ក្រុមយុវជនបានបង្ហាញពីក្តីបារម្ភចំពោះការបាត់បង់ព្រៃឈើនៅសហគមន៍តំបន់អារ៉ែង ក្រោយរកឃើញបទល្មើសជាបន្តបន្ទាប់ ខណៈពួកគេចុះល្បាតព្រៃក្នុងតំបន់ការពារមួយនេះ។
យុវជនមួយក្រុមបានចុះល្បាតព្រៃសហគមន៍អារ៉ែង ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល នៅភូមិច្រកឬស្សី ឃុំជ្រនាប់ ស្រុកថ្មបាំង ខេត្តកោះកុង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃពីទី២៦ ដល់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដោយប្រទះឃើញសកម្មភាពកាប់បំផ្លាញ់ព្រៃឈើ និងការទន្ទ្រានយកដីព្រៃជាច្រើន ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
ប្រធានក្រុមយុវជនករុណាព្រៃអារ៉ែងលោក ស្វាយ សំណាង ដែលដឹកនាំចុះល្បាតព្រៃក្នុងតំបន់អារ៉ែងនេះ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការចុះល្បាតនោះ គឺក្រុមយុវជនបានប្រទះឃើញកន្លែងកាប់ដើមឈើធំៗជិត២០ដើម និងការកាប់ព្រៃទន្ទ្រានយកដីជាង២០ហិកតា។
លោក ស្វាយ សំណាង បន្តថា ការប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារនេះ គឺមានរូបភាពពីរ ទី១មួយការកាប់ឈើធំៗធ្វើអាជីវកម្ម និងទី២ការទន្ទ្រានយកដីព្រៃធ្វើកសិកម្មដោយខុសច្បាប់។
លោកបន្ថែមថា៖« ខ្ញុំបានដឹកនាំយុវជនជាង២៥អង្គនាក់ចូលល្បាតព្រៃ បានឃើញពីទិដ្ឋភាពកាប់បំផ្លាញព្រៃឈើ ដែលមានឈើគគីរ ឈើទាលធំៗ និងមានការកាប់រានព្រៃតូចៗយ៉ាងអនាធិបតេយ្យ ដែលនៅមិនឆ្ងាយពីផ្លូវចេញចូលប៉ុន្មានទេ។ ទំហំនៃការកាប់នេះមានទំហំធំមែនទែន អាចរហូតដល់២០ ហិកតា។ នេះជាចំណុចដែលយើងសោកស្ដាយ និងមិនសប្បាយចិត្ត ខណៈអាជ្ញាធរមិនសូវអើពើ។ បទល្មើសនៅកើតឡើងជាហូរហែ ស្របពេលយុវជនបានជូនដំណឹង ទៅក្រុមអាជ្ញាធរជាបន្តបន្ទាប់»។
យុវជនម្នាក់ និងជានិស្សិតមកពីខេត្តត្បូងឃ្មុំដែលចូលចុះល្បាតព្រៃដែរ លោក ថន ធន់ បានបង្ហាញការសោកស្តាយ និងព្រួយបារម្ភពីការបាត់បង់ព្រៃឈើនៅតំបន់អារ៉ែង។ លោកថា សកម្មភាពបំផ្លាញធនធានធម្មជាតិក្នុងតំបន់អារ៉ែង ឬតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញមិនគួរកើតមាននោះទេ ខណៈតំបន់ការពារមួយនេះ កំពុងស្ថិតក្រោមការអភិរក្ស និងគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោក ថន ធន់ បន្ថែមថា ៖ « ខ្ញុំគិតថា រដ្ឋាភិបាល រួមជាមួយអាជ្ញាធរ គួរយកចិត្តទុកដាក់ការពារ និងឃ្លាំមើល។ នៅពេលដែលគ្មានការកាប់បំផ្លាញព្រៃឈើ ពេលដើរចូលទៅត្រជាក់។ តែនៅទីនេះព្រៃឈើ ត្រូវបានកាប់ចេញ ដើរមកដល់ក្តៅ។ អ្នកដើរព្រៃពេលឃើញបែបនេះ ពិតជាមិនសប្បាយចិត្តឡើយ។ ខ្ញុំមិនដឹងថា អ្នកណាជាអ្នកកាប់បំផ្លាញ ឬគេនៅទីណាដែរ ប៉ុន្ដែអាជ្ញាធរគួរ និងទប់ស្កាត់ព្រោះយើងមិន អាចទុកឱ្យតំបន់នេះនៅមានករណីបែបនេះបន្តទៀតទេ»។
ព្រះតេជព្រះគុណ ប៉ម សុផៃវណ្ណៈ មានសង្ឃដីកាថា កន្លងមកអាជ្ញាធរខេត្ត និងក្រសួងបរិស្ថានធ្លាប់សន្យាថា នឹងការពារតំបន់អារ៉ែងឱ្យបានល្អ ប៉ុន្ដែតាមស្ថានភាពជាក់ស្ថែងនៅពេលចុះល្បាតព្រៃក្នុងតំបន់មួយនេះ គឺមានករណីកាប់ឈើ និងទន្ទ្រានយកដីព្រៃខុសច្បាប់កើតមានស្ទើរគ្រប់កន្លែង ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
ព្រះអង្គមានសង្ឃដីកាថា៖«យើងមកព្រៃពិតជាចង់ឃើញព្រៃ ប៉ុន្ថែពេលឃើញទិដ្ឋភាពបែបនេះ គ្មានអ្នកណាសប្បាយចិត្តនោះទេ។ អាត្មាភាពសុំចម្រើនពរដល់មន្ត្រីមូលដ្ឋានទាំងអស់ធ្វើយ៉ាងម៉េចសូមមេត្តាជួយមើលឡានដឹកឈើ ដែលដឹកចេញពីតំបន់អារ៉ែងនេះផង ព្រោះច្រកនាំឈើចេញមិនមានរាប់រយច្រកនោះឡើយ។ ដូច្នេះសួរថា តើមន្ត្រីបរិស្ថាន អាជ្ញាធរ សម្រានដល់ពេលណាទើបភ្ញាក់? បើមិនដូច្នេះទេ ឈើក៏អស់ ជម្រកក្រពើភ្នំ និងត្រីនាគក៏បាត់តាមនោះដែរ»។
ជុំវិញបញ្ហាកាប់បំផ្លាញ់ព្រៃឈើនៅក្នុងតំបន់អារ៉ែងនេះ អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក វ៉េត សុនីម មានប្រសាសន៍ថា ក្នុងករណីទទួលបានដំណឹងច្បាស់លាស់ទាក់ទងការកាប់បំផ្លាញព្រៃឈើនៅតំបន់អារ៉ែង គឺលោកបញ្ជូនក្រុមការងារចុះទៅធ្វើការជាមួយប្រជាពលរដ្ឋផ្ទាល់ ដើម្បីពិនិត្យមើល និងមានចំណាត់ការចំពោះជនល្មើស។
លោកបន្ថែមថា៖«ដោយសារដីនៅតំបន់រាជរដ្ឋាភិបាលកំណត់ ដើម្បីបែងចែកឱ្យប្រជាពលរដ្ឋ ដូច្នេះទាល់តែផ្ញើចំណុចយាមការណ៍មក ទើបខ្ញុំអាចឱ្យមន្ត្រីចុះទៅមើលដល់ទីតាំងដើម្បីកំណត់បាន។ បើត្រឹមតែនិយាយបែបនេះ យើងអត់ដឹងច្បាស់។ បើមានការជូនដំណឹងមកខាងយើងដាច់ខាត់យើងត្រូវតែបញ្ជូន កម្លាំងមន្ត្រីឱ្យចុះទៅចូលរួមដោះស្រាយ»។
អ្នកប្រឹក្សាយោបល់របស់សហគមន៍ជនជាតិដើមភាគតិចជងលោក វ៉ែន វ៉ន មានប្រសាសន៍ថា តំបន់អារ៉ែង គឺមានសក្តានុពលទេសចរណ៍បែបធម្មជាតិ មានព្រៃឈើ និងសត្វព្រៃ ដូចជាក្រពើភ្នំ និងត្រីនាគសម្រាប់ភ្ញៀវទេសចរទៅលេង ឬមើលកំសាន្ត។
លើសពីនេះ លោកថា ប្រជាពលរដ្ឋដែលជាជនជាតិជង ក៏ទទួលប្រាក់ចំណូលពីតំបន់អារ៉ែងនេះ តាមរយៈការនាំភ្ញៀវទេសចរណ៍ទៅទស្សនាកន្លែងផ្សេងៗ ហើយជនជាតិភាគតិចជង អាចរកអនុផលព្រៃឈើពីតំបន់ធម្មជាតិមួយនេះផងដែរ។
តំណាងជនជាតិដើមភាគតិចជាងរូបនេះ បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធធ្វើការរួមគ្នាជាមួយប្រជាពលរដ្ឋ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់តំបន់អារ៉ែឱ្យបានគង់វង្ស និងស្នើឱ្យមានការកំណត់ព្រំប្រទល់របស់សហគមន៍ឱ្យជាក់លាក់ ដើម្បីសហគមន៍ងាយស្រួលការពារ និងកំណត់អត្តសញ្ញាណបទល្មើស។
លោកបន្ថែមថា៖« ពួកយើងចង់ឱ្យអាជ្ញាធរកុំធ្វើការតែឯង គួរតែមានការសហការណ៍ជាមួយពលរដ្ឋមូលដ្ឋានក្នុងការការពារព្រៃឈើសត្វព្រៃ។ លើសពីនេះ ការកំណត់អត្តសញ្ញាណជារឿងសំខាន់ក្នុងការកាត់បន្ថយបទល្មើសក្នុងព្រៃសហគមន៍»។
កាលពីចុងខែមេសាឆ្នាំ២០២៣ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបញ្ជាឱ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតឱ្យប្រើអាវុធ ក្នុងករណីក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកកងកម្លាំង។
ក្រោយបទបញ្ជានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បានប្រាប់កាសែតក្នុងស្រុកមួយឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថបានបង្ក្រាបបទល្មើសព្រៃឈើ និងរឹបអូសបានឈើជាង៣០០ម៉ែត្រគូប ព្រមទាំងឃាត់ខ្លួនមនុស្ស១២នាក់៕
…………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន