ជនជាតិដើមភាគតិច អះអាងថា ដីព្រៃសហគមន៍ជាង៣០ហិកតារបស់ជនជាតិដើមភាគតិចសួយ ស្ថិតក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងរងការហ៊ុមព័ទ្ធយកពីសំណាក់អ្នកមានលុយមានអំណាច។
លោក ម៉ៃ ម៉េន អាយុ ៤៤ឆ្នាំ ជាជនជាតិដើមភាគតិចសួយនៅភូមិដំបងវេញ ឃុំសង្កែសាទប ប្រាប់ពលរដ្ឋអ្នកសាព័ត៌មានថា ដីព្រៃសមូហភាពជាង៣០ហិកតារបស់ជនជាតិដើមភាគតិចសួយ ស្ថិតនៅត្រង់ចំណុចភ្នំដងសន្ទូច និងទួលវិហារ នៃឃុំសង្កែសាទប កំពុងហ៊ុំព័ទ្ធយកធ្វើកម្មសិទ្ធិឯកជនពីសំណាកអ្នកមានលុយមានអំណាច ហើយគ្មានការដោះស្រាយពីអាជ្ញាធរ ពាក់ព័ន្ធឡើយ។
លោក ម៉ៃ ម៉េន ជាតំណាងជនជាតិដើមភាគតិចសួយ បានឱ្យដឹងថា កាលពីឆ្នាំ២០១២ មន្ត្រីជំនាញសុរិយោដី និងក្រុមនិស្សិតបានចុះទៅចុច GPS កំណត់ដែនដីព្រៃសហគមន៍ជនជាតិដើមភាគតិចសួយទំហំ១០៦០ ហិកតា ស្ថិតក្នុងភូមិចំនួន២ គឺភូមិដំបងវេញ និងភូមិជំនាប់ នៃឃុំសង្កែសាទប ទុកឱ្យជនជាតិដើមភាគតិចសួយជិត២០០គ្រួសារអាស្រ័យផលតាមបែបទំនៀមទំលាបប្រពៃណី។
តំណាងជនជាតិដើមភាគតិចសួយរូបនេះ អះអាងថា កាលពីឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ ស៊ិន សុផល និងអ្នកមានលុយមានអំណាចម្នាក់ទៀតដែលលោកមិនចាំឈ្មោះ បានដាក់គ្រឿងចក្រមកឈូសឆាយយកដីព្រៃសហគមន៍ ប៉ុន្តែត្រូវបានជនជាតិដើមភាគតិចរារាំង និងបង្កបានជាជម្លោះតាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ននេះ។
លោកបន្ថែមថា៖«គេមកយកដីដែលជាកន្លែងពួកយើងអត់ កន្លែងហ្នឹងអត់បាន។ ចឹងពួកយើងមិនព្រមឱ្យទេ ព្រោះកន្លែងហ្នឹងជាកន្លែងពួកខ្ញុំ សែនព្រេន ឬក៏ធ្វើបុណ្យធ្វើទានគោរពបូជាតាំងពីដូនតាមមក។ កន្លែងហ្នឹងជាកន្លែងស័កសិទ្ធបំផុតហើយ»។
លោក ម៉ៃ ម៉េន ឱ្យដឹងថា ក្រោមជម្លោះដីធ្លីនេះ គឺរូបលោក និងសមាជិកសហគមន៍ជនជាតិដើមភាគតិច៤នាក់ផ្សេងទៀតបានជាប់បណ្តឹងនៅតុលាការយ៉ាងអយុត្តិធម៌ ដោយភាគីជម្លោះបានប្តឹងចោទប្រកាន់ថា ពួកគាត់បានបំផ្លាញទ្រព្យសម្បត្តិឯកជន។
អ្នកស្រី កែម អឹម អាយុ 58 ឆ្នាំ ជាជនជាតិដើមភាគតិចសួយម្នាក់ទៀតនិយាយថា សហគមន៍ព្រៃឈើនេះ គឺពួកគាត់បានការពារ និងអាស្រ័យផលតាមបែបប្រពៃណីទំនៀមទំលាបតាំងពីដូតា ខណៈដីព្រៃដែលឯកជនកំពុងហ៊ុំព័ទ្ធយកធ្វើកម្មសិទ្ធិនោះ ជាតំបន់ពិសេសរបស់ជនជាតិភាគតិចសួយគោរពបូជា និងធ្វើពិធីផ្សេងៗតាមប្រពៃណីជនជាតិដើមភាគតិចសួយ។
ជនជាតិដើមភាគតិចសួយរូបនេះបន្តថា សហគមន៍ព្រៃឈើនេះ បានបម្រើផលប្រយោជន៍ដល់ជនជាតិដើមភាគតិច ដូចជាកន្លែងឃ្វាលគោក្របី រកផ្សិត ជាកន្លែងកប់សព្វ និងរកអនុផលព្រៃឈើផ្សេងៗទៀត។ អ្នកស្រីថា ប្រសិនបើសហគមន៍ព្រៃឈើមួយនេះបាត់បង់នឹងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច។
អ្នកស្រី កែម អឹម បានចោទអាជ្ញាធរពាក់ព័ន្ធថា បានគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញ ដោយលួចធ្វើប័ណ្ណកម្មសិទ្ធិលើដីព្រៃសហគមន៍ ដើម្បីបានជាកម្មសិទ្ធិឯកជន ខណៈជនជាតិដើមភាគតិចពុំសូវមានចំណេះដឹងផ្នែកច្បាប់។
លោកបន្ថែមថា៖«គេលួចទៅធ្វើប្លង់បំពាន។ ហើយគេវាថា ពួកខ្ញុំជាអ្នកកាប់បំផ្លាញដំណាំគេទៅវិញ។ ខ្ញុំសុំខ្លាចហើយពួកអស់លោក។ពួកខ្ញុំជាអ្នកត្រង់ ប្រជាជនជនជាតិសួយខ្ញុំមិនចេះអក្សរទេគេបំពាន់តាមចិត្ត»។
ស្ត្រីជនជាតិដើមភាគតិចរូបនេះបន្ថែមថា ភាគីជម្លោះបានគំរាមគំហែងចាប់ខ្លួន និងបានប្តឹងតំណាងសហគមន៍ជនជាតិដើមភាគតិច៥នាក់ទៅតុលាការ ដោយចោទថា បានបំផិតបំផ្លាញដំណាំរបស់គេ ប៉ុន្តែអ្នកស្រីថា លើដីជម្លោះនោះ ពុំទាន់មានដំណាំអ្វីឡើយទេ។
អ្នកស្រីបានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយដោយប្រគល់ដី និងវាស់វែងកំណត់ព្រំដីសហគមន៍ឱ្យជនជាតិដើមភាគតិចគ្រប់គ្រង ឬអាស្រ័យផលឡើងវិញ ដើម្បីកុំឱ្យពួកគាត់បារម្ភពីការបាត់បង់ដីសមូហភាពរបស់ពួកគាត់។
យ៉ាងណាពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីមន្ត្រីកងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធផ្សេងទៀតបានទេចំពោះការចោទប្រកាន់នេះ។
មេភូមិដំបងវេញលោក ស៊ូ ម៉ៃ មានប្រសាសន៍ថា ដីសហគមន៍នោះ គឺជនជាតិដើមភាគតិចពុំទាន់បានចុះបញ្ជីត្រឹមត្រូវស្របទៅតាមច្បាប់នោះទេ ប៉ុន្តែលោកទទួលស្គាល់ថា ដីកំពុងមានជម្លោះនោះ ជាទីកន្លែងដែលជនជាតិដើមភាគតិចសួយបានគ្រប់គ្រង និងជាកន្លែងគោរពបូជាតាំងពីមុនឆ្នាំ១៩៧៩មកម្លេះ។
មេភូមិរូបនេះបន្តថា បញ្ហាជម្លោះដីធ្លីនេះ កើតឡើងដោយសារជនខិលខូចគប់គិតគ្នាលូចលក់ទៅឱ្យឈ្មួញ ប៉ុន្តែលោកថា រូបលោកមិនជាប់ពាក់ព័ន្ធរឿងលក់ដូរដីនេះឡើយ។ លោកថា រឿងជម្លោះដីធ្លីនេះ បានធ្លាក់ដល់ដៃតុលាការហើយ ដែលវាហួសពីដែនសមត្ថកិច្ចរបស់រដ្ឋបាលឃុំក្នុងការដោះស្រាយ។
លោកបន្ថែថា៖«ពីដើមគឺដីគាត់[ជនជាតិដើមភាគតិចសួយ]ធ្លាប់គោរពបូជាមែន តែដល់ក្រោយមកមានជនខិលខូចមកលួចលក់។ ដល់ពេលអញ្ចឹងទៅវាមានបញ្ហាប៉ះទង្គិចគ្នារវាងពលរដ្ឋ និងអ្នកផ្សេងដែលជាឈ្មួញកណ្ដាល ហើយមានការប្ដឹងផ្ដល់គ្នាអញ្ចឹងទៅ»។
យ៉ាងណាមេឃុំសង្កែសាទបលោក ណន សារុន មានប្រសាសន៍ថា ដីនោះពុំមានអ្នកណាលួចលក់នោះទេ គឺរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគទៅឱ្យឯកជនធ្វើការអភិវឌ្ឍន៍។ លោកថា ដីព្រៃដែលជាកន្លែងជនជាតិដើមភាគតិចគោរពបូជានោះ ក៏ពុំមានបុគ្គលណារំលោភយកនោះដែរ។
មេឃុំរូបនេះបន្តថា ករណីជម្លោះដីធ្លីនេះកើតឡើង ដោយសារតែជនជាតិដើមភាគតិចទាមទាររក្សាដីព្រៃសមូហភាពនោះមានទំហំធំពេក ដែលប៉ះពាល់ដល់ដីដែលរដ្ឋាភិបាលបានសម្បទានដល់ឯកជនធ្វើការអភិវឌ្ឍន៍ ខណៈអាជ្ញាធរពាក់ព័ន្ធបានកាត់ឆ្វៀលដីព្រៃទំហំ៥ហិកតាទៅឱ្យប្រជាពលរដ្ឋអាស្រ័យផលរួចទៅហើយ។
លោកបន្ថែមថា៖«ដីដែលជនជាតិគាត់គោរពពីដើមហ្នឹងនៅទាំងអស់តើ។ បើគាត់ [ជនជាតិដើមភាគតិច] ចង់បានទំហំរាប់រយរាប់ពាន់ហិកតាអាណាគេទុកឱ្យម្លឹងៗ។ រដ្ឋាភិបាលចេញអញ្ញាប័នឱ្យក្រុមហ៊ុនវិនិយោគវាប៉ះពាល់ខ្លះដែរ តែនេះជាដីរបស់រដ្ឋ គេមានសិទ្ធិធ្វើ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានទេពាក់ព័ន្ធករណីនេះ។
មន្ត្រីសម្របសម្រួលគម្រោងធូរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណា សុផាត បានដាក់ជាអនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ ជាដំបូង គឺជនជាតិដើមភាគតិចត្រូវដាក់ពាក្យបណ្តឹងទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយតាមនីតិវិធី ខណៈជនជាតិដើមភាគតិចមានសិទ្ធិពិសេស ដែលការពារដោយច្បាប់ជាតិ និងអន្តរជាតិក្នុងការទទួលកម្មសិទ្ធិដីធ្លីជាសមួហភាព។
លោកបន្ថែមថា៖«ពីព្រោះដីដែលពួកឈ្មួញ ពួកអ្នកវិនិយោគ ឬក្រុមហ៊ុនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនហ្នឹងភាគច្រើនច្បាមទៅរកដីធំៗ។ ហើយដីធំៗបច្ចុប្បន្ននេះគឺមានតែនៅតំបន់ព្រៃ ឬក៏នៅតំបន់ដែលជនជាតិដើមភាគតិចកំពុងតែអាស្រ័យផលទេ។ អីចឹងទាល់តែ ជនជាតិភាគតិចគាត់ត្រូវប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដែលការពារដោច្បាប់ជាតិ និងអន្តរជាតិ»។
កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ស្តីពី នីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមានគោលដៅកំណត់គោលការណ៍នីតិវិធី និងយន្តការសម្រាប់ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាព។
អនុក្រឹត្យនេះក៏មានគោលបំណងផ្ដល់សិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងការពារសិទ្ធិសមូហភាព ដោយរក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់សហគមន៍ជនជាតិដើមភាគតិចផងដែរ។
មាត្រា៦ នៃអនុក្រឹត្យនេះ បានបញ្ជាក់ថា ដីដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច រួមមាន ដីលំនៅឋាន ដីដែលសហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម៕
………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួស ចាន់ឌឿន