សហជីពមួយបានប្តឹងទៅអង្គការអន្តរជាតិខាងការងារ (ILO) ករណីរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បញ្ឈប់ថ្នាក់ដឹកនាំសហជីព៣នាក់ពីការងារ ក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រនេះ។
ក្នុងលិខិតចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ដែលពលរដ្ឋអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី៧មេសានេះគឺ សហព័ន្ធសហជីពឯករាជ្យ បានដាក់លិខិតមួយទៅលោកស្រី សារ៉ា ផាក ប្រធានកម្មវិធីរោងចក្រកាន់តែល្អប្រសើនៅកម្ពុជា ឬហៅថា BFC នៃអង្គការអន្តរជាតិខាងការងារ ជួយអន្តរាគមន៍ឱ្យកម្មករ៣នាក់បម្រើការងារនៅ ស៊ិន ឡន បានចូលធ្វើការងារវិញ និងបើកប្រាក់រំលឹកប្រាក់ឈ្នួលជូនតំណាងកម្មករទាំងបីរូបនោះផងដែរ។
ក្នុងលិខិតផ្ញើរទៅកាន់លោកស្រី សារ៉ា ផាក គឺសហជីពបានលើកឡើងថា ក្រុមហ៊ុនផលិតការបូប ស៊ិន ឡន បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន៣នាក់ រួមមានលោក ស៊ឺ នាង អ្នកស្រី ប៊ូ រ៉ាត និង លោក មួន សាម៉ុក ពីការងារក្រោយនាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រ។
អ្នកស្រី ប៊ូ រ៉ាត អាយុ២៨ឆ្នាំ ជាកម្មការិនីបម្រើការងាររោងចក្រ ស៊ិនឡន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រី និងកម្មករ២នាក់ផ្សេងទៀត ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពីពួកគាត់នាំគ្នាចង់ក្រងបោះឆ្នោតបង្កើតសហជីពក្នុងរោងចក្រ ហើយបានជូនដំណឹងទៅក្រុមហ៊ុន។ អ្នកស្រីចាត់ទុកករណីបញ្ឈប់ពួកគាត់ពីការងារនេះថា ជាការរើសអើងសហជីព និងជាទង្វើរំលោភច្បាប់ស្តីពីការងារ និងច្បាប់សហជីព។
អ្នកស្រីលើកឡើងថា៖ «ខាងក្រុមហ៊ុនរើសអើងសហជីព ហើយអត់គោរពច្បាប់ទេ។ ស្រ្ដីដែលគាត់មានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ ក៏ត្រូវដាច់លុយដែរ។ ទីពីរ ប. ស. ស អត់មានទេ សម្រាប់បងប្អូនកម្មករនៅពេលដែលគាត់គ្រោះថ្នាក់ការងារ។ ចឹងបានកម្មករបោះឆ្នោតឱ្យពួកខ្ញុំធ្វើជាតំណាងសហជីព»។
ថ្នាក់ដឹកនាំសហជីពរូបនេះ បន្ថើមថា ក្រោយថៅកែបញ្ឈប់ពីការងារ គឺគ្រួសារអ្នកស្រីបានប៉ះពាល់ដល់ជីវភាពគ្រួសារជាខ្លាំង ដោយសារអ្នកស្រីគ្មានការងារធ្វើ គ្មានលុយសម្រាប់ការចំណាយប្រចាំថ្ងៃ ប្រចាំខែ ដូចជាផ្គត់ជីវភាពគ្រួសារ បង់សង់ធនាគារ គ្មានលុយបង់ថ្លៃសាលាឱ្យកូនរៀនជាដើម។
អ្នកស្រីបន្ត៖ «ខ្ញុំសូមឱ្យអធិការការងារហ្នឹង អធិការកិច្ចឱ្យជួយសម្របសម្រួលខាងរោងចក្រ ស៊ិន ឡន ឱ្យពួកគាត់ទទួលពួកខ្ញុំចូលធ្វើវិញដូចពីមុនធម្មតា។ ហើយឱ្យខាងរោងចក្រ ស៊ិន ឡន ហ្នឹងគិតលុយចាប់តាំងពីរថ្ងៃគាត់បញ្ឈប់ខ្ញុំរហូតមកដល់ឥឡូវ»។
ថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ ស៊ិន ឡន ម្នាក់ទៀតលោក ស្រឺ នាង មានប្រសាសន៍ថា ពួកគាត់បាននាំគ្នាបង្កើតសហជីពក្នុងរោងចក្រ គឺដោយសារតែពួកគាត់មើលឃើញការកៀបសង្កត់របស់ថៅកែរោងចក្រទៅលើកម្មករ។ លោកថា ការបង្កើតសហជីពនេះ គឺពួកគាត់បានអនុវត្តតាមច្បាប់ត្រឹមត្រូវ។
លោកបន្ថែមថា៖ «គាត់ក៏បានហៅពួកខ្ញុំទៅឱ្យលាលែងចេញ [ពីសហជីព] វិញឱ្យទៅធ្វើប្រធានក្រុមវិញតែពួកខ្ញុំអត់ព្រមលាលែងចេញពីរសជីព។ នៅថ្ងៃទី២៥ គាត់បានបញ្ឈប់ពួកខ្ញុំដោយមិនបានជូនដំណឹង។ នៅពេលក្រុមហ៊ុនគាត់បញ្ឈប់ពួកខ្ញុំចឹង ពួកខ្ញុំអត់មានប្រាក់ខែ ហើយត្រូវបានខាងរោងចក្រប្ដឹងខ្ញុំទៅតុលាកាទៅស្នងការខេត្ដកំពង់ស្ពឺ។ ចឹងពួកខ្ញុំត្រូវរងសម្ពាតពីររោងចក្រខ្លាំង»។
លោក ស្រឺ នាង អះអាងថា ករណីថៅកែបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារនេះ គឺពួកគាត់បានដាក់បណ្តឹងទៅក្រសួងការងារដែរ ហើយខាងក្រសួងបានចេញលិខិតបញ្ជាទៅខាងរោងចក្រឱ្យទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការងារវិញនិងបើកប្រាក់រំលឹកប្រាក់ឈ្នួលផងដែរ ប៉ុន្តែថៅកែរោងចក្រនេះ មិនបានអនុវត្តតាមឡើយ។
លោកបន្ថែមថា៖ «ក្រសួងគាត់ចេញលីខិតមួយឱ្យខ្ញុំហ្នឹងយកលិខិតហ្នឹង ដើម្បីចូលរោងចក្រ តែខាងរោងចក្រមិនព្រមទទួលយកពួកខ្ញុំដដែល។ ទៅ៤ឬ ៥ដង់គេនៅតែមិនយក»។
ប្រធានរដ្ឋបាលរោងចក្រស៊ីនឡនអ្នកស្រី ទូច សោភ័ណ្ឌ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីសុំមិនបកស្រាយច្រើនទេ ដោយថា ក្រុមហ៊ុនមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីពទាំង៣នាក់ចូលធ្វើការងារវិញ គឺជាសម្រេចរបស់ថៅកែ។
បើតាមលិខិត គឺក្រុមសហព័ន្ធសហជីពធ្លាប់បានស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារ និងក្រុមហ៊ុនអ្នកបញ្ជាទិញ CleverMade ប៉ុន្តែមិនមានការឆ្លើយតបណាមួយឡើយ។
លិខិតបញ្ជាក់ថា៖ «ជាលទ្ធផលក្រុមហ៊ុន Clevermade មិនអើពើនិងមិនខ្វាយខ្វល់ពីសិទ្ធិរបស់កម្មករនយោជិត ជាពិសេសបន្ថែមទៀត គឺក្រុមហ៊ុន CleverMade ថែមទាំងបានចូលរួមចំណែកក្នុងរំលោភសិទ្ធិរបស់កម្មករនិយោជិតនៅប្រទេសកម្ពុជាទៀតផង»។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត មានប្រសាសន៍ថា ការស្នើសុំឱ្យអង្គការអន្តរជាតិខាងការងារជួយអន្តរាគមន៍នោះ គឺរហូតមកដល់ពេលនេះ ពុំទាន់បានការឆ្លើយតប់នៅឡើយទេ។ លោកចាត់ទុកករណីថៅកែរោងចក្រ ស៊ិនឡន បញ្ឈប់កម្មករពីការងារនេះ ថាជាការរើសអើងសហជីព ហើយជាទង្វើរំលោភលើសិទ្ធិកម្មករ និងជាទង្វើខុសច្បាប់។
លោក រី សិទ្ធីណែត បន្តថា ករណីក្រុមហ៊ុនបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ និងមិនព្រមធ្វើការងារវិញនេះ គឺបណ្តាលពីភាពកម្សោយ នៃការអនុវត្តច្បាប់របស់ក្រសួងការងារ។
លោកបន្ថែមថា៖ «ខ្ញុំមើលឃើញថាមែនទែន គឺមកកម្សោយរបស់ក្រសួងការងារដែលមិនបានអើពើលើច្បាប់ស្ដីពីការងារនឹងសេចក្ដីសម្រេចរបស់ខ្លូន ដែលបានចញ្ជាឱ្យយកមេដឹកនាំសហជីពចូលធ្វើការវិញ ហើយអត់បានចូលធ្វើការវិញ រហូតដល់បច្ចុប្បន្នជិត១ឆ្នាំហើយ»។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានពាក់ព័ន្ធករណីនេះ។
ប៉ុន្តែតាមលិខិត របស់ក្រសួងការងារ ចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ គឺក្រសួងបានផាកពិន័យរោងចក្រ ស៊ិន ឡន ជាប្រាក់ចំនួន ១០ លាន ៨ ម៉ឺនរៀល រួមទាំងតម្រូវឱ្យទទួលយកសហជីពទាំង ៣ នាក់នេះ ចូលធ្វើការវិញផងដែរ។ ក្រសួងបានលើកឡើងថា រោងចក្រមួយនេះ មិនព្រមអនុវត្តតាមច្បាប់ស្តីពីការងារនៅក្នុងជម្លោះជាមួយថ្នាក់ដឹកនាំសហជីពទាំង៣នាក់នោះឡើយ៕
…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា