ក្រុមយុវជនបានបង្ហាញការខកចិត្តចំពោះក្រសួងបរិស្ថាន ដែលថា ការរកឃើញបទល្មើសព្រៃឈើរបស់ពួកគេ គឺជារឿងប្រតិដ្ឋ ដើម្បីបម្រើផលប្រយោជន៍ឱ្យក្រុមប្រឆាំង។
ក្នុងឱកាសទិវាបរិស្ថានពិភពលោក កាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ ២០២៣ ក្រុមយុវជនស្រាលាញ់បរិស្ថានប្រហែល៤០នាក់បាននាំគ្នាជិះកង់ ដោយផ្តើមចេញពីទីលានប្រជាធិបតេយ្យទៅដាក់ញតិនៅក្រសួងបរិស្ថាន ដើម្បីស្នើដល់ស្ថាប័នមួយនេះ ពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើ បញ្ឈប់ការចោទប្រកាន់ ឬរើសអើងលើយុវជនការពារព្រៃឈើ និងបញ្ហាផ្សេងៗទៀត។
យុវតី ដាំ សុស្រីនាង ជាសមាជិកសមាគមបណ្តាញយុវជនកម្ពុជាដែលចូលរួមជិះកង់អបអរសាទរទិវាបរិស្ថានពិភពលោក និងដាក់ញតិនៅក្រសួងបរិស្ថាន បានថ្លៃងថា ថ្មីៗនេះ កញ្ញាបានចុះល្បាតព្រៃឡង់ជាមួយក្រុមយុវជនផ្សេងទៀតតែ២ថ្ងៃប៉ុណ្ណោះ បានជួបប្រទះបទល្មើសព្រៃឈើជាង២០០ករណី ប៉ុន្តែត្រូវបានក្រសួងបរិស្ថានចោទថា ជារឿងប្រតិដ្ឋទៅវិញ។
សមាជិកសមាគមបណ្តាញយុវជនកម្ពុជារូបនេះ បានស្នើដល់ក្រសួងបរិស្ថានបញ្ឈប់ការចោទប្រកាន់ និងពង្រឹងការទប់ស្កាត់ ឬការពារធនធានធម្មជាតិ ជាពិសេសការកាប់បំផ្លាញព្រៃឈើ។
កញ្ញាស្រីនាងបន្ថែមថា ៖«ខ្ញុំមិនសប្បាយចិត្តនៅពេលដែលលឺសម្ដីបដិសេធពីក្រសួងបរិស្ថាន ដែលថា ការរកឃើញបទល្មើសព្រៃឈើរបស់ខ្ញុំ ជាមួយក្រុមការងារ និងយុវជន គឺមិនមែនជាការពិតទេ។ អញ្ចឹងជាសំណូមពរខ្ញុំ សុំឱ្យធ្វើកិច្ចសហការណ៍ជាមួយកណ្ដាញសហគមន៍នៅមូលដ្ឋាន យុវជន អង្គការសង្គមស៊ីវិល ហើយយើងចុះទៅមើលទាំងអស់គ្នា ដើម្បីឱ្យបានឃើញថា ពិត ឫមិនពិត»។
យុវតីម្នាក់ទៀតដែលចូលរួមជិះកង់អបអរសាទរទិវាបរិស្ថានពិភពលោកកញ្ញា នុត ធិ បានទទូចដល់ក្រសួងបរិស្ថានបើកចិត្តឱ្យទូលាយ ដោយអនុញ្ញាតឱ្យក្រុមយុវជន អង្គការសង្គមស៊ីវិឡ និងពលរដ្ឋដែលស្រលាញ់បរិស្ថានចុះល្បាតរួមគ្នា ដើម្បីបញ្ជាក់ការពិត និងបានការពារធនធានធម្មជាតិទាំងអស់គ្នា។
កញ្ញា នុត ធិ បន្ថែមថា ៖« សុំឱ្យក្រសួងបរិស្ថានបើកចិត្តឱ្យទូលាយទទួលយកយុវជនការពារបរិស្ថាន និងប្រជាពលរដ្ឋដែលស្រឡាញ់ព្រៃឈើ ស្រឡាញ់ធនធានធម្មជាតិបានចូលរួមគា្ន និងសុំឱ្យក្រសួងបរិស្ថានប្ដេជ្ញាចិត្តស្របតាមឆន្ទៈរបស់ពួកយើងផង ក្នុងការថែរក្សាគម្របព្រៃឈើដែលនៅសល់ 60%នៅក្នុងឆ្នាំ 2030នេះ»។
យុវជន ផៃ ផាន់យ៉ា ជានិស្សិតសាកលវិទ្យាល័យន័រតុន បានដាក់ការសង្ស័យថា បទល្មើសព្រៃឈើនៅតែបន្តកើតមានគឺអាចជាប់ពាក់ព័ន្ធអំពើពុករលួយណាមួយរវាងមន្ត្រីជំនាញ ឬសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដោយបើកដៃឱ្យជនល្មើសប្រព្រឹត្តបទល្មើសព្រៃឈើក្នុងតំបន់ពួកគេ ថ្នូរនឹងការទទួលបានសំណូកណាមួយ។
យុវជនរូបនេះ បានស្នើដល់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធចុះអន្តរាគមន៍បទល្មើសព្រៃឈើឱ្យបានទាន់ពេលវេលានៅពេលដែលទទួលបានការរាយការណ៍ពីយុវជន សកម្មជនព្រៃឈើ សហគមន៍ដែលការពារព្រៃឈើ។ លោកក៏ស្នើដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការផ្តល់សម្បទានដីក្នុងតំបន់ការពារព្រៃឈើទៅឱ្យឈ្មួញ និងក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍ផងដែរ ដើម្បីកុំឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ។
លោក ផាន់ យ៉ា៖«សូមឱ្យក្រសួងបរិស្ថានកុំចាត់ទុកយុវជនស្រលាញ់បរិស្ថាន សហគមន៍ និងសកម្មជនព្រៃឈើ អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនិងបរិស្ថាន និងព្រៃឈើ ថាជាសត្រូវ នៃការអភិវឌ្ឍន៍ ព្រោះពួកយើងក៏ស្រលាញ់ការអភិវឌ្ឍន៍ដែរ។ យើងមិនចង់ឃើញការអភិវឌ្ឍន៍មួយដែលមិនសមស្រប។ យើងចង់បានការអភិវឌ្ឍន៍មួយដែលស្របច្បាប់ មានតម្លាភាព និងគ្មានផល់ប៉ះពាល់»។
សារព័ត៌មានពលរដ្ឋមិនអាចសុំការឆ្លើយតប់ពីរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា បានទេពាក់ព័ន្ធករណីនេះ។
មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជន (CYN) លោក អូត ឡាទីនមានប្រសាសន៍ថាការធ្វើសកម្មភាពចុះល្បាត និងការពារព្រៃឈើរបស់ក្រុមយុវជន ត្រូវបានរដ្ឋាភិបាល ឬក្រសួងបរិស្ថានលាភពណ៌ថា ធ្វើសកម្មភាពនេះឡើងដើម្បីបម្រើឱ្យផលប្រយោជន៍ក្រុមប្រឆាំង។
ប៉ុន្តែលោក អូត ឡាទីន លើកឡើងថា លោកចង់ឱ្យធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាត្រូវបានការពារដោយប្រជាពលរដ្ឋមកពីគ្រប់ទិសទី ការពារដោយក្តីស្រឡាញ់ចំពោះធម្មជាតិ ហើយស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ស្របតាមច្បាប់តំបន់ការពារធនធានធម្មជាតិ និងច្បាប់ស្ដីពីការគ្រប់គ្រងសម្បត្តិសាធារណៈរបស់រដ្ឋ។
លោក អូត ឡាទីន ក៏ស្នើដល់រដ្ឋាភិបាល និងក្រសួងបរិស្ថានបញ្ឈប់វប្បធម៌លាបពណ៌ទៅលើសកម្មជនបរិស្ថាន ឬប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិថា ជាបក្សប្រឆាំងតទៅទៀត។
លោកបន្ថែមថា៖«សកម្មភាពរបស់ពួកយើង គឺចង់ជំរុញរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថានខ្លួនឯង ការពារព្រៃឈើនិងធនធានធម្មជាតិដែលនៅសេសសល់នេះឱ្យបាន។ ហើយជាសំណូមពរនៅពេលដែលយើងធ្វើសកម្មភាពសូមកុំចាត់ទុកយើងថា ជាសត្រូវ ឬគណបក្សប្រឆាំង។ ធាតុពិតសកម្មភាពរបស់ក្រុមពួកយើងធ្វើ គឺជាសកម្មភាពមួយគិតដល់ប្រយោជន៍រួម និងជាកញ្ចក់ឆ្លុះបញ្ចាំងទៅដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថាន ដើម្បីកែតម្រូវនូវចំណុចខ្វះខាតពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិនិងការពារបរិស្ថាន»។
កាលពីចុងខែមេសាឆ្នាំ២០២៣ លោក សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញបញ្ជាឱ្យកម្លាំងអាវុធហត្ថចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ រហូតឱ្យប្រើអាវុធ ក្នុងករណីក្រុមជនល្មើសប្រឆាំង និងបាញ់តបតមកកងកម្លាំងក្រោយពីផ្ទុះឡើងវិញ នៃបទល្មើសព្រៃឈើ។
ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកព្រៃបានលើកឡើងថា បទបញ្ជានេះ ហាក់មិនមានប្រសិទ្ធភាពនោះទេ ដោយមន្ត្រីក្រោមអនុវត្តមានតែមួយប្រាវពេលមានបទបញ្ជានោះតែប៉ុណ្ណោះ៕
………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន