ឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លោកស្រី មីសែ្សល បាស្សេឡេត បានសំដែងការព្រួយបារម្ភចំពោះការរឹតត្បឹតសិទ្ធិបញ្ចេញមតិនៅកម្ពុជា ដោយសារតែវិធានការរបស់រដ្ឋាភិបាល ដែលបានចាប់ខ្លួនមនុស្សមួយចំនួន រួមទាំងស្ដ្រី និងកុមារីផង ជុំវិញការចោទប្រកាន់រឿងផ្សព្វផ្សាយព័ត៌មានមិនពិត។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ អ្នកស្រី មីសែ្សល បាស្សេឡេត បានលើកឡើងអំពីក្ដីព្រួយបារម្ភចំពោះការគាបសង្កត់សិទ្ធិសេរីភាពបញ្ចេញមតិ នៅផ្នែកខ្លះនៃតំបន់អាស៊ីប៉ាស៊ីហ្វិក នៅអំឡុងពេលពិភពលោកមានវិបត្ដិនៃជំងឺកូវីដ-១៩ ដោយលោកស្រីជំរុញទៅបណ្ដារដ្ឋាភិបាលទាំងនោះថា វិធានការបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវតែធ្វើឡើងដោយសមាមាត្រ។
លោកស្រី បាស្សេឡែត បានមានប្រសាសន៍បន្ដថា ចំពោះករណីនៅប្រទេសកម្ពុជា មនុស្សចំនួន ៣០នាក់ រាប់ទាំងស្ត្រី៦នាក់ និងក្មេងស្រីម្នាក់អាយុ ១៤ឆ្នាំផង ត្រូវបានចាប់ខ្លួន ជុំវិញការអធិប្បាយជាសាធារណៈ និងបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងជំងឺកូវីដ ១៩។
លោកស្រី បាស្សេឡែត បានលើកឡើងក្នុងសេក្ដីថ្លែងការណ៍ថា៖ «នៅប្រទេសកម្ពុជា ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សបានចងក្រងជាឯកសារទាក់ទងនឹងការចាប់ខ្លួនមនុស្សចំនួន ៣០ នាក់ រាប់ទាំងស្ត្រីប្រាំមួយនាក់ និងក្មេងស្រីម្នាក់អាយុ ១៤ ឆ្នាំ ដោយសារតែការនិយាយអធិប្បាយជាសាធារណៈ និងការបង្ហោះលើបណ្តាញសង្គមទាក់ទងនឹងជំងឺកូវីដ-១៩»។
អ្នកជំនាញសិទ្ធិមនុស្សរបស់ UN រូបនេះ និយាយថា អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះត្រូវបានចោទប្រកាន់ពី «បទផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងរៀបចំផែនការប្រឆាំងនឹងរដ្ឋាភិបាល» និងថា មកដល់ពេលនេះ មនុស្សចំនួន ១៤នាក់ កំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ដែលភាគច្រើនជាសមាជិកអតីតគណបក្សប្រឆាំង៕
————————————————
ដោយពលរដ្ឋសារព័ត៌មានខេត្តក្រចេះ អ្នកស្រី ណេត នឿន