តុលាការកំពូល បានសម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍បាត់ដំបង ដែលផ្ដន្ទាទោស លោក ចៅ វាសនា មន្រ្តីគណបក្សភ្លើងទៀន ដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ជាច្រើនលានរៀល ទុកជាបានការ។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ តុលាការកំពូល បានបើកសវនាការលើបណ្ដឹងសារទុក្ខរបស់លោក ចៅ វាសនា ក្រោយពីលោកបានប្ដឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង ដែលបានផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ហើយត្រូវសងសំណងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៨០លានរៀលទៀត ក្រោមការចោទពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង»។ ក្រោយសវនាការនេះ តុលាការកំពូល បានប្រកាសសាលដីកានៅរសៀលថ្ងៃទី២៤ ខែមករានេះ។
លោក អែម ចន្ថា មេធាវីការពារក្តីឱ្យលោក ចៅ វាសនា មានប្រសាសន៍ក្រោយពីស្តាប់សាលដីការបស់តុលាការកំពូលថា ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតម្កល់សាលក្រមរបស់តុលាការជាន់ទាប ទុកជាបានការ ដោយឱ្យកូនក្តីរបស់លោកត្រូវជាប់ទោស។ លោកបង្ហាញការខកចិត្ត ដោយថា ការសម្រេចនេះជារឿងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក ដែលមិនបានប្រព្រឹត្តដូចការចោទប្រកាន់។
លោកថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខតុលាការកំពូលថា៖ «ខ្ញុំជាមេធាវីមានការខកចិត្ត ចំពោះការសម្រេចគ្រប់ជាន់ថ្នាក់មកនេះ ដោយមិនមានបទល្មើស អង្គហេតុ អង្គក្តី គឺជាការភ័ន្តច្រឡំទាំងស្រុង ហើយនៅក្នុងសាលក្រម សាលដីកា គឺមិនមានសំអាងសេចក្តី គេហៅថា ព្យសនកម្ម ឬទោសទណ្ឌបទល្មើសអីដែលត្រូវទទួលតែម្តង និយាយទៅគឺថាមានភាពអយុត្តិធម៌សម្រាប់កូនក្តីខ្ញុំតែម្តង»។
កូនស្រីរបស់លោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ បានប្រាប់ Newsroom Cambodia ថា អ្នកស្រីមិនពេញចិត្តទៅនឹងការសម្រេចរបស់តុលាការកំពូលនេះទេ ដោយថាជារឿងអយុត្តិធម៌សម្រាប់ឪពុករបស់អ្នកស្រី។
អ្នកស្រីប្រាប់ថា៖ «ខ្ញុំយល់ឃើញថា ជាភាពអយុត្តិធម៌ និងរើសអើងពីតុលាការសម្រាប់គាត់ជាគណបក្សប្រឆាំង[…] ខ្ញុំគ្មានអ្វីសំណូមពរ ព្រោះខ្ញុំមិនដែលទទួលបាននូវសំណូមរបស់ខ្ញុំឡើយ។ តុលាការមិនដែលស្តាប់សំឡេងពួកខ្ញុំនៅក្នុងគណបក្សប្រឆាំងឡើយ»។
ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល។ លោកថា បើផ្អែកលើការត្រួតពិនិត្យ និងព័ត៌មានពីអង្គការជាតិ-អន្តរជាតិ គេសង្កេតឃើញថា ការចាប់ខ្លួន ឃុំខ្លួន និងការផ្តន្ទាទោសទៅលើលោក ចៅ វាសនា នេះជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់ ដោយសារតែលោក ចៅ វាសនា មានភាពសកម្មក្នុងជីវិតនយោបាយរបស់លោក នៅមុនពេលត្រូវចាប់ខ្លួន។
លោកមានប្រសាសន៍ថា៖ «ប្រសិនជាមើលការចោទប្រកាន់របស់លោក ចៅ វាសនា នេះការដាក់ចោទប្រកាន់និងការដាក់បន្ទុកនេះមិនបានគ្រប់គ្រាន់ទេ ដោយសារសំអាងទៅលើតេឡេក្រាម(Telegram) ចឹងតាមទំនាក់ទំនងតាមតេឡេក្រាម គឺជាលក្ខណៈជាឯកជន ចឹងវាមិនអាចដាក់បន្ទុកនោះទេ»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យតុលារកំពូល អ្នកស្រី ម៉ៅ ធីតា បាននោះទេ។
គួរជម្រាបជូនថា លោក ចៅ វាសនា ប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងយុទ្ធនាការឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត។ ក្រោយមកសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចផ្ដន្ទាទោស លោក ចៅ វាសនា ពីបទ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង ដោយដាក់ពន្ធនាគារ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ឬប្រហែល ១ ៥០០ដុល្លារអាមេរិក ហើយត្រូវសងសំណងដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៨០លានរៀលទៀត។
ក្រោយមក សាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ ទុកជាបានការដដែល កាលពីថ្ងៃទី១២ ខែមិថុនា ២០២៤៕
……………………………………
អត្ថបទដោយ៖ ពូ សូរាជីនី