អ្នកភូមិមួយចំនួននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្អូញត្អែពីបញ្ហាលំបាកក្នុងការទទួលបានសេវាសុខភាពសាធារណៈ ខណៈឃុំចំនួន៤ នៃស្រុកនេះមានមណ្ឌលសុខភាពតែមួយ។
វ័យ៤២ឆ្នាំអ្នកស្រី គង់ សម្ភស្ស នៅភូមិត្រពាំងកក់ ឃុំទ្រាបានរៀបរាប់ថា ពលរដ្ឋរស់នៅក្នុងឃុំនេះ ពិបាកក្នុងការទៅទទួលសេវាសុខភាពរបស់រដ្ឋជាខ្លាំង ដោយសារនៅក្នុងឃុំទ្រាពុំមានមណ្ឌលសុខភាពឡើយ។
អ្នកស្រី គង់ សម្ភស្ស ឱ្យដឹងថា ពេលពលរដ្ឋនៅឃុំទ្រាត្រូវការសេវាសុខភាពពីរដ្ឋ គឺត្រូវធ្វើដំណើរទៅមណ្ឌលសុខភាពបឹងខ្យាង ដែលមានចម្ងាយជិត១០គីឡូពីភូមិពួកគាត់រស់នៅ។ អ្នកស្រីថា ដោយសារតែមណ្ឌលសុខភាពនៅឆ្ងាយ និងពិបាកធ្វើដំណើរ ខណៈត្រូវការព្យាបាលបន្ទាន់នោះ គឺអ្នកភូមិបង្ខំចិត្តទៅរកសេវាព្យាបាលឯកជនដែលនៅជិតផ្ទះជំនួសវិញ។
ពលរដ្ឋរូបនេះ ចង់ឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំរបស់អ្នកស្រី ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពសាធារណៈ។
អ្នកស្រីបន្ថែម៖«ទាំងខ្ញុំ និងអ្នកភូមិខ្ញុំពេលឈឺអីគឺទៅតែពេទ្យជិតផ្ទះទេ វាជិត។ បើមណ្ឌលសុខភាពវិញ គឺនៅឆ្ងាយណាស់មួយពិបាកធ្វើដំណើរផង។ បានជាម្នាក់មិនសូវទៅពេទ្យរដ្ឋទេ។ ខ្ញុំគិតថា បើក្នុងឃុំខ្ញុំមានមណ្ឌលសុខភាពមួយប្រហែលជាពួកខ្ញុំងាកមកប្រើសេវាសុខភាពរដ្ឋវិញ តែមិនដឹងពេលណាទេអូនអើយ។ តែបើមានគឺល្អហ្មងហ្នឹងអូន»។
វ័យ៥០ឆ្នាំអ្នកស្រី ជិន ម៉ាលីស នៅឃុំព្រែករកា និយាយថា គ្រួសារអ្នកស្រីកម្រទៅរកសេវាព្យាបាលនៅមន្ទីពេទ្យរដ្ឋណាស់ ដោយសារតែមណ្ឌលសុខភាពនៅឆ្ងាយពីផ្ទះ ហើយផ្លូវស្ងាត់ និងពិបាកធ្វើដំណើរ។ អ្នកស្រីថា ពេលគ្រួសារអ្នកស្រីត្រូវសេវាព្យាបាល គឺទៅរកពេទ្យឯកជនដែលនៅជិតផ្ទះ។
អ្នកស្រី ជិន ម៉ាលីស បន្តថា បើសិនជាក្នុងឃុំអ្នកស្រីមានមណ្ឌលសុខភាពមួយនោះ វានឹងជួយសម្រួលដល់គ្រួសារអ្នកស្រី និងពលរដ្ឋក្នុងឃុំទាំងអស់ងាយស្រួលទទួលបានសេវាសុខភាពពីរដ្ឋ ហើយ វាក៏ជួយកាត់បន្ទាយការចំណាយរបស់ពលរដ្ឋបានច្រើនផងដែរ។
អ្នកស្រីបន្ថែមថា«ពិបាកណាស់អារឿងទៅមណ្ឌលសុខភាពហ្នឹង វានៅឆ្ងាយពីផ្ទះ ពេលត្រូវការបន្ទាន់អីគឺពិបាកហ្មង។ បើសិនជាក្នុងឃុំមានមណ្ឌលសុខភាពមួយ ប្រហែលទាំងមីង ទាំងពលរដ្ឋក្នុងឃុំអាចងាកមកប្រើមណ្ឌលសុខភាពវិញ។ មីងចង់ឱ្យរដ្ឋជួយផ្ដល់មណ្ឌលសុខភាពមួយក្នុងឃុំមីង បានវាងាយស្រួល វាក្បែរផ្ទះវាស្រួល។ យើងត្រូវការយប់ព្រលប់អីវានៅជិតស្រួល»។
មេឃុំទ្រាអ្នកស្រី តន់ ស៊ុនណារី ទទួលស្គាល់ពីផលលំបាករបស់ប្រជាពលរដ្ឋនៅឃុំទ្រាក្នុងការទទួលបានសេវាសុខភាពពីរដ្ឋនេះ។ អ្នកស្រីថា ឃុំនេះពិតជាគ្មានមណ្ឌលសុខភាពពិតមែន។
មេឃុំរូបនេះបន្តថា ពេលដែលពលរដ្ឋនៅឃុំទ្រាត្រូវការសេវាសុខភាពគឺ ត្រូវធ្វើដំណើរទៅមណ្ឌលសុខភាពមួយនៅឃុំបឹងខ្យាង ដែលមានចម្ងាយឆ្ងាយច្រើនគីឡូពីផ្ទះរបស់ពួកគេ ខណៈផ្លូវធ្វើដំណើរពិកធ្វើដំណើរក៏មានផលលំបាក។ អ្នកស្រី បានទទួចដល់ថ្នាក់លើជួយដោះស្រាយ ដោយធ្វើយ៉ាងណាឱ្យឃុំអ្នកស្រីមានមណ្ឌលសុខភាពមួយផងដែរ ដើម្បីជួយដល់ពលរដ្ឋឱ្យងាយស្រួលទទួលសេវាសុខភាពរបស់រដ្ឋ។
អ្នកស្រីបន្ថែមថា៖«បើមណ្ឌលសុខភាពរដ្ឋវានៅឆ្ងាយ ពេលពួកគាត់ធ្វើដំណើរយប់ព្រលប់អីក៏ពិបាកដែរ។ ទើបពួកគាត់មិនសូវជាចង់ទៅ។ ខ្ញុំថា បើក្នុងឃុំខ្ញុំមានមណ្ឌលសុខភាពមួយ គឺថាល្អហ្មង។ វាងាយស្រួលពួកគាត់ផង វាកាត់បន្ថយការចំណាយពួកគាត់ផង។ ទៅពេទ្យឯកជនថ្លៃណាស់ តែធ្វើម៉េចបើវាចឹងហើយ។ មីងក៏មិនដឹងធ្វើម៉េចដែរ មានតែថ្នាក់លើទេជួយគិតគូរជូនពលរដ្ឋ។ មីងស្នើរហូតហ្នឹង តែដាក់ទៅស្ងាត់ឈឹង»។
ប្រធានមណ្ឌលសុខភាពបឹងខ្យាងលោក ស៊ុម ផាន់នី បានឱ្យដឹងថា សព្វថ្ងៃនេះមណ្ឌលសុខភាពបឹងខ្យាងបានបម្រើសេវាសុខភាពដល់ពលរដ្ឋចំនួន៤ឃុំ នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
លោក ស៊ុម ផាន់នី បញ្ជាក់ថា ពលរដ្ឋទាំង៤ឃុំនោះ មាននៅឃុំទ្រា ឃុំព្រែកស្លែង ឃុំព្រែករកា និងពលរដ្ឋនៅឃុំបឹងខ្យាង ពោលគឺ មានពលរដ្ឋរាប់ម៉ឺននាក់មករស់សេវាសុខភាពមណ្ឌលសុខភាពបឹងខ្យាង។ លោកថា ក្នុងមួយខែៗមានពលរដ្ឋជាមធ្យមមានចន្លោះចាប់ពី២០០០នាក់ទៅ៣០០០នាក់បានមកទទួលសេវាកម្មពិនិត្យ និងព្យាបាលពីមណ្ឌលសុខភាពរបស់លោក។
លោកបន្ថែមថា៖«កន្លែងខ្ញុំបើក២៤ម៉ោង គឺយើងមានអ្នកប្រចាំការរហូត។ តែអ្នកខ្លះគ្នានៅឆ្ងាយយប់ព្រលប់គ្នាក៏មិនបានមកដែរ។ សុំប្រជាពលរដ្ឋទាំងអស់ កុំយល់ថាសេវារដ្ឋមិនល្អអី ដោយសារវាមានកម្រិតវា កម្រិតត្រឹមណ្ឌលសុខភាពកម្រិតក៏ត្រឹមហ្នឹងទៅ បើធ្ងន់ធ្ងរយើងអាចបញ្ជូនទៅពេទ្យរដ្ឋបាន តែសុំមកទទួលសេវាកម្មរដ្ឋសិនមក»។
ពាក់ពន្ធរឿងនេះ អ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តកណ្ដាលលោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ មានប្រសាសន៍ថា ឃុំមួយអាចបើកមណ្ឌលសុខភាពបាន លុះត្រាតែឃុំនោះមានពលរដ្ឋចាប់ពី៨០០០នាក់ទៅ១២០០០នាក់។
លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ បញ្ជាក់ថា ឃុំទ្រា ឃុំព្រែកស្លែង ឃុំព្រែករកា និងឃុំផ្សេងទៀតមិនទាន់មានមណ្ឌលសុខភាពដោយសារឃុំទាំងនោះ ពុំទាន់មានពលរដ្ឋច្រើនគ្រប់គ្រាន់សម្រាប់បើកមណ្ឌលសុខភាព។
លោកបានពន្យល់បន្ថែមថា មូលហេតុដែលក្រសុខាភិបាលតម្រូវឱ្យមានពលរដ្ឋចាប់ពី៨០០០នាក់ទៅ១២០០០នាក់ ដោយសារតែខ្លាចខាតថវិកាជាតិ ព្រោះពលរដ្ឋប្រើប្រាស់តិច ហើយការចំណាយថវិកាជាតិច្រើន ដែលធ្វើឱ្យក្រសួងសុខាភិបាលបើកមណ្ឌលសុខភាពបាន។
លោកបន្ថែមថា៖«វាត្រូវចំណាយច្រើនដូចជាត្រូវរើសបុគ្គលិកក្នុងមណ្ឌលមួយមានចាប់ពី៨នាក់ទៅ១២នាក់។ ចឹងហើយបានពលរដ្ឋទាំង៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងហ្នឹង ត្រូវប្រើមណ្ឌលសុខភាពបឹងខ្យាងសិន។ ប៉ុន្ដែបើសិនជាមានខាងគណៈពង្រឹងគេមានសិទ្ធិក្នុងការស្នើទៅក្រសួងសុខាភិបាលបាន ប្រសិនបើគេមើលឃើញថាចំនួនប្រជាជនច្រើនគួរសមគឺអាចបាន»។
នាយករង នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយលោក ឡាំ សុជាតិ មានប្រសាសន៍ថា ជាគោលការណ៍គឺ ក្រសួងសុខខាភិបាលបានកំណត់ចំនួនប្រជាពលរដ្ឋ ដើម្បីបង្កើតមណ្ឌលសុខភាពមែន ប៉ុន្តែលោកថា ប្រសិនបើពលរដ្ឋ៤ឃុំប្រើប្រាស់មណ្ឌលសុខភាពតែមួយ គឺវាពិតជាផ្ដល់នូវភាពលំបាកដល់ពលរដ្ឋជាមិនខាន។
លោក ឡាំ សុជាតិ បន្តថា ដើម្បីដោះស្រាយបញ្ហា និងជួយសម្រួលដល់ប្រជាពលរដ្ឋ គឺក្រសួងគួរតែបង្កើតឱ្យឃុំចំនួន២មានមណ្ឌលសុខភាពមួយជាការល្អប្រសើរ។ លោកថា ការធ្វើបែបនេះ គឺវាបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការទទួលយកសេវាកម្មសុខភាពពីរដ្ឋ និងកាត់បន្ថយការចំណាយបានច្រើន។
លោកបន្ថែមថា៖«ខ្ញុំគិតថាជាគោលការណ៍គួរតែឃុំមួយ មានមណ្ឌលសុខភាពមួយ ព្រោះពលរដ្ឋខ្លះគាត់នៅតំបន់ដាច់ស្រយាលដើម្បីកាត់បន្ថយរយៈពេលធ្វើដំណើររបស់គាត់។ បើតំបន់ប្រជុំជន វានៅជិតៗគ្នាអាហ្នឹងគឺវាអាចប្រើជាមួយគ្នាបាន សំខាន់ព្យាយាមប្រើពេទ្យ និងឧបករណ៍ឱ្យបានគ្រប់គ្រាន់គឺវាល្អប្រសើរហើយ»។
បើយោងតាមអង្គការទិន្នន័យដើម្បីការអភិវឌ្ឍ គឺគិតត្រឹមឆ្នាំ២០១៥ ប្រទេសកម្ពុជាមានមន្ទីរពេទ្យបង្អែកទាំងអស់ចំនួន ១០២ ដែលក្នុងនោះ មានមន្ទីរពេទ្យជាតិចំនួន៩ មន្ទីរពេទ្យបង្អែករាជធានីចំនួន២៥ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៦៨។ ចំណែកមណ្ឌលសុខភាពចំនួន ១.១៤១ និងប៉ុស្តិសុខភាពចំនួន១០៧។
អង្គការមួយនេះកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យ និងអ្នកជំនាញសុខភាពក៏មានការកើនឡើងខ្លាំងដែរនៅក្នុងវិស័យផ្សេងៗគ្នា ហើយបើនិយាយពីវិស័យឯកជនវិញ គ្លីនិក និងឱសថទំហំតូច និងមធ្យមក៏មានការរីកចម្រើននៅក្នុងទីក្រុងនិងខេត្តគួរឲ្យកត់សម្គាល់ផងដែរ៕
………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ឃាង សុខមាន