បណ្ដាញសហគមន៍ព្រៃឡង់បានរកឃើញបទល្មើសកាប់បំផ្លាញឈើប្រណិតធំៗប្រមាណ៤០ដើមនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ ខណៈការទប់ស្កាត់នៅពុំទាន់មានប្រសិទ្ធភាព។
លោក ហឿន សុភាព អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បណ្ដាញសហគមន៍ព្រៃឡង់ខេត្ដកំពង់ធំបានចុះល្បាតនៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់បានរកឃើញបទល្មើសកាប់បំផ្លាញដើមឈើប្រមាណ៤០ទៅ៥០ដើម ដែលមានមុខកាត់ចាប់ពី៥០ទៅ៦០សង់ទីម៉ែត្រ ដោយស្ថិតត្រង់ចំណុចស្ទឹងដំរីជាប់តំបន់ស្នងអន ភ្នំជី។
អ្នកសម្របសម្រួលរូបនេះបញ្ជាក់ថា ឈើដែលជនល្មើសកាប់នោះ ជាប្រភេទឈើលេខ១ ដូចជាឈើស្រឡៅ ឈើទាល និងឈើសុក្រំ ហើយថា អំឡុងពេលចុះល្បាតនោះសហគមន៍ បានដកហូតបានម៉ាស៊ីនអាឈើបាន៤គ្រឿងប្រគល់ឱ្យទៅអាជ្ញាធរឃុំមានរិទ្ធរក្សាទុកផងដែរ។
លោក ហឿន សុភាព បន្តថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារនេះបានបន្តកើតមានរាល់ថ្ងៃ។ លោកថា ករណីក្រុមរបស់លោករកឃើញបទល្មើសព្រៃឈើនេះ គឺត្រូវបានមន្ទីរបរិស្ថានខេត្ដកំពង់ធំច្រានចោលរបាយការណ៍ជារើយៗ។
លោកលើកឡើងថា៖ « ជំរុញឱ្យអាជ្ញាធរសមត្ថកិច្ចទៅមើលកន្លែងផ្ទាល់តែម្ដង ហើយខ្ញុំក្រុមខ្ញុំធនាថាយើងជួនទៅមើលកន្លែងកើហេតុយើងមិនចេះតែនិយាយទេ។ ធានាជូនដោយមិនយកលុយយកកាក់អីទេ ខ្ចប់បាយខ្ចប់ទឹកខ្លួនឯងសាំងខ្លួនឯង ជាពិសេសមន្រ្ដីបរិស្ថានទៅមើលជាមួយក្រុមខ្ញុំថារឿងនេះពិតឬមិនពិតឱ្យឃើញទាំងអស់គ្នា » ។
លោក សុភាព អះអាងថា តាមផ្លូវដែលជនល្មើសដឹកឈើចេញនោះ គឺសុទ្ធតែឆ្លងកាត់ទីស្នាក់ការមន្ត្រីបរិស្ថាន ប៉ុន្តែសកម្មភាពកាប់ និងដឹកឈើចេញនេះមិនត្រូវបានថមថយឡើយ ហើយការដឹកឈើចេញបានដោយសេរី និងគ្មានការទប់ស្កាត់ថែមទៀត។
អ្នកសម្របសម្រួលរូបនេះ បានដាក់ការសង្ស័យថា ករណីបទល្មើសព្រៃឈើនៅតែបន្តកើតមាននេះ អាចជាប់ពាក់ព័ន្ធអំពើពុករលួយ ឬការគប់គិតគ្នាណាមួយរវាងមន្ត្រីបរិស្ថាន និងជនល្មើស។
លោកបន្ថែមថា៖ « ការដឹក[ ឈើ]ចេញគេដឹកចេញនឹងកាឡេថង និងគោយន្ដគេដឹកចេញតាមច្រក វាមិនអាចបិតបាំងភ្នែកសមត្ថកិច្ចភ្នែកមន្រ្ដីឧទ្យានុរក្សបានដែរ។ ប៉ុន្តែរឿងនេះបើមិនត្រូវគ្នាឈើគឺមិនអាចចេញបានទេ វាមិនលាក់បាំងបានដូចគ្រឿងញៀនដូចអីផ្សេងទេតូចៗគេលាក់ស្រួលតែឈើគេលាក់មិនកើតទេវាវែងបើមិនត្រូវគ្នាមិនអាចទៅរួចទេ » ។
លោក ហឿន សុភាព ស្នើឱ្យរដ្ឋាភិបាលថ្មីលោក ហ៊ុន ម៉ាណែត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួង ឬមន្ទីរបរិស្ថានជួយទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ រកមុខអ្នកដែលអ្នកដែលនៅពីក្រោយខ្នង នៃការកាប់បំផ្លាញព្រៃឈើយកមកផ្ដន្ទាទោសតាមច្បាប់ និងស្នើដល់កងរាជអាវុធហត្ថជួយចុះទៅបង្ក្រាបបទល្មើសដែលក្រុមលោកបានរកឃើញ ។
មេឃុំមានរិទ្ធ លោក ស្រី សាក ទទួលស្គាល់ថា ពិតជាមានការកាប់បំផ្លាញព្រៃឈើនៅតំបន់ស្ទឹងដំរីពិតប្រាកដមែន តែបញ្ហានេះលោកបានរាយការណ៍ជូនអភិបាលស្រុកសណ្ដាន់រួចហើយ ប៉ុន្តែមិនទាន់ឆ្លើយតប ឬវិធានការបែបណានៅឡើយទេ។ លោកថា ចំណែកសម្ភារៈដែលដកហូតបាន គឺរដ្ឋបាលឃុំបានប្រគល់ឱ្យទៅខាងបរិស្ថានអស់ហើយ។
លោកលើកឡើងថា៖ « ខ្ញុំបានរាយការណ៍ឱ្យអភិបាលស្រុកហើយ ប៉ុន្តែអភិបាលស្រុកគាត់រវល់ប្រជុំចាំថ្ងៃនេះទៀតយ៉ាងមិចដែរ »។
ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំ លោក តុប កក្ដដា បានបដិសេធថា មិនមានការកាប់បំផ្លាញ់ព្រៃឈើដូចការលើកឡើងរបស់បណ្ដាញសហគមន៍ព្រៃឡង់នោះទេ។ លោកថា បណ្ដាញសហគមន៍ព្រៃឡង់ចេះតែទទួលបានព័ត៌មានមិនពិតព្រៃឡង់ឥឡូវមិនមែនកាប់អាណាធិបតេយ្យដូចពីមុនទេ។ លោកថា មានការគ្រប់គ្រងច្បាស់លាស់ ហើយលោកបានចោទបណ្ដាញព្រៃឡង់ថា មិនមានការទទួលស្គាល់ពីអាជ្ញាធរទៅវិញ ។
លោកលើកឡើងថា៖ « ខ្ញុំយល់ហើយ ប៉ុន្តែករណីហ្នឹងវាកម្រមានណាស់ មិនដឹងថា គាត់បានព័ត៌មានពីណាទេ[…] សូម្បីគាត់អ្នក [រស់ ] នៅហ្នឹង គាត់ឃើញគេថាព្រៃហ្នឹងដែនព្រៃឡង់ ប៉ុន្តែតាមពិតគាត់អត់ស្គាល់ព្រំប្រទល់ព្រៃឡង់ត្រឹមណាផងហ្នឹង »។
មន្រ្ដីចងក្រងសហគមន៍ នៃសមាគមបណ្ដាញយុវជនកម្ពុជាលោក អូត ឡាទីន ប្រាប់ថា បទល្មើសកាប់បំផ្លាញ់ព្រៃឈើនៅដែនព្រៃឡង់ គឺជាបញ្ហាចាក់ស្រេះពោពេញទៅដោយអំពើពុករលួយ។ លោកថា មន្រ្ដីដែលយាមកាមនៅតំបន់ព្រៃឡង់ថ្លង់ស្ដាប់មិនលឺសម្លេងម៉ាស៊ីនអាឈើឡើយ ។
លោក អូត ឡាទីន បន្តថា នៅពេលដែលសហគមន៍រកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ ចេញរបាយការណ៍ពាក់ព័ន្ធបទល្មើសព្រៃឈើម្ដង់ៗ ក្រសួងបរិស្ថាន និងរដ្ឋាភិបាលមិនដែលទទួលស្គាល់របាយការណ៍ទាំងនោះទេ ដោយតែងតែច្រានចោល ហើយឆ្លើយការពារមន្រ្ដីថ្នាក់ក្រោមរបស់ខ្លួនទៅវិញ។
លោកបន្តថា បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ គឺទៅថ្ងៃអនាគតព្រៃមួយនេះនឹងត្រូវបាត់បង់ទាំងស្រុង។ លោកថា រាល់់ថ្ងៃតំបន់មួយចំនួនត្រូវបានគេកាប់ដុតយកដីធ្វើចំការក្លាយទៅជាព្រៃររបោះ និងដើមឈើដែលមានមុខកាត់ធំត្រូវបានកាត់រធ្វើអាជីវកម្មស្ទើរតែរាល់ថ្ងៃ។
លោកលើកឡើងថា៖«នៅក្នុងស្ថានភាពដែលរដ្ឋាភិបាលមានការធូរលុងឬមិនយកចិត្តទុកដាក់ចាត់វិធានការណ៍ដោះស្រាយបញ្ហានៅក្នុងតំបន់ព្រៃឡង់នេះប្រាកដណាស់ឈើនៅក្នុងតំបន់ព្រៃឡង់វាហ្នឹងអស់ ហើយនៅពេលដែលអស់ចេញមកចោទប្រកាន់គ្នារាស្រ្ដចោទរដ្ឋ រដ្ឋចោទរាស្រ្ដនៅទីបំផុតមិនអាចដោះស្រាយចេញទេ » ។
ព្រៃឡង់ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតា គ្របដណ្ដប់ខេត្តចំនួន៤ គឺខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាព្រៃធំជាងគេនៅកម្ពុជា ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ដែនជម្រកសត្វព្រៃ នៅក្នុងឆ្នាំ២០១៦។
របាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា នៅចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំនោះគឺ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ ករណីបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន១១៥ហិកតា ដែលករណីនេះត្រូវបានរកឃើញដោយប្រព័ន្ធជូនដំណឹង ឬប្រព័ន្ធផ្កាយរណប៕
……………………………………………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វត្ថា