ក្រុមជំនុំព្រះត្រៃបិដកថ្មី ដែលមានតួនាទីផ្ទៀងផ្ទាត់គម្ពីរព្រះត្រៃបិដកខ្មែរ និងប្រែអដ្ឋកថាដីកា និងយោជនា បានក្លាយជាប្រធានបទនៃការជជែកវែកញែកយ៉ាងផុលផុស នាពេលថ្មីៗនេះដែលមានទាំងអ្នកគាំទ្រ និងមិនគាំទ្រ បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ។
មជ្ឈដ្ឋានខ្លះ ជឿថា ការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក គឺជាការចាំបាច់ ដើម្បីបំពេញនូវចំណុចខ្វះខាត ប៉ុន្តែមជ្ឈដ្ឋានខ្លះទៀត បានសម្តែងការព្រួយបារម្ភថា ការធ្វើបែបនេះ អាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃនៃស្នាដៃរបស់បុព្វបុរសជំនាន់មុន ដោយពួកគាត់លើកជាសំណួរថា តើខ្លឹមសារដើមនៃឯកសារជាប្រវត្តិសាស្ត្រនេះ នឹងត្រូវបានថែរក្សាតាមរបៀបណា។
ឆ្លើយតបនឹងការខ្វែងគំនិតគ្នានេះ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ថា ការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក គឺមិនមានចេតនាលុបបំបាត់គុណូបការៈ និងស្នាព្រះហស្ត ឬស្នាដៃរបស់ក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើមនោះទេ ផ្ទុយទៅវិញ គឺក្នុងគោលបំណង ដើម្បីបន្តថែរក្សានូវគុណតម្លៃព្រះត្រៃបិដកខ្មែរ និងសមិទ្ធផលរបស់ក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម។
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានមានថេរដីកាកាលពីសប្តាហ៍មុនថា ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ពិតជាមានសារៈសំខាន់សម្រាប់ព្រះពុទ្ធសាសនា និងមានប្រយោជន៍ដ៏ធំធេងសម្រាប់ខ្មែរជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយ ដើម្បីបានសិក្សារៀនសូត្រ ស្រាវជ្រាវបន្ត។
ព្រះអង្គមានថេរដីកាថា៖ « អាត្មាគាំទ្រចំពោះការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីបន្តវេនពីបុព្វបុរសជំនាន់មុន។ បើសិនជាយើងអត់ធ្វើបានន័យថា នៅតែត្រឹមហ្នឹង អត់មានការរីកចម្រើនតទៅទៀត»។
ព្រះអង្គមានថេរដីកាបន្តថា គម្ពីរព្រះត្រៃបិដកមានហើយ និងបានបកប្រែពីបាលីមកភាសាខ្មែរដោយអ្នកប្រាជ្ញជំនាន់មុន ប៉ុន្តែនៅមានគម្ពីរច្រើនទៀត ដែលមិនបានបកប្រែមកជាភាសាខ្មែរ ដូចជាគម្ពីរអដ្ឋកថា គម្ពីរដីកា គម្ពីរយោជនា គឺជាសេចក្តីពន្យល់ខ្លឹមសារទៅលើព្រះត្រៃបិដកដែលពន្យល់ដោយព្រះអរហន្ត។
ការបារម្ភអំពីគុណតម្លៃនៃស្នាដៃបុព្វបុរស
ទោះបីជាមានសេចក្តីបំភ្លឺ និងការបកស្រាយពន្យល់ទំាងនេះក៏ដោយ ក៏នៅមានព្រះសង្ឃ អ្នកសិក្សា និងពុទ្ធបរិស័ទមួយចំនួន នៅមិនយល់ស្របចំពោះការបង្កើតឡើងវិញ នូវក្រុមជំនុំព្រះត្រៃបិដកនេះ ដោយបារម្ភថា ការកែសម្រួលណាមួយអាចនាំឱ្យបាត់បង់ខ្លឹមសារដើម។
ព្រះសច្ចរង្សី សាស្រ្តាចារ្យ ផុន ភក្តី ជាព្រះសង្ឃមួយអង្គ ដែលសកម្មនៅក្នុងការអប់រំផ្នែកព្រះពុទ្ធសាសនាដល់ពុទ្ធបរិស័ទខ្មែរផងដែរនោះ បានធ្វើការរិះគន់ជាចំហតាមបណ្តាញសង្គមមុនគេ កាលពីថ្ងៃទី១៣ ខែមីនា ក្រោយពីទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចអនុញ្ញាតឱ្យរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដោយព្រះអង្គសម្តែងការព្រួយបារម្ភថា ការធ្វើបែបនេះនឹងប៉ះពាល់ដល់តម្លៃរបស់វីរៈបុរសជាតិ។
ព្រះអង្គមានថេរដីកាប្រាប់ Newsroom Cambodia តាមតេឡេក្រាម កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៥ ថាបុព្វបុរសខ្មែរខិតខំលះបង់ពេញមួយជីវិត ដើម្បីបង្កើតព្រះត្រៃបិដក ហើយបានផ្ទៀងផ្ទាត់រួចរាល់អស់ហើយ ដោយបានចំណាយពេល៤០ឆ្នាំ មុនសម្រេចបោះពុម្ពផ្សាយ។ ព្រះអង្គមានថេរដីកាថា ការធ្វើបែបនេះ នឹងធ្វើឱ្យតម្លៃដើម និងសភាពដើមនៃព្រះត្រៃបិដក ប្រែប្រួលទៅតាមមនុស្សពីជំនាន់មួយទៅជំនាន់មួយ។
ព្រះអង្គមានថេរដីកាថា៖ «បើបង្កើតក្រុមជំនុំថ្មី ឈ្មោះតែមួយហើយផ្ទៀងផ្ទាត់រួច នឹងបញ្ចូលឈ្មោះអ្នកជំនាន់នេះចូលទៅក្នុងក្រុមជំនុំព្រះត្រៃបិដក និងសៀវភៅធ្វើឱ្យក្មេងកើតមកក្រោយៗ លែងស្គាល់ស្នាដៃបុព្វបុរសដើមពិតប្រាកដ»។
ព្រះអង្គមានថេរដីកាបន្តថា៖ «មិនគួរដាក់ឈ្មោះមនុស្សជំនាន់នេះ ឬជំនាន់ក្រោយ ចូលក្នុងក្រុមបុព្វបុរសទេ ព្រោះបិដកលោកបានធ្វើរួចស្រេចអស់ទៅហើយ»។
មិនខុសគ្នាប៉ុន្មានពីព្រះអង្គ ផុន ភក្តី ព្រះតេជគុណ អិត ខែម ជាសមណនិស្សិតគង់នៅខេត្តបាត់ដំបង មានសង្ឃដីកា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ថា ព្រះអង្គមិនជំទាស់នឹងការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញនោះទេ ប៉ុន្តែថា គួរប្រើឈ្មោះផ្សេងខុសពីក្រុមជំនុំព្រះត្រៃបិដកជំនាន់ដើម។
ព្រះតេជគុណមានសង្ឃដីកាថា៖ «បើអ្នកប្រាជ្ញរបស់យើងលោករៀបរៀង មើលអក្ខរាវិរុទ្ធមើលអត្ថរសអស់ហើយ។ បើសិនជាការផ្ទៀងផ្ទាត់ ដើម្បីតែកែអក្ខរាវិរុទ្ធក៏យកមកកែទៅ ចាំបាច់អីដាក់ថា បង្កើតក្រុមជំនុំព្រះត្រៃបិដក សរសេរសមាសភាពមានគណៈកម្មការពហុសូត្រក្នុងហ្នឹងដាក់ធ្វើអី»។
និស្សិតផ្នែកគ្រប់គ្រងម្នាក់នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា រូបគាត់គាំទ្រឱ្យមានការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ប៉ុន្តែត្រូវមានឈ្មោះផ្សេងពីម្ចាស់ដើម និងមានអ្វីជារបកគំហើញថ្មី ដែលមិនប៉ះពាល់ដល់ឈ្មោះឬស្នាដៃរបស់បុព្វបុរសខ្មែរ។
និស្សិតវ័យ២៤ឆ្នាំរូបនេះ និយាយថា៖ «មិនចង់បង្ហាញឆន្ទៈអ្វីបន្ថែមទៀតទេ ព្រោះពេលនេះអ្វីៗក៏បានស្របទៅហើយ ម្យ៉ាងក៏មិនចង់ឱ្យរឿងនេះ ហាក់បីដូចជាជម្លោះរវាងអ្នកកាន់សាសនាផងដែរ។ សុំត្រឹមដាក់ថា ក្រុមជំនុំបកប្រែអដ្ឋកថាជំនាន់ថ្មី ដែលនៅសល់តែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ មូលហេតុដោយសារតែខ្ញុំយល់ឃើញថា បើដាក់ឈ្មោះក្រុមជំនុំព្រះត្រៃបិដកជំនាន់ថ្មី អាចនឹងអ្នកជំនាន់ក្រោយមានការយល់ច្រឡំឈ្មោះមកលើក្រុមថ្មីនេះ»។
សមត្ថភាពនៃក្រុមជំនុំព្រះត្រៃបិដក
ចំណុចសំខាន់មួយទៀតនៃការជជែកវែកញែកផងដែរ គឺសមត្ថភាពនៃក្រុមជំនុំព្រះត្រៃបិដកថ្មីនេះ។ ក្រុមជំនុំព្រះត្រៃបិដកដំបូង ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៩ ប្រមូលផ្តុំនិងដឹកនាំដោយបញ្ញវន្តសង្ឃកំពូលៗ ដូចជា សម្តេចព្រះសង្ឃរាជ ជួន ណាត ជាដើម ដែលមានចំណេះជំនាញជ្រៅជ្រះខាងភាសាបាលី សំស្ក្រឹត និងភាសាខ្មែរ។ ក្រុមជំនុំព្រះត្រៃបិដកមានតួនាទីសំខាន់ក្នុងការបកប្រែពីភាសាបាលីមកជាភាសាខ្មែរ និងបោះពុម្ពព្រះត្រៃបិដក ពីបាលីដើមក្នុងព្រះត្រៃបិដក។
ក្រុមអ្នករិះគន់លើកជាសំណួរថា តើសមាសភាពនៃក្រុមជំនុំព្រះត្រៃបិដក ដែលនឹងត្រូវរៀបចំឡើងវិញនេះ មានចំណេះជំនាញជ្រៅជ្រះខាងភាសាបាលី សំស្ក្រឹត និងភាសាខ្មែរ ដូចក្រុមជំនុំព្រះត្រៃបិដកជំនាន់មុនដែរឬទេ ដែលបញ្ហានេះ នាំឱ្យមានការបារម្ភថា អាចបកប្រែខុសន័យសេចក្តីពីដើម។
ព្រះតេជគុណ អិត ខែម មានសង្ឃដីកាថា ការរៀបចំឡើងវិញអាចមានផលវិជ្ជមាន និងអវិជ្ជមាន ហើយថា បើអ្នកប្រាជ្ញសម័យនេះខ្លាំងភាសាបាលី និងចំណេះដឹងទូទៅខ្លាំងជាងអ្នកប្រាជ្ញជំនាន់បុរាណនោះ ការពិនិត្យផ្ទៀងផ្ទាត់នឹងមានភាពល្អប្រសើរ។
ព្រះតេជគុណមានសង្ឃដីកា បន្តថា៖ «កាលណាយើងទៅកែ ដែលយើងជាអ្នកចេះតិចតួចមិនខុសអីពីមូលបង្កាច់ពុទ្ធដីកាទេ ខុសពុទ្ធដីកានៅសម័យកាលបុរាណយើង ដែលលោកបានចងក្រងនិងតាក់តែង»។
លិខិតបំភ្លឺរបស់គណៈសង្ឃនាយក កាលពីថ្ងៃទី១៤ ខែមីនា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ពុទ្ធសាសនមណ្ឌលខ្មែរ មានធនធានមនុស្សទាំងបព្វជិតនិងគ្រហស្ថ ដែលមានសមត្ថភាពជំនាញ ភាសាបាលី សំស្ក្រឹតនិងភាសាបរទេសជាច្រើន អាចបន្តវេនក្នុងការធ្វើកិច្ចការនេះបាន។
លោក ហ៊ួរ ហាំ គ្រូបង្រៀនភាសាបាលីនៅសាលាពុទ្ធិកបឋមសិក្សាវត្តស្លាកែត នៅខេត្តបាត់ដំបង បានប្រាប់ Newsroom Cambodia នៅថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៥ នេះថា ការបកប្រែភាសាបាលីមានបញ្ហាប្រឈមទាំងផ្នែកអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ហើយទាមទារឱ្យមានចិត្តអំណត់ព្យាយាមជាដើម។
លោកថ្លែងថា៖ «ភាសាបាលី គឺជាភាសាមួយលំបាក ក្បួនខ្នាតស្កេកស្កះ បញ្ហានេះហើយបានព្រះអរហន្តដែលជាអ្នកជំនាញចំណាន លោកឃើញបញ្ហាក្នុងភាសាបាលី គឺជាភាសាដែលលំបាក។ អ៊ីចឹងដំបូងត្រូវរើសពាក្យក្នុងពុទ្ធវចនៈ ពាក្យក្នុងព្រះត្រៃបិដកទាំងអស់មកសរសេរចងក្រងជាវេយ្យាករណ៍»។
លោកបញ្ជាក់ថា វេយ្យាករណ៍ជារឿងមួយសំខាន់ ក្នុងការបកប្រែភាសាបាលី និងព្រះត្រៃបិដកជាដើម។ បើកាលណាវេយ្យាករណ៍ខ្សោយ ការប្រែមានការលំបាក ប៉ុន្តែបើមានជំនាញវេយ្យាករណ៍ គឺមានភាពងាយស្រួលនិងរហ័ស។ លោកបានប្រៀបធៀបពីការរៀនភាសាបាលីសំស្រ្កឹតទៅនឹងរូបមន្តធរណីមាត្រ បើកាលណាមិនចាំរូបមន្ត គឺលំបាកធ្វើលំហាត់និងរកផ្លូវចេញពុំឃើញឡើយ។
លោកថ្លែងថា៖ «យ៉ាងណាមិញ ភាសាបាលីក៏ដូចគ្នា បើយើងមិនច្បាស់វេយ្យាករណ៍អានដាក់ជាប់ៗតែម្តង។ តែបើយើងច្បាស់វេយ្យាករណ៍ហើយ ទៅបកប្រែ មិនមានបញ្ហាទេ»។
លោកបានលើកយក ៣ចំណុច ដែលអាចបកប្រែភាសាបាលីបាន គឺទី១ ត្រូវចេះវេយ្យាករណ៍ ទី២ គឺសព្ទ [វេវចនៈ] និងទី៣ ការប្រែសំនួនខ្មែរ។ បើមិនសូវពូកែសំនួនខ្មែរ ពេលប្រើប្រាស់ជាភាសាបាលីរាងពិបាកស្តាប់ជាពិសេសពលរដ្ឋសាមញ្ញ។
មកដល់ពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការណ៍ អំពីសមាសភាពនៃក្រុមជំនុំព្រះត្រៃបិដកថ្មីនេះនៅឡើយទេ ខណៈក្រុមការងារមកពីគណៈសង្ឃ និងក្រសួងធម្មការ បាននិងកំពុងរៀបចំដំណើរការក្រុមជំនុំព្រះត្រៃបិដក ដែលមានសមាសភាពពី៣០ ទៅ៤០អង្គ/នាក់ ក្នុងនោះ មានទាំងព្រះសង្ឃនិងគ្រហស្ថ ដែលសុទ្ធតែជាអ្នកមានសមត្ថភាពខ្ពស់ផ្នែកភាសាបាលីសំស្រ្កឹត និងភាសាដទៃទៀត។ នេះបើយោងតាមថេរដីការបស់សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា។
ភាពចាំបាច់តម្រូវឱ្យមានក្រុមជំនុំព្រះត្រៃបិដក
បើតាមលិខិតបំភ្លឺចុះថ្ងៃទី១៤ ខែមីនា របស់គណៈសង្ឃនាយក បានឱ្យដឹងថា ការថតចម្លងនិងបោះពុម្ពខុសអក្ខាវិរុទ្ធ និងមានបាត់ទំព័រខ្លះ នាពេលកន្លងមក និងបច្ចុប្បន្ន ធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារពុទ្ធវចនៈដើម ហើយហេតុនេះ ចាំបាច់តម្រូវឱ្យមានក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីជាយន្តការរៀបចំនីតិវិធីសម្រាប់ការបោះពុម្ពឱ្យបានត្រឹមត្រូវ តាមព្រះត្រៃបិដកច្បាប់ដើម។
សម្តេច ឈឹង ប៊ុនឈា មានថេរដីកាថា ការផ្ទៀងផ្ទាត់ឡើងវិញមិនមែនមានន័យថា ទៅកែឬដូរព្រះត្រៃបិដកទេ ប៉ុន្តែការពិនិត្យនិងផ្ទៀងផ្ទាត់ គឺដោយសារព្រះត្រៃបិដកដើម ត្រូវបានយកទៅវាយកុំព្យូទ័រឡើងវិញ មានខុសឆ្គងអក្ខរាវិរុទ្ធជាដើម និងរៀបចំទំព័រមិនបានត្រឹមត្រូវនៅពេលបោះពុម្ព។
ព្រះអង្គមានថេរដីកាថា៖ «មុននឹងវាយឡើងវិញ ត្រូវឆ្លងកាត់ក្រុមជំនុំព្រះត្រៃបិដកនេះសិន ពិនិត្យឱ្យច្បាស់លាស់តាមច្បាប់ដើម ទើបអនុញ្ញាតឱ្យបោះពុម្ព។ ពេលបោះពុម្ពរួចហើយត្រូវពិនិត្យឡើងវិញទៀតថា បោះត្រូវតាមភាគ តាមទំព័រដូចច្បាប់ដើមឬអត់។ ពុំមែនមានន័យថា ទៅកែខ្លឹមសារឬពិនិត្យស្នាដៃបុព្វបុរសខ្មែរថាខុសថាត្រូវនោះទេ»។
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនា ដើម្បីអប់រំនៅកម្ពុជា មានថេរដីកាថា អ្នកខ្លះយកព្រះត្រៃបិដកទៅបកប្រែ បោះពុម្ព ទៅកែច្នៃផ្សេងៗដែលមិនមានអ្នកពិនិត្យ ឬតាមដាននិងជួយមើលជាដើម។ នេះបើយោងតាមវីដេអូរបស់ព្រះអង្គ ដែលត្រូវបានចែកចាយជាទូទៅកាលពីពេលថ្មីៗនេះ។
ព្រះអង្គមានថេរដីកាបន្តថា ការណ៍នេះ ក្រុមជំនុំព្រះត្រៃបិដកលោកមានភារកិច្ចថែរក្សា អភិរក្សនិងអភិវឌ្ឍកិច្ចការងារ គម្ពី ក្បួនខ្នាតក្នុងពុទ្ធសាសនា។
ព្រះអង្គមានថេរដីកាថា៖ «ការបង្កើតនេះមិនមែនកែប្រែបិដកឯណា គឺដើម្បីក្រុមអ្នកប្រាជ្ញពុទ្ធសាសនា គេពិនិត្យទៅលើគម្ពីរក្បួនខ្នាតថ្មីៗបន្ថែមទៀត»។
កញ្ញា ចុល្ល បណ្ឌិតា មានអាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤នៃសកលវិទ្យាល័យច្បាប់ និងនិតិសាស្រ្ត បានឱ្យដឹងថា ការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ គឺជាការល្អប្រសើរ និងគាំទ្រព្រោះបានជាប្រយោជន៍សម្រាប់ព្រះសង្ឃ និងពុទ្ធសាសនិកទាំងអស់ផងដែរ។
កញ្ញានិយាយថា៖ «ការរៀបចំនេះ ជាការងាររបស់ស្ថាប័នដែលពាក់ព័ន្ធ ក្នុងការបង្កើតនូវក្រុមជំនុំព្រះត្រៃបិដកនេះ គឺគ្រាន់តែជាការរៀបចំនូវគម្ពី ក្បួន ច្បាប់ សម្រាយពន្យល់អមបន្ថែមទៅតាមពុទ្ធឱវាទ ដែលមានបិដកជាគោល ដើម្បីសម្រាប់ពុទ្ធសាសនិកសិក្សារៀនសូត្របន្ថែមតែប៉ុណ្ណោះ។ ហើយខ្ញុំគាំទ្រក្នុងការឱ្យមានការរៀបចំឡើងវិញ នូវការជំនុំនេះ ព្រោះវាប្រយោជន៍ក្នុងសាសនារួម»។
យោងតាមលិខិតចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដែលមានចុះហត្ថលេខាដោយ លោក ប៊ុន សំបូរ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានឯកភាពឱ្យមានការរៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់គម្ពីរព្រះត្រៃបិដកខ្មែរ និងប្រែអដ្ឋកថាដីកា និងយោជនា រៀបចំពិធីសូធ្យគម្ពីរព្រះត្រៃបិដករៀបរាល់៥ឆ្នាំម្តង និងកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ។
ព្រះត្រៃបិដក គឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈទាំងឡាយ ដែលព្រះសម្មាសម្ពុទ្ធសម្តែងមានចំនួនទាំងអស់ ៨៤០០០ធម្មក្ខន្ធ។ ព្រះត្រៃបិដកចែកចេញជាបីគម្ពីរ ទីមួយ គឺវិន័យបិដក មាន១៣ភាគ មាន ២១០០០ ធម្មក្ខន្ធ ទីពីរគឺសុត្តនបិដក មាន ៦៤ភាគ មាន២១០០០ ធម្មក្ខន្ធ ទីបីអភិធម្មបិដក មាន ៣៣ភាគ និងមាន ៤២០០០ ធម្មក្ខន្ធ។ គម្ពីរនីមួយៗមានលក្ខណៈខុសគ្នាៗ៕
អត្ថបទដោយ៖ ណឺ មិនា