ក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ត្រូវពិនិត្យមើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ក្នុងនោះផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងផ្នែកខាងក្រោមមានលេខបញ្ជីកា។
បើតាមក្រសួងសុខាភិបាលឱសថពុំមានលេខបញ្ជីកាទាំងនោះ រួមមាន ឈ្មោះ MERIPIR 400mg, MERIPIR 200mg, MOLUZEN 800, MOLAZ, Molenzavir 200, MOLUZIR-US, MPIRAVIR 200mg, Molnupiravir Tablets 200mg កំប៉ុង ៣០គ្រាប់, និង MOLUNHEET នេះបើគិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ឱសថដែលពុំមានលេខទិដ្ឋាការ ឬបញ្ជីកាខាងលើបន្តទៀត ព្រោះឱសថទាំងនេះមិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ។ លើសពីនេះ វានឹងអាចបណ្ដាលឱ្យប៉ះពាល់សុខភាព បណ្ដាលឱ្យគ្រោះថ្នាក់ដល់ជីវិតទៀតផង។
ក្រសួងសុខាភិបាលក៏បានព្រមានចាត់វិធានការជនទាំងឡាយណាដែលចែកចាយ និងផ្សព្វផ្សាយលក់ឱសថគ្មានលេខបញ្ជីកាខាងលើ និងអ្នកដែលនាំចូលមកតាមច្បាប់ស្ដីពីការគ្រប់គ្រងឱសថផងដែរ។
ក្រសួងសុខាភិបាលឱ្យដឹងទៀតថា គណនីហ្វេសបុកដែលបានបង្ហោះលក់ឱសថពុំមានបញ្ជីកាទាំងនោះ មានឈ្មោះ Solyna Pink, DL pharma, Chea Linda, Nana Flower…ជាដើម។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា បច្ចុប្បន្ននេះ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងសុខាភិបាល បានចុះធ្វើការស៊ើបអង្កេតករណីលក់ឱសថក្លែងក្លាយនេះ នៅតាមទីកន្លែងនានាដែលកំពុងដាក់លក់។
លោកស្រី និយាយថា៖ «ក្រសួងសុខាភិបាលសូមក្រសួងពាក់ព័ន្ធនិងសមត្ថកិច្ចសូមជួយទប់ស្កាត់ការផ្សាយបែបអាណាធិបតេយ្យនូវផលិតផលទាំងនេះនៅតាមប្រព័ន្ធអនឡាញ (Online) ដើម្បីរួមគ្នាទប់ស្កាត់ទង្វើអសកម្មនានាដែលប៉ះពាល់ដល់ការងារគ្រប់គ្រងថែទាំនិងព្យាបាលជំងឺកូវីដ-១៩ ហើយសូមអាជ្ញាធរចាត់វិធានការសមស្របផងដែរ»។
លោកស្រី វណ្ណឌីន បន្ថែមថា ក្រសួងសុខាភិបាលក៏អំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងអស់ពុំត្រូវដំឡើងថ្លៃខ្លាំងពេកលើឱសថ និងបរិក្ខាពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ផងដែរ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះក៏ព្រមានដែរថា វីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុងនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើប្រជាពលរដ្ឋដែលវិជ្ជមានកូវីដ-១៩អូមីក្រុង មិនបានតាមដាន ថែទាំ និងព្យាបាលទាន់ពេលវេលាតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ។
លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា មានប្រសាសន៍ថា លោកគាំទ្រលើវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការលក់ឱសថគ្មានបញ្ជីកាសម្រាប់ព្យាបាលជំងឺកូវីដ-១៩។
លោក វុទ្ធី អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមទប់ស្កាត់ប្រកបដោយឆន្ទៈ ដើម្បីបញ្ឈប់ការលក់ឱសថក្លែងក្លាយទាំងនេះ។
លោក និយាយថា៖ «ក្រសួងសុខាភិបាលដែលឱ្យថ្នាំចូលនីមួយៗសំខាន់ណាស់ ពេលណាដែលចុះបញ្ជីកាក្រសួងសុខាភិបាល ថ្នាំទាំងអស់ត្រូវចូលឡាបូថ្នាក់ជាតិ។ ពេលណាគេមើលទៅប្រសិទ្ធភាពវា១០០%ល្អចឹង ក៏គេឱ្យច្បាប់អនុញ្ញាតលក់តាមឱសថស្ថាន»។
ឆ្លើយតបទៅនឹងការលក់ឱសថព្យាបាលជំងឺកូវីដ-១៩គ្មានបញ្ជីកានេះ លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានប្រសាសន៍ថា អាជ្ញាធរតែងតែបើកការស៊ើបអង្កេត ក្នុងករណីមានបទល្មើសណាមួយកើតឡើង។
លោកនិយាយថា៖ «ខ្ញុំមិនអាចប្រាប់បានធ្វើរបៀបណាទេ វាជាបច្ចេកទេសស៊ើបអង្កេតរបស់សម្ថកិច្ច»។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រើប្រាស់ថ្នាំប្រភេទ ម៉ូលនូពីរ៉ាវាកាប់ស៊ុល ២០០ មីលីក្រាម សម្រាប់អ្នកជំងឺកូវីដ-១៩កម្រិតស្រាល ដែលអាចព្យាបាលខ្លួនឯងបាននៅតាមផ្ទះ។ សម្រាប់ការប្រើប្រាស់ បន្ទាប់ពីការធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ហើយ គឺលេបម្ដង៤គ្រាប់ (កម្រិត២០០មីលីក្រាមក្នុងមួយគ្រាប់) និងលេបរៀងរាល់១២ម៉ោងម្ដង សម្រាប់រយៈពេល៥ថ្ងៃជាប់គ្នា។ ប៉ុន្តែពុំត្រូវប្រើឱសថនេះសម្រាប់ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន និងមនុស្សក្រោមអាយុ១៨ឆ្នាំឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន៣នាក់ ខណៈវីរុសអូមីក្រុងដែលកំពុងឆ្លងរាលដាលក្នុងសហគមន៍មានចំនួន ៧ ៣៨២ករណី។ ក្រសួងសុខាភិបាលឱ្យដឹងទៀតថា អ្នកជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុបចំនួន ១២៨ ៥៩៩នាក់ និងស្លាប់សរុបចំនួន៣ ០២៦នាក់ ខណៈការជាសះស្បើយចំនួន ១២១ ៨៧៧នាក់៕
—————————
ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក វ៉ា សុភានុត