ប្រជាពលរដ្ឋ និងសកម្មជនព្រៃឈើបារម្ភពីផលប៉ះពាល់ធនធានធម្មជាតិ និងសហគមន៍ព្រៃឈើមួយកន្លែងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយទទួលព័ត៌មានថា ក្រុមហ៊ុនឯកជនមួយមានគម្រោងវិនិយោគចិញ្ចឹមគោក្នុងតំបន់ព្រៃឈើដែលពួកគេបានការពារជាច្រើនឆ្នាំមកហើយ។
លោក តាន់ គីមសួរ ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍ដែលតាមដានករណីនេះបានប្រាប់សារព័ត៌មានពលរដ្ឋថា បច្ចុប្បន្នក្រុមហ៊ុន Vinamilk-Vui Khòe Mòi Ngày កំពុងសិក្សាដីទំហំជាង១ពាន់ហិកតាសម្រាប់គម្រោងចិញ្ចឹមគោយកទឹកដោះ ស្ថិតក្នុងភូមិចំនួន៣ មានភូមិពាមល្វា អូតោង និងភូមិល្ងឹម នៃឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រធានយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវររៀរស៍លោក តាន់ គីមសួរ បន្តថា ផ្ទៃដីដែលក្រុមហ៊ុនកំពុងសិក្សានោះ ប្រសិនជាទទួលបាននឹងប៉ះលើព្រៃឈើសហគមន៍ក្នុងតំបន់ការពារធម្មជាតិសាមគ្គី និងធនធានធម្មជាតិជាច្រើនទៀតដែលពលរដ្ឋបានការពារ និងរក្សាអស់ពេលច្រើនឆ្នាំ។
លោកបន្ថែមថា៖ « សម្រាប់គម្រោងនេះ ខ្ញុំមិនទាន់ទទួលដំណឹងច្បាស់ពីផ្ទៃដីពិតប្រាកដឡើយ។ ប៉ុន្ដែអ្វីដែលខ្ញុំដឹងគឺវាអាចវប៉ះលើផ្ទៃដីសហគមន៍ដែលមានព្រៃឈើចម្រុះជាច្រើន។ ជាមួយគ្នានេះ ក៏ប៉ះលើតំបន់ដែលទើបដាំកូនឈើថ្មីៗដែលដាំជាងមួយឆ្នាំមុនដែរ»។
លោក តាន់ គីមសួរ រូបលោក និងប្រជាពលរដ្ឋកំពុងបារម្ភពីការបាត់បង់ធនធានព្រៃឈើដែលនៅសេសសល់តិចតួចក្នុងតំបន់ដែលពលរដ្ឋបានការពារជាច្រើនឆ្នាំហើយនោះ ត្រូវបំផ្លាញដោយសារគម្រោងនេះ។ លោកថា នៅតំបន់ភ្នំឱរ៉ាល់មិនខ្វះឡើយដីវាលស្រាប់អាចអភិវឌ្ឍន៍ធ្វើកន្លែងចិញ្ចឹមគោបាន។
លោកបន្ថែមថា៖« បើសិនអាជ្ញាធរ មិនច្បាស់ទីតាំងថាត្រង់ណាអាចដាក់គម្រោងនេះបាន អាចសួរខ្ញុំ។ ខ្ញុំធានាជូនទៅមើលដល់កន្លែង មិនតិចទេដីដែលដកហូតសល់នៅស្រុកឱរ៉ាល់។ មានដីច្រើនណាស់ដែលធ្វើហើយមិនប៉ះពលរដ្ឋ និងធនធានធម្មជាតិដូចទីតាំងកំពុងសិក្សានេះ។ ហេតុអ្វីមើលឃើញតែកន្លែងដែលមានធនធានធម្មជាតិ និងមានបំណងបំផ្លាញ។ ខ្ញុំមិនយល់ទេ»។
លោក ខ្លូង ឆន ពលរដ្ឋនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ បានឱ្យដឹងថា លោកទទួលបានដំណឹងខ្លះៗដែរជុំវិញគម្រោងសិក្សាកន្លែងចិញ្ចឹមគោយកទឹកដោះនៅតំបន់ពួកគាត់កំពុងរស់នៅនេះ។ លោកថា រូបលោកក៏កំពុងបារម្ភជាខ្លាំងផងដែរពីផលប៉ះពាល់ធនធានធម្មជាតិ និងព្រៃឈើនៅសហគមន៍ឧត្តមស្រែពស់ ដែលអាចធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់ពិបាកក្នុងការអាស្រ័យផលពីព្រៃបន្តទៀត។
ពលរដ្ឋរូបនេះបានអំពាវនាវដល់ក្រសួងបរិស្ថាន និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធគួរពិចារណាឡើងវិញពីផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ ឬដកចេញនូវគម្រោងសិក្សានោះ ដោយសារពលរដ្ឋមិនពេញចិត្ត ឬមិនគាំទ្រ។
លោកបន្ថែមថា៖ « ព្រៃមេត្តាធម្មជាតិពលរដ្ឋមិនអាចការពារបាន។ យើងស្ដាយណាស់ ហើយចុះបើនៅភូមិល្ងឹមសហគមន៍សាមគ្គីព្យាយាមថែ និងការពារបានប៉ុណ្ណោះហើយ បែរជាត្រូវផ្តល់ឱ្យគម្រោងក្រុមហ៊ុនទឹកដោះគោឈូសឆាយយកដីដាំស្មៅពិតជានិយាយមិនចេញនោះទេ»។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិសាមគ្គីលោក ម៉ន សំអាត ប្រាប់សារព័ត៌មានពលរដ្ឋថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញគម្រោងសិក្សាកន្លែងចិញ្ចឹមគោនេះទេ។ លោកថា ប្រសិនបើរឿងនោះជារឿងពិត គឺលោកមិនគាំទ្រឡើយ។
លោក ម៉ន សំអាត ឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិសាមគ្គី គឺរូបលោក និងប្រជាពលរដ្ឋខិតខំការពារថែរក្សាព្រៃឈើនៅសហគមន៍នេះតាំងពីឆ្នាំ២០០៥រហូតមកដល់ពេលនេះ ដោយរក្សាបានដើមឈើធំៗជាច្រើន ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារបានអាស្រ័យផលពីព្រៃសហគមន៍នេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេបានគ្រប់រដូវ។
លោកថ្លែងថា៖ « បើគម្រោងចិញ្ចឹមគោដាក់មកហើយត្រូវឈូសព្រៃ យើងទទួលយកមិនបានទេ។ ខ្ញុំសុំស្នើរ។ បើមានគម្រោងនេះមែនខ្ញុំមិនឯកភាពទេ ព្រោះយើងខំការពារព្រៃតាំងពីឆ្នាំ២០០៥ ២០០៦ ហើយបើយកទៅឈូសព្រៃចេញម៉េចអាចទៅរួច»។
មេភូមិល្ងឹម លោក អួន ម៉ៅ លើកឡើងថា ទាក់ទងដំណឹង នៃការសិក្សាកន្លែងចិញ្ចឹមគោនេះលោកមិនទាន់បានដឹងច្បាស់នៅឡើយទេ។
លោកមេភូមិបញ្ជាក់ថា៖ « គម្រោងនេះខ្ញុំមិនទាន់ដឹងទេ។ ប៉ុន្ដែប្រសិនបើមានខ្ញុំអត់ឯកភាពទេ ដោយសារសព្វថ្ងៃពលរដ្ឋភាគច្រើនអាចអាស្រ័យផលពីព្រៃដូចជា ទៅរកផ្សិត បេះបន្លែព្រៃ រកឧស រួមទាំងអាចលែងគោក្របីដោយសេរីនៅតាមព្រៃនោះ។ បើសិនគម្រោងនេះធ្វើមិនឱ្យពលរដ្ឋដឹង នោះពលរដ្ឋបីភូមិយើងនឹងបះបោលហើយ»។
ជុំវិញរឿងនេះលោក ជូ ច័ន្ទតារ៉ារិទ្ធ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ខេត្តកំពង់ស្ពឺ (CPA officer in PDoE KPS) បានលើកឡើងថា គម្រោងទាក់ទងនឹងការសិក្សារបស់ក្រុមហ៊ុនទឹកគោនោះមិនមានទេ។
លោកបញ្ជាក់ថា៖ « ដូចជាអត់ទាន់មានទេ។ បើសិនមានគម្រោងនេះមែន នោះខាងក្រសួងនឹងឱ្យខ្ញុំចុះសិក្សាហើយ។ គ្មានអ្នកណាចុះសិក្សាក្រៅពីពួកខ្ញុំ។ បច្ចុប្បន្នក្រុមរបស់ខ្ញុំកំពុងធ្វើនិយ័តកម្មដីសហគមន៍មួយចំនួនជាថ្មីនៅតំបន់នោះ ដើម្បីឱ្យស៊ីជាមួយអនុក្រឹតលេខ២៤៥ប៉ុណ្ណោះ ប៉ុន្ដែលើសពីនេះ ព័ត៌មានពីគម្រោងអ្វីក៏គ្មានដែរ»។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣លោក តាន់ គីមសួរ បានបង្ហោះវីដេអូ និងសារជុំវិញគម្រោងរបស់ក្រុមហ៊ុន Vinamilk – Vui Khòe Mòi Ngày ដោយលោកស្នើដល់ក្រុមហ៊ុនមួយនេះពិចារណាឡើងវិញ និងប្តូរគម្រោងសិក្សារនោះទៅកន្លែងផ្សេងដែលមានដីវាលស្រាប់ ដោយបារម្ភពីផលប៉ះពាល់ធនធានធម្មជាតិ ព្រៃឈើ និងបរិស្ថាន។
យ៉ាងណា សារព័ត៌មានពលរដ្ឋ មិនអាចរកការឆ្លើយតបពីខាងភាគីក្រុមហ៊ុន Vinamilk – Vui Khòe Mòi Ngày បានទេពាក់ព័ន្ធរឿងនេះរហូតដល់ថ្ងៃព្រហស្បតិ៍នេះ៕
……………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា