ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រី២រូបទៀត ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួននិងសាកសួរជាច្រើនម៉ោង។
កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចខេត្តក្រចេះបានឃាត់ខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រីសមាគមប្រមាណជិត៤០នាក់ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តនេះ ក្រោយត្រឡប់មកពីបើកវគ្គសិក្ខាសាលាមួយនៅខេត្តរតនគិរី។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណ ដែលចុះតាមដានករណីនេះ ប្រាប់សារព័ត៌មានពលរដ្ឋថា ក្រោយសាកសួរជាច្រើនម៉ោងសមត្ថកិច្ចខេត្តក្រចេះ បានដោះលែងមនុស្សមួយចំនួន និងបានបញ្ជូនមនុស្ស៣នាក់ទៅខេត្តរតនគិរីក្នុងនោះមានលោក ថេង សាវឿន ជាប្រធានសមាគម លោក ញ៉ិល ភាព ជាមន្រ្តីជាន់ខ្ពស់សមាគម និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសមាគម។
លោក ស៊ឹង សែនករុណ បន្តថា លោកមិនទាន់ដឹងថា សមត្ថកិច្ចចោទប្រកាន់មន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាទាំង៣នាក់ពាក់ព័ន្ធបទអ្វីនោះនៅឡើយទេ។ លោកបញ្ជាក់ថា តាមព័ត៌មានលោកទទួលបាន គឺការឃាត់ខ្លួនមន្ត្រីសមាគមមួយនេះធ្វើឡើងតាមការស្នើរបស់សមត្ថកិច្ចខេត្តរតនគិរី។
មន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ដល់១៤ ខែឧសភា ឆ្នាំ២០២៣ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC រៀបចំវគ្គឆ្លុះបញ្ចាំង ការកសាងសមត្ថភាពក្រុមការងារ ដែលធ្វើឡើងនៅខេត្តរតនៈគិរី ហើយបានត្រឡប់មកភ្នំពេញនៅថ្ងៃទី១៧ ខែឧសភានេះ ប៉ុន្តែត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួននៅម៉ោងប្រហែល១រសៀល ខណៈពួកគាត់ធ្វើដំណើរឆ្លងកាត់ខេត្តនេះ។
មន្ត្រីសមាគមបញ្ជាក់ថា ការឃាត់ខ្លួននេះត្រូវបានសមត្ថកិច្ចដកហូត ឧបករណ៍អេឡិចត្រូនិច និងឯកសារផ្សេងៗយកទៅត្រួតពិនិត្យ។
សារព័ត៌មានពលរដ្ឋមិនទាន់អាចសុំការបញ្ជាក់ពីសមត្ថកិច្ចខេត្តក្រចេះ និងខេត្តរតនគិរីបានទេពាក់ព័ន្ធរឿងនេះនៅថ្ងៃទី១៨ ខែឧសភា។
បើតាមអង្គការលីកាដូ គឺសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាស្ថាប័នសមាជិកភាព ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដើម្បីជួយដោះស្រាយបញ្ហាសិទិ្ធដីធ្លី និងបញ្ហានានាដែលប៉ះពាល់ដល់កសិករ ដែលមានលោក ថេង សាវឿន ជាប្រធាន។
គួររំលឹកថា លោក ថេង សាវឿន ធ្លាប់បានចាប់ខ្លួនម្តងមកហើយជាមួយសមាជិកសង្គមស៊ីវិល និងសហគមន៍ដទៃទៀត កាលពីខែមករា ឆ្នាំ២០១៤ ក្រោយព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សាពីសំណាក់ក្រុមទាហានមកលើអ្នកតវ៉ាជាច្រើននៅក្បែររោងចក្រយ៉ាកជីង រាជធានីភ្នំពេញ ដោយលោក ថេង សាវឿន ត្រូវជាប់ក្នុងពន្ធនាគារត្រពាំងផ្លុងរយៈពេល ៥ខែ មុនពេលលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងព្យួរទោសដែលនៅសល់៕
……………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន