សហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន(ខេមបូឌា)ខូអិលធីឌី(ZHEN TAI GARMENT Cambodia Co.,Ltd) ដែលមានទីតាំងស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដាក់លិខិតទៅរដ្ឋមន្រ្ដីក្រសួងការងារលោក ហេង សួរ ឱ្យជួយស្វែងរកដំណោះស្រាយក្រោយថៅកែបន្តគេចវេសមិនព្រមដោះស្រាយជូនកម្មករកម្មការិនី។
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន បានដាក់លិខិតទៅរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ ឱ្យជួយអន្ដរាគមន៍ករណីថៅកែរោងចក្រ សិនតៃហ្គាមេន គេចវេសមិនព្រមដោះស្រាយវិវាទការងារទាំង១៣ចំណុចដែលកម្មករនិយោជិតបានទាមទារ។
នៅក្នុងពាក្យបណ្ដឹងដែលបានស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជួយអន្តរាគមន៍ក្នុងនោះរួមមានឱ្យផ្នែកអធិការកិច្ចចុះមកត្រួតពិនិត្យភាពមិនប្រក្រតី ទាំងឡាយនៅក្នុងក្រុមហ៊ុន ដែលភាគីក្រុមហ៊ុនបានចោទប្រកាន់មកលើពាក្យបណ្តឹងរបស់កម្មករ។
ពាក្យបណ្ដឹងបន្តស្នើសុំទៅរដ្ឋមន្រ្ដីក្រសួងការងារជួយពន្លឿនឱ្យនាយកក្រុមហ៊ុន សិនតៃហ្គាមេន (ខេមបូឌា)បង់ប្រាក់បង្គ្រប់ដែលក្រុមហ៊ុនបានបង់ខ្វះប្រាក់សោធននិវត្តន៍ទៅបេឡាជាតិសន្តិសុខសង្គម(បសស)ចាប់ពីខែវិច្ឆិកាឆ្នាំ២០២៣ចុះមកដល់ឆ្នាំ២០២១និងឆ្នាំបន្តបន្ទាប់។ មេត្តាជួយអន្តរាគម បន្តនីតិវិធីដោះស្រាយវិវាទការងាររួមឡើងវិញ ព្រោះការទាមទារ នេះគឺកើតចេញពីឆន្ទៈរបស់កម្មករនិយោជិតពិតប្រាកដ។
នៅក្នុងពាក្យបណ្ដឹងលើកឡើងថា៖ « គោរពស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី មេត្តាអន្តរាគម ឱ្យភាគីក្រុមហ៊ុន បញ្ឈប់ការរើសអើងចំពោះថ្នាក់ដឹកនាំ សកម្មជន និងសមាជិកសហជីពស្មារតីកម្មករខ្មែរទៀតទៅ ដើម្បីឱ្យក្រុមហ៊ុននេះ ក្លាយជាសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ » ។
លោក កឹម សុភេន ប្រធានសហជីពស្មារតីកម្មករខ្មែរប្រចាំរោងចក្រ សិនតៃហ្គាមេន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះថា ខាងក្រសួងការងារបានទទួលពាក្យបណ្ដឹងរួចហើយតែការឆ្លើយតបពីខាងក្រសួងនៅមិនទាន់មានទេ ។
លោកបន្តថា មូលហេតុដែលលោកបានស្វែងរកកិច្ចអន្ដរាគមន៍ពីរដ្ឋមន្រ្ដីក្រសួងការងារនៅពេលគឺដោយសារពាក្យបណ្ដឹងរបស់កម្មករដែលបានប្ដឹងទៅនាយកដ្ឋានវិវាទការងារកន្លងមកមិនមានដំណោះស្រាយ ។
លោក កឹម សុភេន និយាយថា នាយកដ្ឋានវិវាទការងារមិនព្រមដោះស្រាយជួនកម្មករដោយជឿលើលិខិតរបស់ក្រុមហ៊ុនដែលបានចោទថាស្នាមមេដៃ ដែលកម្មករបានផ្ដិតមួយចំនួនមិនពិតប្រាកដ ថាកម្មករខ្លះបានឈប់ពីការងារ ហើយលក្ខខណ្ឌការងាទាំង១៣ចំណុចដែលកម្មករបានទាមទារមានចំណុចខ្លះផ្ទុយពីឆន្ទៈរបស់កម្មករ។
ប្រធានសជីពរូបនេះបានអះអាងថា អ្វីដែលសហជីពស្មារតីកម្មករខ្មែរបានធ្វើគឺគោរពទៅតាមច្បាប់មិនបំពានច្បាប់ ស្នាមមេដៃទាំងអស់គឺផ្ដិតតែកម្មករដែលកំពុងបំពេញការងារ ប៉ុន្តែមានកម្មករមួយចំនួនផ្ដិតមេដៃហើយមួយរយៈក្រោយឈប់ពិការងារលោកមិនបានដឹងទេ។
លោកបន្ថែមថា រាល់ថ្ងៃថ្នាក់ដឹកនាំ និងសមាជិកសហជីព ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សិនតៃហ្គាមេន មានការរើសអើងគំរាមកំហែង ធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យសមាជិកលាឈប់ពីសហជីពឬឈប់ពីការងារ រាល់ការប្រជុំអនុម័តផលប្រយោជន៍រួមរបស់កម្មករថ្នាក់ដឹកនាំក្រុមហ៊ុនសម្រេចតែគ្នាឯង មិនឱ្យតំណាងកម្មករចូលរួម។
លោកលើកឡើងថា៖ « ស្នើឱ្យមន្ដ្រីនៅក្នុងក្រសួងមេត្តាយកចិត្ដទុកដាក់ព្រោះរឿងសិទ្ធិរឿងអត្ថប្រយោជន៍របស់បងប្អូនកម្មករសុទ្ធតែនៅក្រោមច្បាប់ដែលបានកំណត់[…]បន្ទាប់ពីទទួលបានសំណុំររឿងពីតំណាងកម្មករហើយបើសិនមិនទុកចិត្តមិនជឿជាក់លើតំណាងកម្មករទេ គាត់[មន្រ្ដី]មានសិទ្ធិចុះធ្វើអធិការកិច្ចជាមួយកម្មករផ្ទាល់។គាត់[មន្រ្ដី]នៅតែជឿលើលីខិតនេះលីខិតនោះការពន្យាពេលដោះស្រាយធ្វើឱ្យកម្មករខាតអត្ថប្រយោជន៍ » ។
ប្រធានរដ្ឋបាលរោងចក្រ សិនតៃហ្គាមេនលោក បូរ ប៊ុនលី បានប្រាប់ថាលោកបានពិភាក្សាជាមួយថៅកែរោងចក្ររួចហើយដើម្បីដោះស្រាយបញ្ហាជូនកម្មករ ការដែលក្រុមហ៊ុនធ្វើការបដិសេធន៍ការដោះស្រាយលើកមុនដោយសារខាងក្រុមហ៊ុនមានមន្ទិលទៅលើស្នាមមេដៃ និងការផ្ដិតមេដៃមិនចេញពីឆន្ទៈរបស់កម្មករ ។
លោកលើកឡើងថា៖ « រាល់ករណីដែលធ្វើកាស្នើនៅក្នុងចំនួនប៉ុន្មានចំណុចគឺធ្វើការមើលទៅលើហ្នឹងបើសិនជាយើងដោះស្រាយ យើងធ្វើការដោះស្រាយតាមសន្តិវិធីច្បាប់។សម្រាប់ ប ស ស យើងធ្វើការបទបែនដោយសារខាងស្ថាប័ន ប ស ស ហើយហ្នឹងរោងចក្រព្រមធ្វើការជាមួយគ្នា » ។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានតាមតេលេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងទើបបានទទួលពាក្យបណ្ដឹងខាងជំនាញនឹងពិនិត្យករណីនេះ ។
លោកសរសេរថា៖ « ក្រសួងនឹងប្រឹងប្រែងដោះស្រាយតាមសមត្ថកិច្ច និងនីតិវិធី » ។
មន្រ្ដីសហព័ន្ធសហជីពស្មារតីកម្មករខ្មែរលោក ចាន់ រុំ បានប្រាប់ថា តំណាងកម្មករបានផ្ដិតស្នាមមេដៃកម្មករបានចំនួន៦៩០នាក់ ហើយតំណាងក្រុមហ៊ុនតែងតែយកសស្នាមមេដៃកម្មករចំនួន១០នាក់មកធ្វើជាឡេះដោះសារមិនចង់ដោះស្រាយជួនកម្មករលើកហេតុផលថា អ្នកទាំង១០នាក់នោះមិនបានទាមទារក្ខខណ្ឌការងារទាំង១៣ចំណុចទេគឺទាមទារតែ២ទៅ៣ចំណុចប៉ុណ្ណោះ។
លោកបន្តថា កម្មករដែលយល់ព្រមផ្ដិតស្នាមមេដៃទាមទាលក្ខខណ្ឌការងារទាំងអស់គឺមានអត្ថលេខ មានក្រុម និងផ្នែកដែលកំពុងធ្វើការទាំងអស់។
លោកលើកឡើងថា៖ «បើសិនជាគាត់មិនផ្ដិត។តើអ្នកណាទៅចាប់មេដៃគាត់មកផ្ដិតនៅក្នុងលីខិតស្នាមហ្នឹងព្រោះឯកសារស៊ីនយើងឱ្យទៅក្រសួងមួយច្បាប់។បើសិនជាគាត់[ក្រុមហ៊ុន]ចង់ជំទាស់ស្នាមមេដៃកម្មករ៦៩០នាក់ហ្នឹងគាត់ដាក់ពាក្យមកមុនថាតើនៅក្នុងយន់ការច្បាប់ប៉ុន្មាន[ស្នាមមេដៃ]ភាគរយដែលអាចប្ដឹងជំទាស់កម្មករជាងប្រាំមួយរយនាក់ដែលទាមទាលក្ខណ្ឌការងារ » ។
បើតាមកម្មករឱ្យដឹងថារោងចក្រ សិនតៃហ្គាមេន ជារោងចក្រផលិតសម្លៀកបំពាក់ មានកម្មករបម្រើការងារ១៣០០នាក់ និងមានថៅកែជាជនជាតិចិន ៕
…………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា