លាំងពលកម្ម ឧទាហរណ៍ថាបើតម្រូវការរបស់ក្រុមហ៊ុននៅស្រុកតំបែរមាន ១០០ហើយពលរដ្ឋដែលអត់ការងារធ្វើមាន ៣០០ នាក់។ អញ្ចឹង ២០០ នាក់ត្រូវចល័តដើម្បីរកការងារផ្សេងហើយ ក្នុងករណីហ្នឹងវាជាសត្យានុម័ត្ននៅក្នុងការងារ»។

លោកឱ្យដឹងទៀតថា រដ្ឋបាលខេត្តបានណែនាំទៅរដ្ឋបាលស្រុក ឃុំ ឱ្យយកចិត្តទុកដាក់ចំពោះជីវភាព និងសុខមាលភាពរបស់ពលរដ្ឋ ។ លោកបញ្ជាក់ថា ពលរដ្ឋស្វែងរកការងារធ្វើ តាមរយៈមន្ទីរការងារខេត្ត ដែលពលរដ្ឋអាចដាក់ពាក្យរកការងារធ្វើបាន ទូទាំង២៥ រាជធានី ខេត្តក្រុង ។ពលរដ្ឋអាចចុះឈ្មោះនៅរដ្ឋបាលឃុំ សង្កាត់ ដោយបញ្ជាក់ ឈ្មោះ ភេទ អាយុ និង ផ្នែកការងារដែលចង់ធ្វើ ឱ្យបានច្បាស់លាស់ ដាក់នៅឃុំសង្កាត់ ឬការិយាល័យស្រុក ឬក៏បញ្ជូនមករដ្ឋបាលខេត្ត ឬមន្ទីការងារផ្ទាល់ក៏បាន។

លោកបន្ថែមថា៖«ក្នុងនាមអភិបាលខេត្តលោកមិនព្រងើយកន្តើយក្នុងការរកការងារឲ្យប្រជាពលរដ្ឋធ្វើទេ ឯកឧត្តមអភិបាលគណៈឯកភាពខេត្តច្រើនពន្យល់ប្រាប់ទៅខាងស្រុកខាងឃុំឲ្យធ្វើការងារហ្នឹង ចុះឈ្មោះប្រជាពលរដ្ឋដែលត្រូវការរកការងារធ្វើ អញ្ចឹងខ្ញុំស្នើសុំឲ្យគាត់ទៅចុះឈ្មោះនៅឃុំ ថាគាត់ឈ្មោះអី ចង់បម្រើការងារផ្នែកអី ហើយបញ្ជូនឈ្មោះហ្នឹង មកខ្ញុំផ្ទាល់ក៏បានតាមតេឡេក្រាមខ្ញុំ ខ្ញុំបញ្ជូនឲ្យទៅមន្ទីរការងារ»។

ចំពោះរឿងទំនាស់ដីធ្លីភូមិស្រែប្រាំង លោកបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំមិនទាន់ទទួលបានពាក្យបណ្តឹងពីពលរដ្ឋសហគមន៍ ឬការជូនដំណឹងណាមួយពីជម្លោះដីធ្លីភូមិស្រែប្រាំង នៅឡើយទេគិតមកទល់និងពេលនេះ។

លោកបន្ថែមថា«ដូចអត់ទាន់ទទួលបានបណ្តឹងថាប្តឹងថាអីផង ។ តែបើសិនជាពលរដ្ឋលោកថាបានដាក់ហើយ អ៊ីចឹងឱ្យគាត់ចេះតាមដានជាមួយនឹងអ្នកដែលគាត់បានដាក់ ដាក់នៅកន្លែងណាអីកន្លែងណា ហើយឱ្យគាត់តាមដានថាការងារហ្នឹងដល់ណាអីដល់ណាហើយគណៈកម្មការ ដែលគេបានធ្វើហ្នឹង ថាតើគេធ្វើដល់ណាអីដល់ណាហើយ»។

នាយកចាត់ការទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថាជម្លោះដីធ្លីពលរដ្ឋនៅភូមិស្រែប្រាំងនេះ ជារឿងជម្លោះដ៏រ៉ាំរ៉ៃយូរឆ្នាំមកហើយ កន្លងមកមានពលរដ្ឋ និងតំណាងសហគមន៍មួយចំនួនរងការគំរាមកំហែង ជាប់ពាក្យបណ្តឹងនៅតុលាកា និងរងការចាប់ខ្លួនដាក់ពន្ធនាគារជាដើម។ រហូតមកទល់ពេលនេះ ក៏នៅមិនទាន់មានដំណោះស្រាយសមស្របណាមួយសម្រាប់ ពលរដ្ឋទាំងនោះ ។ លោកយល់ថា អាជ្ញាធរពាក់ព័ន្ធ  ពិសេសរាជរដ្ឋាភិបាល គួរជំរុញដំណោះស្រាយរឿងនេះឱ្យបានឆាប់សម្រាប់ពលរដ្ឋ ជាជាងការអូសបន្លាយពេលមិនដោះស្រាយដូច្នេះ គឺហាក់បណ្តែតបណ្តោយឱ្យពលរដ្ឋកាន់តែរងទុក្ខវេទនា ប្រឈមនិងជីវភាព គ្មានដីបង្កបង្កើនផល គ្មានមុខរបរ និងធ្វើឱ្យពលរដ្ឋក្រីក្រ ជំពាក់បំណុលកាន់តែច្រើន និងឈានដល់ការធ្វើចំណាកស្រុក។​​​

លោកថ្លែងថា៖«អង្គការសង្គមស៊ីវិលនៅតែទទួចហើយទទួចទៀតឲ្យអាជ្ញាធរពាក់ព័ន្ធ ឬក៏ក្រសួងពាក់ព័ន្ធហ្នឹង ពន្លឿននីតិវិធី ឬក៏ដោះស្រាយបញ្ហាតំបន់ស្រែប្រាំងដែលជាករណីដីធ្លីដ៏រ៉ាំរ៉ៃជាយូរមកហើយនេះ ធ្វើម៉េចដើម្បីបិទបញ្ចប់ឲ្យមានលទ្ធផលទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ដែលលើកឡើងថា បញ្ហាដីធ្លីនិងត្រូវដោះស្រាយបញ្ចប់ក្នុងពេលឆាប់ៗនេះ»។

ប្រជាសហគមន៍ស្រែប្រាំងឱ្យដឹងថា តាមរយៈសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា CCFC កាលពីឆ្នាំ២០២៤ បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​ នៅថ្ងៃទី២៧ឧសភាឆ្នាំ២០២៤អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បានរៀបចំកិច្ចប្រជុំជាមួយតំណាងពលរដ្ឋរងគ្រោះដីធ្លី ដោយមានលោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអធិបតី ។ ប្រជាសហគមន៍និយាយថា ពេលនោះលោក ទេព ធន បានទទួលស្គាល់ថា ពលរដ្ឋសហគមន៍ស្រែប្រាំងពិតជាបានរងផលប៉ះពាល់ពីការវិនិយោគក្រុមហ៊ុនចិន ហាមីនិវិនអ៊ិនវេសមេន និងបានសន្យាថានិងបន្តនីតិវិធី ដោះស្រាយជូនពលរដ្ឋ។ ប៉ុន្តែរយៈពេល១ឆ្នាំកន្លងទៅនេះហាក់មិនទាន់មានការជូនដំណឹងពីអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ឡើយ។

​អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ លោក  សេង ឡូត បានតបសារតាមប្រពន័្ធសារ SMS ថា៖«សួរទៅអាជ្ញាធរដែលក្តាប់បានវឌ្ឍនភាពនៃការដោះស្រាយច្បាស់លាស់»  ។

ពលរដ្ឋអ្នកសារពត៌មាន មិនទាន់អាចសុំការបំភ្លឺពីលោក ទេព ធន រដ្ឋលេខាធិការ នៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បាននៅឡើយទេ។

ពលរដ្ឋសហគមន៍ភូមិស្រែប្រាំងចំនួន ១២៨គ្រួសារមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ហាមិនីវិនអ៊ិនវេសមេន តាំងពីឆ្នាំ២០១៤មក ដោយក្នុងនោះពួកគេបានអះអាងថាផ្ទៃដីប្រមាណ៧៨៥ហិកតា ត្រូវបានក្រុមហ៊ុនរំលោភយក។

យោងតាមពាក្យបណ្តឹងដែលពលរដ្ឋដែលបានដាក់នៅក្នុងញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ បានបង្ហាញថា ក្រុមហ៊ុន ហាមីនិវិនអ៊ិនវេសមេន មានវិវាទដីធ្លីជាមួយពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  ក្នុងនោះមានភូមិជីទ្រុន ផ្ទៃដី៨០០ហិកតា​ ភូមិបុស្សស្នោផ្ទៃដី៤៤៥ហិកតា និងភូមិស្រែប្រាំងផ្ទៃដី៧៨៥ហិកតា។

ត្រឡប់មកលោក ស៊ីនាត វិញ។ ដោយសារត្រូវបាត់បង់ដីធ្លីផង និងធ្លាប់ជាប់ពន្ធនាគាររឿងដីធ្លីជាមួយក្រុមហ៊ុនចិនមួយនេះផង លោកគ្រាន់តែស្នើឱ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ដល់រូបលោក ព្រមទាំងពលរដ្ឋផ្សេងទៀតដែលមិនទាន់ទទួលបានយុត្តិធម៌និងដំណោះស្រាយសមរម្យ។ ក្រៅពីនេះ ការដោះស្រាយឱ្យពួកគាត់មានដីធ្លីបង្កបង្កើនផលបានសមរម្យ ប្រៀបដូចជួយសម្រួលដល់ជីវភាពពួកគាត់ ដោយមិនចាំបាច់ចំណាកស្រុក​ ហើយកូនៗនឹងបាន​រៀនសូត្រពេញលេញ​​។  ​

លោកបន្តទៀតថា ៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធសូមជួយរកដំណោះស្រាយរកភាពយុត្តិធម៌ ឱ្យប្រជាពលរដ្ឋគាត់បានបង្កបង្កើនផលឡើងវិញ ដើម្បីកុំឲ្យក្មេងបង្ខំចិត្តឈប់រៀន ដើម្បីតែរកប្រាក់ដោះបំណុល »៕

………………………………………………

ផលិតដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

ក្រសួង​ការ​ពារ​ជាតិ​៖ ​កង​ទ័ព​ថៃ​​នឹង​​វាយ​​កម្ពុជា​ឆាប់​ៗ​មុនកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​កិច្ច​ការ​​ព្រំដែន​ទូទៅ​មក​​ដល់​

អត្ថបទបន្ទាប់

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ពលរដ្ឋ​៣​ឃុំ​រង​ផល​ប៉ះពាល់​ពី​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​រោងចក្រ​ចិន​ដែល​កែ​ច្នៃ​ស្វាយ​​នៅ​ស្រុក​ដង​ទង់

អត្ថបទបន្ទាប់
ទិដ្ឋភាពរោងចក្រកែច្នៃស្វាយរបស់ក្រុមហ៊ុន ហៅរួយដា មានថៅកែជាជនជាតិចិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រីពីរ ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ (ប៉ូ សាគុន)

ព័ត៌មាន​ស៊ី​ជម្រៅ​៖​ ​ពលរដ្ឋ​៣​ឃុំ​រង​ផល​ប៉ះពាល់​ពី​ក្លិន​ស្អុយ​ភាយ​ចេញ​ពី​រោងចក្រ​ចិន​ដែល​កែ​ច្នៃ​ស្វាយ​​នៅ​ស្រុក​ដង​ទង់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • កម្មវិធី
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង