យុវជន និងអង្គការសង្គមស៊ីវិលធ្វើការផ្នែកប្រឆាំងអំពុករលួយរិះគន់អំពីកង្វះខាតព័ត៌មានទាក់ទងដំណើរការប្រកាសទ្រព្យសម្បត្តិនិងបំណុល ដែលធ្វើឱ្យពួកគេពិបាកស្វែងយល់បានស៊ីជម្រៅពីការអនុវត្ដនិងប្រសិទ្ធភាពនៃយន្ដការនេះក្នុងប្រទេសកម្ពុជា។
យុវជនម្នាក់ជានិស្សិតឆ្នាំទី៤ សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច រាជធានីភ្នំពេញ លោក ហេង រិទ្ធ អាយុ ២៣ ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា គាត់មានការចាប់អារម្មណ៍អំពីយន្ដការប្រកាសទ្រព្យសម្បត្តិនេះ ដោយលោកបានព្យាយាមសិក្សា ស្រាវជ្រាវបន្ថែមដោយខ្លួនឯង។ យុវជនរូបនេះយល់ថា ក្នុងច្បាប់ប្រឆាំងអំពើពុករលួយនៅតាមបណ្ដាប្រទេសមួយចំនួន គឺមានគោលការណ៍ការប្រកាសទ្រព្យសម្បត្តិនិងបំណុល ដែលជាយន្តការមួយអាចទប់ស្កាត់និងលុបបំបាត់អំពើពុករលួយ។
យុវជន ហេង រិទ្ធ រៀបរាប់ថាគាត់ពិបាកស្វែងរកព័ត៌មាន និងឯកសារបន្ថែមទាក់ទងនឹងលទ្ធផលកើតចេញពីយន្ដការនេះ ដោយលោកថា គេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ចេញឬដាក់បង្ហាញព័ត៌មានជាសាធារណៈនោះទេ ពោលគឺលោកពឹងផ្អែកលើការសិក្សាស្រាវជ្រាវពីប្រភពសារព័ត៌មាន ការសិក្សាលើច្បាប់ដែលមាន និងរបាយការណ៍ពីអង្គការសង្គមស៊ីវិលតែប៉ុណ្ណោះ។
លោកស្នើបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមវេបសាយរបស់អង្គភាពនូវរាល់ព័ត៌មានទាក់ទងនឹងយន្តការនៃការប្រកាសទ្រព្យសម្បត្តិនេះ យន្តការច្បាប់ដែលទាក់ទងនឹងការប្រឆាំងអំពើពុករលួយ និងយន្តការផ្សេងៗទៀតដើម្បីឱ្យពលរដ្ឋបានដឹង និងលើកកម្ពស់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យបានច្រើន ដើម្បីភាពងាយស្រួលដល់ពលរដ្ឋទទួលបាននូវព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយ។
លោកបន្ដថា៖ «ខ្ញុំទទួលស្គាល់ថា ACU បានផ្សាយព័ត៌មានសាធារណៈ។ ប៉ុន្តែការផ្សាយព័ត៌មានរបស់ACU អត់សូវមានច្រើនទេទាក់ទងនឹងការងាររបស់ពួកគាត់ហើយព័ត៌មានដែលចេញមកហ្នឹង អត់បានលម្អិតឱ្យគ្រប់ជ្រុងជ្រោយគឺគាត់និយាយខ្លីៗ។ ដូច្នេះបើសិនជាគាត់អាចផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមផ្សេងរឹតតែល្អដើម្បីបង្ហាញពីតម្លាភាពរបស់ស្ថាប័នរដ្ឋនិងដើម្បីជួយឱ្យប្រជាពលរដ្ឋគាត់ទទួលបានព័ត៌មានកាន់តែងាយស្រួល»។
យុវជនរូបនេះបន្ដថាឆ្លងតាមការស្រាវជ្រាវលើឯកសារជាច្រើនពាក់ព័ន្ធ នៅកម្ពុជាមានខ្វះចន្លោះប្រហោងចំណុចមួយចំនួន គឺទីមួយទម្រង់នៃការប្រកាសទ្រព្យសម្បត្តិនិងបំណុលមានប្រឡោះតូចពិបាកក្នុងការសរសេរឱ្យអស់សេចក្តី និងទីពីរគឺប្ដីឬប្រពន្ធនិងកូនរបស់បុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល ពុំត្រូវបានចូលរួមប្រកាសឡើយ។
បើតាមយុវជនរូបនេះមានករណីជាច្រើនបង្ហាញថា បុគ្គលដែលប្រព្រឹត្តអំពើពុករលួយអាចយកទ្រព្យសម្បត្តិទៅដាក់ឈ្មោះប្រពន្ធ ប្ដីឬកូនជាម្ចាស់ទ្រព្យ ដើម្បីគេចវេសពីការប្រកាសទ្រព្យសម្បត្តិនិងបំណុល។ ដោយអំពើបែបនេះ ទើបប្រទេសជាច្រើនបានតម្រូវឱ្យប្រពន្ធ ឬប្ដី និងកូនរបស់បុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល គឺត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុលផងដែរ ដូចជាប្រទេសនេប៉ាល់ ប៉ាគីស្ថាន អាហ្វហ្កានីស្ថានជាដើម។
ស្រដៀងគ្នានេះ យុវតី ម៉ូនិច អាយុ១៨ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ថាយន្ដការប្រកាសទ្រព្យសម្បត្តិនេះអាចជួយកាត់បន្ថយអំពើពុករលួយតាមរយៈការបង្ហាញតម្លាភាពនៃចរន្តសាច់ប្រាក់របស់មន្ត្រីសាធារណៈឬបុគ្គលដែលមានភារកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ បង្ហាញពីភាពស្អាតស្អំរបស់ខ្លួន មុនចូលកាន់តំណែង។
ម្យ៉ាងទៀត កញ្ញាក៏រិះគន់ពីចម្លោះប្រហោងនិងកង្វះព័ត៌មានទាក់ទងនឹងការប្រកាសទ្រព្យសម្បត្តិនិងបំណុលនេះ ព្រោះយន្ដការនេះធ្វើឡើងដោយសម្ងាត់ និងអាចបើកមើលបានតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែប៉ុណ្ណោះ។
យុវតី ម៉ូនិច លើកឡើងថា៖ «ច្បាប់នៅកម្ពុជាបច្ចុប្បន្ន មានចន្លោះប្រហោងត្រង់ចំណុចការប្រកាសទ្រព្យសម្បត្តិដោយសម្ងាត់និងអាចបើកមើលបានតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយតែម្នាក់ ដូចនេះមិនអាចបង្ហាញនូវតម្លាភាព។ ចំណុចមួយទៀតត្រង់ដែលច្បាប់តម្រូវឱ្យបុគ្គលដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ គឺប្រកាសតែបុគ្គលសាម៉ីដែលមិនតម្រូវឱ្យសាច់ញាតិផ្ទាល់ដូចជាប្រពន្ធនិងកូនប្រកាសឡើយ ដែលជាហេតុអាចឱ្យមន្ត្រីខិលខូចមួយចំនួនយកទ្រព្យសម្បត្តិរបស់ខ្លួនទៅលាក់ទុកក្នុងគណនេយ្យផ្សេង ដែលជាហេតុធ្វើឱ្យពិបាកនៅក្នុងការតាមដានទ្រព្យសម្បត្តិរបស់ពួកគេ»។
នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្វីដែលយុវជនរកឃើញ គឺសមហេតុសមផល ព្រោះកម្ពុជានៅតែមានចន្លោះប្រហោងអំពីយន្តការច្បាប់ស្ដីពីការប្រកាសទ្រព្យសម្បត្តិ ដោយលោកថា ខាងអង្គភាពប្រឆាំងអំពើពុករលួយគឺដែលជាអង្គភាពអនុវត្តច្បាប់នោះ បានត្រឹមតែជំរុញមន្ត្រីប្រកាសទ្រព្យសម្បត្តិ ហើយការប្រកាសទៀតសោត គឺធ្វើឡើងដោយសម្ងាត់ និងមិនបើកចំហព័ត៌មានឬមានការផ្សព្វផ្សាយទូលំទូលាយទេ។
លោកបន្ថែមថា៖ «ប្រទេសដែលគេអនុវត្តល្អ គេដាក់ដល់ក្នុងវេបសាយទៅទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចចូលមើលប្រូហ្វាល់របស់គាត់អាចដឹងអំពីគាត់ថា មន្ត្រីនេះគាត់មានប្រវត្តិយ៉ាងម៉េចមានការងារអ្វីខ្លះហើយមានទ្រព្យសម្បត្តិអ្វីខ្លះ? បើគាត់មានបញ្ហា ពលរដ្ឋអាចជំរុញគណនីយភាពរបស់បុគ្គលនោះបាន។ តែបើយើងប្រកាសជាសម្ងាត់ ពលរដ្ឋអត់ដឹងដដែល ហើយអ្នកដែលដឹងមានតែមន្ត្រីដែលមានសមត្ថកិច្ចអញ្ចឹងហើយវាខ្វះតម្លាភាព ទើបយើងមានការលើកទឹកចិត្ត បើសិនជាអាចគឺធ្វើវិសោធនកម្មត្រង់ចំណុចនេះ»។
លោក ប៉ិច ពិសី បន្ដថា ការប្រកាសទ្រព្យសម្បត្តិគឺជាឧបករណ៍មួយជួយធានាគណនេយ្យភាព ការទទួលខុសត្រូវនិងតម្លាភាពនៃបុគ្គលសាធារណៈ ជាពិសេសគឺមន្ត្រីតែងតាំងដោយអាណត្តិដែលពលរដ្ឋបោះឆ្នោតជូន និងតំណែងមន្ត្រីសាធារណៈដែលមានសម្រេចចិត្តធំៗ។ ម្យ៉ាងទៀត លោកថា ការប្រកាសទ្រព្យសម្បត្តិ អាចអនុញ្ញាតឱ្យពលរដ្ឋដឹងថាមន្ត្រីសាធារណៈឬបុគ្គលដែលបម្រើការងារជាតិ មានទ្រព្យសម្បត្តិអ្វីខ្លះក្នុងកំឡុងពេលដែលគាត់មកបម្រើការងារ ឬមានប្រវត្តិច្បាស់លាស់ ដែលអាចឱ្យពលរដ្ឋជំរុញគណនីយភាព ទ្រព្យសម្បត្តិរបស់ពួកគាត់។
លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ «ការប្រកាសទ្រព្យសម្បត្តិគឺធ្វើឡើងតែចំពោះបុគ្គលសាធារណៈដែលមានអាណត្តិត្រូវប្រកាសប៉ុណ្ណោះ ឯគោលការណ៍ប្រកាសទ្រព្យសម្បត្តិជាសកលដែលថា ប្រកាសឱ្យត្រឹមត្រូវនិងមានគណនេយ្យភាពខ្ពស់នោះ គឺបុគ្គលអ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិនោះ ត្រូវប្រកាសខ្លួនឯងផង និងប្រកាសឱ្យក្រុមគ្រួសារផ្ទាល់ផងគឺមានន័យថា ជាប្រពន្ធឬប្តីនិងកូនបង្កើតត្រូវប្រកាសផងដែរ ហើយការប្រកាសត្រូវធ្វើឡើងជាសាធារណៈ»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយនៅកម្ពុជាលោក សយ ច័ន្ទវិចិត្រ ប្រាប់ពលរដ្ឋអ្នកសារពត៌មានថា ក្នុងច្បាប់ប្រឆាំងអំពើពុករលួយកម្ពុជាតម្រូវឱ្យអ្នកមានកាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល គឺមានន័យថា អង្គភាពប្រឆាំងអំពើពុករលួយបានអនុវត្តទៅតាមច្បាប់ ដែលលោកថា ទាំងជាតិនិងអន្តរជាតិយល់ឃើញថា យន្តការប្រកាសទ្រព្យសម្បត្តិនិងបំណុលគឺជាផ្នែកសំខាន់មួយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងអំពើពុករលួយ។
លោក សយ ច័ន្ទវិចិត្រ បន្ដថា៖ «យើងធ្វើអ្វីៗគឺយើងធ្វើទៅតាមច្បាប់ដែលមានចែងរួចមកហើយ។ ហើយនៅក្នុងច្បាប់ហ្នឹងគឺថាការប្រកាសទ្រព្យសម្បត្តិនិងបំណុលត្រូវបានធ្វើឡើងដោយសម្ងាត់ហើយសាមីខ្លួនគាត់ជាអ្នកប្រកាសឯប្រពន្ធកូនគឺមិនតម្រូវឱ្យប្រកាសទេអាហ្នឹងគឺយើងត្រូវធ្វើទៅតាមច្បាប់»។
ប៉ុន្ដែ សយ ច័ន្ទវិចិត្រ ទាត់ចោលក្ដីកង្វល់របស់ក្រុមយុវជន និងអង្គការសង្គមស៊ីវិលទាំងការផ្ទេរប្រាក់ ឬទ្រព្យសម្បត្តិទៅសាច់ញាតិរបស់អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយលោកថា អាជ្ញាធរជំនាញមានវិធានការស្រាវជ្រាវ និងស៊ើបអង្កេត ប្រសិនបើមានករណីសង្ស័យថា បុគ្គលរូបនោះបានប្រព្រឹត្តអំពើពុករលួយមែននោះ។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបន្ថែមថា អាណត្តិនៃការប្រកាសទ្រព្យសម្បត្តិគឺធ្វើរៀងរាល់២ឆ្នាំម្ដង ហើយការប្រកាសគឺជាការធ្វើបច្ចុប្បន្នភាពទ្រព្យសម្បត្តិនិងបំណុល ដែលគេអាចដឹងពីកំណើននិងតំហយចុះនិងមូលហេតុនៃទ្រព្យសម្បត្តិរបស់គាត់។
លោក សយ ច័ន្ទវិចិត្រ បន្ថែមថា៖ «គ្រាន់ជាការចូលរួមយោបល់ទេ ថ្វីត្បិតតែការប្រកាសតែសាម៉ីខ្លួន ប៉ុន្តែពេលដែលមានការសង្ស័យថាមានអំពើពុករលួយលើបុគ្គលណាម្នាក់ គេនឹងចាប់ផ្ដើមស្រាវជ្រាវហើយគេមាននីតិវិធីរបស់គេមិនមែនមានន័យថា គាត់មានបញ្ហាទៅហើយគាត់អាចយករបស់ដែលគាត់អាចប្រព្រឹត្តនូវអំពើមិនប្រក្រតី។ គេនឹងស្រាវជ្រាវថាបទល្មើសនេះពាក់ព័ន្ធទៅខាងណាខ្លះមិនមែនចាំទាល់តែប្ដីប្រកាសប្រពន្ធប្រកាសកូនប្រកាសទើបយើងអាចធ្វើការងារនេះកើតនោះទេ។ នីតិវិធីនៃការស្រាវជ្រាវអាចប្រែប្រួលទៅតាមស្ថានការណ៍ជាក់ស្ដែងនៃបទល្មើស»។
ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជាបានលើកឡើងអំពីរបាយការណ៍ ដែលយោងពីអង្គភាពប្រឆាំងអំពើពុករលួយ ដោយអះអាងថា ដំណើរការប្រកាសទ្រព្យសម្បត្តិនិងបំណុលនៅកម្ពុជាបានអនុវត្តត្រឹមត្រូវតាមច្បាប់ស្ទើរតែ១០០ភាគរយ និងថា បុគ្គលឬសាម៉ីជនត្រូវតែប្រកាសប្រកាសទ្រព្យសម្បត្តិនិងបំណុលជាកំហិត ក្នុងករណីមានការសង្ស័យនិងស៊ើបអង្កេតពីរឿងពុលរលួយតែប៉ុណ្ណោះ។
ប៉ុន្ដែ អង្គការតម្លាភាពកម្ពុជាក៏រិះគន់ពីចំណុចមួយចំនួនដូចជា ការមិនតម្រូវឱ្យសមាជិកគ្រួសារចូលរួមប្រកាស គោលការណ៍រក្សាការសម្ងាត់ និងការអនុញ្ញាតឱ្យតែប្រធាន ACU ជាអ្នកសម្រេច និងការមិនតម្រូវឱ្យប្រកាសទ្រព្បសម្បត្តិផ្សេងទៀត ដូចជា កេរ្តិ៍មរតក អំណោយ និងប្រាក់ចំណូលដែលគ្មានប្រភពច្បាស់លាស់។
បន្ថែមលើសនេះ អង្គការតម្លភាពអះអាងថា អំពើពុករលួយមានការធ្លាក់ចុះឬកាត់បន្ថយ នៅក្នុងប្រទេសដែលមានការស៊ើបអង្កេតនិងផ្តន្ទាទោសមន្ដ្រីជាប់ពាក់ព័ន្ធរឿងអំពើពុករលួយ យន្ដការត្រួតពិនិត្យប្រភពចំណូលរបស់មន្ដ្រីសាធារណៈ និងការចែករំលែកព័ត៌មានអំពីយន្ដការប្រកាសទ្រព្យសម្បត្ដិ និងបំណុលជាសាធារណៈ ដើម្បីឱ្យបានពលរដ្ឋបានតាមដាននិងយល់ដឹង។
ក្នុងរបាយការណ៍ស្ដីពីសន្ទស្សន៍ការយល់ឃើញពីអំពើពុករលួយ (CPI) ចេញផ្សាយនៅដើមឆ្នាំ២០២៣នេះ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានដាក់ចំណាត់ថ្នាក់អំពើពុករលួយកម្ពុជាក្នុងឆ្នាំ២០២២ ស្ថិតនៅលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់ទី២ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា និងអាក្រក់ជាងគេលំដាប់លេខ៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
អង្គការតម្លាភាពអន្តរជាតិផ្អែកការវិភាគរបស់ខ្លួនលើប្រភពទិន្នន័យឬសូចនាករវាស់វែងចំនួន៨ ដើម្បីដាក់ពិន្ទុសន្ទស្សន៍នៃការយល់ឃើញអំពើពុករលួយរបស់កម្ពុជា ដោយថា ការកើនឡើងពិន្ទុបន្តិចបន្តួចក្នុងឆ្នាំ២០២២ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការស្តារ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពក្រោយវិបត្តិកូវីដ-១៩។ ប៉ុន្ដែកត្តាដែលនៅតែបន្តរារាំងកម្ពុជាមិនឱ្យទទួលបានពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អប្រសើរគួរឱ្យកត់សម្គាល់នោះ គឺការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕
————————–
ពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន