ពលរដ្ឋរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាលសាទរចំពោះអាជ្ញាធរមូលដ្ឋានដែលចំណាយថវិកាឃុំកែលម្អផ្លូវនៅក្នុងភូមិបានល្អជាងមុន ក្រោយរងការខូចខាតអស់ជាច្រើនឆ្នាំដោយសារគ្រោះធម្មជាតិ និងការបើកបរឆ្លងកាត់ដោយឡានធំៗ។
ពលរដ្ឋម្នាក់ដែលស្ថិតក្នុងវ័យ ៨០ឆ្នាំ រស់នៅភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ អ្នកស្រី សើ ជុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា តាំងពីយូរយារណាស់មកហើយ ផ្លូវលំនេះគឺសម្រាប់តែសត្វគោដើរទេ ព្រោះមានភក់ត្រឹមកជើង និងពិបាកធ្វើដំណើខ្លាំង។
បើតាមពលរដ្ឋរូបនេះ ផ្លូវនេះបានចាក់ដីបំពេញច្រើនលើកច្រើនសារ ប៉ុន្ដែនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយនៅឆ្នាំ២០០៥ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានរ៉ៃអង្គាសប្រាក់ ដើម្បីទិកដី និងថ្មយកមកជួសជុល ប៉ុន្ដែផ្លូវនេះក៏រងការខូចខាតដដែល ដោយសារឡានដឹកដី និងឡានដឹកទំនិញធំៗ បើកបរឆ្លងកាត់ជាញឹកញាប់។
អ្នកស្រី សើ ជុំ សំដែងការត្រេកអរ ក្រោយឃើញអាជ្ញាធរ និងអ្នកភូមិសហការគ្នាទិញថ្ម និងដីខ្សាច់មកជួសជុលឱ្យមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរដូចសព្វថ្ងៃនេះ ។
អ្នកស្រីបន្ដថា៖ «រហូតមកដល់ខែឧសភា ឬខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរនិងប្រជាជនសហការគ្នាទិញថ្មម៉ិច និងដីខ្សាច់មកជួសជុលឱ្យមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរដូចសព្វថ្ងៃនេះ។ ក្នុងឆ្នាំ២០០៥ ផ្លូវលំនេះមានលក្ខណៈល្អប្រសើរបន្តិចដោយសារអាជ្ញាធរ និងប្រជាជនបានសហការគ្នាទិញដីចាក់បំពេញជួសជុល តែដោយសារឡានដឹកដី និងទំនិញធំៗគ្រប់ប្រភេទបើកបរលើផ្វូវនេះ ធ្វើឱ្យខូចខាតលំបាកធ្វើដំណើរដូចដើមវិញ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឆឹង ស៊ីផុន អាយុ ៥០ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ផ្លូវលំនេះមានភក់ផុងត្រឹមក្បាលជង្គង់ និងមិនដែលទទួលបានជួសជុល និងកែលម្អឱ្យល្អប្រសើរឡើយ។ គាត់បន្ដថា ប្រជាពលរដ្ឋនៅក្នុងភូមិ និងអាជ្ញាធរមូលដ្ឋានផងបានរ៉ៃអង្គាសប្រាក់ ដើម្បកែលម្អប្រើប្រាស់ផងដែរ ប៉ុន្ដែ មិនជាជាប់រឹងមាំល្អនោះទេ។
អ្នកស្រីប្រាប់ថា គាត់សប្បាយចិត្តក្រោយលឺអាជ្ញាធរឃុំប្រកាសពីគម្រោងសាងសង់ផ្លូវភូមិមួយនេះ ព្រោះវាជួយដល់ការធ្វើដំណើរ និងការដឹកជញ្ជូនដំណាំកសិផលរបស់ពលរដ្ឋ។
អ្នកស្រីបន្ដថា៖ «ផ្លូវនេះពីមុនមកហើយសម្រាប់តែសត្វគោដើរប៉ុណ្ណោះ។ ផ្លូវលំនេះបានជួសជុលបួនលើករួចមកហើយ។ នៅក្នុងខែមិថុនាឆ្នាំ២០២១ ទើបផ្លូវនេះមានលក្ខណៈល្អប្រសើរអាចឲ្យប្រជាជនធ្វើដំណើរទៅមកងាយស្រួលជាងមុន លោកស្រីរំលឹកថា ផ្វូវនេះអាជ្ញាធរកំពុងសិក្សាគម្រោងចាក់ផ្លូវបេតុងជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២១នេះ»។
ស្មៀនឃុំដីឥដ្ឋ លោក ថន សារឿន អាយុ៣៨ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អាជ្ញាធរឃុំគ្រោងកែលម្អផ្លូវភូមិចំនួន២ខ្សែ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលប្រវែងសរុប ៥៩៥ម៉ែត្រ។ លោកថា គម្រោងជួសជុលផ្លូវក្នុងភូមិនេះ ចាប់ផ្ដើមពីថ្ងៃទី ៧ ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។
លោកបន្ដថា៖ «ខ្សែទី១ ចាប់ពីផ្លូវជាតិលេខ១ រហូតទៅដល់ភូមិស្តៅកន្លែង២ មានទទឹង៥ម៉ែត្រ ៨។ ខ្សែទី២ ចាប់ពីផ្លូវបំបែកភូមិស្តៅកន្លែង២ រហូតទៅដល់ភូមិស្តៅកន្លែង៣ មានទទឹង៦ម៉ែត្រ ហើយផ្លូវទាំងពីរខ្សែនេះបណ្តោយសរុបគឺ ៥៩៥ម៉ែត្រ»។
ស្មៀនឃុំដីឥដ្ឋ លោក ថន សារឿន បញ្ជាក់បន្ថែមថា ថវិកាសាងសង់បានមកពីមូលនិធិថវិកាឃុំសង្កាត់ឆ្នាំ២០២១ ហើយមានក្រុមហ៊ុនចំនួន២ បានដាក់ដេញថ្លៃ គឺក្រុមហ៊ុន ជួន អេង ដេញថ្លៃសាងសង់លើផ្លូវមានទទឹង៥ម៉ែត្រ និងក្រុមហ៊ុន ឃួន សំអាត ដេញថ្លៃសាងសង់ផ្លូវមានទទឹង៦ម៉ែត្រ និងចំណាយថវិកាសរុបជាង ៣២៨លានរៀល៕
_______________________________________
លោក មាស ធឿន និងលោក អន សុវណ្ណា (CJ ខេត្តកណ្តាល)