ពលរដ្ឋ ១៣គ្រួសាររស់នៅស្រុកជុំគិរី ខេត្ដកំពត ស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាទឹកលិចផ្ទះសម្បែង និងផលដំណាំរបស់ពួកគេ ក្រោយមានបុគ្គលដែលអ្នកភូមិបញ្ជាក់ថាជាមេធាវី បានចាក់ដី និងធ្វើរបងថ្មបិតផ្លូវទឹក។
លោក ង៉ែត ប្រុស រស់នៅភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ស្រូវរបស់ពលរដ្ឋចំនួន ៤ហិកតានិងផ្ទះពលរដ្ឋ១៣គ្រួសារត្រូវបានទឹកលិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ លោកថា មូលហេតុដែលនាំឱ្យមានទឹកលិចស្រូវនិងផ្ទះបែបនេះគឺដោយសារនៅផ្នែកខាងក្រោមដែលជាផ្លូវទឹកហូរត្រូវបានលោក សុខ វិបុល ដែលលោកបញ្ជាក់ថាជាមេធាវី បានធ្វើរបងនិងចាក់ដីលុបនៅផ្នែកខាងក្រោមមិនបានធ្វើប្រព័ន្ធផ្លូវទឹក ឬដាក់លូសម្រាប់ទឹកហូរចុះទៅផ្នែកខាងក្រោម ដែលជាហេតុធ្វើឱ្យមានទឹកលិចស្រូវនិងផ្ទះរបស់ពលរដ្ឋទាំង១៣គ្រួសារ។
បុរសវ័យ៥៧ឆ្នាំរូបនេះបានអះអាងថា នៅតំបន់ដែលលោកកំពុងរស់នៅនេះគឺមិនដែលមានទឹកលិចស្រូវលិចផ្លូវឬផ្ទះរបស់ពលរដ្ឋដូចឆ្នាំនេះទេ ទើបតែលោក សុខ វិបុល ចូលមកទិញដីស្រែរបស់ពលរដ្ឋនៅក្នុងភូមិ ហើយចាប់ផ្ដើមធ្វើរបងថ្មនិងចាក់ដីលុបធ្វើឱ្យទឹកមិនអាចហូរចេញទៅខាងក្រៅបាន។
លោកបន្តថា ស្រូវរបស់ពលដ្ឋដែលរងផលប៉ះពាល់ពីទឹកលិចទាំង១៣គ្រួសារនោះមានទំហំដីស្រែចម្ការសរុប៤ហិតា។ នៅក្នុងនោះដីរបស់លោកមានចំនួន៧០អាហើយពលរដ្ឋមានដីសម្រាប់ធ្វើស្រែពី ២០ទៅ៣០អា។ លោកប្រាប់ថា លោកមិនមានដីសម្រាប់ធ្វើស្រែនៅតំបន់ផ្សេងនោះទេមានតែមួយកន្លែងនេះ។
លោកថា បើស្រូវរបស់លោកខូចខាតអស់លោកមិនមានស្រូវឬអង្ករសម្រាប់ទុកហូបនៅថ្ងៃក្រោយនោះទេ ហើយជីវភាពគ្រួសាររបស់លោកនឹងកាន់តែលំបាកទៅៗ។
លោកលើកឡើងថា៖ «ពួកខ្ញុំបាទបើមិនបានអាស្រ័យផល[ធ្វើស្រូវ ]ឆ្នាំហ្នឹងទេឆ្នាំក្រោយពួកខ្ញុំវេទនាជាងឆ្នាំនេះទៀត។ ឆ្នាំនេះគ្រាន់តែលិចទេនៅមានស្រូវនៅមានអង្ករហូបបន្ត តែដល់ឆ្នាំក្រោយទៅពួកខ្ញុំបាទអត់មានស្រូវអង្ករហូបបន្តទៀតទេ។ រស់នៅពឹងតែស្រែនឹងភ្លឺទេដល់ពួកខ្ញុំធ្វើអត់បានចឹងពួកខ្ញុំបានអីហូបពួកខ្ញុំអត់មានការងាធ្វើរកលុយអត់បានអាយុកាន់តែចាស់ បើមានការងារក៏គេមិនឱ្យខ្ញុំធ្វើដែរ ដោយសារពួកខ្ញុំកាន់តែចាស់»។
លោក ង៉ែត ប្រុស បន្តថា បើអាជ្ញាធរជួយសង្គ្រោះស្រូវរបស់ពលរដ្ឋនៅពេលនេះគឺមិននៅទាន់ហួសពេលនោះទេ តែបើនៅតែមានភ្លៀងធ្លាក់មកជារៀងរាល់ថ្ងៃស្រូវនឹងងាប់អស់ ។
លោកបន្ថែបថា៖ «នៅពេលនេះស្រូវនៅមានចុងមួយៗបើអស់លោកមិនរកដំណោះ»។
អ្នកស្រី មួង ហួន អាយុ៦៧ឆ្នាំបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ទឹកបានលិចស្រូវលិចផ្ទះរបស់អ្នកស្រីរហូតទៅដល់កន្លែងដេកទៀតផង ហើយផ្លូវនៅក្នុងភូមិក៏លិចទៀត។ អ្នកស្រីថា នៅពេលកូនរបស់អ្នកស្រីធ្វើការនិងចៅៗទៅរៀនត្រូវពាក់សារុងចេញពីផ្ទះដើរកាត់ទឹកទៅផ្លូវថ្នល់ធំខាងលើបានផ្លាស់សារុងចេញពាក់ខោទៅធ្វើចំណែកចៅទៅរៀនសកម្មភាពកូន និងបែបនេះជារាងរល់ថ្ងៃអ្នកស្រីឃើញហើយគួរឱ្យសង្វេកណាស់។
ស្រ្ដីមេម៉ាយរូបនេះបានអះអាងថា ដីស្រែមានទំហំ៧០អារាល់ថ្ងៃនេះអ្នកស្រីត្រូវចិញ្ចឹមចៅកំព្រាចំនួន៣នាក់ ហើយមានជីវភាពក្រីក្រទៅទៀត។ អ្នកស្រីប្រាប់ថា មូលហេតុដែលធ្វើឱ្យទឹកលិចនៅក្នុងភូមិគឺដោយសារតែមានគេចាក់ដីធ្វើរបងថ្មនៅផ្នែកខាងក្រោមធ្វើឱ្យទឹកមិនអាចហូរចុះទៅខាងក្រោមបន្តទៀត។
អ្នកស្រីលើកឡើងថា៖ « អត់ដែល[ទឹកលិច ]ទេទើបតែគេចាក់គេបាំងបាំងរបងថ្មទប់ទឹកពីលើហូរទៅពីលិចពីកើតហូរទៅច្រកតែមួយហកនឹងហើយលូ[ទឹក ]ហូរពីលើទៅតាមច្រកខាងកកើតផ្ទះខ្ញុំហូរចុះទៅក្រោមៗទៅដល់ឥឡូវគេបិតខ្ទប់ទៅវាមានទឹកអីណាហូរទៅ »។
អ្នកស្រីបន្តថា ចាប់តាំងពីមានទឹកស្រូវនឹងផ្ទះរបស់អ្នកស្រីមកអ្នកស្រីធ្លាប់បានទៅជួបអាជ្ញាធរមូលដ្ឋានដើម្បីឱ្យជួយដោះស្រាយបញ្ហានេះដែរ នៅតែមិនទទួលបានដំណោះស្រាយស្រាយនោះទេ។
លោកស្រីបន្តថា៖ «គេថាបើមិនចង់ឱ្យលិចឱ្យខ្ញុំចាក់ដីខ្ពស់ដូចគេទៅ ហើយខ្ញុំមានលទ្ធភាពអី បើរកអង្ករច្រកឆ្នាំងមិនបាន រកព្រឹកខ្វះល្ងាច »។
ពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី វៀវ សាភេត អាយុ៥៧ឆ្នាំបានអះអាងស្រដៀងគ្នាថា មូលហេតុដែលនាំឱ្យមានទឹកលិចស្រូវរបស់អ្នកស្រីគឺដោយសារតែ លោក សុខ វិបុល បានចាក់ដីធ្វើរបងបិតផ្លូវទឹក។ អ្នកស្រីបន្ថែមថា ស្រូវរបស់អ្នកស្រីដែលខូចនោះមានទំហំ៣០អាហើយអ្នកស្រីក៏គ្មានដីស្រែណាផ្សេងទៀតសម្រាប់ធ្វើទេ។
ពលរដ្ឋរូបនេះមើលឃើញថា របងនិងដីដែលគេចាក់លុបនោះមានប្រវែងវែងហើយគម្រោងគេធ្វើអ្វីនោះ អ្នកស្រីមិនបានដឹងនោះទេ។
អ្នកស្រីលើកឡើងថា៖ « តាំងពីដូនតាមកអត់ដែលលិចទឹកទេទើបតែឥឡូវហ្នឹងលោក សុខ វិបុល គាត់ចាក់ដីគាត់នៅខាងក្រោមធ្វើរបងអត់មានទុកផ្លូវទឹកឱ្យឥឡូវលិចទាំងអស់១៣គ្រួសារហ្នឹង» ។
ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីលោក សុខ វិបុល ជុំវិញការចោទប្រកាន់ពីពលរដ្ឋថា លោកបានចាក់ដីនឹងធ្វើរបងបិតផ្លូវទឹកបាននោះទេកាលពីសប្តាហ៍មុន។
មេឃុំច្រេស លោក កែប វន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះអាជ្ញាធរឃុំនិងអាជ្ញាធរស្រុកជុំគិរីបានចុះទៅដោះស្រាយច្រើនជាច្រើនមកហើយ នៅតែមិនទទួលបានដំណោះស្រាយ។ លោកថា ដីនៅតំបន់នោះមិនមែនជាដីដែលមានប្រឡាយទឹកពីមុននោះទេគ្រាន់តែដីនៅកន្លែងនោះមានរាងជាដីបាតខ្ទះ ហើយទឹកហូរពីភូមិខាងលើទៅតាមដីស្រែនៅតំបន់នោះតៗគ្នាចុះទៅក្រោម។ លោកថា ករណីនេះអាជ្ញាធរឃុំនិងស្រុកមិនអាចដោះស្រាយបាននោះទេ ដូច្នេះលោកនឹងបញ្ជូនករណីនេះទៅឱ្យអាជ្ញាធរខេត្ដជាអ្នកដោះស្រាយវិញម្ដង។
លោកលើកឡើងថា៖ «ដីវារាងទំនាបដល់ម្នាក់ទៀតគាត់ទិញដីជាប់ហ្នឹងដែរគាត់ធ្វើរបងចឹងទឹកវាធ្លាប់ហូរកាត់តាមវាលស្រែហ្នឹងហើយអត់លិចចឹងទេដល់គេធ្វើរបងទៅវាខាន់ផ្លូវខាន់វាលស្រែខាន់ជាប់អត់មានទឹកហូរចេញបានខ្ញុំព្យាយាមសុំម្ចាស់[របង ]ហ្នឹងខួងរបងប៉ុនកូនលូមួយប្រហែល២តឹកម្ចាស់គេអត់ឱ្យ » ។
អ្នកសម្របសម្រួលផ្នែកដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការដោះស្រាយបញ្ហានេះគឺធ្វើបានពីររបៀបទីមួយការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺតាមរយៈគណកម្មការសូរិយោដីស្រុកខេត្ដរហូតមកដល់ថ្នាក់ជាតិ។ នេះ ប្រសិនបើដីរបស់ភាគីទាំងសងខាងនៅមិនទាន់មានប្លង់កម្មសិទ្ធិជាប្រភេទប្លង់រឹង ប៉ុន្តែប្រសិនបើភាគីទាំងសងខាងមានប្លង់កម្មសិទ្ធិជាប្រភេទប្លង់រឹងហើយការដោះស្រាយគឺធ្វើឡើងតាមរយៈប្រព័ន្ធតុលាការ។
លោកបានសង្កត់ធ្ងន់ថា ទោះបីជាភាគីទាំងពីរមានប្លង់រឹងទៅហើយក្ដីក៏ការដោះស្រាយនៅក្រៅប្រព័ន្ធតុលាការនៅតែធ្វើទៅបាន ជាពិសេសនៅថ្នាក់មូលដ្ឋាននៅសាលាឃុំគេមានគណកម្មការដោះស្រាយទំនាស់បន្ទាប់ទៅស្រុកទៅខេត្ដហើយអាជ្ញាធរមូលដ្ឋានមានសិទ្ធិត្រឹមតែសម្របសម្រួលទេ។ តែយ៉ាងណាលោកមើលឃើញថា បើសិនជាបុគ្គលអ្នកដែលបានបិតផ្លូវទឹកធ្វើឱ្យមានការលិចលង់បែបនេះ គឺមានផលលំបាកសម្រាប់ពលរដ្ឋសាមញ្ញ ហើយក៏មិនសូវទទួលបានដំណោះស្រាយសមរម្យសម្រាប់ពលរដ្ឋនោះទេ។
លោកលើកឡើងថា៖ « ស្រុកយើងឥឡូវអ្នកមានលុយមានអំណាច គឺច្រើនតែប្រើលុយប្រើអំណាចដើម្បីរកផលប្រយោជន៍របស់ខ្លូនអត់គិតពីប្រជាពលរដ្ឋនៅជុំវិញទេ។ ទោះបីយ៉ាងណាក៏ដោយអាជ្ញាធរគាត់មានសិទ្ធិក្នុងការសម្របសម្រូលបើសិនជាអាជ្ញាធរគាត់យកចិត្ដទុកដាក់តាំងពីថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្ដចុះមកសម្របសម្រួលអាចហ្នឹងមានការសម្បទានគ្នាទៅវិញទៅមក។ បើសិនជាគ្មានឆន្ទៈក្នុងការដោះស្រាយពីអាជ្ញាធរនៅក្រោមជាតិទេអាហ្នឹងមានការលំបាកហើយសម្រាប់ប្រជាពលរដ្ឋទាល់តែគាត់ដាក់ពាក្យប្ដឹងទៅតុលាការតែម្ដងដើម្បីឱ្យមានការសម្រេចពីតុលាការមក » ៕
……………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា