ក្រសួងបរិស្ថានបានអះអាងថា កត្តាចម្បងដែលបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង គឺកើតឡើងដោយសកម្មភាពផ្សេងៗរបស់មនុស្ស ខណៈក្រសួងក៏បានដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតមានបន្តទៀត។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឱ្យដឹងថា រៀងរាល់ឆ្នាំធាតុអាកាសនៅកម្ពុជានារដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ជាកត្តាបណ្តាលឱ្យងាយភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតដែលបណ្តាលឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសកម្មភាពរបស់មនុស្សផ្ទាល់។
ក្នុងសេចក្តីជូនដំណឹងលើកឡើងថា៖ «កត្តាចម្បងដែលធ្វើឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការរុករានព្រៃដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃដោយការធ្វេសប្រហែសរបស់មនុស្ស។ល។»។
ក្រសួងបន្តថា ជាការកត់សម្គាល់ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ បានបង្កបញ្ហាដល់ការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដែលបង្កការខូចខាតដល់សេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
ដោយមើលឃើញបញ្ហាទាំងនេះ ក្រសួងបរិស្ថានបានណែនាំទៅដល់មន្ត្រីជំនាញថ្នាក់ក្រោមជាតិទាំងអស់ មន្ទីរបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអប់រំ ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយក្នុងការចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅ ឬព្រៃ ការដុតព្រៃដើម្បីចាប់សត្វ និងការប្រមូលផលអនុផលពីតំបន់ធម្មជាតិជាដើម។
ក្រសួងបន្ថែមថា៖ «ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីពង្រីកផ្ទៃដីដំណាំកសិកម្ម ឬគោលបំណងផ្សេងៗទៀតដែលជាសកម្មភាពល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ ព្រៃលិចទឹក និងរាលដាលរហូតដល់ភូមិរបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា នៅក្នុងឬជុំវិញតំបន់សហគមន៍ការពារធម្មជាតិ»។
ក្រៅពីនេះក្រសួងក៏បានណែនាំដល់មន្ត្រីក្រោមឱវាទត្រូវរៀបចំផ្លូវភ្លើង ដើម្បីការពារមិនឱ្យមានការឆេះរាលដាលពីកន្លែងមួយទៅកន្លែងមួយទៀត ហើយបើមានករណីឆេះត្រូវប្រញាប់ចាត់វិធានការជាបន្ទាន់ ព្រមទាំងត្រូវសហការជាមួយអាជ្ញាធរដែនដីដើម្បីហាមឃាត់មិនឱ្យប្រើប្រាស់ដីព្រៃឈើឬព្រៃលិចទឹកក្នុងតំបន់ការពារដែលឆេះរួច ដើម្បីទុកឱ្យរុក្ខជាតិដុះឡើងវិញតាមលក្ខណៈធម្មជាតិឬត្រូវស្តារព្រៃឈើឡើងវិញជាដើម។
លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ បាននិយាយថា លោកគាំទ្រវិធានការទប់ស្កាត់ភ្លើងឆេះព្រៃរបស់ក្រសួងបរិស្ថាន។ លោកយល់ឃើញថា វិធានការទប់ស្កាត់ភ្លើងឆេះព្រៃនៅរដូវប្រាំងរបស់ក្រសួងបរិស្ថាននេះ គឺជាគំនិតផ្តួចផ្តើមល្អប្រសើ ត្បិតភ្លើងឆេះព្រៃក៏បានបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថានដែរ។
លោក សាន់ ម៉ាឡា បន្តថា៖ «ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋគប្បីមានជាចំណាត់ការមួយជាក់លាក់ដែរ ក្នុងករណីថាបើសិន មានជនណាម្នាក់ គាត់ធ្វើឱ្យខូចខាតព្រៃឈើតាមរយៈ ការដុតព្រៃនេះ ត្រូវតែមានការដាក់ទោសជាដើមទៅបាទ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិរបស់យើង ពិសេសដើម្បីការពារការដុតព្រៃដើម្បីចាប់សត្វព្រៃយកទៅជួញដូរអីជាដើម»។
មន្ត្រីសង្គមស៊ីវិលរូបនេះ លោកកត់សម្គាល់ថា ពលរដ្ឋរស់នៅជុំវិញតំបន់ព្រៃ មានបុគ្គលមួយចំនួនតែងតែកាប់ដុតឆ្ការព្រៃនៅក្នុងរដូវប្រាំងដើម្បីចាប់សត្វផង ខ្លះជឿជាក់ថាបង្កើនជីវជាតិដីជាដើម។
យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិជំពូក៣ មាត្រា៨៤៩ បានចែងថា ការធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបង្កឱ្យមានភ្លើងឆេះព្រៃ ឬឆេះតំបន់ដីមមោក ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី១ ក្នុងតំបន់ការពារធម្មជាតិ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ដល់១០០លានរៀល។
ដោយឡែកមាត្រា ៨៥១ វិញបានចែងថា ចំពោះបុគ្គលណាបង្កឱ្យមានភ្លើងឆេះព្រៃ ឬតំបន់ដីមមោកដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ក្នុងតំបន់ការពារធម្មជាតិដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ៕
……………………………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ