កម្មករកម្មការិនីរោងចក្រ ទីឆាវ ថេកស្ថាយ(ខេមបូឌា)ខូអិលធីឌី TIQIAO TEXTILE(Cambodia) Co.,LTD ដែលមានទីតាំងស្ថិតនៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្ដកណ្ដាល ថាពិបាកសុំច្បាប់ឈប់សម្រាកពេលមានជំងឺឈឺទៅព្យាបាលនៅមន្ទីរពេទ្យ ។
បុរសម្នាក់ដែលសុំដាក់ឈ្មោះ វណ្ណៈ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះថា លោកបានចូលធ្វើការនៅក្នុងរោចក្រ ទីឆាវ ថេស្ថាយ រយៈមានពេល៥ខែមកហើយ ធ្វើការនៅផ្នែកដេរ ។
លោកបន្តថា ចាប់តាំងពីលោកចូលធ្វើការជួបបញ្ហាជាច្រើនដូចជាពិបាកដាក់ច្បាប់សុំឈប់សម្រាកនៅពេលមានភារកិច្ចរវល់ ឬឈឺម្ដងៗ ពេលខ្លះត្រូវបានប្រធានក្រុម និងប្រធានផ្នែកជេរដោយប្រើពាក្យសម្ដីមិនសមរម្យ។
លោកបន្ថែមថា បើឈប់មិនបានជួនដំណឹងទៅប្រធានរដ្ឋបាលជាមុនទេត្រូវដាច់លុយ ទោះបីមានសំបុត្រពេទ្យដែលបញ្ជាក់ថាខ្លួនឈឺពិតប្រាកដក៏ត្រូវដាច់លុយដែរ ។ លោកឈឺឈប់ចំនួន២ថ្ងៃទៅព្យាបាលជំងឺ ប្រធានរដ្ឋបាលឱ្យដាច់លុយ១ថ្ងៃ ។
កម្មកររូបនេះអះអាងថា បើចង់សុំច្បាប់ឈប់សម្រាកប្រធានរដ្ឋបាលរោងចក្រតំរូវឱ្យជួនដំណឹងមុនចំនួនមួយថ្ងៃ មុននឹងបានច្បាប់ឈប់សម្រាកម្ដងត្រូវបានប្រធានរដ្ឋបាលស្ដីបន្ទោ ចំពោះថ្ងៃសៅរ៍នឹងថ្ងៃចន្ទ ប្រធានរដ្ឋបាលហាមមិនឱ្យសុំច្បាប់ឈប់ជាដាច់ខាតលើកហេតុផលថាឈប់ជាប់គ្នា២ថ្ងៃជាមួយថ្ងៃអាទិត្យ ។
លោក វណ្ណៈ យល់ថា ការដែលក្រុមហ៊ុនធ្វើបែបនេះគឺមិនសមស្របទៅតាមច្បាប់ស្ដីពីរការងារ នឹងមិនអនុវត្តតាមការណែនាំរបស់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
លោកលើកឡើងថា៖ « មុនហ្នឹងឈប់គឺត្រូវឱ្យដំណឹងមុន មិនថាយើងឈឺ ឬមិនឈឺក៏ដោយ។ឥឡូវដាក់ច្បាប់ឈឺត្រូវប្រាប់គេ[ប្រធានរដ្ឋបាល]មុន ត្រូវឈប់ស្អែកចឹងត្រូវប្រាប់ថ្ងៃហ្នឹងឱ្យហើយ។ហើយកម្មករគាត់មានបញ្ហាព្រោះពេលដែលឈឺមិនអាចដឹងមុនទេ។ ឧទាហរណ៍ថា ពេលហ្នឹងធម្មតាទេស្អែកឈឺអត់ស្រួលខ្លួនទៅធ្វើការអត់កើត ពូកគាត់[ប្រធានរដ្ឋបាល]អត់មានគិតចំណុចហ្នឹងទេ » ។
កម្មការិនីម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ប្រាប់ថា អ្នកស្រីបានចូលបម្រើការងារនៅក្នុងរោងចក្រ ទីឆាវ ថេកស្ថាយ មានរយៈពេលជាង១ឆ្នាំ ធ្វើការនៅផ្នែកដេរ ។
កម្មការិនីវ័័យ៣៤ឆ្នាំរូបនេះបន្តថា ខ្លួនអ្នកស្រីផ្ទាល់មិនសូវជាមានបញ្ហាប៉ុន្មានទេប៉ុន្តែអ្នកដែលធ្វើការងារជាមួយអ្នកស្រីមានបញ្ហាពិបាកសុំច្បាប់ឈប់ពេលខ្លួនឯងឈឺឬមានកូនឈឺត្រូវមើលថែនៅមន្ទីរពេទ្យ ខាងរដ្ឋបាលគេចង់ឱ្យកម្មករដែលសុំច្បាប់ឈឺត្រូវមកសុំច្បាប់ដោយផ្ទាល់ សូម្បីជូនដំណឹងតាមប្រធានក្រុមក៏មិនបានដែរ ។
អ្នកស្រីបន្ថែមថា មានកម្មករខ្លះត្រូវបានប្រធានរដ្ឋបាលហៅទៅព្រមាន ឬបង្ខំឱ្យដាក់ក្រដាស់លាឈប់ពីការងារ ។ បើមានកម្មករណានិយាយពីរឿងហជិពឬចង់បង្កើតសហជីព ប្រធានរដ្ឋបាលមិនពេញចិត្ត ដល់កិច្ចសន្យាការងារត្រូវបញ្ឈប់ចោលតែម្ដង ។កម្មករណាដេរមិនគ្រប់ចំនួនទៅតាមការកំណត់ត្រូវហៅទៅព្រមានបង្ខំឱ្យចូលធ្វើការមុនម៉ោងកំណត់ ។
អ្នកស្រីលើកឡើងថា៖ « រោងចក្រដែលខ្ញុំធ្លាប់ធ្វើមុនៗគឺអត់ពិបាកអញ្ចឹងទេឱ្យតែយើងឈឺយើងតេប្រាប់គេ[ប្រធានក្រុម]ទៅយើងមានសំបុត្រពេទ្យ ប្រធាន[ក្រុម]ឬរដ្ឋបាលគេឱ្យច្បាប់ស្រួល ខ្ញុំទើបតែឃើញនៅហ្នឹងមួយ។[…]ខ្ញុំចង់ឱ្យកាត់បន្ថយក្នុងការស្រែកជេកម្មករ សូមមេត្តាជួយសម្រួលរឿង[សុំ]ច្បាប់ឱ្យគាត់ស្រួលតិចទៅអ្នកណាចង់ដាច់លុយមនុស្សម្នាក់ៗធ្វើការដើម្បីលុយ » ។
កម្មកការិនីម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដោយបារម្ភខ្លាចគេបញ្ឈប់ពីការងាបានប្រាប់ថាកាលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អ្នកស្រីមានបញ្ហាសុខភាពឈឺក្បាលហេវហត់សុំប្រធានក្រុមឈប់កន្លះថ្ងៃទៅពេទ្យព្យាបាលជំងឺ ។
កម្មករដដែលនេះបន្ថែមថា អ្នកស្រីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅថ្ងៃទី២១កន្លះថ្ងៃទី២២មួយថ្ងៃពេញ នៅថ្ងៃទី២៣ ខែសីហា ចូលធ្វើវិញការយកសំបុត្រពេទ្យទៅដាក់ច្បាប់បែជាមិនបាន។ អ្នកស្រីថា ប្រធានរដ្ឋបាលមិនឱ្យច្បាប់ទេទោះបីអ្នកស្រីមានសំបុត្រពេទ្យក៏ដោយ មូលហេតុដែលប្រធានរដ្ឋបាលមិនឱ្យច្បាប់ គេថាអ្នកស្រីមិនបានជូនដំណឹងទៅប្រធានរដ្ឋបាលមុនមួយថ្ងៃ។
អ្នកស្រីលើកឡើងថា៖ « គេកាត់លុយយើងអស់ យើងអត់បានច្បាប់ចឹង។បើយើងបានដាក់ច្បាប់យើងដាច់តិចទួច ដល់ពេលអត់បានច្បាប់កាត់ច្រើន »។
បុគ្គលិកផ្នែករដ្ឋបាលរោងចក្រ ទីឆាវ ថេកស្ថាយអ្នកស្រី កុសល់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ នេះថាបញ្ហាដែលកម្មករលើឡើងដូចអត់ដែលមានទេ ខាងរដ្ឋបាលតែងតែឱ្យច្បាប់ទៅកម្មកររហូត ប៉ុន្តែត្រូវមានលក្ខខណ្ឌ។
អ្នកស្រីលើកឡើងថា៖ « ត្រូវមានលក្ខខណ្ឌរបស់គេ អញ្ចឹងខ្ញុំអត់ដឹងថាពួកគាត់យល់បែបណាទេ ព្រោះអីពួកខ្ញុំនៅពេលដែលមានពួកខ្ញុំឱ្យច្បាប់[…]មិនមានលក្ខខណ្ឌបែបណាផ្សេងអីទេ គ្រាន់តែចង់និយាយថាពួកខ្ញុំមានលក្ខខណ្ឌបែបពួកខ្ញុំ »។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ដកណ្ដាលលោក ធុល នាម បានប្រាប់ពលរដ្ឋអ្នកសារថាបើសិនជាប្រធានរដ្ឋបាលឱ្យកម្មករជួនដំណឹងឬសុំច្បាប់មុននៅពេលឈឺ គឺមិនត្រឹមត្រូវទេគ្មានអ្នកណាដឹងថាខ្លួនឯងឈឺមុនទេ។ លោកថា បើមានកម្មវិធីរវល់ បុណ្យទានការ ទុក្ខធូរៈទៅលេងបងប្អូនអាចជួនដំណឹងមុនបាន ឈឺមិនមានបុគ្គលណាដឹងមុនបានទេ។
លោកបន្តថា ទង្វើរបស់រដ្ឋបាលគឺខុសពីច្បាប់ការងារ នៅថ្ងៃច័ន្ទទី២៦ លោកនឹងចាត់ឱ្យមន្រ្ដីអធិការកិច្ចការងារ នៃមន្ទីរការងារ និងបណ្ដុំបណ្ដាលវិជ្ជាជីវៈ ខេត្ដកណ្ដាលចុះទៅអង្កេតស្រាវជ្រាវណែនាំទៅដល់ក្រុមហ៊ុន និងរដ្ឋបាលឱ្យគោរពតាមច្បាប់ស្ដីការងារ អនុវត្តការឈប់សម្រាកនៅពេលមានជំងឺឱ្យបានត្រឹមត្រូវតាមច្បាប់ឡើងវិញ ។
លោកបន្ថែមថា កម្មករដែលមានលិខិតពេទ្យបញ្ជាក់យ៉ាងច្បាស់ថាពិតជាបានទៅព្យាបាលនៅមន្ទីរពេទ្យពិតប្រាកដ ក្រុមហ៊ុនមិនអាចកាត់លុយកម្មករបានទេ។
លោកលើកឡើងថា៖ « នេះគឺជាការអនុវត្តមិនត្រឹមត្រូវទៅតាមច្បាប់ស្ដីពីការងារ។ ការឈឺសុំច្បាប់ឈប់គឺជាសិទ្ធបរស់បងប្អូនកម្មករដែលក្រុមហ៊ុនត្រូវតែអនុញ្ញាត ឈឺដែលមានលីខិតពេទ្យទៀត រិទ្ធតែបញ្ជាក់ច្បាស់ថាគាត់បានទៅព្យាបាលនៅពេទ្យ បញ្ជាក់ថាគាត់ឈឺពិតប្រាកដ អញ្ចឹងមិនអាចកាត់លុយគាត់បានទេ » ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានថ្លែងថា ការដែលនិយោជកតម្រូវឱ្យកម្មករសុំច្បាប់ជាមុននៅពេលឈឺជារឿងមិនត្រឹមត្រូវតាមច្បាប់ស្ដីពីការងារ ការសុំច្បាប់ទុកមុនទាល់តែមានកម្មវិធីដែលបានគ្រោងទុក ចំពោះឈឺគ្មានអ្នកណាដឹងមុនទេ ។
លោកនិយាយថា កាលដែលប្រធានរដ្ឋបាលហាមមិនឱ្យកម្មករសុំច្បាប់ឈប់នៅថ្ងៃសៅរ៍និងថ្ងៃចន្ទជារឿងមិនត្រឹមត្រូវដូចគ្នាព្រោះថ្ងៃណាក៏កម្មករអាចសុំច្បាប់ឈប់បានដែរឱ្យតែមានធូរៈ។ លោកលើកឡើងថា ដើម្បីការពារផលប្រយោជន៍រួម កុំឱ្យមានការរំលោភបំពានកម្មករត្រូវតែយល់ដឹងអំពីសិទ្ធិរបស់ខ្លួន រួមគ្នាបង្កើតសហជីពឯករាជ្យដើម្បីជួយដោះស្រាយពេលមានបញ្ហា។
លោកបន្ថែមថាក្រសួងការងារ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅពេលទទួលបាននដំណឹងនេះហើយត្រូវតែធ្វើអធិការកិច្ចស្រាវជ្រាវដោះស្រាយឱ្យទាន់ពេលវេលា។
លោកលើកឡើងថា៖ « ខ្ញុំគិតថាវាមិនត្រឹមត្រូវទេបើសិនខាងនិយោជក អនុវត្តបែបហ្នឹងវាអត់ត្រឹមត្រូវទេ ព្រោះកាលណាកម្មករឈឺមានសិទ្ធទីមួយផែនការដឹងមុនគេសុំទុកមុនឬក៏ឈប់សម្រាកពិសេសគេសុំទុកមុន ចំពោះឈឺឬក៏ព្រឹត្តិការណ៍ប៉ះពាល់ដល់គ្រួសារពេលខ្លះមិនអាចដឹងមុនទេ កម្មករនិយោជិតគ្រាន់តែប្រាប់គេតាមទូរសព្ទ ឬផ្ញើលីខិតដាក់ឱ្យគេទៅយើងឈប់បានហើយ » ។
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កម្មករកម្មការិនីរោងចក្រ ទីឆាវ ថេកស្ថាយ ប្រមាណ៧០០នាក់បានធ្វើកូដកម្មចោទថៅកែថា មានការយឺតយ៉ាវឬពន្យារពេលបើកប្រាប់ខែជួនកម្មករ។ កម្មករឱ្យដឹងថា រាល់ថ្ងៃរោងចក្រ ទីឆាវ ថេកស្ថាយ មានថៅកែជាជនជាតិចិន ផលិតសម្លៀកបំពាក់ មានកម្មករបម្រើការងារជាង៧០០នាក់៕
……………………………………………………….
អត្ថបទដោយអ្នកសារព័ត៌មាន លោក សួន វុត្ថា