សិស្សានុសិស្សដែលជាជនជាតិដើមភាគតិចពូនង នៅក្នុងឃុំសុខសាន្ត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានបន្តបោះបង់ការសិក្សានៅកម្រិត អនុវិទ្យាល័យនៅតែមានទំហំធំបើធៀបនឹងឆ្នាំសិក្សាចាស់ ខណៈអាណាព្យាបាលរបស់សិស្សានុសិស្ស រកឃើញថាក៏ជាផ្នែកមួយដែលមិនបានជួយលើកទឹកចិត្តពួកគេ ឱ្យបន្តការសិក្សាទៅមុខបានចប់ចុងចប់ដើមដែរ។
ស្ថិតក្នុងវ័យប្រមាណ ២៤ឆ្នាំ យុវជន សែល សំណាង រស់នៅភូមិ អរបួនលើ ឃុំសុខសាន្ត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី លើកឡើងថា មូលហេតុដែលរូបគេត្រូវបង្ខំចិត្តបោះបង់សិក្សា ព្រោះតែឱពុកម្តាយមានជំងឺ ហើយខ្លួនត្រូវមានភារកិច្ចជួយរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។ណាមួយគ្រួសារខ្វះខាតផ្នែកជីវភាពផង ហើយមិនសូវបានគិតវែងឆ្ងាយទៀត ក៏ត្រូវបង្ខំចិត្តបោះបង់ការសិក្សាត្រឹមកម្រិតអនុវិទ្យាល័យតែម្តងទៅ។
ប្រភពបន្តថា៖«ប៉ា និងម៉ាក់ឈឺអញ្ចឹងទៅណាហើយទៅខ្ញុំឥឡូវមិនចង់ឈប់ដែរកាលហ្នឹងខ្ញុំគិតខ្លីពេកឃើញបងខ្ញុំទៅច្រូតស្រូវម្នាក់ឯងហើយទៅខ្ញុំគិតថាទៅរៀនខ្វះលុយខ្វះម៉ូតូហើយខ្ញុំឈប់ទៅប៉ុណ្ណឹងទេបងអើ្ហយ អត់មានម៉ូតូជិះហើយ និងច្រើនណាស់ស្តាយពិបាកណាស់បងបើយើងអត់មានការងារធ្វើនៅផ្ទះដូចថាធ្វើស្រែចំការបើមានការងារធ្វើហើយយើងគិតថាមានប្រាក់ខែមានអី »។
បើតាមយុវជន សែល សំណាង ភាពប្រឈមបន្ថែមទៀត ក្រៅពីបញ្ហាជីវភាពខ្វះមុខខ្វះក្រោយហើយ ក្នុងពេលរូបគេ និងមិត្តរួមថ្នាក់ផ្សេងទៀត បន្តចូលដល់អនុវិទ្យាល័យ ដោយកត្តាជីវភាពកាន់តែគំរាមកំហែង គឺខ្វះខាតរហូតរកលុយចាក់សាំងម៉ូតូក៏គ្មាន ក៏សម្រេចចិត្តបោះបង់ការសិក្សា នៅគ្រានោះភ្លាមទៅ។ជាជនជាតិដើមភាគតិចពូនង យុវជន សែល សំណាងបន្តថា តាមពិតអាជ្ញាធរមូលដ្ឋាន ក៏ព្យាយាមចុះអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យយុវជដែលជាជនជាតិដើមភាគតិច បន្តជំនះឧបសគ្គដែរ ប៉ុន្តែនៅតែទៅមិនរួច។
ប្រភពបន្តថា៖«មានភូមិឃុំគេចុះមកជួបដែរមែនអត់ទេមានគណ:កម្មការខាងអនុវិទ្យាល័យរបស់គេណា យើងបឋមមិនអាចជំរុញយើងគ្រាន់សួរប្រយោលៗអញ្ចឹងទៅណា យើងមានអង្គការដៃគូ Good Neighbors អញ្ចឹងទៅជួយសម្ភារ:សៀវភៅប៊ិចខោអាវស្បែកជើងទៅណាមានលុយមានកង់ជួនកាលមានកង់អីដែរប៉ុន្តែទៅអត់រួចអញ្ចឹងទៅណាសំខាន់គាត់អត់បានរៀនផង » ។
បញ្ញត្តិមាត្រា៦៨ នៃរដ្ឋធម្មនុញ្ញ កំណត់ថា រដ្ឋត្រូវផ្តល់កិច្ចគាំពារដល់ការអប់រំទាំងផ្នែកបឋម និងមធ្សមសិក្សា សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតបង់ថ្លៃ។ហើយប្រជាពលរដ្ឋ ត្រូវទទួលបានការអប់រំយ៉ាងតិច៩ឆ្នាំ។
របាយការណ៍ដែលចេញដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ បង្ហាញថាកម្ពុជាជាប្រទេសដែលមានផលធៀបសិស្ស និងគ្រូទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដែលមានគ្រូបង្រៀនម្នាក់ មានសិស្សដល់ទៅ ៤៣នាក់ ក្នុងមួយថ្នាក់សម្រាប់សិស្សនៅកម្រិតបឋមសិក្សា។
ចំណែក នាយកសាលា នៃអនុវិទ្យាល័យសុខសាន្ត លោក សៀត កំសាន្ត មានប្រសាសន៍ថា បញ្ហាសិស្សដែលជាជនជាតិដើមភាគតិចពូនង បោះបង់ការសិក្សានេះ មានហេតុផលជាច្រើនរួមផ្សំ ដែលជំរុញឱ្យពួកគេ មិនតស៊ូក្នុងការរៀនសូត្រ។លោកបន្តថា ជាការសង្កេត បញ្ហាកើតពីសាម៉ីខ្លួនក៏មាន ហើយមួយទៀត ក៏អាចបណ្តាលមកពីខ្វះការយល់ពីអាណាព្យាបាលក៏មានដែរ។
លោកបន្តថា៖«កត្តាអត់ចង់ខ្លួនឯងកត្តាអត់ខ្លួនឯងនិងទោះបីយើងជួយប៉ុណ្ណាក៏អត់ដែរវាតាំងចិត្តអារម្មណ៍វាថាឈប់ហើយជួនកាលគាត់រៀនអត់ទាន់គេចំណេះដឹងគាត់ទាបជាងគេអញ្ចឹងទៅណាខ្មាស់គេធំ ព្រោះគាត់រៀនអាយុច្រើនមាន័យថាដល់ពេលរៀនអាយុប្រាំបួនឆ្នាំអញ្ចឹងល្មមដល់ទីប្រាំពីរគាត់ធំជាងគេអញ្ចឹងទៅយើងធំជាងគេហើយគេតូចជសងយើងគេចេះយើងធំជាងឡេហើយអត់ចេះយើងខ្មាស់មានន័យថាកត្តាវាមានច្រើន » ។
លោកបន្ថែមទៀតថា៖«ជួនកាលកត្តាម៉ែឪអត់ជំរុញកូនទៅក៏ទៅមិនទៅក៏ហីបណ្តោយតាមកូនកូនចង់ទៅរៀនក៏ទៅមិនចង់ក៏អត់ទៅជូនកាលក្មេងចង់សុំលុយម៉ែតែបួនប្រាំពាន់ពុកម៉ែអត់ឲ្យចាក់សាំងអីចាយតែពីពាន់ម៉ែថាអត់មានលុយៗ អញ្ចឹងខ្ចិលទៅរៀនណាស់ស៊ីឈ្នួលគេអញ្ចឹងទៅស្ទឹងគេអញ្ចឹងទៅ ទៅធ្វើកម្មករគេ » ។
ជុំវិញរឿងនេះ សមាជិកក្រុមប្រឹក្សាឃុំសុខសាន្ត កូតាមកពីគណបក្សប្រជាជនកម្ពុជា គឺលោកស្រី ស៊ន សុគា ឱ្យដឹងថាអត្រាសិស្សដែលជាជនជាតិដើមភាគតិច បោះបង់ការសិក្សានៅកម្រិតអនុវិទ្យាល័យនេះ ភាគច្រើនជាសិស្សប្រុស។លោកស្រីទទួលស្គាល់ថា បញ្ហាសិស្សឈប់រៀននេះ មិនមែនជាកំហុសតែម្យ៉ាងពីពួកគេទេ ប៉ុន្តែបញ្ហានេះ ក៏មានការរួចចំណែកដែរពីមាតាបិតា។ប្រភពបន្តថា អាជ្ញាធរមូលដ្ឋាន តែងជំរុញ និងអប់រំផ្សព្វផ្សាយជាញឹកញាប់ អំពីផលប៉ះពាល់នៃការបោះបង់ការសិក្សានេះ។លើសពីនេះទៀត រដ្ឋបាលឃុំសុខសាន្ត ក៏បានរួមចំណែកជំរុញ និងលើកទឹកចិត្ត ឱ្យសិស្សានុសិស្ស និងអាណាព្យាបាល បណ្តុះស្មារតីរៀនសូត្រ នៅពេលណាមានកិច្ចសហការពីភាគីពាក់ព័ន្ធ នៅក្នុងវិស័យអប់រំនេះ។
លោកស្រីបន្តថា៖«មិនត្រឹមតែផ្សព្វផ្សាយទេដោយសារនៅខាងនេះពាក់ព័ន្ធនឹងការងារគឺយើងជួយតម្រង់ទិសសិស្សដែលបោះបង់ការសិក្សាហើយនិងទប់ស្កាត់សិស្សដែលមកថ្មីបានន័យថាសិស្សដែលបានរៀនថ្មីគឺអប់រំផ្សព្វផ្សាយឱ្យពួកគាត់កុំបោះបង់ហើយចំណែកសិស្សដែលបោះបង់ហើយហ្នឹងគឺយើងមានវិធានការជូនទៅរៀនជំនាញវិញ »។
លោកស្រី ស៊ន សុគា បដិសេធថា ចំពោះអត្រាសិស្សបោះបង់ការសិក្សា ដែលភាគច្រើនគឺជាជនជាតិដើមភាគតិចពូនងនៅក្នុងឆ្នាំសិក្សាថ្មីនេះ នៅមិនទាន់មានតួលេខជាក់លាក់នៅនៅឡើយទេ។ប៉ុន្តែបើគិតកាលពីឆ្នាំ២០២៣ អត្រាសិស្សដែលបោះបង់ការសិក្សានៅកម្រិតអនុវិទ្យាល័យនេះ នៅតែមានកំណើនខ្ពស់គឺប្រមាណ៤០នាក់ក្នុងចំណោមសិស្សសរុប។អ្នកដែលបោះបង់ការរៀនសូត្រ និងមានអត្រាខ្ពស់ជាងគេ គឺចំនួនសិស្សប្រុស។
ចំណែកលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អ្នកកាសែតក្នុងស្រុក កាលពីខែកញ្ញា ឆ្នាំ២០២៤ ថាសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ អត្រាសិស្សបោះបង់ការសិក្សានៅទូទាំងប្រទេសមានទំហំជិត៨ភាគរយ ក្នុងនោះសិស្សស្តីរកឃើញថា ជាចំនួនដែលបោះបង់ការសិក្សាខ្ពស់ជាងសិស្សប្រុសរហូតដល់ជាង៥ភាគរយ នៃចំនួនសិស្សសរុប៕
អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា កើត ញ៉ាញ់, កញ្ញា កាឡឹង ចម្រើន, កញ្ញា នឿន ស្រីមុំ, និង កញ្ញា ឡា សុខា៕