បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានសកម្មជនព្រៃឈើរកឃើញជាបន្តបន្ទាប់ ហើយបញ្ហានេះកើតឡើងដោយពួកគេរិះគន់ទៅប្រធានមន្ទីរបរិស្ថានខេត្តនេះថា បណ្តែតបណ្តោយឱ្យមានវិនាសសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះកើតមានឡើង។
ប្រធានសមាគមនយុវជនស្រលាញធម្មជាតិ លោក តាន់ គឹមសួរ បានរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំថា មិនបានបង្ក្រាបបទល្មើសកាប់បំផ្លាញឈើ និងការឈូសឆាយយកធ្វើកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីរលោកបានចុះទៅស្រាវជ្រាវរកឃើញបទល្មើសព្រៃឈើជាច្រើនករណីនៅក្នុងដដែនជម្រកសត្វព្រៃព្រៃឡង់ខេត្ដកំពង់ធំ និងបានសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្នុងខេត្ដកំពង់ធំ ឈានទៅបង្ក្រាបបានឈើជាច្រើនម៉ែត្រគូបនៅក្នុងឃ្លាំងស្តុបនិងកែច្នៃឈើចំនួន៥កន្លែងផ្សេងគ្នា។ ប្រតិបត្តិការនេះ ក៏បានឃាត់បានរថយន្ដដឹកឈើធុនធំចំនួន២គ្រឿង រថយន្ដស៊ាំយ៉ុង១គ្រឿងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។
ក្នុងវីដេអូមួយដែលលោក គឹមសួរ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា បានឱ្យឃើញពីទីតាំងស្តុកឈើមួយកន្លែង ដែលមានទាំងរថយន្តធុនធំ និងរថយន្តស៊ាំយ៉ុង ព្រមទាំងកម្មករជាច្រើននាក់ អមដោយគំនរឈើជាច្រើនកន្លែងផង។ វីដេអូដែលអមដោយការសរសេរដាក់ចំណងជើងបន្ថែមថា ដោយដាក់ជាសំណួរថា តើលោក តុប កក្កដា នឹងបណ្តែតបណ្តោយឱ្យមានឧក្រិដ្ឋកម្មព្រៃឈើនេះដល់ពេលណា?
លោក គឹមសួរ សរសេរថា៖ «តើលោក[លោក តុប កក្កដា]ដឹងទេ ថាលោកមិនមែនជាមន្ត្រីអសមត្ថភាពទេ ប៉ុន្តែជាមន្ត្រីដែលកំពុងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលតាមរយៈទង្វើនានារបស់លោក? ហើយលោក គឺជាចំណែកដ៏ធំនៃការបង្កើតនូវវិនាសកម្មព្រៃឡង់តែម្តង។ លោកមិនគួរណានៅបន្តកាន់តំណែងនេះ[ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ]ទៀតទេ? »
លោក តាន់ គឹមសួរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាស្ថានភាពនៅក្នុងព្រៃឡង់ពេលនេះពិបាកនិយាយណាស់បទល្មើសព្រៃឈើមានច្រើនដូចជាកាប់អាច្រៀកឈើធ្វើអាជីវកម្មកែច្នៃយកទៅលក់ និងការឈូសឆាយរុករានទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិជាច្រើនកន្លែងយ៉ាងអនាធិបតេយ្យ ។
លោកបន្តថា នៅមិនទាន់ដឹងមួលហេតុពិតប្រាកដនៅពីក្រោយនៃការកាប់បំផ្លាញ ឬឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិទេ ប៉ុន្តែលោកថាអាចមានមន្រ្ដីពាក់ព័ន្ធនៅពីក្រោយខ្នង មានមេខ្លោងមេខ្យល់អំពានាវបំផុសបំផុលឱ្យប្រជាពលរដ្ឋចូលទៅទន្រ្ទាន ឬជាប់ពាក់ព័ន្ធអំពើពុករលួយ ។
លោកអះអាងថា នៅមុនពេលគេឈូសឆាយព្រៃយកដីធ្វើកម្មសិទ្ធិគេបង្កើតស្នាក់ការបរិស្ថានចាំយាមជាមុនបន្ទាប់មកគេជួលពលរដ្ឋឱ្យមកកាប់សំបកឈើប្រវែង២តឹកជុំវីញចេញពីដើមឈើ ការធ្វើបែបនេះព្រាបដូចកាត់សសៃឈាម ៥ទៅ៦ខែក្រោយដើមឈើងាប់គេចាប់ផ្ដើមឈួសឬដុតតាមក្រោយ គេយកស្នាក់ការបរិស្ថានមកបាំងមុខកុំឱ្យពលរដ្ឋតវ៉ា ។
លោកលើកឡើងថា៖ «ឥឡូវនេះរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់ចំពោះបញ្ហា[បរិស្ថាន]នេះ ហើយក៏កំពុងពិនិត្យមើលរឿងមិនប្រកតីរបស់មន្រ្ដីមួយចំនួន។ សំណូមពរឱ្យប្រជាពលរដ្ឋឈប់ខ្លាចមន្រ្ដីមួយចំនួនគំរាមប្ដឹងគំរាមចាប់ចង យកសិទ្ធិអំណាចខ្លួនឯងដែលជាចៅហ្វាយនាយរបស់មន្រ្ដីយកមកប្រើប្រាស់ នៅពេលយើងបង្ហាញការពិតដូចមិនមានទោសពៃអីទេ » ។
នៅថ្ងៃពុធនេះពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំបានទេដោយទូរសព្ទចូលជាច្រើនដង តែត្រូវលោកចុចផ្ដាច់ទៅវិញ ។
អភិបាលខេត្ដកំពង់ធំលោក នួន ផារ័ត្ន មានប្រសាសន៍ថា ពាក់ព័ន្ធការលើកឡើងរបស់លោក តាន់ គឹមសួរ ជាព័ត៌មានតែម្ខាង ដែលត្រូវ សិក្សាស្រាវជ្រាវបន្តទៀត ។
លោកលើកឡើងថា៖ «ពាក់ព័ន្ធហ្នឹងករណីការលើកឡើងត្រូវការសិក្សាសិន ព្រោះគ្រាន់តែជាព័ត៌មានមួយ យើងត្រូវការពិនិត្យអ្វីដែលគាត់លើកឡើងថាព័ត៌មានច្បាស់ឬមិនច្បាស់យើងត្រូវការសិក្សាសិន» ។
ពលរដ្ឋអ្នកសារព័ត៌មានបានសុំព័ត៌មានបន្ថែមពីប្រធានក្រុមអ្នកនាំពាក្យក្រសួងបរិស្ថានលោក ជួប ប៉ារីស៍ បានទេលោកបានបង្វែរសំណួរឱ្យទៅសួរលោក ខ្វៃ អាទិត្យា វិញ ។ លោក ខ្វៃ អាទិត្យា បានស្នើសុំឱ្យពលរដ្ឋអ្នកសារព័ត៌មានផ្ញើសំណួរតាមតេលេក្រាមព្រោះជាប់រវល់ប្រជុំ ប៉ុន្តែលោកបានចូលមើលសំណួរហើយតែមិនមានការឆ្លើយតប ។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងឱ្យមន្ទីរបរិស្ថានរាជធានី ខេត្ដ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។
នៅក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ប្រើប្រាស់ដីធ្លី លីខិតទិញលក់ ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ។
ក្រសួងបន្តថា បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬរុករានឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្ដន្ទារទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគល់ដីដែលខ្លួនកាន់កាប់នោះជូនរដ្ឋវិញដោយស្ម័គ្រចិត្ដ និងឥតលក្ខខណ្ឌ ។
លិខិតលើកឡើងថា៖ « ក្រសួងបរិស្ថានបាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន » ។
ប្រធានប្រតិបត្តិសមាគមបណ្ដាញយុវជនកម្ពុជាលោក ហេង គឹមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដើម្បីកុំឱ្យមានការសង្ស័យពីមហាជនក្រសួងបរិស្ថានត្រូវធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់ឱ្យមានតម្លាភាព បើរកឃើញដូចអ្វីដែលបានលើកឡើងមែនមិនគួរទុកឱ្យនៅធ្វើការងារបន្តទៀតទេព្រោះប៉ះពាល់ដល់ការងារអភិរក្សធនធានធម្មជាតិ និងការអនុវត្តច្បាប់។
លោកបន្ដថា បទល្មើសធនធានធម្មជាតិមិនមែនកើតមានឡើងតែក្នុងខេត្ដកំពង់ធំមួយទេគឺនៅទូរទាំងប្រទេសកម្ពុជាគ្រាន់តែកន្លែងខ្លះមានតិចកន្លែងខ្លះមានច្រើន បទល្មើសដែលកើតឡើងច្រើនជាងគេគឺការទន្រ្ទានយកដីធ្វើកសិកម្មនៅជុំវិញព្រៃឡង់ ។
លោក គឹមហុង មើលឃើញថា កត្តាដែលបណ្ដាលឱ្យកើតមានបទល្មើសព្រៃឈើគឺមកពីរកត្តាខាងក្រៅក្រុមអ្នកទុច្ចរិកចូលទៅប្រព្រឹត្តបទល្មើសរំលោភយក នឹងកត្តាខាងក្នុងការមិនអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តបទល្មើស មន្រ្ដីខ្លះមានជាប់ពាក់ព័ន្ធនៅក្នុងបទល្មើសធនធានធម្មជាតិ ដើម្បីដោះស្រាយរឿងនេះមន្រ្ដីខិលខូចត្រូវយកមកអនុវត្តច្បាប់ មន្រ្តីល្អត្រូវលើកទឹកចិត្តផ្ដល់មេដៃឬប័ណ្ណសរសើរ ផ្ដល់ប្រាក់ខែឱ្យបានច្រើន ។
លោកលើកឡើងថា៖ « បើសិនរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដកុំទុកមន្រ្ដីអញ្ចឹងដើម្បីកុំឱ្យខូចទៅដល់គោលនយោបាយរបស់រដ្ឋ ប៉ះពាល់ទៅដល់ការងាររបស់រដ្ឋ បើសិនមិនអនុវត្តទេចេះតែទុកៗទៅពលរដ្ឋវាយតម្លៃតាមហ្នឹង » ។
ព្រៃឡង់មានផ្ទៃដីសរុបចំនួន៤៣១ ៦៨៤ហិកតា ស្ថិតនៅក្នុងខេត្ដចំនួន៤រួមមាន ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដព្រះវិហា កំពង់ធំ។ ព្រៃឡង់ជាព្រៃធំជាងគេនៅក្នុងប្រទេសកម្ពុជាមានសត្វព្រៃគ្រប់ប្រភេទរស់នៅ ហើយត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីខែឧសភា ឆ្នាំ២០១៦ ដោយកំណត់ដាក់ជាដែនជម្រកសត្វព្រៃ ព្រៃឡង់៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា