កម្មករកម្មការិនីប្រមាណ ៥០០នាក់ ធ្វើការនៅរោងចក្រ គល័រស្តារ ខេមបូឌា ប្រដាក់ ខូអិលធីឌី បានប្រមូលផ្តុំគ្នាតវ៉ាបិទកំណាត់ផ្លូវ២៧១ ចំណុចផ្សារព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភានេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយអត្ថប្រយោជន៍ការងារមួយចំនួន ក្រោយពីក្រុមហ៊ុនប្រកាសពីការដូរទីតាំងរោងចក្រ ទៅខេត្តតាកែវ។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងរោងចក្រ ឬក្រុមហ៊ុន គល័រស្តារ ខេមបូឌា ( Color Star (Cambodia) Product Co.,LTD) បានចេញសេចក្តីជូនដំណឹងមួយ ពីការដូរទីតាំងរោងចក្រពីរាជធានីភ្នំពេញ ទៅខេត្តតាកែវ។ សេចក្តីជូនដំណឹងនោះ ខាងរោងចក្រដោយបញ្ជាក់ថា ដោយសារម្ចាស់ដីលែងបន្តកិច្ចសន្យាជួលដីនៅរោងចក្រចាស់ ទើបខាងរោងចក្រត្រូវបង្ខំដូរទៅកាន់ទីតាំងថ្មី ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រ ផ្លូវជាតិលេខ២ ភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ក្រុមហ៊ុនបន្តថា ពេលវេលាផ្លាស់ប្តូរទីតាំង គឺថ្ងៃធ្វើការចុងក្រោយរបស់រោងចក្រចាស់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈកាលបរិច្ឆេទបើកដំណើរការជាផ្លូវការនៃរោងចក្រថ្មី នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ (តាមផ្នែក)។
ចំណែក អត្ថប្រយោជន៍នឹងការលើកទឹកចិត្តដល់កម្មករនិយោជិតវិញ ក្រុមហ៊ុននេះបញ្ជាក់ថា កម្មករនិយោជិតទាំងអស់ ដែលផ្លាស់ពីរោងចក្រចាស់ប្តូរទៅរោងចក្រថ្មី នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ២០០ដុល្លារក្នុងម្នាក់ៗ ដែលបញ្ចូលទៅក្នុងប្រាក់បៀវត្សរ៍ប្រចាំខែរយៈពេល៦ខែ ក្នុង៥ខែដំបូងនឹងទទួលបាន ៣០ដុល្លារ និងខែទី៦ ទទួលបាន ៥០ដុល្លារ។
អ្នកស្រី រឿង សារ៉ន ដែលអះអាងថាជាកម្មការិនីធ្វើការនៅរោងចក្រ គល័រស្តារ ខេមបូឌា បានឱ្យដឹងថា ទីតាំងថ្មីដែលរោងចក្រប្តូរទៅគឺឆ្ងាយពីក្រុង ហើយអ្នកស្រីនិងកម្មករមួយចំនួនទៀត សុំបញ្ចប់កិច្ចសន្យាការងារ ប៉ុន្តែស្នើឱ្យខាងរោងចក្រផ្តល់ប្រាក់លើកទឹកចិត្ត តាមរយៈពេលដែលពួកគាត់បានធ្វើការជាមួយក្រុមហ៊ុន ប៉ុន្តែខាងរោងចក្រមិនយល់ព្រម ទើបកម្មករនាំគ្នាតវ៉ា ដោយបិទកំណាត់ផ្លូវនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយ។
អ្នកស្រីលើកឡើងថា៖ «ខាងក្រុមហ៊ុនគាត់តម្រូវឱ្យពួកខ្ញុំសហការជាមួយគាត់ ទៅតាមពួកគាត់នៅរោងចក្រថ្មី ហើយដល់ពេលពួកខ្ញុំអត់ព្រមទៅអ៊ីចឹង ខ្ញុំចង់សួរគាត់ថាមានអ្វីលើកទឹកចិត្តឱ្យពួកខ្ញុំអត់? ជាប្រាក់ ជាលុយ អ្នកធ្វើការយូរឆ្នាំ តិចឆ្នាំអីចឹង»។
អ្នកស្រីបន្តថា អ្នកដែលមិនព្រមទៅធ្វើការនៅរោងចក្រថ្មី គឺមិនទទួលបានប្រាក់លើកទឹកចិត្តអ្វីទេ បានតែប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំធម្មតា។
កម្មការិនីធ្វើការនៅរោងចក្រ គល័រស្តារ មួយរូបទៀត អ្នកនាង ម៉ិច កិរិយា បានឱ្យដឹងដែរថាមូលហេតុមួយទៀត ដែលពួកគាត់នាំគ្នាតវ៉ាដោយបិទកំណាត់ផ្លូវលេខ២៧១នេះ ដោយសារតែពួកគាត់ចង់ឱ្យខាងរោងចក្រគិតប្រាក់បំណាច់ឆ្នាំដោយគុណទៅតាមឆ្នាំដែលកម្មករ បានធ្វើការ មុនពេលដែលរោងចក្រប្តូរទីតាំង។
អ្នកនាងនិយាយថា៖ « តវ៉ាចង់អោយខាងរោងចក្រគិតលុយជាមួយគ្នានឹងក្រុមដែលរើទៅមុន នេះជាដើមហេតុ»។
យ៉ាងណា ស្របពេលដែលកម្មករតវ៉ាបិទកំណាត់ផ្លូវនេះ ខាងមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចុះទៅសម្របសម្រួល និងដោះស្រាយភ្លាមៗផងដែរ ហើយកម្មករក៏បាននាំគ្នារំសាយការតវ៉ាវិញ នៅម៉ោងប្រមាណជិត១០ព្រឹក។
តំណាងរោងចក្រ គល័រស្តារ ខេមបូឌា មិនអាចសុំការបញ្ជាក់ជុំវិញការទាមទាររបស់កម្មករនេះបាននៅឡើយទេ គិតត្រឹមថ្ងៃអង្គារនេះ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ូ រតនា មានប្រសាសន៍ថា ក្រសួងបានសម្របសម្រួលដោះស្រាយវិវាទការងារនេះជាមួយភាគីកម្មករ និងខាងរោងចក្ររួចរាល់ហើយ ដោយខាងរោងចក្របានអនុវត្តន៍តាមផ្លូវច្បាប់ ហើយភាគីកម្មករបានទទួលយកដំណោះស្រាយ និងយល់ព្រមចូលធ្វើការវិញ នៅថ្ងៃទី២១ ខែឧសភា។
លោកថា៖ «កម្មករដែលព្រមទៅ ក្រុមហ៊ុនរក្សាអត្ថប្រយោជន៍ការងារ តួនាទី ឬភារកិច្ច ឬក៏ប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅដដែល ព្រមទាំងបន្ថែមប្រាក់ឧបត្តម្ថបន្ថែម […] ប្រសិននិយោជិតដែលអត់ទៅទេ ក្រុមហ៊ុននឹងបញ្ចាប់កិច្ចសន្យាទូទាត់ទៅតាមផ្លូវច្បាប់»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ឱ្យដឹងថា ក្រោមការសម្របសម្រួលរបស់ក្រសួងក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែឧសភានេះ គឺភាគីទាំងពីរ បានឯកភាពទូទាត់លើ ៤ចំណុច ស្របទៅតាមច្បាប់ ដើម្បីបញ្ចប់វិវាទ ក្នុងនោះមានការទូទាត់ប្រាក់ឈ្នួលដែលមិនទាន់បានបើក, ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ប្រាក់បំណាច់ជួសការជូនដំណឹងមុន និងប្រាក់បំណាច់អតីតភាពការងារ។
ជាមួយគ្នានោះ ក្រសួងក៏បានអំពាវនាវដល់កម្មករនិយោជិតនៃក្រុមហ៊ុន គល័រស្តារ រងចាំការដោះស្រាយរបស់ក្រសួង ចៀសវាងការយកជម្រើសតវ៉ាដោយការបិទផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ដែលជាបទល្មើសព្រហ្មទណ្ឌ។
នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ លោក មឿន តុលា សង្កេតឃើញថា បញ្ហាឈានដល់ការតវ៉ាអាចបណ្តាលមកពីការជជែកគ្នាមិនច្បាស់លាស់ អំពីនីតិវិធីនៃទូរទាត់អត្ថប្រយោជន៍ការងារ នៅពេលដែលរោងចក្រប្តូរទីតាំង។
យ៉ាងណា លោកពន្យល់ផ្លូវច្បាប់បែបនេះថា៖ «នៅក្នុងផ្លូវច្បាប់អញ្ចេះទេ អ្នកដែលអត់ទៅទីតាំងថ្មី អាហ្នឹងគឺគេប្រើ គេហៅថា ការផ្តាច់កិច្ចសន្យា។ ការផ្តាច់កិច្ចសន្យាហ្នឹង គឺគេគោរពតាមលក្ខខណ្ឌទាំង៥ហ្នឹងទៅ លក្ខខណ្ឌទាំង៥មានន័យថា ត្រូវជូនដំណឹងគេមុន ហើយបើសិនជាមិនជូនទេ ត្រូវទូរទាត់ជាលុយ ប្រាក់ខែចុងក្រោយត្រូវតែផ្តល់ឱ្យគេ ប្រាក់បំណាច់ផ្តាច់កិច្ចសន្យា ឬប្រាក់បំណាច់បណ្តេញចេញហ្នឹង ត្រូវផ្តល់ឱ្យគេអីចឹងទៅ បើសិនជាមិនទាន់ទូរទាត់ទេ ហើយមួយទៀតគឺប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំ បើសិនជានៅសល់ ហើយសំណងជំងឺចិត្ត បើសិនជាខាងរោងចក្រហ្នឹង មិនមានហេតុផលសមរម្យណាមួយ ក្នុងការមកបញ្ជាក់ថាខ្លួនឯងមិនអាចបន្តកិច្ចសន្យាហ្នឹងបានទេ អាហ្នឹងគេអាចបើកសិទ្ធិឱ្យភាគីម្ខាងទៀត ប្តឹងទាមទារសំណងជំងឺចិត្តហ្នឹង អាហ្នឹងជាទូទៅគេគោរពតាមលក្ខខណ្ឌ៥ហ្នឹង»។
យ៉ាងណា លោក មឿន តុលា ជំរុញដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យ អង្កេត និងជំរុញឱ្យខាងរោងចក្រដែលជានិយោជកអនុវត្តទៅតាមច្បាប់ ដោយមិនចាំបាច់ទាល់តែមានការតវ៉ាពីសំណាក់កម្មករ ហើយបានដោះស្រាយនោះទេ។
គួរបញ្ជាក់ថា កម្មកររោងចក្រ គល័រស្តារ បានផ្ទុះការតវ៉ាម្តងហើយ នៅរសៀលថ្ងៃទី១៩ ខែឧសភាម្សិលមិញនេះ ប៉ុន្តែដោយសារការចរចារកដំណោះស្រាយមិនទាន់មានការឯកភាពគ្នាទៅលើចំណុចទាំង៥ ដែលពួកគេទាមទារ ទើបមានការតវ៉ាបិទកំណាត់ផ្លូវលេខ២៧១រយៈពេលខ្លី នៅព្រឹកនេះ រហូតដល់ក្រសួងការងារចុះទៅសម្រុះសម្រួលដោះស្រាយ៕
អត្ថបទ៖ លី រូស្សឡាន និង តាំង ប៉ហ្គិច