អ្នកការពារព្រៃឈើ និងសត្វព្រៃនៅសហគមន៍សង្ឃរុក្ខាវ័ន ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើកឡើងថា សត្វព្រៃ និងផលត្រីនៅតំបន់ការពារមួយនេះប្រឈមបាត់បង់ឆាប់រហ័ស ខណៈការដាក់អន្ទាក់ចាប់សត្វព្រៃ និងការនេសាទខុសច្បាប់បន្តកើតមាន។
ព្រះចៅអធិការវត្តប្រាសាទរាជាសំរោង ព្រះតេជព្រះគុណ ថូ ធូរស់ និងជាព្រះប្រធានសង្ឃរុក្ខាវ័នមានថេរដីកាថា បច្ចុប្បន្នតំបន់ការពារមួយនេះប្រឈមបញ្ហាធំ២ គឺការដាក់អន្ទាក់ចាប់សត្វព្រៃពីសំណាក់ព្រានព្រៃ និងការនេសាទខុសច្បាប់។
ព្រះតេជព្រះគុណ ថូ ធូរស់ មានសង្ឃដីកាបន្តថា បញ្ហាប្រឈមទាំងពីរនេះ បានក្លាយជាកង្វល់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ព្រៃសហគមន៍សង្ឃរុក្ខាវ័ន។ ព្រះអង្គថា ជនល្មើសបានលបលួចដាក់អន្ទាក់មិនឈប់ឈរ និងបានលួចចូលនេសាទខុសច្បាប់ក្នុងតំបន់ហាមឃាត់ថែមទៀត។
ព្រះតេជព្រះគុណ ធូរស់បន្ត៖ « ឥឡូវសកម្មភាពបទល្មើសកាប់ឈើស្ងាត់ហើយ ប៉ុន្តែបញ្ហាអ្នកដាក់អន្ទាក់ចាប់សត្វនៅក្នុងព្រៃបន្តកើតមាន។ បើអន្ទាក់នោះ ដោះថ្ងៃនេះ ត្រង់នេះ អាទិត្យក្រោយមកវិញមានថ្មីទៀត។ បច្ចុប្បន្នការដាក់អន្ទាក់របស់ជនល្មើសមិនដាក់តាមខ្សែដូចមុនទេ។ គេដាក់រាយត្រង់នេះមួយ ត្រង់នោះមួយ ដោយភាគច្រើនគេនិយមដាក់អន្ទាក់ខ្សែគោពណ៌ស។
ចំពោះការនេសាទវិញព្រះអង្គបន្តថា« កន្លែងនេសាទធម្មតាយើងបើកសេរីសម្រាប់ពលរដ្ឋអាស្រ័យផង ប៉ុន្ដែតំបន់ការពារពូជត្រី យើងហាមមិនឱ្យនេសាទទេ។ បច្ចុប្បន្នមានលបធំៗជាងខ្លួនមនុស្សទៀត ដែលត្រូវបានគេលួចដាក់ក្នុងតំបន់ហាមឃាត។ លើសពីនោះ ការប្រើឧបករណ៍នេសាទខុសច្បាប់នៅបន្តកើតមាននៅឡើង»។
ព្រះប្រធានសង្ឃរុក្ខាវ័នមានសង្ឃដីកាបន្ថែមថា ទោះបីជាគណៈកម្មការសហគមន៍ និងប្រជាសហគមន៍ព្យាយាមចុះល្បាតដើម្បីទាប់ជារៀងរាល់ថ្ងៃក្តី ក៏មិនអាចបង្ក្រាប និងទប់ស្កាត់បានល្អដែរ ហើយថា អ្នកចុះល្បាតពិបាកក្នុងការកំណត់អត្ថសញ្ញាណរបស់ជនលើសណាស់ ដោយសារជនទាំងនោះ បានបន្លំខ្លួនជាមួយពលរដ្ឋដែលមកប្រមូលអនុផលព្រៃឈើក្នុងព្រៃ។
ព្រះតេជព្រះគុណបន្តថា«ជនល្មើសភាគច្រើនបន្លំខ្លួនជាអ្នកប្រមូលអនុផលព្រៃ។ ឧទាហរណ៍ពេលយើងសង្ស័យថា ជននោះ ជាអ្នកដាក់អន្ទាក់ ហើយគណៈកម្មការយើងព្យាយាមតាមដានដល់ទីតាំងអន្ទាក់ ប៉ុន្ដែពួកគេនូវតែប្រកែកបានហើយយកលេសចូលព្រៃរកគោ ឬចូលព្រៃឆ្លុះកង្កែបដើម្បីបានប្រព្រឹត្តបទល្មើស»។
ប្រធានបណ្ដាញសហគមន៍ព្រៃឈើទាំង១៣ នៃខេត្តឧត្តរមានជ័យលោក សា ថ្លៃ បានលើកឡើងថា ព្រៃសហគមន៍សង្ឃរុក្ខាវ័នបានបម្រើផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា ការនេសាទ ការរកផ្សិត និងការរកអនុផលព្រៃឈើផ្សេងៗទៀត។
ប្រធានបណ្ដាញសហគមន៍ព្រៃឈើរូបនេះឱ្យដឹងថា តាមការអង្កេតរបស់លោកអ្នកដែលចូលរកអនុផលព្រៃឈើនៅសហគមន៍សង្ឃរុក្ខាវ័នប្រហែល៥០ភាគរយជាប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យផ្ទាល់ និងអ្នកផ្សេងទៀតមកពីខេត្តផ្សេងដូចជា សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងបាត់ដំបង។
លោក ថ្លៃបន្ត៖ « ខ្ញុំសង្កេតឃើញថា ពលរដ្ឋដែលចូលព្រៃនោះ មិនសូវបានយកចិត្តទុក្ខដាក់រឿងការពារទេ។ និយាយឱ្យខ្លីទៅបើទាក់ទងចំណោះដឹង នៃការការពារ និងអភិរក្ស ពួកគាត់នៅមានកម្រិតនៅឡើយ។ យើងហ្នឹងព្យាយាមផ្សព្វផ្សាយបន្ថែមដល់ពលរដ្ឋដែលមកអាស្រ័យផល ដើម្បីឱ្យយល់ និងបានចូលរួមក្នុងកិច្ចការពារ និងរក្សាព្រៃឈើ និងសត្វព្រៃនៅតំបន់នេះ»។
អភិបាលរងខេត្តឧត្តរមានជ័យលោក ឌី រ៉ាដូ ប្រាប់ពលរដ្ឋសារព័ត៌មានថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅព្រៃសង្ឃសហគមន៍សង្ឃរុក្ខាវ័ន គឺថ្នាក់ដឹកនាំខេត្តកំពុងស្នើបង្កើតតំបន់អេកូទេសចរណ៍ចំនួនចំនួន៧កន្លែងនៅក្នុងខេត្តឧត្តរមានជ័យ ដើម្បីធ្វើយ៉ាងណាជួយបង្កើតកម្រិតជីវភាពពលរដ្ឋក្នុងសហគមន៍ និងអាចកាត់បន្ថយបញ្ហាមួយចំនួនដែលកើតឡើងក្នុងពេលបច្ចុប្បន្ន។
លោកបន្ថែមថា៖« ពេលនេះសំណើរទាំងនោះបានដល់ដៃក្រសួងបរិស្ថានហើយ នៅឡើងចាំការសម្រេចប៉ុណ្ណោះ។ គោលបំណងសំខាន់របស់យើង ការបង្កើតតំបន់អេកូទេសចរណ៍នៅព្រៃសង្ឃគឺ ដើម្បីជួយបង្កើតជីវភាពដល់សហគមន៍ ឱ្យពួកគាត់ចាក់ចេញការប្រកបរបរ ឬការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ព្រៃឈើ និងសត្វព្រៃ។ គម្រោងនេះអាចធ្វើរយៈពេលបីឆ្នាំ អាចចាប់ពី២០២៣ ដល់ ២០២៥»។
មន្ត្រីសម្របសម្រួលគម្រោងយុវជនកម្ពុជាហៅកាត់ CYN លោក រស់ សុថេន មានប្រសាសន៍ថា ដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃឱ្យបានគង់វង្ស គឺត្រូវការចូលរួមការពារពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យសកម្មភាពការពារនោះបានរលូនដោយក្នុងនោះ យុវជនក៏ជាផ្នែកមួយសំខាន់ក្នុងការចូលរួមស្វែងយល់ និងផ្សព្វផ្សាយបន្តផងដែរ។
លោកបន្ថែមថា ៖« ខ្ញុំគិតថា ការការពារ និងអភិរក្សពិតជាត្រូវការការចូលរួម ជាក់ស្ដែងធនធាននៅព្រៃសង្ឃ និងកន្លែងផ្សេងៗទៀត អាចនៅរក្សាបានទាល់តែមានការរួមគ្នាម្នាក់បន្តិចៗ។ ក្នុងនោះយុវជន ទោះមិនសូវមានឱកាសបានចូលរួមដោយប្រការណាមួយ ក៏សូមកុំបោះបង និងព្យាយាមចូលរួមជួយផ្សព្វផ្សាយ និងការពារធនធានទាំងនោះក្នុងគោលដៅ ដើម្បីរក្សាផលប្រយោជន៍រួមរបស់ជាតិ និងពិភពលោក»។
ព្រៃសង្ឃមានផ្ទែដីសរុបចំនួន៣០២៥៤ហិកតា ក្នុងនោះផ្ទៃលិចទឹកជាង៦០០០ហិកតានៅរដូវប្រាំង និងជិត១ម៉ឺនហិកតានៅរដូវវស្សា ដោយស្ថិតនៅស្រុកអន្លង់វែង ស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ បច្ចុប្បន្នតំបន់ការពារមួយនេះបានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅជុវិញនោះ និងពលរដ្ឋមកពីខេត្តនានាតាមរយៈការធ្វើនេសាទ និងរកអនុផលព្រៃឈើផ្សេងៗ។
ព្រៃសហគមន៍សង្ឃរុក្ខវ័នត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ននៅឆ្នាំ២០១៨ ក្រោយការតស៊ូការពារពីអតីតព្រះសង្ឃលោក ប៊ុន សាលួត និងសមាជិកសហគមន៍ផ្សេងដែលស្រលាញ់ព្រៃឈើ និងធនធានធម្មជាតិតាំងពីឆ្នាំ២០០១។
ព្រៃឈើក្នុងសហគមន៍នេះ អាចជាព្រៃចុងក្រោយមួយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ និងសត្វព្រៃប្រភេទកម្រ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕
…………………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា