ស្ដ្រីតំណាងសហគមន៍នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទាមទារឱ្យអាជ្ញាធរជួយរកយុត្តិធម៌ ករណីក្រុមទាហាន «ង៧០» បានធ្វើទុក្ខបុកម្នេញ និងប្រើប្រាស់អំពើហិង្សាគំរាមកំហែងពលរដ្ឋក្នុងបញ្ហាជម្លោះដីធ្លីនៅព្រៃ«មេត្តាធម្មជាតិ» បន្ទាប់ពីរដ្ឋាភិបាលបានកាត់ដីជាង២០០ហិកតាបែងចែកទៅឱ្យគ្រួសារកងទ័ពនោះ។
តំណាងសហគមន៍ឧត្ដមស្រែពស់ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ អ្នកស្រី ឃន ខន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ក្រោយទទួលបានសិទ្ធិពីរដ្ឋាភិបាលនោះ ក្រុមគ្រួសារទាហាន «ង៧០» បានធ្វើការអុកឡុក និងគំរាមកំហែងប្រជាសហគមន៍ដែលហ៊ានចេញមុខតវ៉ាបញ្ហាដីធ្លី ព្រមទាំងបានវាយធ្វើបាបពលរដ្ឋ អ្នកសារព័ត៌មាន និងមន្ដ្រីអង្គការសង្គមស៊ីវិល ហើយយកទូរសព្ទពីអ្នកភូមិថែមទៀតផង។
អ្នកស្រីរៀបរាប់ថា គាត់ត្រូវបានក្រុមគ្រួសារទាហាន «ង៧០» វាយបំបាក់ដៃខាងឆ្វេង ហើយបច្ចុប្បន្ន គាត់កំពុងសម្រាកព្យាបាល ខណៈស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកស្រីស្នើជួយរកយុត្តិធម៌ចំពោះករណីនេះ ដោយថា អ្នកស្រីរងការឈឺចាប់ទាំងផ្លូវចិត្ត និងផ្លូវកាយ និងការបាត់បង់ដីសហគមន៍។
អ្នកស្រី ឃន ខន រៀបរាប់ថា៖ «ខ្ញុំត្រូវបានទាហាន ង.៧០ វាយបាក់ដៃខាងឆ្វេង។ រាល់ថ្ងៃនេះ ខ្ញុំកំពុងសម្រាកព្យាបាលដោយមិនដឹងថា អាចធូរស្រាលឡើយ។ ខ្ញុំមានការឈឺចាប់ទាំងកាយចិត្ត ដែលទាហាន ង.៧០ បានវាយដំប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ដោយអាណាធិបតេយ្យគ្មានការគោរពច្បាប់បន្ដិចសោះ»។
ព្រះសង្ឃមួយអង្គគង់នៅអាស្រមក្នុងព្រៃក្បែរដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ព្រះតេជគុណ ព្រំ សុជាតិ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពលរដ្ឋបានថែរក្សាព្រៃឈើនៅសហគមន៍នេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ និងត្រូវបានគេកាប់បំផ្លាញអស់ប្រមាណ ៥០០ហិកតា។ ព្រះអង្គមានសង្ឃដីកាថា ព្រៃឈើនៅតំបន់នេះបានផ្ដល់ជាជម្រកដល់សត្វព្រៃរាប់រយប្រភេទ និងបានបាត់បង់អស់ស្ទើរគ្មានសល់ឡើយ។
បើតាមព្រះតេជគុណ ព្រំ សុជាតិ ពលរដ្ឋចំនួន ៦៦គ្រួសារមានការខកចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃនៅទីនេះបាន។
អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង មានប្រសាសន៍ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនបានដឹងបញ្ហានេះទេ ព្រោះមិនបានទទួលពាក្យបណ្ដឹងណាមួយពីពលរដ្ឋ។ ម្យ៉ាងទៀត លោកថា បញ្ហាជម្លោះដីធ្លីនៅតំបន់នេះ គឺមកពីភាគីទាំងពីរមិនព្រមយោគយល់គ្នានិងដណ្ដើមយកឈ្នះរៀងៗខ្លួន។
លោក វី សំណាង បន្ដថា៖ «បើគាត់ប្ដឹងមកអាជ្ញាធរមក យើងអាចមានលទ្ធភាពដោះស្រាយ ហើយគាត់ចេះតែដើរថា ដើរស្រែកនៅខាងក្រៅ ហើយមករាយការណ៍ទៅតាមហ្វេសប៊ុក ឬប្រព័ន្ធផ្សេងៗ ខ្ញុំមិនបានមើលមិនបានដឹងឱ្យខ្ញុំធ្វើម៉េច»។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុម សាមិត្ត មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិចារណាឡើងវិញចំពោះការផ្ដល់ដីសម្បទានសង្គមកិច្ចទៅក្រុមគ្រួសារកងទ័ព ដែលបានបង្កបញ្ហាជម្លោះដីធ្លី និងការធ្វើទុក្ខបុកម្នេញមកលើប្រជាសហគមន៍នៅតំបន់នេះ។
លោក អ៊ុម សាមិត្ត មានប្រសាសន៍បន្ដថា៖ «រដ្ឋាភិបាលគួរពិចារណាដកព្រះរាជក្រឹត្យ ឬនារាករណ៍ចោល ដើម្បីរក្សាព្រៃសហគមន៍ទុក ព្រោះគ្មានព្រៃឈើនៅសល់ឡើយ។ វាគួរឱ្យសោកស្ដាយដែលព្រៃឈើត្រូវបានបាត់បង់ទាំងស្រុង»។
កាលពីចុងខែឧសភា ឆ្នាំ២០២២ ប្រជាសហគមន៍បាននាំគ្នាដាក់ញត្តិនៅទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តកំពង់ស្ពឺ និងរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឱ្យជួយទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់ក្រុមទាហាន «ង៧០»។
ក្នុងញត្តិនោះ ពលរដ្ឋអះអាងថា កាលពីឆ្នាំ២០០៣ ផ្ទៃដីព្រៃសហគមន៍ឧត្ដមស្រែពស់ មានទំហំ២ ៤៣៣ហិកតា ដោយមានពលរដ្ឋអាស្រ័យផលចំនួន២៥៣គ្រួសារ ហើយនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីព្រៃសហគមន៍នេះទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារទាហាន«ង៧០» អស់ជាច្រើនហិកតា។
បច្ចុប្បន្ននេះ ដីព្រៃសហគមន៍នេះនៅសល់ប្រហែល៩០០ហិកតាប៉ុណ្ណោះ និងកំពុងទទួលរងការកាប់ទន្ទ្រាន និងដុតបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត។ ប្រភពដដែលឱ្យដឹងទៀតថា ព្រៃសហគមន៍ទាំង២នេះជាតំបន់ព្រៃស្រោង ជាជម្រកសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ជាពិសេសប្រភេទសត្វព្រៃជិតផុតពូជ ខណៈប្រជាពលរដ្ឋនិងព្រះសង្ឃបានការពារព្រៃនេះជាង២០ឆ្នាំទៅហើយ៕
—————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM អ្នកស្រី មុំ សោភី