អ្នកភូមិបារម្ភពីការបាត់បង់សត្វព្រៃ ក្រោយពីជនល្មើសតែងតែចូលទៅដាក់អន្ទាក់ចាប់សត្វក្នុងព្រៃសហគមន៍មួយកន្លែងស្ថិតនៅក្នុងនៅឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
អនុប្រធានសហគមន៍ និងជាប្រជាពលរដ្ឋ លោក យន់ សំអឿននៅភូមិគីរីវន្ត ឃុំកកោះប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា សត្វព្រៃនៅក្នុងសហគមន៍ភ្នំស្រួចកំពុងរងការយាយីពីសំណាក់ជនល្មើសតាមរយៈការដាក់អន្ទាក់។
លោក យន់ សំអឿន អះអាងថា តាមរយៈការល្បាតពេលថ្មីៗនេះគឺ បានជួបប្រទះល្មើសដាក់អន្ទាក់ជាច្រើនករណី ដូចជាការដាក់អន្ទាក់ចាប់សត្វស្វាចំនួន៣កន្លែង ការដាក់អង្គុបចាប់សត្វជើង៤ចំនួន៣កន្លែង និងប្រភេទអន្ទាក់ចាប់សត្វផ្សេងៗទៀត។
លោកបានទៀតថា៖ “ព្រួយបារម្ភសំខាន់នោះ គឺក្រែងក្មេងជំនាន់ក្រោយមិនស្គាល់សត្វព្រៃ ព្រោះត្រូវបានជនល្មើសបំផ្លាញ និងចាប់យកទៅលក់ ឬធ្វើអាហារ អាចបន្តិចទៀតសត្វទាំងនោះ ក្លាយជាសត្វកម្រ”។
ប្រធានសហគមន៍ព្រៃឈើព្រៃភ្នំស្រួច និងជាប្រធានបណ្តាញសហគមន៍ព្រៃឈើប្រចាំខេត្តកំពង់ធំអ្នកស្រី កែវ វណ្ណា មានប្រសាសន៍ថា អ្នកស្រីបានរាយការណ៍ករណីបទល្មើសសត្វព្រៃនេះទៅសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង និងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំរួចហើយ។
អ្នកស្រី កែវ វណ្ណា បន្តថា ក្រុមចុះល្បាតបានសារអន្ទាក់ និងសំណាញ់ចាប់សត្វប្រគល់ឱ្យរដ្ឋបាលព្រៃឈើ ដើម្បីចាត់វិធានការតាមច្បាប់ ខណៈជនល្មើសបានរត់គេចខ្លួនពេលក្រុមល្បាត់ព្រៃចុះទៅកន្លែង។
អ្នកស្រីបន្ថែមទៀត៖ “ឥឡូវនេះ សង្កាត់រដ្ឋបាលព្រៃឈើ បានឱ្យធ្វើកំណត់ហេតុ និងបង្ហាត់វត្ថុតាង ដាក់ជូនទៅគាត់ឱ្យបានត្រឹមត្រូវតាមបែប មកដល់ពេលមិនទាន់រៀបចំផង ដោយសាររវល់។ ”
ជំទប់ទី១ឃុំកកោះលោក ចាប ធីន មានប្រសាសន៍ថា លោកទទួលបានព័ត៌មានករណីជនល្មើសដាក់អន្ទាក់សត្វក្នុងសហគមន៍ព្រៃឈើនេះហើយ។ លោកថា ជាវិធានការ គឺសហគមន៍បានសហការជាមួយប្រជាការពារដើម្បីពង្រឹងការទប់ស្កាត់។
លោកបន្ថែមថា៖«មានជនល្មើសមែន មិនទាន់ធ្វើសកម្មភាពចាប់បានទេ។ ហើយទប់ស្កាត់ទាន់ពេលវេលា។ ការងារហ្នឹងធំធេង ប៉ុន្តែយើងអាចការពារបាន និងតាមដានសកម្មភាពអ្នករកស៊ី ដើម្បីតាមដានការពារ និង កម្លាំងនគរបាលប៉ុស្តិ៍ជួយ។ ថ្ងៃដែលឆកល្វែងអាជ្ញាធររវល់។ ទោះជាយ៉ាងណាក៏មានប្រជាការពារប្រចាំការនៅទីនោះកន្លងមក»។
សង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំងលោក ភោគ ចន្ត្រា មានប្រសាសន៍ថា រដ្ឋបាលព្រៃឈើ និងសហការជាមួយសហគមន៍ពង្រឹងការទប់ស្កាត់បន្ថែមទៀត។
លោកបន្ថែមថា៖ «ជាវិធានការបង្កើនឱ្យដាក់ល្បាតញឹកជាងនិងបន្តិច។ នេះគ្រាន់តែឃើញវត្ថុតាង អត់បានឃើញម្ចាស់ទេ។ បើសិនជាទាន់ខ្ញុំ និងចុះអន្តរាគមន៍ហើយ»។
សហគមន៍ព្រៃឈើភ្នំស្រួចត្រូវបានអនុម័ត ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីខែវិច្ឆិកា ឆ្នាំ២០០៨ ដោយសហគមន៍នេះ មានផ្ទៃសរុបជិត៧ហិកតា និងបម្រើផលប្រយោជន៍ដល់ប្រមាណ ១១៧ គ្រួសារ ដែលរស់នៅជុំវិញតំបន់នោះ៕
—————————-
ពលរដ្ឋអ្នកសារព័ត៌មាន CCIM សំណាង មានរិទ្ធិ