ប្រជាពលរដ្ឋរស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានអំពាវនាវសុំទៅថ្នាក់ដឹកនាំ និងសប្បុរជនជួយជាថវិការ ដើម្បីកសាងផ្លូវចំនួន៥ខ្សែក្នុងសហគមន៍របស់ពួកគាត់។
ពលរដ្ឋម្នាក់លោក ងិន ចាន់ វ័យ៥៤ឆ្នាំ នៅភូមិឆ្អើបបានរៀបរាប់ថា ប្រជាពលរដ្ឋបានមករស់នៅក្នុងភូមិឆ្អើបតាំងឆ្នាំ១៩៩៤ ដោយពុំមានផ្លូវសម្រាប់ធ្វើដំណើរត្រឹមត្រូវឡើយ។ លោកថា ពេលធ្វើដំណើរឆ្លងកាត់ទៅស្រែចម្ការ គឺអ្នកភូមិជួបការលំបាកជាខ្លាំងរហូតមកដល់ពេលនេះ។
លោក ងិន ចាន់ បន្តថា ក្រោយជួបការលំបាកក្នុងការធ្វើដំណើរជាច្រើនឆ្នាំ គឺពួកគាត់បានសហការគ្នារៃអង្គាសប្រាក់ដើម្បីជួលគ្រឿងចក្រធ្វើផ្លូវចំនួន៥ខ្សែក្នុងសហគមន៍សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរពុំបានគិតគូរអភិវឌ្ឍន៍ផ្លូវនោះជូនដល់ប្រជាពលរដ្ឋឡើយ។
លោកបន្ថែមថា៖«ពួកខ្ញុំនៅសង្កាត់សំរោងបានរៃអង្គាសលុយគ្នាធ្វើផ្លូវដើម្បីងាយស្រួលធ្វើដំណើរ និងសុវត្ថិភាពទាំងអស់គ្នា និងងាយស្រួលចូលទៅធ្វើស្រែចម្ការទាំងគ្នា។ ហើយសូមអំពាវនាវដល់ថ្នាក់លើជួយឧបត្ថម្ភផង»។
មេភូមិឆ្អើបលោក ង៉ែត ញ៉ាន ប្រាប់ពលរដ្ឋអ្នកសាព័ត៍មានតាមទូរស័ព្ទថា អ្នកភូមិបានរៃអង្គាសគ្នាធ្វើផ្លូវចំនួន៥ខ្សែពិតមែន ដោយខ្សែទី១ខ្សែទី១ មានចំនួន៥០០ម៉ែត្រ ខ្សែទី២មានចំនួន៤០០ម៉ែត្រ ខ្សែទី៣មានចំនួន៥០០ ម៉ែត្រ ខ្សែទី៤ មានចំនួន៦០០ម៉ែត្រ និងខ្សែទី៥ មានចំនួន៤០០ម៉ែត្រ។
មេភូមិរូបនេះអះអាងថា ករណីអភិវឌ្ឍន៍ផ្លូវទាំងនេះគឺលោកបានដាក់សំណើរទៅសង្កាត់ដែរ ប៉ុន្តែគម្រោងមិនទាន់ធ្លាក់មកដល់ ដោយរង់ចាំយូរ និងផ្លូវពិបាកធ្វើដំណើរអ្នកភូមិក៏រៃអង្គាសលុយគ្នាដើម្បីធ្វើខ្លួនឯងតែម្តង។
លោកបន្ថែមថា៖«គម្រោងធ្វើផ្លូវហ្នឹងយើងបានដាក់សំណើរទៅខាងសង្កាត់ដែរប៉ុន្តែគម្រោងហ្នឹងមិនទាន់ធ្លាក់មកដល់។អីចឹងអ្នកស្រុកហ្នឹងគាត់រៃលុយធ្វើផ្លូវចូលទៅតាមស្រែអីចឹងទៅ»។
ចៅសង្កាត់សំរោងលោក ចៀប តុប មិនបានដឹងពីសកម្មភាពអ្នកភូមិរៃអង្គាសលុយគ្នាធ្វើផ្លូវទាំងនេះទេ។ យ៉ាងណាលោកថា ផ្លូវដែលប្រជាពលរដ្ឋធ្វើនេះ អាចជាផ្លូវចូលទៅស្រែចម្ការរបស់ពួកគេតែប៉ុណ្ណោះ។ លោកថា សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវលំនៅក្នុងភូមិឆ្អើបដែលជាថវិការរបស់ក្រុមប្រឹក្សាឃុំសង្កាត់នោះ គឺកំពុងធ្វើដោយមិនទាន់រួចរាល់នៅឡើយទេ។
លោកបន្ថែមថា៖«ពលរដ្ឋគាត់ធ្វើសម្រាប់តែឆ្លងទៅស្រែចម្ការរបស់ពួកគាត់ ឬឆ្លងទៅផ្ទះប្រជាពលរដ្ឋ២ឬ៣គ្រួសារនៅតំបន់នោះ ដែលយើង [រដ្ឋបាលសង្កាត់] ពុំមានលទ្ធភាពធ្វើតែប៉ុណ្ណោះ»។
យ៉ាងណា អ្នកភូមិបានអំពាវនាវដល់សប្បុរស់ជន និងអាជ្ញាធរពាក់ព័ន្ធជួយចូលរួមថវិការបន្ថែមទៀត ដើម្បីធ្វើផ្លូវទាំងនោះឱ្យបានស្រួល ដោយពួកមានគម្រោងអភិវឌ្ឍន៍ផ្លូវទាំងនោះក្រាលជាគ្រួសក្រហម និងដាក់លូ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងការធ្វើដំណើរទៅប្រកបមុខរបរធ្វើកសិកម្មផ្សេងៗ៕
………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ចៀវ ពន្លឺ