របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន
កំណើនភ្ញៀវទេសចរណ៍នៅសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត មានការកើនឡើងជាបន្តបន្ទាប់ ក្រោយពីស្ងប់ស្ងាត់មួយរយ: ដោយសារតែជំងឺកូវីដ-១៩។
ប្រធានសហគមន៍ត្រពាំងសង្កែលោក ស៊ឹម ហ៊ីម អាយុ៥៤ឆ្នាំ បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកមានសេចក្តីសប្បាយរីករាយ ដែលឃើញមានភ្ញៀវទេសចណ៍កើនឡើងច្រើន ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកថា មួយរយៈចុងក្រោយនេះ តាមលោកកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរណ៍បានកើនឡើងជាលំដាប់ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈដោយសារតែវិបត្តិជំងឺកូវីដ-១៩។
លោកបានលើកឡើងថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញភ្ញៀវទេសចរណ៍កើនឡើង ហើយការកើនឡើងទេសចរណ៍ ធ្វើឱ្យបងប្អូនប្រជាសហគមន៍យើងមានការងារធ្វើ កាត់បន្ថយចំណាកស្រុកបានច្រើន ខ្ញុំសង្ឃឹមថា បងប្អូននឹងចូលរួមមកទស្សនាកម្សាន្តជាបន្តបន្ទាប់»។
បើតាមប្រធានសហគមន៍រូបនេះឱ្យដឹងថា ភ្ញៀវទេសចរណ៍ដែលមកលែងកម្សាន្តនៅសហគមន៍នេសាទទេសចរណ៍ត្រពាំងសង្កែនេះ គឺភាគច្រើនមកលេងនៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ។ លោកថា គិតត្រឹមរយៈពេល៥ខែដើមឆ្នាំ២០២២នេះ ចំនួនភ្ញៀវទេសចណ៍មានជាង២ម៉ឺននាក់ បើធៀបនឹងឆ្នាំមុនពេលមានកូវីដ១៩ គឺមានជាង១ម៉ឺននាក់តែប៉ុណ្ណោះ។
អ្នកបម្រើសេវាកម្មបើកទូកដឹកភ្ញៀវទេសចរណ៍ម្នាក់ លោក ម៉ាត់ ឌត អាយុ៥៩ឆ្នាំ រស់នៅភូមិត្រពាំងកេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា ចាប់តាំងពីបើកឱ្យដំណើរប្រទេសឡើងវិញមក មានទេសចរណ៍ច្រើនគួសម ដោយមួយថ្ងៃៗលោកអាចរត់បាន ៤ទៅ៥ជើង ខណៈពីមុនរត់បានតែ១ជើងប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំសប្បាយចិត្ត ពេលឃើញភ្ញៀវទេសចរណ៍មកកម្សាន្តច្រើន ពីមុនខ្ញុំបានត្រឹមតែ១៥០០០រៀលក្នុងមួយថ្ងៃ ដល់ពេលឥឡូវខ្ញុំអាចរកបានចាប់ពី៦០០០០រៀល ទៅ៧០០០០រៀលក្នុងមួយថ្ងៃ»។
ចំណែកអ្នកស្រី សៅ ទះ អាយុ ៥១ឆ្នាំរស់នៅភូមិក្បាលរមាស ឃុំត្រពាំងសង្កែ និងជាអាជីវករលក់ដូរនៅក្នុងតំបន់នោះបានសំដែងនូវសេចក្តីសប្បាយរីករាយផងដែរ ក្រោយអាជ្ញាធរបានបើកទេសចរណ៍ឡើងវិញ។
អ្នកស្រីថា៖ «ខ្ញុំសប្បាយចិត្តតាមភ្ញៀវទេសចរណ៍ដែរ ពេលដែលឃើញភ្ញៀវមកទស្សនាកម្សាន្តច្រើនកុះករបែបនេះ»។
ចំណែកលោក ស្មាន សើ ដែលជាអ្នករត់ទូកដរក៏មានការយល់ឃើញប្រហាក់ប្រហែលអ្នករត់ទូកដទៃទៀតដែរថា លោកសប្បាយចិត្តនៅពេលដែលឃើញភ្ញៀវទេសចរណ៍កើនឡើងធ្វើឱ្យប្រាក់ចំណូលរបស់លោក ក៏កាន់តែប្រសើរជាងមុន គ្រប់គ្រាន់ជាងមុន ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតជាខេត្តមួយស្ថិតនៅភាគនិរតីនៃកម្ពុជា ដែលមានចំងាយ១៤៨គីឡូម៉ែតពីរាជធានីភ្នំពេញ។ លោកថា ខេត្តនេះ មានតំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន ១៧កន្លែង សហគមន៍៤កន្លែង និងគោលដៅទាក់ទាញទេសចរណ៍៤កន្លែង។ ក្នុងនោះតំបន់ដែលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ គឺតំបន់រមណីយដ្ឋានទឹកឈូ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ។
ចំណែកសហគមន៍ត្រពាំងសង្កែវិញ លោកថា ជាសហគមន៍មួយដែលមានប្រជាប្រិយភាពខ្លាំងដែលមានទីតាំងទាក់ទាញ ហើយសហគមន៍ត្រពាំងសង្កែ បានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ចូលរួមអភិរក្សព្រៃកោងកាង ធ្វើអោយមនុស្សមានការយល់ដឹងអំពីបរិស្ថាន និងជាពិសេសធ្វើឲ្យយុវជនចេះស្រលាញ់បរិស្ថានតាមរយៈបទពិសោធក្នុងការចូលរួមដាំកោងកាង។
លោបន្តថា៖ «វិស័យទេសចរណ៍បានរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រតាមរយៈការផ្តល់ឱកាសការងារ និងមុខរបរ មានតួនាទីក្នុងការថែរក្សា ការពារអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ»។
គួរបញ្ជាក់ផងដែរថា សហគមន៍ត្រពាំងសង្កែ ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដោយមានសមាជិកចំនួន ៧៥៨នាក់ លើផ្ទៃដីសរុប ៤១០ហិចតា ជាដែននេសាទ ដែលលាតសន្ធឹងលើដីព្រៃកោងកាងទំហំ៤៦ហិតា ដែលមានដើមកោងកាងសរុបជាង៥០ម៉ឺនដើម។
ប្រធានសហគមន៍ត្រពាំងសង្កែលោក ស៊ឹម ហ៊ីម បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មូលហេតុនៃការបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើង គឺដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានយកដីពីជនខិលខូចមួយចំនួនដែលសល់លុយច្រើន កុំឲ្យពួកគេមកទន្រ្ទានយក និងដើម្បីអភិរក្សពូជត្រីដែលត្រូវការជម្រកនិងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ រួមទាំងការបម្រើសេវាកម្មទេសចរណ៍សម្រាប់អ្នកដើរលំហែរកាយ និងអ្នកស្រលាញ់ធម្មជាតិដែលមានទីតាំងនៅភូមិត្រពាំងកេស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត៕
………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺលោក ព្រំ រតនៈ